ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំ សំណាង និង​សុខ ទូច ជួប​ថៃ​ជា​លើក​ទី​4​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ និង​សុខ ទូច​មក​ពី​ក្លិប​ដែនសមុទ្រ​មាន​រិ​ទ្ធ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជា​លើក​ទី​៤ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​

រាជធានី​ភ្នំពេញ ៖ ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ និង​សុខ ទូច​មក​ពី​ក្លិប​ដែនសមុទ្រ​មាន​រិ​ទ្ធ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជា​លើក​ទី​៤ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ ទី​៤ ធ្នូ ។

ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ព្រំ សំណាង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កាំ​ឡាយ​ផេ​ត ខណៈ សុខ ទូច ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណា​ក់ រ៉​ប​ដាំ ។ ព្រំ សំណាង ប្រកួត​បាន​៣​លើក​ឈ្នះ​ទាំង​៣​លើក​មាន​៩​ពិន្ទុ ប៉ុន្តែ​ទោះជា​យ៉ាងណា កីឡាករ​រូប​នេះ​គ្មាន​សំណាង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ទេ បើ​ទោះជា​លើក​នេះ​ទទួល​បាន​លទ្ធផល​បែប​ណា​ក៏​ដោយ ។ នៅ​ក្នុង​ពូ​ល​កម្ពុជា​មាន​តែ​អ៊ុ​ង វិ​រៈ ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ព្រោះ​រូបមន្ត​ប្រកួត​របស់​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ចម្រាញ់​យក​តែ​កីឡាករ​ណា​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ម្នាក់​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​ពូ​ល​កម្ពុជា និង​ពូ​ល​ថៃ ។ ចំណែក កាំ​ឡាយ​ផេ​ត ប្រកួត​បាន​៣​លើក​ដូច​គ្នា​ឈ្នះ​២ ចាញ់​១ មាន​៧​ពិន្ទុ ប៉ុន្តែ​នៅ​ក្នុង​ពូ​ល​ថៃ​មាន​តែ​ឌី​ស៊ែ​ល លេ​ក ប៉ុណ្ណោះ ដែល​កំពុង​តែ​មាន​ពិន្ទុ​នាំមុខ​គេ​។

ចំណែក​ការ​ប្រកួត​រវាង សុខ ទូច និង​កីឡាករ​ថៃ​ណា​ក់ រ៉​ប​ដាំ វិញ ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ដូច​គ្នា ។ សម្រាប់​គូ​នេះ​ប្រកួតបាន​៣​លើក​ឈ្នះ​១ ចាញ់​២ មាន​៥​ពិន្ទុ​ដូច​គ្នា​។ សុខ ទូច ប្រកួត​លើក​នេះ​ប្រហែលជា​ពិបាក​បន្តិច​ហើយ ព្រោះ​អី​ការ​ប្រកួត​ទាំង​៣​លើក​មកនេះ ត្រូវ​គូប្រកួត​វាយ​ឱ្យ​សន្លប់​ចំនួន​២​លើក​រួច​មក​ហើយ ។

រីឯ​គូប្រកួត​មិត្តភាព​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​មានកីឡាករ អេ មេ​សាង មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ខ្លើ​យ ណា​ង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​កីឡាករ គង់ ហូ​វ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង​គូ​ចុង​ក្រោយ​កីឡាករ​ផល សុភា មក​ពី​ក្លិប​ភារ​ម្យគុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ជ័យ សុ​គា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ៕​​