ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ៅ សេ​ទុង រដ្ឋបុរស​របស់​ប្រទេស​ចិន

7 ឆ្នាំ មុន

ម៉ៅ សេ​ទុង ជា​អ្នកដឹកនាំ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ក្នុង​សតវត្ស​ទី​២០ ។ មនុស្ស​ទាំង​ពិភពលោក​ស្គាល់​គាត់​ក្នុង​ឋានៈ​ជា​អ្នក​ផ្ដួលរំលំ​រដ្ឋាភិបាល​ចិន និង​គណៈ​គ្រប់គ្រង​ជាតិ​របស់​សេនាប្រមុខ​ចាង ខៃ​ជៀក ហើយ​បង្កើត​លទ្ធិកុម្មុយ

ម៉ៅ សេ​ទុង ជា​អ្នកដឹកនាំ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ក្នុង​សតវត្ស​ទី​២០ ។ មនុស្ស​ទាំង​ពិភពលោក​ស្គាល់​គាត់​ក្នុង​ឋានៈ​ជា​អ្នក​ផ្ដួលរំលំ​រដ្ឋាភិបាល​ចិន និង​គណៈ​គ្រប់គ្រង​ជាតិ​របស់​សេនាប្រមុខ​ចាង ខៃ​ជៀក ហើយ​បង្កើត​លទ្ធិកុម្មុយនីស្ដ​ក្នុង​ទឹកដី​ចិន ។

សៀវភៅ «​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​» របស់​លោក​គឹ​ម ចាន់​ណា អត្ថាធិប្បាយ​ថា លោក​ម៉ៅ សេ​ទុង បាន​ប្រកាស​បង្កើត​ជា​សាធារណរដ្ឋ​ប្រជាជន​ចិន នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​១៩៤៩ នៅ​ឯ​វិមាន​ចតុកោណ ធាន​អាន់​មិន  ជា​អ្នក​ធ្វើ​បដិវត្ដ​វប្បធម៌ និង​បាន​ទទួល​នូវ​ការ​លើកតម្កើង​ក្នុង​នាម​ជា​បុគ្គល​មាន​សមត្ថភាព​បង្រួបបង្រួម​ប្រទេស​ចិន​ឱ្យ​ក្លាយជា​មហា​ប្រទេស​សា​ជា​ថ្មី បន្ទាប់​ពី​ធ្លាក់​ទៅ​ក្រោម​ឥទ្ធិពល​របស់​ជនបរទេស ចាប់តាំងពី​មានរឿង សង្គ្រាម​អាភៀន​មក ។ ប៉ុន្តែ​អ្វី​ទាំង​អស់នេះ​ធ្វើ​ឱ្យ ជនជាតិ​ចិន​ត្រូវ​បាត់បង់​ជិ​វិត​ដោយសារ​តែ​ការ​អត់ឃ្លាន​រហូត​ដល់​៧០​លាន​នាក់ ក្រោម​ការ​ដឹកនាំ​របស់​គាត់ ដែល​ចាត់​ទុក​ថា​ជា​ការ​ចំណាយ​ជិ​វិត​របស់​ប្រជាជន​ក្នុងអំឡុងពេល​គ្មាន​សង្គ្រាម​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ ។

ជិ​វិត​ចុង​ក្រោយ​របស់​ម៉ៅ សេ​ទុង ត្រូវ​បញ្ចប់​យ៉ាង ទារុណ​បំផុត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ និង​ការ​ឱបក្រសោប​អំណាច​រហូត​ដល់​នាទី​ចុង​ក្រោយ ។

