ខេត្ដក្រចេះ ៖ លោកគុយ ហួត ប្រធាន មន្ទីរកសិកម្មខេត្ដ បានថ្លែងឱ្យដឹងកាលពីថ្ងៃទី ២៦ វិច្ឆិកា ថា ទោះបីខេត្ដក្រចេះជួបប្រទះនូវ កូនរដូវប្រាំង និងមានការរាំងស្ងួត អូសបន្លាយមួយរយៈពេលក៏ដោយ ក៏មិនមានការប៉ះពាល់ ដល់ការបង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា របស់បងប្អូនប្រជាកសិករទេ ខណៈពេលដែល ពួកគាត់បានព្យាយាមបង្កបង្កើនផលតាមប្រព័ន្ធ ប្រពលវប្បកម្ម និងក្រោយពេលដែលពួកគាត់ ជួបនូវគ្រោះធម្មជាតិមន្ទីរបានធ្វើការចុះចែកជូន ស្រូវពូជប្រជាកសិករជាច្រើនតោនដល់មូលដ្ឋាន ដែលជួបប្រទះ។ តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ដ បានឱ្យដឹងថា ការងារបង្កបង្កើនផលប្រចាំឆ្នាំ ២០១០ របស់ប្រជាកសិករនៅទូទាំងខេត្ដ ក្រចេះមានភាពល្អប្រសើរ គឺទទួលបានបរិមាណ ផលស្រូវវស្សាសរុបចំនួន៧៧.៩៩៤តោន និងស្រូវប្រាំងទទួលបានផលសរុប៤៩.៧៧៦តោន ដែលអត្រាសរុបមានចំនួនខ្ពស់ជាងឆ្នាំ២០០៩ ចំនួន៨.៧៥៤តោន។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១០នេះ ប្រជាកសិករបានបង្កបង្កើនស្រូវវស្សាលើផ្ទៃដីស្មើនឹង១០០,៣១% នៃផែនការ ៣០.០០០ហិកតា ការប្រមូលផល៣០.០៩៣ ហិកតា ទិន្នផលមធ្យម២,៥៩តោន/ហិកតា និងបរិមាណផលសរុប៧៧.៩៩៤តោន ដែលចំនួន នេះបើធៀបទៅនឹងឆ្នាំ២០០៩ បរិមាណផល កើនឡើង៨.៧៥៤តោន។ ការដាំដុះស្រូវប្រាំង ដោយប៉ាន់ស្មាន១៤.០០០ហិកតាស្មើនឹង១០០%នៃផែនការ ទិន្នផលមធ្យម៣,២តោន/ហិកតា បរិមាណផល៤៩.៧៧៦តោន បើធៀបទៅនឹងឆ្នាំ២០០៩ កើនឡើង៥.២៧៥តោន។ ដំណាំរួមផ្សំសរុប១.៤៤១ហិកតា ស្មើនឹង១៨០,១២% នៃផែនការ៨០០ហិកតា បើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ កើនឡើង២១០ ហិកតា រីឯដំណាំឧស្សាហកម្មសរុប៧៩៨ហិកតា ប្រៀធៀបនឹងឆ្នាំ២០០៩ កើនឡើង២០៨ហិកតា។
មន្ដ្រីនៃមន្ទីរកសិកម្មបានឱ្យដឹងទៀតថា មានស្រុកចំនួន៤ និងក្រុង១នៅទូទាំងខេត្ដ ក្នុងនោះមានស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ ដែលប្រជាកសិករបង្កបង្កើនបានល្អប្រសើរ។ ឯការជួបគ្រោះធម្មជាតិ រាំងស្ងួតបានបង្កការឱ្យមានការប៉ះពាល់ដល់ ស្រុកចំនួន២ គឺស្រុកចិត្របុរី និងស្រុកសំបូរ តែមិនបណ្ដាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការ បង្កបង្កើនផលរបស់ប្រជាកសិករនោះទេ ដោយគ្រាន់តែពួកគាត់បង្វែរពីសំណាបទៅជាស្រែ ពង្រោះវិញតែប៉ុណ្ណោះ។ មន្ដ្រីមន្ទីរកសិកម្មបាន ឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានពី អាជ្ញាធរមូលដ្ឋានលើការជួបឧបសគ្គរបស់ប្រជាកសិកររួចមក មន្ទីរបានចាត់មន្ដ្រីជំនាញឱ្យចុះ ពិនិត្យដល់មូលដ្ឋាន និងចែកជូនស្រូវពូជមាន ចំនួន១៥តោនកន្លះដល់ប្រជាកសិករដែលទទួលរងកាប៉ះពាល់។
លោកប្រធានមន្ទីរកសិកម្ម គុយ ហួត បានបន្ដទៀតថា ចំពោះគោលដៅអនុវត្ដបន្ដនៅឆ្នាំ២០១១ ខាងមុខនេះ មន្ទីរជំនាញ នឹងជំរុញ ឱ្យប្រជាកសិករស្ទូងស្រូវប្រាំងឱ្យទាន់ពេលវេលា ជាពិសេសតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ និងបន្ដឱ្យមន្ដ្រីជំនាញបច្ចេកទេសចូលរួមយ៉ាង សកម្មលើចលនាបំផុសឱ្យគ្រួសារ កសិករថែទាំ ភ្លឺស្រែ គ្រប់គ្រងទឹកឱ្យបានល្អ និងប្រមូលផល ទុកដាក់ឱ្យបានល្អលើការថែទាំជៀសវាងប្រការ ដោយចៃដន្យដូចជា ភ្លើងឆេះ សត្វល្អិតបំផ្លាញក្នុងស្រែ។ ជាងនេះទៅទៀត ជំរុញឱ្យប្រជាកសិករឱ្យចេះប្រើប្រាស់ជីធម្មជាតិ បន្ដការផ្សព្វផ្សាយបច្ចេកទេសដាំដុះដំណាំបន្លែ និងប.វ.ស ព្រមទាំងចុះចែកសំភារកសិកម្មតាមគ្រួសារ ដែលបែងចែកដីសម្បទានសង្គមកិច្ចតាមភូមិ និងបណ្ដុះបណ្ដាលបច្ចេកទេស កសិកម្មជូនពួកគាត់៕
ចែករំលែកព័តមាននេះ