ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មាន​ផ្គរលាន់ ភ្លៀង រន្ទះបា.ញ់ ?

7 ឆ្នាំ មុន

សៀវភៅ «​មួយ​សែន​បញ្ហា​» អត្ថាធិប្បាយ​ថា ក្នុង​រដូវភ្លៀង ផ្ទាំង​ពពក​រសាត់​ពាសពេញ ផ្ទៃ​អាកាស ជួន​មាន​បញ្ចេញ​ស័ព្ទ​ផ្គរលាន់ គ្រហឹម​ៗ ហើយ​ក៏​មាន​ភ្លៀង ស្រិច​ៗ ជួន​ឆាប់​ជួន​យូរ ជួនកាល​មាន​ទាំង​រន្ទះបា.ញ់​ឆុងឆាំង​ឆេះ​ដាច់​

សៀវភៅ «​មួយ​សែន​បញ្ហា​» អត្ថាធិប្បាយ​ថា ក្នុង​រដូវភ្លៀង ផ្ទាំង​ពពក​រសាត់​ពាសពេញ ផ្ទៃ​អាកាស ជួន​មាន​បញ្ចេញ​ស័ព្ទ​ផ្គរលាន់ គ្រហឹម​ៗ ហើយ​ក៏​មាន​ភ្លៀង ស្រិច​ៗ ជួន​ឆាប់​ជួន​យូរ ជួនកាល​មាន​ទាំង​រន្ទះបាញ់​ឆុងឆាំង​ឆេះ​ដាច់​ចុង​ត្នោត​ក៏​មាន​… ទាំងនេះ​សុទ្ធតែ​ជា​បាតុភូត​ធម្មជាតិ​ដែល​មនុស្សលោក​បានដឹង​ឮ​សឹង​គ្រប់​គ្នា តែ​អ្នក​ដែល​យល់​ពី​មូលហេតុ​វា​មាន​ចំនួន​តិច​ណាស់ ។

តើ​ហេតុ​អ្វី​បានជា​ភ្លៀង ឥឡូវនេះ​សូម​និយាយ​ជា ត្រួស​ៗ ពី​មូលហេតុ​ដែល​មាន​ភ្លៀង ។ មុន​នឹង​មាន​ភ្លៀង​ធ្លាក់ ជាដំបូង​គឺ​មាន​ចំហាយ​ទឹកជា​ច្រើន​ឥត​ឧបមា ហើយ​ផើត​អណ្តែត​ដោយសារ​កម្តៅ​ព្រះអាទិត្យ​ទៅ​ដល់​កណ្តាលលំហ​អាកាស ។ ក្នុង​ចំហាយ​ទាំងនេះ​ផ្តុំ​គ្នា​ជា​ផ្ទាំង​ពពក យូរ​ៗ​ទៅ​វា​អាច​កកើត​ជា​តំណក់​ទឹកជា​ច្រើន នៅ​ពេល​ដែល​សីតុណ្ហភាព​ចុះ​ត្រជាក់ ហើយ​តំណក់ទឹក​ដ៏​ច្រើន​កកកុញ​ផ្តុំ​គ្នា​មាន​ទំហំ​កាន់តែ​ធំ​ឡើង ហើយ​កាន់តែ​ធ្ងន់​ឡើង រហូត​ដល់​អាកាស​ទ្រាំ​ទម្ងន់​លែង​បាន ទឹក​នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​មក​ដី​ហៅ​ថា «​ភ្លៀង​ធ្លាក​» ។