បណ្ណាល័យ ៖ ដើមទុន​សម្រាប់​ធ្វើ​បដិវត្តន៍
ម៉ៅ សេ​ទុង កើត​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​១៨៩៣ ក្នុង​គ្រួសារ​កសិករ រស់នៅ​ទី​ជនបទ​ស្រុក​ឆាវ​សាន តំបន់​ហ៊ូ​ណា​ន ។ ពេល​អាយុ​បាន​៨​ឆ្នាំ គេ​បាន​ចូល​រៀន​នៅ​សា​លាប​ឋ​សិក្សា​ក្នុងភូមិ និង​ត្រូវ​ឪពុក​បង្ខំ​ឱ្យ​រៀនសូត្រ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ខុ​ង​ជឺ យ៉ាង​តឹង​រឹ​ុ​ង​ជាទី​បំផុត ។ ម៉ៅ សេ​ទុង បាន​រៀន​ចប់​ខាង​ផ្នែក​អក្សរសិល្ប៍ ដែល​អាច​តែង​កំណាព្យកាព្យឃ្លោង​បាន​ល្អ​វិសេស​ក្នុង​លំដាប់ថ្នាក់​បណ្ឌិត ឬ​មនុស្ស​ជាន់ខ្ពស់ ។ ម៉ៅ សេ​ទុង ជា​មនុស្ស​ស្អប់​ការ​រើសអើង និង​ការ​បែងចែក​វណ្ណៈ​រវាង​មនុស្ស​វណ្ណៈ​ខ្ពស់ និង​វណ្ណៈ​កសិករ​តាំងពី​ខ្លួន​នៅ​ក្មេង​មក​ម្ល៉េះ ។

ម៉ៅ សេ​ទុង បាន​ប្រឡង​ជាប់​ចូល​រៀន​មហាវិទ្យាល័យ​គរុកោសល្យ​ហ៊ូ​ណា​ន និង​បាន​ខំប្រឹង​ប្រែង​សិក្សា​រៀនសូត្រ​យ៉ាង​ពេញទំហឹង​។ នៅ​ពេល ទំនេរ​ៗ គេ​បាន​សរសេរ​អត្ថបទ​ចុះ​តាម​សៀវភៅ​របស់​មហាវិទ្យាល័យ ។ ស្នាដៃ​និពន្ធ​ភាគច្រើន​របស់​ម៉ៅ សេ​ទុង តែងតែ​រិះគន់​របប​គ្រប់គ្រង​របស់​រាជវង្ស​ឈិង ដែល​ទទួល​បាន​នូវ​ការ​ពេញ​និយម​ពី​អ្នក​អាន​ជា​ច្រើន ។

បន្ទាប់​ពី​នោះ ម៉ៅ សេ​ទុង បាន​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​ប៉េ​កាំ​ង ។ ម៉ៅ សេ​ទុង រៀន​ផង និង​ធ្វើ​ជា​ជំនួយការ​បណ្ណារក្ស​ផង ។ ម៉ៅ សេ​ទុង ជា​មនុស្ស​ចូល​ចិត្ដ​អាន​សៀវភៅ និង​អាន​មិន​រើស​ថា ជា​វិជ្ជា​អ្វី​ទេ ។ គឺ​បណ្ណាល័យ​នេះឯង​ដែល​ជា​ឃ្លាំង​នៃ​ចំណេះដឹង​និង​ជា​ប្រភព​សន្សំ​បញ្ញា​របស់​ម៉ៅ សេ​ទុង ។ មានរឿង​តំណាល​ថា ចំណេះដឹង​ដែល​បាន​មក​ពី​បណ្ណាល័យ​ប៉េង​កាំ​ង​នោះ​ហើយ គឺជា​ដើមទុន​សម្រាប់​ឱ្យ​ម៉ៅ សេ​ទុង ធ្វើ​បដិវត្ដ​ផ្លាស់​ប្ដូរ​របប​គ្រប់គ្រង​ចិន​ទាំងមូល​នោះ  ។

