សាកនិយាយឱ្យត្រង់ទៅមើល តើអ្នកដែលមានមិត្តតែងតែចូលចិត្តបង្ហោះថា ពួកគេនៅកន្លែងហាត់កីឡាដែរឬទេ? ឬក៏ម្នាក់នោះគឺជាអ្នក? ប្រាកដណាស់ នៅពេលដែលអ្នកឃើញគេបង្ហោះដូច្នេះ អ្នកប្រហែលជាអាចមានអារម្មណ៍ល្អ នាពេលព្រឹក តែអ្នកក៏អាចមានអារម្មណ៍ថា ធុញផងដែរ ។
តាមប្រភពព័ត៌មានពី Independent អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Brunel University ទីក្រុងឡុនដុន បានធ្វើការសិក្សាថាតើហេតុអ្វី បានជាមានមនុស្សជាច្រើន ចូលចិត្តចែករំលែកលំហាត់ប្រាណរបស់ពួកគេលើប្រព័ន្ធសង្គម? លទ្ធផលដែលបានចេញមកនោះ ប្រហែលជាមិនល្អទេ ដែលចម្លើយនោះ គឺញៀននឹងការទាក់ទាញចំណាប់អារម្មណ៍ និងជំនឿចិត្តពេក ។
អ្នកដែលតែងតែចូលចិត្តប្រាប់គេឯងពីការធ្វើលំហាត់ប្រាណរបស់ខ្លួន តែងតែជាប្រភេទមនុស្សមានអំនួតលើខ្លួនឯងជ្រុល ។ យោងទៅតាមអ្នកស្រាវជ្រាវទាំងនោះ គោលដៅដំបូងរបស់មនុស្សប្រភេទនេះ គឺដើម្បីអួតពីពេលដែលពួកគេប្រើប្រាស់សម្រាប់ថែរក្សាសម្រស់របស់ខ្លួន។ ជាការពិតណាស់ ការបង្ហោះបែបនេះ ភាគច្រើនតែងទទួលបានការ Like ច្រើនជាងការបង្ហោះផ្សេងៗទៀតផង។
ការសិក្សាខាងលើសរុបមកថា «មនុស្សប្រភេទនេះ តែងតែចែករំលែកពីសមិទ្ធផលរបស់ខ្លួន ដែលត្រូវបានជំរុញដោយអារម្មណ៍ទាមទារចំណាប់អារម្មណ៍ និងការទទួលស្គាល់ពីមនុស្សលើ Facebook » ។ ប៉ុន្តែចំនួននៃការ Like របស់មនុស្សមិនប្រាកដជាមានន័យថា មនុស្សទាំងអស់ចូលចិត្តការអួតនោះទេ ។
លោកវេជ្ជបណ្ឌិត Tara Marshal បាននិយាយថា «ទោះជាការសិក្សារបស់យើងបានឱ្យឃើញថា ការអួតរបស់មនុស្សប្រភេទខាងលើ ត្រូវបានតបស្នងដោយការ Like និងការ Comment ច្រើនជាងការបង្ហោះពីអ្វីផ្សេងពិតមែន ប៉ុន្តែពេលខ្លះមនុស្សទាំងនោះ ត្រូវបានជំរុញឲ្យបង្ហោះបន្ថែម ព្រោះតែមិត្តរបស់គេលើ Facebook ធ្វើការ Like ក្នុងពេលដែលលួចស្អប់នឹងអំនួតទាំងនោះទៅ
វិញ» ។
ដូច្នេះ សូមអ្នកសាកសួរខ្លួនឯងទៅមើលថា អ្នកបង្ហោះចែករំលែកពីលំហាត់ប្រាណខ្លួន ដោយមូលហេតុអ្វី? តើអ្នកដែល Like និង Comment លើការបង្ហោះរបស់អ្នកទាំងនោះ ត្រូវបានធ្វើឡើងដោយចិត្តស្មោះឬទេ?
ចែករំលែកព័តមាននេះ