ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​(23​វិច្ឆិកា​)​សាលាក្តី​ខ្មែរក្រហម ប្រកាស​សាលដីកា​ស្ថាពរ​លើ​សំណុំរឿង​002/01

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ប្រកាស​សាលដីកា​ស្ថាពរ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង​

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ប្រកាស​សាលដីកា​ស្ថាពរ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង​០០២/០១ ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា និង​ខៀវ សំ​ផ​ន នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩ ព្រឹក នៅ​សាល​សវនាការ​របស់ អ​.​វ​.​ត​.​ក ។ លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែង​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​សាលាក្តី​ខ្មែរក្រហម ។ លោក​បាន​ចាត់​ទុក​ថា ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​សាលាក្តី​ខ្មែរក្រហម ក៏​ដូច​ជា​របស់​មនុស្សជាតិ​ទាំងមូល នៅ​ក្នុង​ដំណើរការ​ស្វែងរក​ការ​ពិត និង​យុត្តិធម៌​នៅ​កម្ពុជា​រយៈពេល​ជាង​៣៧​ឆ្នាំ ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​ខ្មែរក្រហម​នៅ​កម្ពុជា ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា នៅ​ថ្ងៃ​ប្រកាស​សាលដីកា​ស្ថាពរ​នេះ សាធារណជន មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​អង្គការសហប្រជាជាតិ មន្ត្រី​អង្គទូត និង​ជន​រង​គ្រោះ​ជិត​១.០០០​នាក់​នឹង​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលដីកា​ជា ប្រវត្តិសាស្ត្រ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន នឹង​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ហើយ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន​ទៀត​នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ​។ លោក​បន្ត​ថា ការ​ប្រកាស​សាលដីកា​ស្ថាពរ​ក្នុង​សំណុំរឿង​០០២/០១ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា នឹង​បង្ហាញ​ថា​តើ​ជនជាប់ចោទ នួន ជា និង​ខៀវ សំ​ផ​ន ដែល​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព និង​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត តើ​នឹង​មានការ​សម្រេច​បែប​ណា​ពី​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល បន្ទាប់​ពី​បាន​ស្តាប់​ទឡ្ហីករណ៍ អង្គច្បាប់ និង​បាន​ស្តាប់​ភ័ស្តុតាង​ថ្មី​ៗ
មួយ​ចំនួន​រួច​មក ។ សាលដីកា​ដែល​នឹង​ប្រកាស​នេះ​គឺជា​សាលដីកា​ស្ថាពរ បិទផ្លូវ​តវ៉ា ។

សូម​រំឭក​ថា សំណុំរឿង​០០២/០១ គឺជា​ការ​ជំនុំជម្រះ​លើក​ទី​មួយ​នៃ​ការ​ជំនុំជម្រះ​យ៉ាងតិច​ពីរ​ប្រឆាំង​នឹង ខៀវ សំ​ផ​ន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុ​ម្មុ​យនី​ស្ត​កម្ពុជា​។ បទ​ចោទ​នៅ​ក្នុង​សំណុំរឿង​០០២/០១ គឺ​ផ្តោត​លើ​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្តបន្ទាប់​ពី​តំបន់​ដទៃ​ទៀត រួម​ទាំង​ការ​កាប់សម្លាប់​អតីតមន្ត្រី​រដ្ឋការ​សម័យ លន់ ន​ល់នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់ ។ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៤ អង្គ​ជំនុំជម្រះ​សាលាដំបូង​រក​ឃើញ​ថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ និង​បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជនជាប់ចោទ​ទាំង​ពីរ​នាក់​អស់​មួយ​ជីវិត ។

នួន ជា និង ខៀវ សំ​ផ​ន បាន​ធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់​ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខ​រៀង​ៗ​ខ្លួន​ចំនួន​២២៣ និង​១៤៨ ។

សហ​ព្រះរាជអាជ្ញា ក៏​បាន​ដាក់​បណ្តឹងសាទុក្ខ​ដោយ​កម្រិត​ត្រឹមតែ​ការ​ស្វែងរក​ដំណោះស្រាយ​ទាក់ទង​នឹង​ភាព​អាច​អនុវត្ត​បាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​ហៅ​ថា «​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III” (JCE III) នៅ​ចំពោះ​មុខ អ​.​វ​.​ត​.​ក ៕