ការ​បង្កើត​បក្ស​កុម្មុយនីស្ត
នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩១៨ ជា​សម័យ​បណ្ឌិត​ស៊ុន យា​ត​សេន ដឹកនាំ​ប្រទេស ក្រុម​និស្សិត​បញ្ញវន្ត​ដែល​មានគំនិត​ចម្រើន​ជឿនលឿន​នៅ​ប៉េ​កាំ​ង បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ផ្លាស់​ប្ដូរ​របប​គ្រប់គ្រង​ក្នុង​ប្រទេស​ចិន ។ ទទ្ទឹម​គ្នា​នេះ​សាស្ដ្រ​ចា​រ្យ​លី តា​ចៅ បាន​ផ្ដួចផ្ដើម​បង្កើត «​ក្រុម​និយម​របប​ម៉ាកស៊ីស​» ឡើង​នៅ​មហាវិទ្យាល័យ​ប៉េ​កាំ​ង ដែល​ម៉ៅ សេ​ទុង បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយនឹង​សាស្ដ្រាចារ្យ ។ រហូត​ដល់​ឆ្នាំ​១៩២១ ម៉ៅ សេ​ទុង ប្រមូល​គ្គី​គ្នា​បង្កើត​បក្ស​កុម្មុយនីស្ដ​ចិន​ដែល ដំបូង​ៗ មាន​សមាជិក​ត្រឹមតែ​១២​នាក់ និង​មានការ​ណាត់ជួប​ប្រជុំ​គ្នា​ម្តងម្កាល ។ ទោះបីជា​អាជ្ញាធរ​រដ្ឋាភិបាល​បក្ស​កួ​ក​មិ​ង​តាំង ព្យាយាម​បោសសំអាត​យ៉ាងណា​ក៏ គណបក្ស​ឆ្វេង​របស់​ចិន​មួយ​ក្រុម​នេះ នៅ​តែ​មាន​ឥទ្ធិពល​រហូត​ធ្វើ​ឱ្យ​បណ្តា​ពួក​កម្មករ​កំពង់​ផែ និង​អ្នកនេសាទ ដែល​នៅ​ម្ដុំ​កោះ​ហុងកុង ចាប់ផ្ដើម​ប្រឆាំង​តទល់​ជាមួយ​ពួក​ថៅកែ​យ៉ាង​ខ្លាំងក្លា ។ នេះ​ជា​ការ​ប្រឆាំង​នឹង​ពួក​នាយទុន​ទៅ​តាម​បែប​របស់​បក្ស​កុម្មុយនីស្ត​ដែល​រីក​រាលដាល​នៅ​ទូទៅ​ទាំង​ប្រទេស ។

«​នៅ​ពេល​បាន​ឡើង​កាន់​អំណាច​ជា​មេដឹកនាំ​របស់​ប្រទេស​ចិន​ហើយ ម៉ៅ សេ​ទុង​បាន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អប់រំ​សិក្សា​ថ្មី​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​ទៅ​តាម​មាគ៌ា​នៃ​របប​សង្គមនិយម ដោយ​លុប​បំបាត់​របប​រាជនិយម លុប​បំបាត់​សាលា​ចំណេះដឹង​ទូទៅ លុប​បំបាត់​ការ​រៀនសូត្រ​តាម​តម្រា​ខុ​ង​ជឺ រីឯ​ស្នាដៃ​អក្ស​សិល្ប៍​ក៏​ត្រូវ​គេ​បំផ្លាញ​ចោល​អស់​ជា​ច្រើន ។

គ្រូបង្រៀន សិស្ស និស្សិត ត្រូវ​គេ​ជម្លៀស​ឱ្យទៅ​រស់នៅ​តាម​ស្រែ​ចម្ការ ដើម្បី​រៀនសូត្រ​តាម​ការ​អនុវត្ត​ជាក់ស្តែង ពុំ​មែន​គ្រាន់តែ​រៀន​ចេះ​ចាំ​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​ទេ » ។

រដ្ឋាភិបាល​រួបរួម​ជាតិ
នៅ​ក្នុង​ឆ្នាំ​១៩២៣ បណ្ឌិត​ស៊ុន យ៉ា​ត​សេន បាន​ចេញ​ថ្លែងការណ៍​នៅ​ទីក្រុង​សៀង​ហៃ​ក្នុង​ដែនដី​ដែល​បក្ស​កុ​ម្មុ​យ​នី​សកំ​ពុងរីក​រាលដាល​ដើម្បី​អំពាវនាវ​ឱ្យ​បក្ស​កុ​ម្មុ​យ​ស្ត​ចូ​លម​ក​រួម​រួម​គ្នា​ជាមួយ​គណបក្ស កួ​ក​មិ​ង​តាំង របស់​រដ្ឋាភិបាល​។ នេះ​គឺជា​លើក​ដំបូង​ដែល​ម៉ៅ សេ​ទុង បាន​ជួប​ជាមួយនឹង​ចាង ខៃ​ជៀក បុគ្គល​សំខាន់​របស់​រដ្ឋាភិបាល កួ​ក​មិ​ង​តាំង​នៃ​ប្រទេស​ចិន ។

