ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគទាន​ខ្លះ​ៗ​ក្នុង​ការ​សិក្សា​ពី​សង្គម​ខ្មែរ

7 ឆ្នាំ មុន

លោក​វ៉ា​ន់​ឌី កា​អុ​ន អតីត​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ​ភ្នំ​ដូនពេញ ក្នុង​ឯកសារ​អក្សរសិល្ប៍ «​ប្រាកដនិយម និង​អណ្តែតអណ្តូង​និយម »​បោះពុម្ពផ្សាយ​នា​ឆ្នាំ​១៩៧១ មាន​ផ្នែក​មួយ​បង្ហាញ​ការ​វិភាគ សិក្សា​ពី​សង្គម​ខ្មែរ

លោក​វ៉ា​ន់​ឌី កា​អុ​ន អតីត​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ​ភ្នំ​ដូនពេញ ក្នុង​ឯកសារ​អក្សរសិល្ប៍ «​ប្រាកដនិយម និង​អណ្តែតអណ្តូង​និយម »​បោះពុម្ពផ្សាយ​នា​ឆ្នាំ​១៩៧១ មាន​ផ្នែក​មួយ​បង្ហាញ​ការ​វិភាគ សិក្សា​ពី​សង្គម​ខ្មែរ ដែល​កោះសន្តិភាព​សូម​ស្រង់​យក​មក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន ។

លំនាំ​សង្គម​ខ្មែរ
 ខ្មែរ​យើង​ចូល​ចិត្ត​រស់នៅ​ជា​ក្រុម ប៉ុន្តែ​ក្រុម​នោះ​មាន​លក្ខណៈ​ជា​គ្រួសារ ដោយ​យក​មនោសញ្ចេតនា​ទៅ​ជំនួស​គោលការណ៍ ។ តាម​ការណ៍​ពិត គោលការណ៍​គឺជា​បញ្ហា​ចិត្ត​នេះ​តែ​ម្តង ដូច​ជា​មនោសញ្ចេតនា​កិត្តិយស​នេះ​ជាដើម សុខចិត្ត​ខាត​លុយរាប់​ម៉ឺន ឱ្យ​តែ​បាន​កិត្តិយស (​រឿង​ក្តីក្តាំ​, តុលាការ ។​ល​។​) ខ្មែរ​យើង​ពុំ​សូវ​អនុញ្ញាត​គេ​ប្រមាថ​កាត​ទាន ឬ​មើលងាយ​អ្វី​ទេ សុខចិត្ត​ក្រ ប៉ុន្តែ​ពុំ​ធ្វើ​ឱ្យ​ខ្ញុំកញ្ជះ​អ្នក​ណា​ឡើយ​។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ធ្វើ​ទៅ​លើ​មូលដ្ឋាន​មនោសញ្ចេតនា​សុទ្ធសាធ ហើយ​ពុំ​សូវ​អើពើ​រវល់​នឹង​ដក​ទាញ​យក​ប្រយោជន៍​អ្វី​ទេ ។ ពាក្យ​ថា​កិត្តិយស​ចំពោះ​ខ្មែរ​ម្នាក់​មាន​ន័យ​ថា រស់នៅ​ជា​ឯកច្ឆន្ទ ។ ប៉ុន្តែ​ចូល​ចិត្ត​គោរព (​រហូត​ដល់​ថ្នាក់​អាទិទេព​ក៏​មាន​) ដល់​អ្នក​ណា​ដែល​ខ្លួន​ស្រឡាញ់​ចិត្ត​និង​ចិត្ត ។ ហើយ​បើ​បាន​ធ្លាប់​ស្រឡាញ់​ហើយ មិន​ងាយ​នឹង​ងាករេ​ឡើយ (le sens de l’Absolu) ។ ដោយ «​កម្លាំងស្រឡាញ់​» នេះ​មាន​កម្រិត​ខ្ពស់​ពេក «​កម្លាំងស្អប់​» ក៏​មាន​កម្រិត​ខ្ពស់​ណាស់​ដែរ ។

