ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខកចិត្ដ​ខណៈ​សណ្ដែកសៀង​ពួក​គាត់​ខ្លះ​រលួយ​ប្រឈម​ការ​ធ្លាក់​គុណភាព

7 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ ប្រជា​កសិករ​នៅ​ខេត្តព្រះវិហារ បាន​ត្អូញត្អែរ​និង​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ដែល​សណ្តែកសៀង​របស់​ពួក​គាត់​ខ្លះ​រលួយ ខ្លះ​ស្កក ដោយសារ​ធម្មជាតិ​មិន​អំណោយផល ប្រឈម​មុខ​នឹង​

ខេត្ដព្រះវិហារ ៖ ប្រជា​កសិករ​នៅ​ខេត្តព្រះវិហារ បាន​ត្អូញត្អែរ​និង​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ដែល​សណ្តែកសៀង​របស់​ពួក​គាត់​ខ្លះ​រលួយ ខ្លះ​ស្កក ដោយសារ​ធម្មជាតិ​មិន​អំណោយផល ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​នៅ​ពេល​ប្រមូល​ផល​នា​ខែធ្នូ​ខាង​មុខ​នេះ ។

អ្នកស្រី ណៃ សុខ​គា រស់នៅ​ភូមិ​អូរ​ខ្លែង​ពណ៌ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ថា ពួក​គាត់​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សណ្តែកសៀង​ដែល​កំពុង​ប្រឈម​នឹង​ការ​ហើម រលួយ និង​ស្កក ដោយសារ​តែ​នៅ​ពេល​ពួក​គាត់​ចាប់ផ្តើម​ដាំ​បាន​ជួបនឹង​បញ្ហា​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ ប៉ុន្តែ​នៅ​ពេល​សណ្តែក​លូតលាស់​ដាក់​គ្រាប់​ទុំ​ជិត​ដល់​ពេល​ប្រមូល​ផល​បែរជា​ភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​សណ្តែក​រលួយ ខ្លះ​បែរជា​ស្កក ។ តាម​អ្នកស្រី​ថា កត្ដា​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ទិន្នផល​ឆ្នាំ​នេះ​ធ្លាក់​ចុះ ។

កសិករ​រូប​នេះ​បន្ត​ថា ប្រសិនបើ​ការ​ប្រមូល​ផល បែរជា​គុណភាព​និង​ទិន្នផល​ធ្លាក់​ចុះ​គ្មាន​ទីផ្សារ​ក្នុងឆ្នាំនេះ ពួក​គាត់​ច្បាស់​ជា​ប្រឈម​នឹង​សេដ្ឋកិច្ច​គ្រួសារ​មិន​ខាន​ឡើយ ព្រោះ​កសិករ​ខ្លះ​ខ្ចី​លុយ​ធនាគារ ខ្លះ​ខ្ចី​បំណុល​ពី​មីក្រូហិរញ្ញវត្ថុ​ដើម្បី​យក​មក​ធ្វើ​ទុន​ដាំ​ដុះ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ដាំ​ដុះ​របស់​ពួក​គាត់​បែរជា​ជួប​បញ្ហា​បែប​នេះ​ទៅ​វិញ ។

ពួក​គាត់​បាន​ស្នើ​ឲ្យ​មន្ទីរ​ជំនាញ ជួយ​ធ្វើ​យ៉ាងណា​រក​វិធីសាស្ត្រ​ជួយ​សង្គ្រោះ​ដំណាំ​សណ្ដែកសៀង​របស់​ពួក​គាត់​ដែល​កំពុង​ជួប​បញ្ហា​ខាងលើ​នេះ​ផង ខណៈ​ដែល​ពេល​ប្រមូល​ផល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​ធ្នូ​ខាង​មុខ ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​លើក​ឡើង​ថា ការ​ជះ​ឥទ្ធិពល​ដល់ទិន្នផល​ក៏​ដូច​ជា​ផលដំណាំ​សណ្តែកសៀង​នោះ​ដោយសារ​កសិករ​ខ្លះ​ប្រើប្រាស់​ថ្នាំ​បាញ់​សម្លាប់ស្មៅ​ច្រើន​ដង​ពេក មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ តែ​លោក​អះអាង​ថា​បញ្ហា​ការ​លូតលាស់​សណ្តែកសៀង​មិនល្អ​នៅ​ខេត្តព្រះវិហារ មិនមែន​ទាំង​អស់នោះ​ទេ ព្រោះ​កន្លែង​ខ្លះ​មានការ​លូតលាស់​ល្អ​ធម្មតា ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា កសិករ​មួយ​ចំនួន​នៅ​ខេត្តព្រះវិហារ បាន​ដាំ​ដុះ​សណ្តែកសៀង​យឺតយ៉ាវ ។ ជា​ទូទៅ ការ​ដាំ​សណ្តែកសៀង​ចាប់ផ្តើម​ក្នុង​ស​ប្តា​ហ៍​ទី​១​ឬ​ទី​២ នៃ​ខែ
កក្កដា តែ​កសិករ​មួយ​ចំនួន​បាន​ដាំ​ដុះ​យឺត ពេល រហូត​ទៅ​ដល់​ស​ប្តា​ហ៍​ទី​១ ទី​២ នៃ​ខែសីហា​ឯណោះ ។ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ការ​លូតលាស់​ដំណាំ​របស់​ពួក​គាត់​ជួប​បញ្ហា ដូច្នេះ​មន្ត្រី​ជំនាញ​ពុំ​មាន​វិធី​ណា​ដើម្បី​ដោះស្រាយ​ចំពោះ​សណ្តែកសៀង​ដែល​ប្រឈម​នឹង​ការ​ខូចខាត​ដោយ​ធម្មជាតិ​នេះ​ឡើយ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​ឆ្នាំ​២០១៦​នេះ ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​មាន​ចំនួន​១៧.០០០​ហិតា បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ផ្ទៃដី​ប្រហាក់ប្រហែល​គ្នា ។

គួរ​រំឭក​ផង​ដែរ​ថា កាលពី​ខែមិថុនា ឆ្នាំ​២០១៦​កន្លង​ទៅ កសិករ​ខេត្តព្រះវិហារ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ដង្កូវ​ហ្វូង​បំផ្លាញ​សណ្តែកបាយ ប្រមាណ​ជាង​២០០​ហិតា ធ្វើ​ឲ្យ​ទិន្នផល​និង​តម្លៃ​ទីផ្សារ​សណ្តែកបាយ​ធ្លាក់​ចុះ​ម្តង​ហើយ ៕