ក្រោយ​ពី​មានការ​ចរចា​សម្រុះសម្រួល​រវាង គណបក្ស​កួ​ក​មិ​ង​តាំង និង​គណបក្ស​កុម្មុយនីស្ត​ចិន​មក គេ​ក៏​បាន​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​ហៅ​ថា «​រដ្ឋាភិបាល​រួបរួម​ជាតិ​» ហើយ​ពេល​នោះ​ស្ថានការណ៍​ស្រុក​ទេស​ក៏​មាន​លក្ខណៈ​ប្រក្រតី​ឡើង​វិញ ។ ប៉ុន្តែ​បាន​មិន​បាន​យូរ​ប៉ុន្មាន នៅ​ឆ្នាំ​១៩២៥ បណ្ឌិត​ស៊ុន​យ៉ា​ត​សេន ក៏​ទទួលអនិច្ចកម្ម​ដោយ​ជំងឺមហារីក  គណបក្ស​ទាំង​ពីរ​នេះ​ក៏​ចាប់ផ្ដើម​បែកបាក់​គ្នា​ឡើង​វិញ ។ ៥​ខែ​ក្រោយមក ម៉ៅ សេ​ទុង ក៏​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​អំពី​កម្មសិទ្ធិ​ដីធ្លី ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​កសិករ ដោយ ម៉ៅ សេ​ទុង ខ្លួនឯង​បាន​ចូលរួម​ជា​សមាជិក និង​ជា​គណៈកម្មការ​សហព័ន្ធ​សហជីព​កសិករ​ផង​ដែរ ទើបត្រូវ​សមាជិក​នៅ​ក្នុង​បក្ស​បាន​រិះគន់​ថា គាត់​កំពុង​តែ​បំផ្លាញ​ស្ថិរភាព​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ហើយ ។

ការ​បែក​ជា​ពីរ​របស់​ចិន
ទន្ទឹម​នឹង​គ្នា​នោះ ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​បាន​បណ្ដាល​ឱ្យ​កើត​មាន​ទំនាស់​យ៉ាង​ធ្ងន់​រវាង​គណបក្ស​ទាំង​ពីរ ។ ម៉ៅ សេ​ទុង បាន​ឡើង​តំណែង​ពី​គណៈកម្មការ​សហព័ន្ធ​សហជីព កសិករ​មក​ជានា​យក​ហ​ព​ន្ធ័​សហជីព​ដែល​ជា​ហេតុ​ធ្វើ​ម៉ៅ ត្រូវ​គេ​ស្នើ​ឱ្យធ្វើ​ជា​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​គ្រានោះ​ផង​ដែរ ។ ម៉ៅ សេ​ទុង មាន​សំឡេង​គាំទ្រ​ពី​ក្រុម​កសិករ និង​បណ្ដា​មហាជន​ក្នុង​វណ្ណៈ​កម្មករ​ស្ទើរតែ​មួយ​ចំហៀង​ប្រទេស ។ តែ​មិន​ទាន់​ដល់​ថ្ងៃ​កំណត់​ការ​បោះ​ឆ្នោត​ផង ស្រាប់តែ​វិបត្តិ​នយោបាយ​ក៏​ចាប់ផ្ដើម​ចលាចល​ឡើង ។ ក្រុម​ប្រជាក​រសិករ​នៅ​តំបន់​ហ៊ូ​ណា​ន បាន​បង្ក​ភាព​វឹកវរ​ឡើង ហើយ​ពួក​នាយទុន​ក៏​ចាប់​ផ្ដើ​ុ​ម​ចេញ​មក​តស៊ូ ធ្វើ​ឱ្យ​មានការ​ខូចខាត​យ៉ាងដំណំ​ទាំង​សង​ខាង។

