ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ជរា​គ្មាន​ទីពឹង​២០​នាក់​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​ប្រទេស​បារាំង

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ចាស់ជរា​គ្មាន​ទីពឹង និង​ជន​ពិការ​ចំនួន​២០​នាក់ ដែល​ក្រីក្រ​គ្មាន​ទីពឹង ត្រូវ​បាន​សប្បុរសជន​មក​ពី​ប្រទេស​បារាំង​ធ្វើ​អំណោយ​ជូន​តាម​រយៈ​លោក​មេធាវី …

ខេត្តពោធិ៍សាត់ ៖ ចាស់ជរា​គ្មាន​ទីពឹង និង​ជន​ពិការ​ចំនួន​២០​នាក់ ដែល​ក្រីក្រ​គ្មាន​ទីពឹង ត្រូវ​បាន​សប្បុរសជន​មក​ពី​ប្រទេស​បារាំង​ធ្វើ​អំណោយ​ជូន​តាម​រយៈ​លោក​មេធាវី ថន បូ​រី កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៦ ។

ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​ការិយាល័យ​របស់​លោក​មេធាវី​ផ្ទាល់​ដែល​ស្ថិត​នៅ​ក្នុងភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​ដោយ​មានការ​ចូលរួម​ពី​សប្បុរសជន​ជា​ម្ចាស់​អំណោយ និង​តំណាង​អភិបាលក្រុង​ពោធិ៍សាត់​ផង​ដែរ ។

លោក​មេធាវី ថន បូ​រី បាន​ជំរាប​ជូន​ថា នៅ​ពេល​ដែល​លោក​មក​ធ្វើការ​នៅ​ខេត្តពោធិ៍សាត់​ជិត​១០​ឆ្នាំ​មកនេះ លោក​មានការ​ចាប់អារម្មណ៍​ដោយ​ក្ដី​អាណិតអាសូរ​ចំពោះ​ជន​ចាស់ជរា ជន​ពិការ​គ្មាន​ទីពឹង និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ដែល​រស់នៅ​តាម​មាត់​ប្រឡាយ និង​តាម​សំ​យ៉ាប​ផ្ទះ​អ្នក​ដទៃ ។ លោក​តែងតែ​ចែករំលែក​នូវ​អ្វី​ដែល​លោក​មាន ដូច​ជា​អង្ករ គ្រឿង​ឧបភោគបរិភោគ សម្លៀក​បំពាក់ និង​ថវិកា​ជាដើម ដើម្បី​ជួយ​ដល់​ពួក​គាត់ ទោះបី​តិចតួច​ក៏​ដោយ ប៉ុន្តែ​វា​ជា​មនោសញ្ចេតនា​របស់​លោក​ដែល​មើលឃើញ​ការ​លំបាក​ជាក់ស្ដែង ។ ក្រោយមក​លោក​បាន​ទំនាក់ទំនង​ជាមួយ​លោក ប៊ុ​យ​រ៉េ​ស ដូ​ម៉ូ​និ​ច និង​លោកស្រី សួន សា​វី ដែល​រស់នៅ​ប្រទេស​បារាំង​ធ្វើ​ជា​ប្រធាន​មូលនិធិ​នៅ​ទីនោះ ដើម្បី​ប្រមូល​ថវិកា​យក​មក​ជួយ​ដល់​ជន​ក្រីក្រ គ្មាន​ទីពឹង នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ រយៈពេល​ជិត​១០​ឆ្នាំ​នេះ​លោក ប៊ុ​យ​រ៉េ​ស ដូ​ម៉ូ​និ​ច និង​លោកស្រី សួន សា​វី ប្រមូល​បាន​ថវិកា​ពី​ប្រជាជន​នៅ​ប្រទេស​បារាំង ហើយ​បាន​យក​មក​ទិញ​អង្ករ គ្រឿង​ឧ​ប​ភោ​ក​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គ្រប់​ខេត្ត​ក្រុង​ជា​រៀង​រាល់​ឆ្នាំ ។

ជាក់ស្ដែង​ថ្ងៃនេះ​លោក​បាន​ធ្វើ​ជា​អំណោយ​ជូន​ដល់​ចាស់ជរា និង​ជន​ពិការ​គ្មាន​ទីពឹង​ចំនួន​២០​នាក់​ទៀត ដែល​បាន​ជ្រើសរើស​មក​ពី​៧​សង្កាត់​ក្នុង​ក្រុង​ពោធិ៍សាត់ ។ អំណោយ​ទាំងនេះ​បាន​ផ្ដល់​ជូន​ម្នាក់​ៗ​ទទួល​បាន​អង្ករ​៤០​គីឡូក្រាម​, មី​១​កេស​, ទឹកត្រី​៦​ដប​, ទឹកស៊ីអ៊ីវ​៦​ដប​, ត្រីខ​១០​កំប៉ុង​, អំបិល​កន្លះ​គីឡូក្រាម​, ប៊ី​ចេ​ង​កន្លះ​គីឡូក្រាម​, ស្ករស​១​គីឡូក្រាម​, សាប៊ូ​ម្ស៉ៅ​កន្លះ​គីឡូក្រាម​, ប្រេង​ក្រឡា​១​ប្រអប់​, ក្រមា​១ និង​ថវិការ​២០០០០​រៀល ។

លោក ប៊ុ​យ​រ៉េ​ស ដូ​ម៉ូ​និ​ច ជនជាតិ​បារាំង ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ បាន​និយាយ​ថា គាត់​នឹង​ខិតខំ​រៃ​អង្គាស​ថវិកា​ពី​ប្រជាជន​នៅ​ប្រទេស​បារាំង ដើម្បី​យក​មក​ជួយ​ដល់​ជន​ពិការ ចាស់ជរា គ្មាន​ទីពឹង និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​បន្ត​ទៀត​ដើម្បី​ចូលរួម​ចែករំលែក​ជាមួយ​កាកបាទក្រហម និង​រាជរដ្ឋាភិបាល​កម្ពុជា ៕