យើង​អាច​ពន្យល់ «​ប្រាកដ​ភាព​របស់​ខ្មែរ​យើង​នេះ » (réalités khmère) ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​ក៏​បាន​ដែរ ។ ហេតុ​អ្វី​បានជា​ខ្មែរ​យើង​ច្រើន​ជា​អ្នក​មនោសញ្ចេតនា ? ធម្មតា​អ្នក​ណា​ដែល​មាន​ពេល​គិត​ពី​រឿង​មនោសញ្ចេតនា​ច្រើន គឺ​មក​តែ​ពី​ពេល​សល់​ទំនេរ​ច្រើន ដោយ​ការ​រកស៊ី​ចិញ្ចឹមជីវិត​វា​មិនសូវ​ពិបាក​ខ្លាំង ។ ចំពោះ​ខ្មែរ​យើង​វិញ​ក៏​ចេញ​ពុំ​រួច​ពី​វត្ថុ​ធម្ម​ភាព​នេះ​ដែរ ។ បើ​និយាយ​ឱ្យ​ចំ​ទៅ តើ​ខ្មែរ​យើង​ជា​អ្នកមាន ជា​អ្នក​សម្បូរ​ឬ ? គេ​តែង​និយាយ​លេង​ជា រឿយ​ៗ​ថា ខ្មែរ​យើង​ពុំ​ងាយ​ស្លាប់​ដោយ​ឥត​អាហារ​បរិភោគ​ឡើយ ថ្វីបើ​ពុំ​សូវ​ជា​ចូល​ចិត្ត​ធ្វើការ​ហួសហេតុ​នោះ ។ តើ​ឱ្យ​ខ្មែរ​យើង​ស្លាប់​ដោត​អត់​អាហារ​ម្តេច​កើត បើ​គ្រាន់តែ​ទន្លេ ទន្លេសាប ស្ទឹង បឹងបួរ ឆ្នេរសមុទ្រ​ទាំងឡាយ​ជា​ប្រភព​នៃ​ត្រី​ទៅ ហើយ​ៗ​ដោយ​ខ្មែរ​យើង​ជា​អ្នក​បរិភោគ​ត្រី​ទៀត​នោះ បញ្ហា​ខ្វះ​អាហារ​ក៏​ពុំ​អាច​ចោទ​ទៅ​កើត​ឡើយ ។

ខ​-​ទិដ្ឋភាព​ផ្នែក​សង្គម វប្បធម៌ (Aspects socio=culturels)
ដើម្បី​នឹង​អាច​យល់​ឱ្យ​បាន​ច្បាស់លាស់​នូវ​លំនាំ​សេដ្ឋកិច្ច​ខ្មែរ យើង​ត្រូវ​ស្គាល់​ជា​ចាំបាច់​នូវ​ទិដ្ឋភាព​សង្គម​វប្បធម៌ ជា​ពិសេស​ចំពោះ​ប្រទេស​ដែល​កំពុង​រៀបចំ​ខ្លួន ។ ចំពោះ​បញ្ហា​សង្គម​-​វប្បធម៌​នេះ ប្រទេស​ខ្មែរ​យើង​កំពុង​ស្រាវជ្រាវ​នៅឡើយ (stade de recherche) ដើម្បី​យក​ឧបករណ៍​ទៅ​ស្ថាបនា​សេដ្ឋកិច្ច ។ ដូច្នេះ​ការ​យល់​រឿង​នេះ​ធ្លាក់​ទាំងស្រុង​ទៅ​លើ​សង្គម​វិទូ ។

បើ​យើង​ចេញពី «​គោលការណ៍​ទំនៀមទម្លាប់​» និង​លំនាំ​ចិត្តគំនិត​ខ្មែរ​យើង​សុទ្ធសាធ​នោះ សង្គម​ខ្មែរ​យើង​មាន​លក្ខណៈ​ប្លែក​ជា​ច្រើន ហើយ​ពិបាក​នឹង​យល់​បន្តិច ។ រី​ឯកា​រវិ​វ​ឌ្ឍ (evolution) ដែល​មាន​សភាព​«​ប្លែក​គេ​» ដែរ​នោះ ក៏​ទាក់ទាម​យ៉ាង​ជិត​ស្និទ្ធ​នឹង​លក្ខណៈ​នោះ​ដែរ ។

លក្ខណៈ​ដែល​ប្លែក​គេ​នោះ ស្ថិត​នៅ​ជា​ពិសេស​ត្រង់​ជីវភាព​ស្រុក​ខ្មែរ​យើង ដែល​មាន​សភាព​សម្បូ​ណ៍ សប្បាយ​ជាង​ប្រទេស​នានា ។ ភាព​សម្បូ​ណ៍​សប្បាយ​នេះ គេ​សង្កេត​ឃើញ នៅ​ត្រង់​គ្មាន​អ្នកស្រុក​ស្រែ​យើង​ណា​ម្នាក់​ដែល​ក្រ​ឥត​អាហារ​បរិភោគ​នោះ​ឡើយ ហើយ​ចំនួន​អ្នក​ប្រកប​អាជីវកម្ម ធ្វើស្រែ ឬ ដាំ​ដំណាំ ផ្សេង​ៗ​មាន​ទាំងអស់​៨០​ភាគរយ​ទៅ​ហើយ ។

អ្នកស្រែ​ដែល​ស្តុកស្តម្ភ​ល្មម មាន​ដី​យ៉ាងតិច​២០​ហិ​កតា (​យោង​ទៅ​តាម​ស្ថិតិ​របស់​លោក​ហ្ស​ង់ ដេ​ល​វែរ (J. Delvert) នៅ​ឆ្នាំ​១៩៥៩ អ្នកស្រែ​ស្តុកស្តម្ភ​មាន​ប្រហែល​១.១៩១​នាក់​)​។ ប៉ុន្តែ ដី​របស់​អ្នកមាន​ទាំងនោះ​ច្រើន​នៅ​ម្តុំ ៖ ស្វាយ​រៀង «​ដីក្រហម​», ត្រើយ​ខាងកើត​នៃ​ទន្លេមេគង្គ ដូច​ជា​កំពង់ចាម (​សម្លី​, សណ្តែកសៀង​, កៅស៊ូ​), រាម​, កំពង់សោម (​ដូង , កៅស៊ូ​) នៅ​ម្តុំ​បាត់ដំបង និង​មង្គលបុរី (​ជង្រុក​ស្រូវ​ដ៏​ល្បីល្បាញ​) ។