ម៉ៅ សេ​ទុង​ត្រូវ​បាន​គេ​បណ្ដេញ​ពី​បក្ស​ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ក្រុម​ពួក​កសិករ​និង​កម្មករ​បំពាន​នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល រហូត​ធ្វើ​ឱ្យ​មាន​ចលាចល​កើតឡើង។ ពេ​លេ​ពី​បក្ស​ម៉ៅ សេ​ទុង​ក៏​បាន​ប្រកាស​ថា ខ្លួន​គឺជា​ទ័ពព្រៃ​(​ចោរ​ក្រហម​កុម្មុយនីស្ត​) ហើយ​ក៏​ព្យាយាម​រៀបចំ​បង្កើត​កងទ័ព​បដិវត្តន៍​របស់​ប្រជា​កសិករ​ឡើង​ក្នុង​ខែកញ្ញា ឆ្នាំ​១៩២៧​។ ចំណែក​ចាង ខៃ​ជៀក​ខាង​ភាគី​រដ្ឋាភិបាល ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ពួក​បាន​ចាត់វិធានការ​បោសសំអាត​ពួក​បុគ្គល សំខាន់​ៗ​របស់​បក្ស​កុម្មុយនីស្ត​មិន​រើសមុខ ។ ហេតុការណ៍​ដែល​កើតឡើង​នៅ​តំបន់​សៀង​ហៃ ក្នុង​គ្រានោះ​ចាត់​ទុក​ថា​ជា​សោកនាដកម្ម​មួយ​របស់​ប្រទេស​ចិន​ធ្វើ​ឱ្យ​ម៉ៅ សេ​ទុង​និង​កងទ័ព​ខ្លួន​ត្រូវ​ទទួល​រង​ការ​ខូ​ត​ខាត​យ៉ាងច្រើន​ស្ទើរតែ​មិន​អាច​ងើប​មក​វិញ​រួច ។

លោក​ប្រធាន ម៉ៅ សេ​ទុង ដ៏​មហិមា
ពេល​ដែល​គេចខ្លួន​រួច​ផុត​ពី​កងទ័ព​គណៈ​ជាតិ​របស់​ចិន​ហើយ ម៉ៅ សេ​ទុង​ក៏​បាន​រៀបចំ​បង្កើត​ទ័ពព្រៃ​ក្រហម​បន្ដ​ទៀត ហើយ​ខិតខំ​ប្រមែប្រមូល​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​នៅ​តាម​ជួរ​ភ្នំ​ជិន​កាំ​ង​សាន ។ ក្រោយមក​ទៀត​បណ្ដា​ពួក​កុម្មុយនីស្ដ​ក្រុម ផ្សេង​ៗ ក៏​នាំ​គ្នា​គេចខ្លួន​ទៅ​រួបរួម​ជាមួយ​ម៉ៅ សេ​ទុង​ជា​បន្ដបន្ទាប់ ។ ដូច្នេះ​ហើយ​ទើប​កងទ័ព​ក្រហម​របស់​ម៉ៅ សេ​ទុង​កាន់តែ​រីក​ទ្រង់ទ្រាយ ធំ​ឡើង​ៗ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង និង​ពង្រីក​តំបន់​កាន់កាប់​តែ​ច្រើន ។ ម៉ៅ សេ​ទុង​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ឋានៈ​ជា​អ្នក​ក្តោប​អំណាច​របស់​បក្ស​កុម្មុយនីស្ដ​ទាំងអស់ ។ ម៉ៅ សេ​ទុង​បាន​បង្កើត​រដ្ឋាភិបាល​កុម្មុយនីស្ត ដែល​មាន​បែបបទ​ខុស​ពី​រដ្ឋាភិបាល​ចិន​គណៈ​ជាតិ​របស់​ចាង ខៃ​ជៀក​។ ខែតុលា ឆ្នាំ​១៩៣៣ ចាង​ខៃ​ជៀក​បាន​ប្រើ​វិធី​ឡោម​ព័ទ្ធ​កងទ័ព​កុម្មុយនីស្ត​ចិន​តាម​រូបភាព «​កៀង​បញ្ច​ល​ស៊ង​»​ឬ​ប្រៀប​ដូច​ជា​រៀប​កំផែង​ព័ទ្ធ​ជុំវិញ​ប្រទេស​ចិន​ទាំងមូល ហើយ​វាយ​ផ្ទប់​ដោយ​ឥត​សំចៃ ធ្វើ​ឱ្យ​កងទ័ព​របស់​ម៉ៅ សេ​ទុង ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ ។

