ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«មហោស្រព​សិល្បៈ​កំណាព្យ​និង​ចម្រៀង​ខ្មែរ​ជា​សាកល» មាន​បេក្ខជន​​បរទេស​8​នាក់​ចូលរួម​ប្រកួតប្រជែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១៦ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​ការ​រៀបចំ​មហោស្រព​សិល្បៈ​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជា​សាកល​»

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១៦ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​ការ​រៀបចំ​មហោស្រព​សិល្បៈ​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជា​សាកល​»  លើក​ទី​៤​ឆ្នាំ​២០១៦ ។

លោក​ហាប់ ទូច អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​មាន​ប្រសាសន៍​ថា មហោស្រព​នេះ​ធ្វើ​ឡើង​ចំនួន​៣​លើក​មក​ហើយ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ។ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បន្ត​ការ​ការងារ​នេះ​ទៀត​។ មហោស្រព​បង្កើត​វិញ្ញាសា ផ្សេង​ៗ​គ្នា មាន​ចម្រៀង​បុរាណ​-​សម័យ និង​កំណាព្យ​។ ក្នុង​ឆ្នាំ​២០១៦ សម្រេច​យក​វិញ្ញាសា​ចំនួន​៤ គឺ​ស្មូត្រ ឬ​សូត្រ​កំណាព្យ ចម្រៀង​ភ្លេង​ការ ចម្រៀង​បា​សាក់ និង​ចម្រៀង​សម័យ​ជំនាន់​ទស​វត្ស​៥០ ដល់​៧០ ដើម្បី​ឲ្យ​បេក្ខជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ចូលរួម​ប្រឡង​ដណ្តើម​ជ័យ​លា​ភី​។ ក្នុង​ការ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​បាន​បង្កើត​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ទាំង​២៥​ខេត្ត​-​រាជធានី  ដោយ​ចម្រាញ់​យក​តែ​បេក្ខជន​-​បេ​ក្ខ​នារី​ជាប់​លេខ​១ ដូច​ជា​វិញ្ញាសា​១ មាន​បេក្ខជន​មួយ​រូប និង​បេ​ក្ខ​នារី​មួយ​រូប បើ​គិត​លើ​៤​វិញ្ញាសា មាន​អ្នក​ជាប់​៨​នាក់ ។ គ្រប់​២៥​ខេត្ត​-​រាជធានី គឺ​មាន​បេក្ខជន​រហូត​ដល់​២០០​នាក់  តែ​ជាក់ស្តែង​បេក្ខជន​មានឈ្មោះ​ប្រឡង​ចំនួន​១២៩​នាក់ ។

សម្រាប់​បេក្ខជន​នៅ​ក្រៅប្រទេស​គឺ​បេក្ខជន​អាច​ដាក់​ពាក្យ​ប្រឡង​តាម​ហ្វេ​សបុ​៊​ក​របស់​ក្រសួង ឬ​តាម​គេហទំព័រ​របស់​ក្រសួង ឬ​ដាក់​ពាក្យ​ប្រឡង​តាម​ស្ថានទូត​ដែល​ប្រចាំ​នៅ​ប្រទេស​នោះ​។ ម្យ៉ាងទៀត​ដើម្បី​សម្រួល​ដល់​បេក្ខជន​នៅ​ក្រៅប្រទេស គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ចម្រៀង​នៅ​ប្រទេស នីមួយ​ៗ សម្របសម្រួល​ជ្រើសរើស ។ សរុប​បេក្ខជន​នៅ​បរទេស​មាន អា​មេ​រិ​ក​២​នាក់ បារាំង​៣​នាក់ អូស្ត្រាលី​២​នាក់ និង​កា​ណា​ដា​១​មា្ន​ក់ ។

បេក្ខជន​នៅ​ក្រៅប្រទេស​ទាំង​២​ភេទ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​សញ្ជាតិ​ដើម​ជា​ខ្មែរ ឬ​ឪពុក​ម្តាយ​មាន​សញ្ជាតិ​ដើម​ជា​ខ្មែរ ហើយ​មិនមែន​ជា​ជ័យ​លា​ភី​ក្នុង​ការ​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​កាលពីមុន ។

ចំពោះ​ដំណើរការ​ប្រឡង​ជ្រើសរើស​ជ័យ​លា​ភី​ប្រព្រឹត្ត​ទៅ ជា​ដំណាក់កាល​ៗ​ដើម្បីឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​សកម្មភាព​ដូច​ជា​៖ ដំណាក់កាល​ទី​១ វគ្គ​ប្រឡង​ជម្រុះ​លើក​ទី​១​សម្រាប់​បេក្ខជន​-​បេ​ក្ខ​នារី​ក្នុង​ប្រទេស​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​សាល​មហោស្រព​ចេ​ន​ឡា ។ ដំណាក់កាល​ទី​២​វគ្គ​ប្រឡង​ជម្រុះ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​ក្នុង​ប្រទេស​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​លើក​ទី​១ រួម​ជាមួយ​បេក្ខជន​-​បេ​ក្ខ​នារី​ពី​ក្រៅប្រទេស​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​សាល​មហោស្រព​ចេ​ន​ឡា ។

ដំណាក់កាល​ទី​៣​វគ្គ​ប្រឡង​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​២​និង​៣០​នាទី​រសៀល​នៅ​សាល​មហោស្រព​ចេ​ន​ឡា ជ្រើសរើស​យកជ័យ​លា​ភី​លេខ​១ លេខ​២ និង​លេខ​៣ (​បុរស​នារី​) លើ​វិញ្ញាសា​ទាំង​៤ និង​រង្វាន់​លួង​ចិត្ត ។

ការ​បិទ​មហោស្រព និង​ប្រកាស​ជ័យ​លា​ភី នៅ​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ។

មហោស្រព​នេះ​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​មហាជន​ខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​បាន​ជួបជុំ​គ្នា​ដក​បទ​ពិសោធន៍ និង​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ការ​ទាក់ទង​ពី​សង្គម​មួយ ទៅ​សង្គម​មួយ ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ឲ្យ​រួម​គ្នា​ក្នុង​បុព្វហេតុ​សន្តិភាព និង​អភិវឌ្ឍ​ជាតិ ។ សមាសភាព​ចូលរួម​មាន​ក្រសួង​វប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួង​អប់រំ​យុវជន និង​កីឡា​, ធនាគារ​កា​ណា​ឌី​យ៉ា និង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ៕