ខ្មែរ​យើង​មានចិត្ត​ឯកច្ឆន្ទ​ណាស់ ពុំ​សូវ​រកស៊ី​ចូល​ហ៊ុន​គ្នា​បាន​ឡើយ ។ បើ​រស់នៅ​ជាមួយ​ចិន​កើត​(en symbiose avec les Chinois)​ក៏​ពីព្រោះ​មក​តែ​ពី​ជនជាតិ​ចិន​នេះ ទិញ​ស្រូវ​របស់​ខ្លួន​ថ្លៃ​ជាង​ក្រសួង​មាន​សមត្ថកិច្ច​(​ការ​ពិសោធ​របស់ «OFFICE ROYAl DE COOPERATION» នៅ​ឆ្នាំ ១៩៦៧ ។ ហើយ​មក​តែ​ពី​ជនជាតិ​ចិន​នេះ​មាន​កលល្បិច​បំពេញចិត្ត​ក្នុង​ការ​រកស៊ី​ជាមួយ​ចេះ​ដឹង​ទុក្ខ​ធុរៈ​សព្វសារពើ ។

បើ​និយាយ​បង្រួម​សេចក្តី​ទៅ ជីវភាព​អ្នកស្រែ​ខ្មែរ​យើង ថ្វី​ដ្បិតតែ​ពុំ​មាន​សភាព​សម្ភារ​និយម​ស្តុកស្តម្ភ ហូរហៀរ ក៏​ពុំ​មាន​ពុំ​ក្រ​សោះឡើយ គឺ​គេ​មាន​សុភមង្គល​របស់​គេ​យ៉ាង​ពិតប្រាកដ ។ គ្រួសារ នីមួយ​ៗ​អាច​ចិញ្ចឹម​មនុស្ស ១០ នាក់​បាន​យ៉ាង​ធូរ យោង​ទាំងស្រុង​ទៅ​តាម​របៀប​រស់នៅ តាម​ទំនៀមទម្លាប់ ។ តាម​ការណ៍​ពិត​ខ្មែរ​យើង​សប្បាយ​នឹង​ចិញ្ចឹម​គ្នា​ដូច្នេះ  សប្បាយ​នឹង​គិតការ​ជាមួយ​គ្នា សប្បាយ​នឹង​ទាក់​ទាង​គ្នា តាម​ផ្លូវ​មនោសញ្ចេតនា (Systeme gregaire) ។ នៅ​ក្នុង​ករណី​នេះ ទ្រឹស្តី​ម៉ារ​ស៊ី​ស (le.Marxisme) ពុំ​អាច​ផ្តល់​ដល់​រាស្ត្រ​ខ្មែរ​នូវ​សុភមង្គល​របស់​គេ​ពិតប្រាកដ​បាន​ឡើយ​។ ខ្មែរ​យើង​ដែល​កាន់​ពុទ្ធសាសនា​យ៉ាង​ខ្ជាប់ខ្ជួន​ច្រើន​ចូល​ចិត្ត​សិល្បៈ (Creation literaire. artistique) ហើយ​នៅ​ក្នុង​ករណី​នេះ​ជា​អ្នក​ឯកច្ឆន្ទ​ផ្លូវ​គំនិត​ណាស់ ។ ឧទាហរណ៍ ធ្វើ​ជាង​កាត់​សត់ ធ្វើ​ជាង​សង់ផ្ទះ ជាងឈើ ធ្វើ​តុទូ កៅអី រូប សូន​…​ក្រៅពី​ធ្វើស្រែ និង​ធ្វើ​ចម្ការ ។ ចំពោះ​ការ​ធ្វើស្រែ​ចម្ការ​នេះ​សោត ខ្មែរ​យើង​ពុំ​សូវ​ចេះ​ធ្វើ​ចូល​គ្នា​ទេ (​កុំ​ធ្វើ​ប្រវាស់ កុំ​សង់ផ្ទះ​ចូល​គ្នា​) ។ ម្នាក់​ៗ​មាន​ដី​រៀងខ្លួន ហើយ​ត្រួតត្រា​ដីស្រែ​ចម្ការ​ដោយ​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​ហេតុការណ៍​មួយ​ដែល​ខ្មែរ​យើង​មិន​ប្រកាប់ប្រចាក់​ដណ្តើម​ផលប្រយោជន៍​គ្នា​មក​ពី​ចំនួន​ដីចម្ការ ឬ​សម្បត្តិទ្រព្យ​ទាំងឡាយ​នោះ ពុំជា​ច្រើន​ហួសហេតុ​ពេក​ទេ គឺ​ពុំ​ក្រ​ពេក ពុំ​មាន​ពេក ។ ម្យ៉ាងទៀត មក​ពី​ខ្មែរ​យើង​ជា​អ្នក​កាន់​ពុទ្ធ​សាស​សនា ហើយ​នៅ​ក្នុង​ករណី​នេះ​ច្រើន​ចូល​ចិត្ត​គិត​ទៅ​ដល់​បុណ្យ​បាប ទៅ​ដល់​ជាតិ​ក្រោយ (l’existence de l’au-dela)​។ រក​ប្រាក់​បាន​បន្តិចបន្តួច ទុក​គ្រាន់​សម្រាប់​ចិញ្ចឹម​ប្រពន្ធ​កូនចៅ ផៅ សន្តាន​បុ​៉​ណ្ណោះ​។ ខ្មែរ​យើង​ជា​អ្នក​បុគ្គល​និយម​មែន តែ​បុគ្គល​និយម​គិត​ជា​គ្រួសារ ជា​បក្សពួក ឬ​ជា​ក្រុម គឺ​ខុសស្រឡះ​ពី​បុគ្គល​និយម​បារាំង​ដែល​គិតតែ​យកសុខ​តែ​ម្នាក់ឯង សូ​ម្បី​តែ​កូន ឬ​ក្មួយ ក៏​ពុំ​សូវ​ជា​រាប់អាន​ដែរ ។ ប៉ុន្តែ​ក្រុម ឬ​បក្សពួក របៀប​ខ្មែរ​យើង ពុំ​សូវ​ជា​នឹង​បាន​យូរ​ប៉ុន្មាន​ទេ ច្រើន​តែ​បែកមែក​សាខា​ជា​និច្ច ឬ​ក៏​រលាយ​តែ​ម្តង​ក៏​មាន (Métamorphose perpétuelle) ។ ដូច្នេះ​បើ​រកស៊ី​ចូល​គ្នា​ក៏​ឃើញ​ថា​ពិបាក​ដែរ ខ្មែរ​យើង​ពុំ​សូវ​ចូល​ចិត្ត​ឱ្យ​គេ​ស្តីបន្ទោស​ទេ ទោះជា​ក្នុង​ការ​ត្រូវ​ក៏​ដោយ ពីព្រោះ​ពុំ​សូវ​ដែល​ស្គាល់ «​ការ​អត់ឃ្លាន​» ឱ្យ​បាន​ច្បាស់​ទេ ។ បើ ក្មេង​ៗ​ដែល​មាមីង​ចិញ្ចឹម​វិញ តែ​ត្រូវការ​ស្តីបន្ទោស​ហើយ ច្រើន​សុខចិត្ត​ទៅ​នៅ​វត្ត​អារាម ឬ​ដើរ​ផ្សងព្រេង (Kleptomanie) ។ ប្រហែលជា​យ៉ាង​ដូច្នេះ​ហើយ​មើលទៅ បានជា​ខ្មែរ​ច្រើន​ជា​សិល្បករ​និង​ជា​កវី ។ បើ​មិន​ដូច្នេះ​ទេ ច្រើន​ចូល​ចិត្ត​ធ្វើ​ទាហាន ជា​ពិសេស​កំលោះ​នៅ​ស្រុកស្រែ​។ កាលពី​ឆ្នាំ​១៩៦៧ គ្រាន់តែ​ចំនួន​កំលោះ​ទាំងនោះ​ចូល​ធ្វើ​នាយទាហាន មាន​រហូត​ដល់​ទៅ​៦០​ភាគរយ ។