ផ្ទាំង​ពពក​ដែល​ពោរពេញ​ទៅ​ដោយ​តំណក់ទឹក​យ៉ាងច្រើន​កុះករ​បានរ​សាត់អណ្តែត​នៅ​លើ​លំហ​អាកាស​តាម​កម្លាំង​វា​តា​ដែល​ផាយផាត់​មិន​ឈប់​ឈរ ម្តង​អណ្តែត​ទៅ​ត្បូង ម្តង​អណ្តែត​ទៅ​ជើង ម្តង​អណ្តែត​ទៅ​លិច ម្តង​អណ្តែត​ទៅ​កើត លុះ​អណ្តែត​ទៅ​ប៉ះ​នឹង​ខ្យល់អាកាស​ក្តៅ​ដែល​ជះ​យ៉ាង​ខ្លាំង​មក​ពី​ដី ដុំ​ពពក​ទាំង​អស់នេះ​នឹង​បែក​ខ្ចាយ​ចេញ​ជាមួយ ជា​ពីរ ជា​បី ភាគ នីមួយ​ៗ​នៃ ដុំ​ពពក​ដែល​បែក​ចេញពី​គ្នា​ទាំងនេះ វា​មាន​ភាព​មិន​ប្រក្រតី​ទេ ដ្បិត​មាន​ដុំ​ពពក​ខ្លះ​ត្រូវ​ខ្វះ​ចំនួន​អេ​ឡិច​ត្រុ​ង  កើតជា​ធាតុ​អគ្គិសនី​ឈ្មោល រីឯ​ដុំ​ពពក​ខ្លះ​ទៀត​នឹង​ត្រូវ​មាន​ចំនួន​អេ​ឡិច​ត្រុ​ង​លើស​ប្រក្រតី ក៏​កើតជា​ធាតុ​អគ្គិសនី​ញី ។ ផ្ទាំង​ពពក​ទាំងឡាយ​ដែល​ខ្លះ​មាន​ធាតុភ្លើង​ឈ្មោល ខ្លះ​មាន​ធាតុភ្លើង​ញី បានរ​សាត់​អណ្តែត​តទៅ​ទៀត រហូត​ដល់​ពេល​ចៃដន្យ​មួយ ផ្ទាំង​ពពក​ដែល​មាន​ធាតុភ្លើង​ខុស​គ្នា​នេះ​បាន​ខិត​ជិត​គ្នា ដូច្នេះ​អេ​ឡិច​ត្រុ​ង​យ៉ាងច្រើន​ត្រូវ​រត់​រហូត​ខ្ទាត​ចេញពី​ផ្ទាំង​ពពក ហើយ​ក៏​កិត​គ្នា​យ៉ាង​ខ្លាំង និង​អណូ​ក្នុង​អាកាស​បណ្តាល​ឱ្យ​កើតជា​កម្តៅ​ហួស​កម្រិត ក៏​ឆេះ​ផ្ទុះ​ចេញ​ជា​សំឡេង​លាន់​កក្រើក​មេឃ​កក្រើក​ដី ។ ផ្លេកបន្ទោរ និង​ផ្គរលាន់​គឺ​កើតឡើង​ក្នុង​ពេល​ជាមួយ​គ្នា ក៏​ប៉ុន្តែ​ដោយសារ​កាំរស្មី​មាន​ល្បឿន​លឿន​ជាង​សំឡេង​បាន​យើង​មើលឃើញ​មាន​ផ្លេក​ប​ន្លោ​រ​មុន​ផ្គរលាន់ ។ ផ្លេកបន្ទោរ គឺ​កើតឡើង​ដោយ​ផ្ទាំង​ពពក​ដែល​មាន​ធាតុភ្លើង​ខុស​គ្នា រត់​ប៉ះទង្គិច​គ្នា​ឆេះ​យ៉ាង​ដូច្នេះ​ឯង ឯ​រន្ទះ​ក៏​អ៊ីចឹង​ដែរ គឺ​វា​កើតឡើង​ដោយសារ​ផ្ទាំង​ពពក​ដែល​រត់​រកគ្នា​នេះ ។

បើ​ផ្ទាំង​ពពក​មាន​ទំហំ​ធំ​បាន​សេចក្តី​ថា​ធាតុ​អគ្គិសនី​មាន​តង់ស្យុង​(Tension) ខ្លាំង កម្លាំង​ស្រូប​រវាង​ភ្លើង​ឈ្មោល និង​ភ្លើង​ញី​ក៏​ខ្លាំង ដូច្នេះ​ចំនួន​អេ​ឡិច​ត្រុ​ង​(Electron) ដែល​របូត​ខ្ទាត​ចេញពី​ផ្ទៃ​ពពក​ជ្រែក​កាត់​អាកាស កើតជា​ភ្លើង​ឆេះ​ក៏​ខ្លាំង រីឯ​កម្តៅ​ហួសហេតុ​ក៏​កើត​ក្នុង​រយៈពេល​យ៉ាង​ខ្លី បណ្តាល​ឱ្យ​ផ្ទុះ​ខ្ទ័រ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ហួសប្រមាណ នេះ​ហើយ​ដែល​ហៅ​ថា​«​រន្ទះបាញ់​»​។

