ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ចាប៉ី​ដង​វែង​»​បាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជម្រាប​ជូន​សាធារណជន និង​ប្រជាជន​កម្ពុជា​ថា នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជម្រាប​ជូន​សាធារណជន និង​ប្រជាជន​កម្ពុជា​ថា នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​អរូបី​លើក​ទី​១១​នៅ​ទីក្រុង អា​ឌី​សអា​បា​បា ប្រទេស​អេ​ត្យូ​ពី បាន​អនុម័ត​យល់ព្រម​ចុះ «​ចាប៉ី​ដង​វែង​» ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច DECISION 11.Com 10.a.6 ។

ការ​សម្រេច​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ​នៅ​ពេល​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​និច្ចកាល​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​វប្បធម៌ និង​បេតិកភណ្ឌ​របស់​ជាតិ ។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ការ​ខិតខំ​ពុះពារ​ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ ដោយ​មានការ​សហការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​សិល្បករ អង្គការ​សមាគម សង្គម​ស៊ី​វិល​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការ​ជួយ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន ប្រជាជន និង​ស្រទាប់​យុវជន​កម្ពុជា​ទាំងមូល ទើប​យើង​ទទួល​បាន​នូវ​លទ្ធផល​នៃ​ការ​ដាក់ ចាប៉ី​ដង​វែង ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ដ៏​គួរ​ជាទី​មោ​ទ​នៈ​នេះ ។ បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី​របស់​ជាតិ​យើង​បាន​រូ​ម​ចំណែក​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ជា​តួអង្គ​មួយ​ដ៏​លេចធ្លោ​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ថែម​ទៀត​ផង ។

ទន្ទឹម​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​បន្ត​ចូលរួម​ថែរក្សា​ការពារ និង​លើកតម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ពិសេស​បេតិកភណ្ឌ​អរូបី ដែល​​កំពុង​ប្រឈម​នឹង​ចរន្ត​វប្បធម៌​អសកម្ម​ក្នុង​សម័យ​សាកល​ភាវូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន ។

ដោយឡែក​តាម​ការ​ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ដឹង​ថា «​កម្ពុជា​អបអរសាទរ​ចាប៉ី​ដង​វែង ដែល​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​មនុស្សជាតិ កាលពី​វេលា​ម៉ោង​២​រសៀល (​ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ​) ត្រូវ​នឹង​ម៉ោង​១០​ព្រឹក (​នៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី) ។ ថ្ងៃនេះ​អង្គការ​យូ​ណេ​ស្កូ បាន​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ខ្មែរ​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់ មនុស្សជាតិ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ ។

មិនតែប៉ុណ្ណោះ​យូ​ណេ​ស្កូ បាន​ផ្ដល់​ប្រាក់​ជាង​២៣​ម៉ឺន​ដុល្លារ​សម្រាប់​សកម្មភាព​គាំទ្រ និង​ការពារ​បេតិកភណ្ឌ​ចាប៉ី​ដង​វែង​ខ្មែ​ទៀត​ផង ។ នេះ​គឺជា​ជោគជ័យ និង​មោទនភាព​របស់​កម្ពុជា​យើង​ទាំងអស់​គ្នា ។ សូម​អរគុណ​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ និង​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ខិតខំ​ថែរក្សា​កេរ្តិ៍​មរតក​ចាប៉ី​ដង​វែង​របស់​ប្រទេស​យើង​ឱ្យ​នៅ​គង់វង្ស​»​។

ការ​ដាក់​ចាប៉ី​ដង​វែង​ខ្មែរ​ជា​បេ​តិ​ក្ខ​ភណ្ឌ​ពិភពលោក​នេះ បាន​ទទួល​ការ​អបអរសាទរ​យ៉ាងណា​ខ្លាំង​ពី​ប្រជាជន​ខ្មែរ ជា​ពិសេស​បណ្តា​អ្នកជំនាញ និង​អ្នក​ដែល​ចាប់​យក​អាជីព​មួយ​នេះ ខណៈ​ពេល​ដែល​នេះ​គឺជា​ជោគជ័យ​ថ្មី​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​របាំ​ព្រះ​រា​ជ្រ​ទ្រព្យ និង​សិល្បៈ​ស្រមោល​ស្បែក​ធំ​បាន​ចុះបញ្ជី​ដូច​គ្នា​នេះ​ដែរ ។

លោក​ពេជ្រ សា​រ៉ាត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​បាន​ផ្ញើ​សារ​អបអរសាទរ​ដោយ​បញ្ជាក់​ថា «​ដោយ​សេចក្តី​រំភើប គោរព សាទរ​យ៉ាង​ជ្រាលជ្រៅ​កក់ក្តៅ​សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង និង​សាកលលោក​សម្រាប់​ទម្រង់​ចាប៉ី​ខ្មែរ​យើង​» ។

ចំណែក​លោក​សាយ ប៊ុ​ន​ធឿ​ន ជា​អ្នកលេង និង​ស្រឡាញ់​ឧបករណ៍​ចាប៉ី​ដង​វែង​បាន​ចូល​អបអរ​សារ​ទរ​ចំពោះ​ជោគជ័យ ខណៈ​ពេល​ដែល​លោក​យល់​ថា ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​នេះ​ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់ ។

អ្នក​អាជីព​ចាប៉ី​ដង​វែង​លោក​សាន សុវណ្ណ​ឌឿ​ន ត្រេកអរ ខណៈ​ទទួល​ដំណឹង​មួយ​នេះ​ប៉ុន្តែ​លោក​នឹង​រង់ចាំ​មើល​ថា នៅ​ពេល​ដែល​សិល្បៈ​បុរាណ​មួយ​នេះ ត្រូវ​បាន​ទទួល​ស្គាល់​​ពេញ​ពិភពលោក​ហើយ​នោះ តើ​ក្រសួង​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​បែប​ណា​ក្នុង​ការ​លើក​ស្ទួយ​ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ។

លោក​សាន សុវណ្ណ​ឌឿ​ន បញ្ជាក់​ថា​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​គួរ​ពិចារណា​ធ្វើ​កិច្ចការ​ណាមួយ​ដើម្បី​លើកស្ទួយ​សិល្បៈ​ចាប៉ី ជា​ពិសេស​ជួយ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ដែល​មាន​អាជីព​មួយ​នេះ​មាន​ជីវភាព​សមរម្យ ព្រោះ​តាម​លោក​ដឹង​អ្នក​ដែល​មាន​អាជីព​ពិតប្រាកដ​មិន​ដល់​១០​នាក់​ផង ។

លោក​សាន សុវណ្ណ​ឌឿ​ន បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ជា​ពិសេស​សមាគម​សិល្បៈ​ខ្មែរ​អមតៈ​ដែល​តែងតែ​ខិតខំ​ជំរុញ និង​បណ្តុះបណ្តាល ក្មេង​ៗ​ជំនាន់​ក្រោយ​ជា​ច្រើន​បើ​ទោះបីជា​ពេល​នេះ​នៅ​សាលា​សិល្បៈ​មិនសូវ​មាន​សិស្ស​ចាប់អារម្មណ៍​រៀន​ផ្នែក​នេះ​ក៏​ដោយ ៕