បញ្ហា​ជនជាតិ​ដែល​រស់នៅ​ក្នុងស្រុក​ខ្មែរ​យើង
លក្ខណៈ​ប្លែក​គេ​មួយទៀត​របស់​យើង គឺ​ត្រង់​មាន​ជាតិ​សាសន៍​ដទៃ​ជា​ច្រើន​ចូល​មក​រស់នៅ​ក្នុង​សង្គម​ខ្មែរ​ដែរ ។ ក្រៅ​អំពី​ចិន និង​យួន ដែល​មាន​ចំនួន​ច្រើន យើង​មាន​ខ្មែរ​អ៊ិស្លាម (​ចាម​) ខ្មែរលើ (​ឥឡូវ​យើង​ហៅ​ត្រឹមតែ​ពាក្យ​ថា ខ្មែរ មួ​ួ​យ​ម៉ាត់​ដូច្នេះ​វិញ​) ដែល​នៅ​តាម​ដងភ្នំ​ខេត្តរតនគិរី​… ។

ក្នុង​ចំណោម​ខ្មែរ​៧​លាន​នាក់ មាន​ជនជាតិ​ចិន​ប្រហែល​៤​រយ​ពាន់​នាក់ (៤០០.០០០) ជនជាតិ​យួន​៣​រយ​ពាន់​នាក់​(៣០០.០០០)​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​១៥០​ពាន់​នាក់​(១៥០.០០០)​។ ជនជាតិ​យួន​ច្រើន​តាំងទី​លំនៅ​នៅ​ម្តុំ​ភ្នំពេញ និង​ចម្ការ​កៅស៊ូ​នៅ​កំពង់ចាម និង​ក្រចេះ នៅ​មាត់បឹង តាម​ដង​ទន្លេមេគង្គ (​ជា​ពិសេស​ខាងត្បូង​អ្នក​លឿង​) ឬ​ក៏​នៅ​តាម​ឆ្នេរសមុទ្រ​ជាដើម ពីព្រោះ​ជនជាតិ​នេះ​ប្រកប​របរ​រកស៊ី​នេសាទ​ត្រី ។