សរុបសេចក្តី​ទៅ​គឺថា កាលណា​ផ្ទាំង​ពពក​មាន​ទំហំ​តូច ការ​ផ្ទុះ​រន្ទឺ​សំឡេង​នោះ​ក៏​ខ្សោយ គឺ​គេ​មិន​ឱ្យឈ្មោះ​ថា​រន្ទះ​ទេ ហៅ​ថា​ផ្លេកបន្ទោរ ។ បើ​ផ្ទុះ​រន្ទឺ​សំឡេង​ខ្ទ័រ​ញ័រ​រណ្តំ​ធរណី ព្រៃឈើ និង​ផ្ទះសម្បែង​នោះ ទើប​ហៅ​ថា «​រន្ទះបាញ់​» ។

រន្ទះ​ខ្លះ​មិនមែន​កើតឡើង​ដោយ​ផ្ទាំង​ពពក​សុទ្ធ​ទេ គឺ​កើត​ដោយ​រយៈ​ពពក និង​ផែនដី ។ មាន​ពពក​ខ្លះ​អណ្តែត យូរ​ៗ ទៅ​ស្រាប់តែ​ខិត​ទៅ​ជិត​ចុង​ត្នោត ឬ​ចុង​រុក្ខជាតិ អគារ​ខ្ពស់​ៗ ។​ល​។ ដែល​ខ្ពស់​ផុត​គេឯង ពេល​នោះ​កម្លាំង​អគ្គិសនី​ក្នុង​ពពក​វា​នឹង​ជះ​ថាមពល​ទៅ​លើ​វត្ថុ​ទាំងនោះ ហើយ​នៅ​លើ​តួ​វត្ថុ​ទាំងនោះ​ក៏​កើតជា​ធាតុ​អគ្គិសនី​ដែរ តែ​ផ្ទុយ​ពី​ពពក​នោះ ។ ឧបមា បើ​ពពក​នោះ​មាន​ធាតុ​ឈ្មោល វត្ថុ​ទាំងនោះ​ត្រូវ​មាន​ធាតុ​ញី ហើយ​ក៏​កើត​មាន​កម្លាំង​ស្រូប​អេ​ឡិច​ត្រុ​ង​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​អេ​ឡិច​ត្រុ​ង​ទាំងឡាយ​ក្នុង​វត្ថុ​នោះ​ប្រមូលផ្តុំ​ទៅ​ចុង​ខាងលើ ហើយ​ខិត​ទៅ​ជិត​ពពក លុះ​យូរ​បន្តិច​វត្ថុ​ដែល​មាន​ធាតុ​អគ្គិសនី​ផ្ទុយ​គ្នា វា​នឹង​ស្រូប​ឆក់​គ្នា​កាន់តែ ខ្លាំង​ឡើង​ៗ ផ្ទាំង​ពពក​ក៏​ខិត​មក​កាន់តែ ទាប​ទៅ​ៗ​រហូត​ដល់​ជិត​ប៉ះ​គ្នា​និង​វត្ថុ​ខាងក្រោម​មួយ​រំពេច​មក​វា​ផ្ទុះ​ចេញ​ជា​ផ្កាភ្លើង ទីនោះ​ក៏​ត្រូវ​អន្តរាយ​ខូចខាត​មិន​ខាន ។

