ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​នៅ​ខេត្តបាត់ដំបង​ចុង​ខែមករា​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ហូ សិទ្ធិគុណ ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា

រាជធានី​ភ្នំពេញ ៖ លោក ហូ សិទ្ធិគុណ ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា កន្លង​មកនេះ​ថា នៅ​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៧ សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ នៅ​ទីលាន​អាកាសយានដ្ឋាន​បាត់ដំបង ខេត្តបាត់ដំបង ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​ប្រកួត​បែប​នេះ គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ ។ ការ​ប្រកួត​នេះ មាន​ទាំង​រថយន្ត ទោចក្រយានយន្ត និង​មានការ​ហោះហើរ​នូវ​យន្ត​ហោះ​​ប្រភេទ​តូច​ជា​ច្រើន​គ្រឿង ព្រមទាំង​មាន​លោត​ឆត្រយោង​ទៀត​ផង ។ ការ​ប្រកួត​នេះ គឺ​បើក​ទូលាយ​ដល់​អ្នកមាន​បំណង​ចង់​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត គ្រាន់តែ​តម្រូវ​ឱ្យ​បង់​ប្រាក់​៣០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាក់ ។ ចំណែក​ថវិកា​ដែល​ទទួល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ មួយ​ចំនួន​នឹង​យក​ទៅ​ជួយ​ជន​ក្រីក្រ និង​អ្នក​ខ្វះ​ទីពឹង ។

លោក ហូ សិទ្ធិគុណ បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ប្រណាំង​យានយន្ត​ដែល​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រួមចំណែក​លើកកម្ពស់​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ជាសំខាន់ ។ ការ​ប្រកួត​នេះ​ទៀត ថ្វី​ដ្បិត​សហព័ន្ធ​ទើបតែ​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពេល​នេះ​ក៏​លោក​សង្ឃឹមថា នឹង​ទទួល​បាន​ជោគជ័យ​១០០% និង​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ច្រើន នេះ​បើ​យោង​ទៅ​លើ​បទ​ពិសោធន៍​ដែល​សហព័ន្ធ​កីឡា​យានយន្ត​ធ្លាប់​រៀបចំ​ធ្វើ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

ចំពោះ​មូលហេតុ​ដែល​លោក​ជ្រើសរើស​យក​ទីលាន​អាកាសយានដ្ឋាន​បាត់ដំបង​ធ្វើ​ជាទី​លាន​ប្រកួត ព្រោះ​ទីនោះ​គឺជា​ខេត្ត​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ។ ម្យ៉ាងវិញទៀត នៅ​ទីនោះ​មាន​ទីលាន​ធំ​ទូលាយ មិន​ប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍​ឡើយ ហើយ​អ្នកគាំទ្រ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី ៕