ជនជាតិ​យួន​នេះ​រស់នៅ​ជា​ភូមិ ជា​ក្រុម​ក្រុម​របស់​ខ្លួន ហើយ​ចិត្តគំនិត និង​របៀប​រស់នៅ​មិន​ចុះសម្រុង​នឹង​ខ្មែរ​ឡើយ ។ រីឯ​ជនជាតិ​ចិន​វិញ ច្រើន​រស់នៅ​ជាប់​ស្និទ្ធ​ជាមួយ​ខ្មែរ​តែ​ម្តង ។ ម្យ៉ាងទៀត​ជនជាតិ​ចិន​នេះ​មក​រស់នៅ​ជាមួយ​ខ្មែរ​នៅ​អង្គរ​តាំងពី​សតវត្សរ៍​ទី​១៣​ម្ល៉េះ ។ ប៉ុន្តែ​មក​ដល់​ជំនាន់​អាណានិគម​បារាំង ការ​ជិត​ស្និទ្ធ​នេះ​ក៏​ចុះ​ខ្សោយ​បន្តិច​វិញ ដោយ​បារាំង​បាន​ទប់​មិន​ឱ្យ​ចិន រត់​ចូល​មក​ថែម​ទៀត ។ ប៉ុន្តែ​ចិន​និង​ខ្មែរ​បាន​រួបរួម​គ្នា​ជា​ប្តី​ប្រពន្ធ ហើយ​បានជា​កូន​ដែល​យើង​និយម​ហៅ​ថា «​កូនចៅ​ចិន​» បន្តបន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ចំពោះ «​ការ​រួបរួម​មូល​សាសន៍​នេះ (apportethnique) ពិបាក​នឹង​អះអាង​បាន​ថា​ច្រើន​ឬ​តិច​ណាស់ (​បើ​ប្រៀបធៀប​មក​ចំនួន​ខ្មែរ​យើង​សុទ្ធ​) ។ បើ​ថា​ច្រើន ក៏​ត្រូវ​ណាស់​ដែរ ពីព្រោះ​នៅ​ទីក្រុង​ភ្នំពេញ បើ​គេ​ក្រឡេក​មើលទៅ​កូនសិស្ស​នៅ​ក្នុង​វិទ្យាល័យ និង​អនុ​វិទ្យាល័យ ឃើញ​ថា «​កូនចៅ​ចិន​»​មាន​ច្រើន​មហិមា ថ្វីបើ​មាន​បណ្តាជន​ដែល​ជា​ខ្មែរ​សុទ្ធ​រត់​ពី​ស្រុក និង​ខេត្ត​នានា​មក​រៀន​នៅ​រដ្ឋធានី​ដែរ ។ ក្រៅពី​នេះ​កាលពី​ឆ្នាំ​១៩២១ មាន​កន្លែង​ប្រជុំជន​ចំនួន​១៥​កន្លែង​ទៀត ដែល​ចំនួន «​កូនចៅ​ចិន​» មាន​លើស​ចំនួន «​កូន​ខ្មែរ​សុទ្ធ​» ។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ ចំនួន​«​កូនចៅ​ចិន​» ចេះ​តែ ថយ​ជា​លំដាប់ បើ​ប្រៀ​ធៀប​មក​ចំនួន «​កូន​ខ្មែរ​យើង​» ដែល​ចេះ​ត ែ​កើនឡើង​ៗ ហើយ​ដែល​នាំ​គ្នា​មក​បំពេញវិជ្ជា​នៅ​សាលា​នានា និង​វិទ្យាល័យ​ផ្សេង​ៗ ។ ចំពោះ​រឿង «​កូនចៅ​ចិន​» នេះ គេ​ពិបាក​នឹង​អះអាង​ថា ជា​ជាតិខ្មែរ ឬ​ជាតិចិន​ណាស់ ៖ មាន​ខ្លះ​នៅ​តែ​ចិន មាន​ខ្លះ​ទៀត​ចូលជាតិ​ខ្មែរ ។ ដូច្នេះ​ឃើញ​ថា ពិបាក​នឹង​ធ្វើ​ស្ថិតិ​ឱ្យ​បាន​ត្រឹមត្រូវ​ណាស់ ។ ម្យ៉ាងទៀត​នៅ​ក្នុង​ន័យ​ដដែល​នេះ ការ​ស្មាន​ចិត្តគំនិត (mentalité) ក៏​ពិបាក​នឹង​ត្រូវ​ដែរ ។ ដើម្បី​នឹង​ធ្វើ​ស្ថិតិ​បាន​ខ្លះ​គេ​អាច​យក​គោល​គំនិត​របស់​លោក ដែល​វែ័​រ មក​គន់គូរ​បាន​ដែរ ៖ លោក​ដែល​វែ​រ បាន​សរសេរ​ថា មធ្យោបាយ​មាន​តែ​មួយ​ទេ គឺ​គិត​ទៅ​តាម​ទំនៀមទម្លាប់​ដែល​ជន​ទាំងនោះ​ប្រកាន់ បើ​គេ​យក​ខ្មោច​ទៅ​កប់ គឺ​គេ​នៅ​ជា​ចិន បើ​គេ​យក​ទៅ​ដុត គឺ​គេ​ចូល​កាន់​ប្រពៃណី និង​ចិត្តគំនិត​ខ្មែរ​យើង​ហើយ ។ ដោយ​យក​គោល​គំនិត​នេះ​ធ្វើ​ជា​មូលដ្ឋាន ស្ថិតិ​ធ្វើ​នៅ​ឆ្នាំ​១៩៦៦ បាន​ផ្តល់​ព័ត៌មាន​ដូច​តទៅ ៖ ចំនួន​ជនជាតិ​ចិន​ដែល​មក​រស់នៅ​ស្រុក​ខ្មែរ​យើង មាន​ទាំងអស់​៣៨០.០០០​នាក់ គឺ​៥​ភាគរយ ក្នុង​បណ្តាជន​ខ្មែរ​ទាំងមូល ។ សូម​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំងនេះ​រកស៊ី​ធ្វើ​ជំនួញ​សឹងតែ​ទាំងអស់ ហើយ​មាន​ខ្លះ​ចូល​ប្រណាំងប្រជែង​នឹង​ខ្មែរ​យើង​ដែរ​ក្នុង​អាជីវកម្ម សិល្បៈ និង​បច្ចេកទេស ។