ម្យ៉ាងទៀត​នៅ​លើ​វាលទំនាប​ដ៏​ល្ហល្ហេវ​គ្មាន​រុក្ខជាតិ ខ្ពស់​ៗ បើ​មាន​មនុស្ស​ធ្វើ​ដំណើរ​កាត់​ទីនោះ ក្បាលមនុស្ស​នោះ​ត្រូវ​មាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ទីនោះ ដូច្នេះ​កម្លាំង​អគ្គិសនី​ក្នុង​ផ្ទៃ​ពពក ត្រូវ​មាន​ប្រតិកម្ម​ជាមួយ​មនុស្ស គឺ​រវាង​ពពក និង​មនុស្ស​នោះ​ត្រូវ​មាន​តង់ស្យុង ។ ហើយ​តង់ស្យុង​នោះ​វា​នឹង​កើតជា​កម្លាំង នៅ​ពេល​ដែល​ពពក​បន្ទាប​ចុះ​មក ហើយ​វា​នឹង​ផ្ទុះ​នៅ​ពេល​ដែល​ដល់​កម្រិត ។

មនុស្ស​ដែល​មាន​ដាក់​លោហធាតុ​ក្នុង​ខ្លួន ដូច​ជា​ពាក់​គ្រឿងអលង្ការ ខ្សែ​.​ក ខ្សែដៃ នាឡិកា​ជាដើម អាច​នឹង​បណ្តាល​ឱ្យ​រន្ទះបាញ់​ងាយ​ត្រូវ​ជាង​អ្នក​ដែល​មិន​មាន​ពាក់ ព្រោះ​គ្រឿង​លោហធាតុ​ទាំងនេះ​សម្បូរ​ទៅ​ដោយ​អេ​ឡិច​ត្រុ​ង​សេរី វា​ងាយ​ឆ្លងភ្លើង​ជាទី​បំផុត ។

ដោយសារ​ការ​ស្រាវជ្រាវ​របស់​មនុស្សលោក ទើប​មាន​មធ្យោបាយ​ការពារ​រន្ទះ​គ្រប់​បែប​យ៉ាង ដូច​ជា​នៅ​ចុង​កំពូល​ព្រះ​វិហារ ចុង​កំពូល​អគារ​ខ្ពស់​ៗ គេ​តែង​ដោត​បង្គោល​ដែក​ម្យ៉ាង​ស្រួច​ទៅ​លើ ហើយ​ត​ខ្សែ​លោហធាតុ​ពី​បង្គោល​នោះ​ឆ្លង​ទៅ​ដី កាលបើ​មាន​រន្ទះ​កើតឡើង អេ​ឡិច​ត្រុ​ង​ទាំងឡាយ​នឹង​រត់​ឆ្លង​ខ្សែ​លោហធាតុ​ជាមួយ​ផែនដី​បន្ថយ​កម្លាំង​តង់ស្យុង រវាង​ពពក និង​ចុង​បង្គោល​បាន​យ៉ា​ស្រួល ។ ជួនកាល​អង់​តែ​ន​(Antenne) វិទ្យុ ទូរទស្សន៍​ក៏​អាច​បណ្តាល​ឱ្យ​កើតជា​គ្រោះថ្នាក់​ដោយ​រន្ទះបាញ់​ដែរ ។ ដូច្នេះ​បើ​ចង់​ចៀសវាង​រន្ទះ គេ​ត្រូវ​យក​ខ្សែ​អង់​តែ​ន​ទូរទស្សន៍​ត​ភ្ជាប់​ជាមួយ​បំពង​ទឹក​ម៉ាស៊ីន​ក៏​បាន​ដែរ ។ ពេល​ភ្លៀង​ធ្លាក់​យើង​ត្រូវ​កុំ​ឈរ​ជ្រក​ភ្លៀង​នៅ​ក្រោម​ដើមឈើ នៅ​កៀន​ជ​ញ្ចាំ​ង​ឥដ្ឋ ហើយ​ចៀសវាង​កុំឱ្យ​មាន​គ្រឿង​លោហធាតុ​ក្នុង​ខ្លួន​ឱ្យ​សោះ ។ នេះ​ជា​របៀប​ការពារ​ម្យ៉ាង​ដែល​យើង​គួរតែ​ចេះ​ក្នុង​ការ​រស់នៅ​របស់​យើង ៕