ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ធ្វើការ​ប្រកួត​ប្រណាំងទូក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក …

ខេត្តសៀមរាប ៖ នៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ធ្វើការ​ប្រកួត​ប្រណាំងទូក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោក​ឧកញ៉ា លោក​ជំទាវ អ្នកតំណាង​រាស្ត្រ គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ និង​វត្តមាន​ចូលរួម​របស់ ឯកឧត្តម លោក​ជំទាវ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក អង្គការ​សង្គម​ស៊ី​វិល ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ ចូលរួម​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​លោក នួន គ្រឹះ​ស្នា អនុប្រធាន​គណៈកម្មការ​បច្ចេកទេស បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​នេះ ការ​ប្រណាំងទូក​.​ង មាន​ទូក​ចូលរួម​ចំនួន​៣១​ទូក មាន​ទូក​នារី​៦​ទូក ដែល​មាន​ចំណុះ​២២​នាក់ ហើយ​មាន​កីឡាករ កីឡាការិនី សរុប ៨៣៧​នាក់ នារី​១៦២​នាក់ តាម​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ ដែល​បាន​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ក ដើម្បី​សម្រាប់​ប្រកួត​ជា​លក្ខណៈ​ជាតិ​-​អន្តរា​ជាតិ ។ ក្នុង​ពិធី​ប្រណាំងទូក​.​ង​នេះ ក៏​មាន​ទូក​មក​ពី​ខេត្តឧត្តរមានជ័យ​បាន​ចូលរួម​ផង​ដែរ ព្រមទាំង​ការ​ប្រកួតប្រណាំង​ក្រឡោ ដែល​ជា​សម្បត្តិ​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​នៅ​ខេត្តសៀមរាប ។

មាន​ប្រសាសន៍​បើក​ការ​ប្រកួត​ប្រណាំងទូក​.​ង​នា​ឱកាស​នោះ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏​បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​១៤-១៥​កើត ខែកត្តិក នៅ​លើ​ទី​ដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប បាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព សង្គម​ល្អ​ប្រសើរ ដែល​កត្តា​ចម្បង​នេះ​បាន​នឹង​កំពុង​ក្លាយជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ ។ លើស​ពី​នេះ​ទៀត ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ ក៏​ជា​ការ​ឧទ្ទិស​ដល់​អតីតកាល​អធិរាជ​នៃ​ណា​ចក្រ​ខ្មែរ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបាទ​សម្តេច​ជ័យ​វ​រ័​ន្ម​ទី​៧ ព្រះ​មហា​វីរក្សត្រ​ជំនាន់​នោះ ដែល​ព្រះ​អង្គ​ទ្រង់​បាន​ដឹកនាំ​កងទ័ពជើងទឹក​ដ៏​ក្លាហាន​ប្រកបដោយ​វីរភាព​អង់អាច និង​ពោរពេញ​ដោយ​សមត្ថភាព​ប្រយុទ្ធ បាន​រំដោះជាតិ​មាតុភូមិ​ចេញ​ផុត​ពី​ការ​ឈ្លានពាន​របស់​បច្ចាមិត្ត ហើយ​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​កសាង​សង្គម​ជាតិ​ឲ្យ​រីក​ចម្រើន​ថ្កុំថ្កើង​រហូត​ដល់​ក្លាយជា​អច្ឆរិយ​ប្រទេស​ដ៏​កំពូល​នា​សម័យ​នោះ ។

លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង បាន​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត យើង​ទាំងអស់​គ្នា​ប្រាកដជា​យល់​ដឹង​ហើយ​ថា ព្រះរាជ​ពិធីបុណ្យ​នេះ​គឺជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ ពាក់ព័ន្ធ​នឹង​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​មនោសញ្ចេតនា​របស់​យើង ដែល​បុព្វបុរស​ខែ្ម​របា​ន​ប្រារ​ព្វ​ធ្វើ​តាំងពី​យូរយា​ណាស់​មក​ហើយ ដើម្បី​ជា​កា​រំលឹក​ដឹងគុណ​ដល់​ព្រះ​គង្គារ​ដែល​ហូរ​នាំ​ដីល្បាប់​ដ៏​មាន​ជីជាតិ​សម្រាប់​ប្រជា​កសិករ​យើង​បង្កបង្កើន​ផល ហើយ​ក៏​ជា​រំលឹក​ដឹងគុណ​ដល់​ព្រះ​បរមគ្រូ​ដែល​យកកំណើត​ជា​សត្វ​ទន្សាយ​ព្រះ​ពោធិសត្វ ហើយ​ឧទ្ទិស​ថ្វាយខ្លួន​ដើម្បី​សម្រេច​នូវ​ព្រះ​សម្មា​សម្ពោធិញ្ញាណ ។ ជាមួយ​គ្នា​នេះ​ដែរ ព្រះរាជ​ពិធីបុណ្យ​បណ្តែតប្រទីប គឺជា​ការ​ឧទ្ទិស​ដល់​អា​រុក្ខ អារក្ស អ្នកតា បារមី​ថែរក្សា​ទឹកដី ដើម្បី​សុំ​សេចក្តីសុខ​ក្សេមក្សាន្ត​ដល់​កូនចៅ​ដែល​រស់នៅ​ឲ្យ​ទទួល​បាន​សុខ​សុភមង្គល​ចម្រើន​រុងរឿង និង​ដើម្បី​ព្យាករណ៍​អាកាសធាតុ​សម្រាប់​បង្កបង្កើន​ផល​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ ។

លោក ឃឹម ប៊ុ​ន​សុង ក៏​លើក​ឡើង​ផង​ដែរ​ថា ក្នុង​រយៈពេល​កន្លង​មក រដ្ឋបាល​ខេត្ត​-​ក្រុង​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព និង​ប្រមូលផ្តុំ​ធនធាន​ក្នុង​ការ​រៀបចំ​កែសម្រួល ជួសជុល ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង គួប​ផ្សំ​ជាមួយនឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ផ្នែក​ឯកជន និង​បណ្តា​ខេត្ត​-​ក្រុង​ជា​សម្ព័ន្ធមេត្រីភាព ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទីក្រុង​សៀមរាប​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ភូមិសាស្ត្រ ធម្មជាតិ​បៃតង ។ ក្នុង​ន័យ​នេះ​យើង​ក៏​មាន​មោទនភាព ដោយ​ក្រុង​សៀមរាប​យើង​ទទួល​បាន​នូវ​កិត្តិនាម​ដ៏​ល្បី​ខ្ទរខ្ទារ​នៅ​លើ​ពិភពលោក ក្លាយជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត ។

ជា​ចុង​ក្រោយ លោក​បណ្ឌិត​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ជនរួមជាតិ​ទាំងអស់​ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ សូម​ចូលរួម​ថែរក្សា​នូវ​អនាម័យ បរិស្ថាន ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌ សោភ័ណ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​អង្គរ ព្រមទាំង​រក្សា​ការពារ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន សំខាន់​កុមារ​តូច​ៗ​នៅ​ក្នុង​ពិធីបុណ្យ​ផង​ដែរ ៕