រីឯ​ខ្មែរ​អ៊ិ​ស្លា​ម​វិញ ដែល​តាំងទី​លំនៅ​នៅ​ម្តុំ​កំពត និង​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប ច្រើន​រកស៊ី​នេសាទ​ត្រី ។ បើ​យោង​ទៅ​តាម​ស្ថិតិ​ធ្វើ​នៅ​ឆ្នាំ​១៩៦៧ ដដែល ខ្មែរ​អ៊ិ​ស្លា​ម​ទាំងអស់ ដែល​នៅ​ស្រុក​ខ្មែរ មាន​ចំនួន​១៥០.០០០​នាក់​។ ដូច្នេះ​ឃើញ​ថា​ផ្នែក​សេដ្ឋកិច្ច​យើង​មាន​អនីតិភាព (minorités) កាន់កាប់​ច្រើន​ណាស់​ដែរ ។

ចំពោះ​ខ្មែរ​យើង​សុទ្ធ​ដែល​ជា​ម្ចាស់​ស្រុក​វិញ បើ​ក្រឡេក​មើលទៅ​ទំព័រ​ប្រវត្តិសាស្ត្រ មានអម្បូរ​ខ្ពង់ខ្ពស់​ណាស់ គឺ​អម្បូរ «​មន​-​ខ្មែរ​» ដែល​មាន​អារ្យធម៌​ឧត្ដម មាន​ទស្សនវិជ្ជា​ជ្រៅជ្រះ មាន​សាសនា និង​ការ​រៀបចំ​ដែល​ជា​គំរូ​ដល់​ប្រទេស​ទាំងឡាយ​នៅ​អា​ស៊ី​ប៉ែក​អាគ្នេយ៍ ។ ដូច្នេះ​ប្រទេស​ខ្មែរ​យើង​ត្រូវ​មាន​ឫទ្ធិ​អំណាច​ជាង​ប្រទេស​ទាំងពួង​ដែល​នៅ​អា​ស៊ី​ប៉ែក​អាគ្នេយ៍​ទាំងមូល​នេះ ពីព្រោះ​អម្បូរ​ខ្មែរ​នេះ​ធ្លាប់​ធ្វើ​ជា «​គ្រូ​» គេ ហើយ​ធ្លាប់​មាន​ទាំង​ប្រទេស​រណប​ច្រើន​ផង ។

ពុទ្ធសាសនា​នៅ​ប្រទេស​កម្ពុជា
ខ្មែរ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​យ៉ាង​ខ្ជាប់ខ្ជួន​ជាទី​បំផុត ។ ចំនួន​ព្រះសង្ឃ​ទាំងអស់​មាន​៦០.០០០​អង្គ ប៉ុន្ដែ​ដោយ​ចំនួន​ពុំ​អាច​កើន​ទៅ​កើត​បាន (​ដោយ​ធម្ម​វិន័យ​) ក៏​ចេះ​តែ​ថយ​ទៅ​ៗ​ជា​លំដាប់ (​តាម​ស្ថិតិ​របស់​ក្រសួង​ធម្មការ ចុះ​ថ្ងៃ​ទី​១៨ សីហា ១៩៦៩ ចំនួន​ព្រះសង្ឃ​ក្នុង​ឆ្នាំ​១៩៥៥ មាន​៦៤.៣០៥​អង្គ​, ឆ្នាំ​១៩៦០ មាន​៥៣.៩០៣​អង្គ​, និង​ឆ្នាំ​១៩៦៩ មាន​៦៥.០៦២​អង្គ​, គឺ​គណៈមហានិកាយ​៦២.៦៧៨​អង្គ និង​គណៈ​ធម្មយុត្តិ​និកាយ​២.៣៨៤​អង្គ​) ។ ព្រះសង្ឃ​មាន​ភារកិច្ច​បង្រៀន​ក្មេង​ឱ្យ​ចេះ​អាន និង​ឱ្យ​ចេះ​សរសេរ អប់រំ​ឧបាសក​និង​ឧបាសិកា ឱ្យ​ស្គាល់​បុណ្យ ស្គាល់​បាប ឱ្យ​ដឹង​ថា ជីវិត​មនុស្សលោក​យើង​គ្មាន​អ្វី​ក្រៅពី​ការ​ឈឺចាប់​ទេ ហើយ​ដើម្បី​រក​សេចក្ដីសុខ​ឃើញ ទាល់តែ​ខំ​កសាង​អំពើ​ល្អ កុំ​ស្រលាញ់​សម្ភារ ឬ​របស់​អ្វី ផ្សេង​ៗ ដែល​មនុស្សលោក​យើង​ស្មានថា នឹង​ចាប់​យក​បាន​នោះ ។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​ពិភពលោក​ស្ងប់ស្ងៀម​មួយ​ជាប់លាប់ គឺ​និព្វាន​នេះឯង​បាន​ត្រូវ​ខំរៀន បរិ​ច្ឆា​គ​គ្រប់​បែប​យ៉ាង ។

២-​លំនាំ​សេដ្ឋកិច្ច
តាម​ធម្មតា​ដើម្បី​នឹង​សិក្សា​សកម្មភាព​នៃ​ប្រទេស នីមួយ​ៗ គេ​ត្រូវ​យក​លទ្ធផល​នៃ​សកម្មភាព​នេះ​មក​ធ្វើ​វិភាគ គឺថា​គេ​ត្រូវ​ដឹង​ជាបឋម​ថា តើ​ប្រទេស​នោះ​មាន​ផលិតផល​អ្វីខ្លះ ? ការ​សិក្សា​របៀប​នេះ​ពិបាក​បន្ដិច ពីព្រោះ​មធ្យោបាយ​នេះ​បាន​នឹង​ផ្ដល់​នូវ​លំនាំ (Structure) ជា​ឫសគល់​នៃ​ផលិតផល​ឱ្យ​បាន​ត្រឹមត្រូវ​ណាស់ ។ មួយវិញទៀត យើង​ពុំ​អាច​ដឹង​ថា តើ​ផលិតផល​នេះ​វា​កើន​ដោយ​របៀប​ណា​ទេ ។

បើ​យើង​យក​វិធី​នេះ​មក​វិភាគ យើង​ពុំ​អាច​គន់គូរ​ក​តម្លៃ​ពិតប្រាកដ​នៃ​ផលិតផល មួយ​ផ្នែក​ៗ​បាន​ឡើយ ។ ម្យ៉ាងទៀត រឿង​នេះ​មានការ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​បំផុត​ជាមួយនឹង «​របប​គណនេយ្យ​» (Systeme De Comptabiteite)​។ ប្រទេស​កម្ពុជា​យើង​បាន​យក​ទ្រឹស្ដី​គណនេយ្យ ដែល​បារាំង​បាន​ប្រើ​កាលពី​ផុត​សង្គ្រាមលោក​លើក​ទី​ពីរ​នេះ​មក​អនុវត្ដ ។ ដោយ​យោង​ទៅ​តាម​វិធី​ខាងលើ​នេះ ការ​សិក្សា ត្រួស​ៗ​អំពី​សេដ្ឋកិច្ច​ខ្មែរ បាន​ផ្ដល់​នូវ​ការ​សង្កេត​ដូច​តទៅ​នេះ ៖

ទោះបី​ប្រទេស​កម្ពុជា​យើង​មាន​មូលដ្ឋាន​សេដ្ឋកិច្ច​ដូច​បាន​រៀបរាប់​មក​ខាងលើ​នេះ​ក៏​ដោយ ក៏​សកម្មភាព​សេដ្ឋកិច្ច​យើង​នៅ​រអាក់រអួល​ខ្លាំង​ណាស់​ដែរ ជា​ពិសេស​នៅ​ក្នុង​របប​សក្ដិភូមិ ។ ការណ៍​ពិត​គឺ​មក​ពី​សង្វា​ក់​សកម្មភាព​នោះ​វា​ពុំ​ស្រប​នឹង​មូលដ្ឋាន​នោះ​តែ​ម្តង ។ ណាមួយ​ពាណិជ្ជកម្ម​ត្រូវ​បរទេស​កាន់កាប់​ភាគច្រើន ណាមួយ​យើង​ខ្វះ​កម្មវិធី​សកម្ម​ភាព​ត្រឹមត្រូវ រីឯ​របប​សេដ្ឋកិច្ច​ទាំងឡាយ​ដែល​យើង​យក​មក​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃនេះ គ្មាន​ទ្រឹស្ដិ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ឬ​មាំទាំ​ឡើយ ។ ប្រសិនបើ​យើង​រក​នូវ​ផ្លូវ​សេដ្ឋកិច្ច​មួយ​ឃើញ (une formule economique adequate) សេដ្ឋកិច្ច​យើង​នឹង​អាច​មាំទាំ​ទៅ​បាន នៅ​ពេល​ចប់​សង្គ្រាម​ខាង​មុខ​នេះ ។ រីឯ​ទ្រឹស្ដី​នោះ​ត្រូវធ្វើ​ឱ្យ​ស្រប​ទៅ​តាម​លំនាំ​សង្គម​​ចិត្ដគំនិត វប្ប​ធម្ម​ខ្មែរ​យើង​ផង ធ្វើ​ទៅ​តាម​ស្ថានភាព​ភូមិសាស្ដ្រ​ផង ។

មុន​នឹង​បញ្ចប់​ការ​សិក្សា​នេះ យើង​ត្រូវ​កត់​សម្គាល់ថា ហេតុ​ដូច​ម្ដេច​បានជា​តាំងពី​មុន​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ ដំណើរ​សេដ្ឋកិច្ច​យើង​ចេះ​តែ​រអាក់រអួល​ដូច្នេះ ?

ដូច​យើង​ន​ដឹង​ស្រាប់​មក​ហើយ​ថា សេដ្ឋកិច្ច​យើង​ពឹងផ្អែក​ទៅ​លើ​ជីវិត​កសិកម្ម​យើង​ទាំងស្រុង​។ កសិកម្ម​មាន​លក្ខណៈ​«​គ្រប់​បែប​យ៉ាង​» ហើយ​អាច​ប្រែប្រួល​ច្រើន​ណាស់​ទៅ​ថ្ងៃ​មុខ ។ បានជា​មាន​សភាព​ប្រែប្រួល​ដូច្នេះ ពីព្រោះ​ផលិតផល​មួយ​ភាគ​ធំ​បាន​ត្រូវ​យក​ទៅ​ធ្វើ​ពាណិជ្ជកម្ម ។ សល់​ប៉ុន្មាន​យក​ទៅ​ចិញ្ចឹម​បណ្ដាជន​បាន​ត្រឹមតែ​គ្រប់គ្រាន់​ប៉ុណ្ណោះ ។ ដូច្នេះ​រឿង​ខ្វះខាត​ពិតជា​គ្មាន​ឡើយ ។ ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ​ទៅ​វិញ​ដែរ ព្រោះថា​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ផលិតផល ដោយ​យោង​ទៅ​តាម​បច្ចេក​ទេស​សម័យ​ថ្មី (​ផលិតផល​ក្នុង​មួយ​ហិ​កតា មាន​ចំនួន​តិច​ពេក​) ។ ម្យ៉ាងទៀត​សង្វា​ក់​នៃ​ការ​ផ្ដល់​ផល​យឺត​ពេក ទោះបី​មាន​ជំ​នួ​ួ​យ​គ្រប់​បែប​យ៉ាង​ពីរ​រដ្ឋាភិបាល​យ៉ាងណា​ក្ដី ។

ចំពោះ​រឿង​ឧស្សាហកម្ម​វិញ គឺ​គ្មាន​ដំណើរ​ស្រប​នឹង​ផែនការ​ឡើយ ហើយ​ហេតុការណ៍​នេះ​ប្រហែល​មក​ពី​ប្រទេស​យើង​គ្មាន​ទម្លាប់​ធ្វើ​ឧស្សាហកម្ម​នេះ​តែ​ម្ដង ។ ថ្វី​ដ្បិតតែ​ប្រទេស​យើង​មានសម្បត្ដិ​ធម្មជាតិ​ច្រើន ប៉ុន្ដែ​ដោយ​ការ​ចាក់​ចែង​យក​សម្បត្ដិ​នេះ​ទៅ​ប្រើ​ការ​ពុំ​សូវ​មាន​ប្រសិទ្ធភាព ក៏​ដំណើរ​ឧស្សាហកម្ម​ក្ដី សកម្មភាព​សេដ្ឋកិច្ច ផ្សេង​ៗ​ទៀត​ក្ដី ពុំ​អាច​ធ្វើ​បាន​ល្អ​ទេ ។ ឯការ​ចាត់ចែង​យក​សម្បត្ដិ​ធម្មជាតិ​នេះ​ទៅ​ប្រើ​ការ​បាន​ជួប​ឧបសគ្គ ធំ​ៗ​ណាស់ ដែល​ទាក់ទង​នឹង​លំនាំ​សង្គម ចិត្ដគំនិត​តែ​ម្ដង ។ បើ​និយាយ​ទៅ​តាម​ភាសា​បច្ចេកទេស​ទៅ គឺ​មក​ពី​ការ​ខ្វះ​វិធី​សកម្មភាព ដើម្បី​អនាគត មក​ពី​ស​ង្ខ​រណៈ (infrastructure) រៀបចំ​ទៅ​ពុំ​បាន​ស្រប​នឹង​លក្ខណៈ​វិទ្យាសាស្ដ្រ ។ ចំណាយ និង​ការ​បង្កប់​លុយ ច្រើន​ធ្វើ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ដូច​ជា​សង់​អាគារ ធំ​ៗ​ឥតប្រយោជន៍​ជាដើម ៕