ក្នុង​ស្ថានការណ៍​អាសន្ន​បែប​នេះ​ម៉ៅ សេ​ទុង​មាន​ដំណោះ​ស្រោ​យ​តែ​ម្យ៉ាង​គត់ គឺ​រួបរួម​កម្លាំង​វាយ​បំបែក​ត្រង់​ចំណុច​ណាមួយ​ដើម្បី​បើក​ច្រក​គេចខ្លួន ។ ក្នុង​ខណៈនោះ​កងទ័ព​គណៈ​ជាតិ​របស់​ចាង ខៃ​ជៀង​បាន​ព័ទ្ធ​ជុំវិញ​ស្ទើរតែ​គ្រប់កន្លែង គឺ​នៅ​សល់​តែ​ភាគ​ខាងជើង​ប៉ុណ្ណោះ​ដែល​ជា​ជួរ​ភ្នំ​ដាច់​ស្រយាល និង​ព្រៃស្តុក ហើយ​ត្រូវធ្វើ​ដំណើរ​គេច​វាង​ចុះឡើង ដើម្បី​កុំឱ្យ​សត្រូវ​ចូល​ទៅ​វាយប្រហារ​បាន ។ នៅ​ខែកញ្ញា ឆ្នាំ​១៩៣៤ ការ​ធ្វើ​ដំណើរ​គេចខ្លួន​ក៏​ចាប់ផ្ដើម​ឡើង ។ ទោះបីជា​បាន​រៀបចំ​ជើងការ​យ៉ាង​ល្អិតល្អន់ និង​ជា​សម្ងាត់​យ៉ាងណា​ក៏​ដោយ ក៏​ទ័ព​កុម្មុយនីស្ត​របស់​ម៉ៅ សេ​ទុង​នៅ​តែ​មិន​អាច​គេច​ផុត​បាន​ទាំងស្រុង​ដែរ ។ ពួក​គេ​ត្រូវ​ពលី​ជីវិត​កម្លាំង​ទ័ព​អស់​ជា​ច្រើន ប៉ុន្ដែ​ដោយសារ​តែ​ថាមពល​ផ្លូវចិត្ត​ដ៏​ខ្លាំង​នោះ ទើប​ពួក​គេ​ប្តេជ្ញា​រត់គេច​ឱ្យ​ទាល់តែ​បាន ។

រហូត​ដល់​ថ្ងៃ​ទី​១៦ ខែតុលា​ឆ្នាំ​១៩៣៤ ការ​ព្យាយាម​គេចខ្លួន​របស់​កងទ័ព​ក្រហម​ក៏​បាន​សម្រេច ដែល​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ដំណើរ​មួយ​មាន​ចម្ងាយ​ប្រហែល​៦៥០០​ម៉ៃ​ល៍​។ សង្គ្រាម​រវាង​ម៉ៅ សេ​ទុង និង​ចាង ខៃ​ជៀក បាន​អូស​បន្លាយពេល​អស់​ជា​ច្រើន​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៩៤៨ កងទ័ព​ចិន​កុ​ម្មុ​ុ​យ​នី​ស្ត​ក៏​ដណ្ដើម​ជ័យជម្នះ​លើ​កងទ័ព​ចាង ខៃ​ជៀក​បានជា​ស្ថាពរ ហើយ​ក៏​រៀបចំ​រដ្ឋាភិបាល​ចិន​កុម្មុយនីស្ដ​ឡើង ។ 

វិមាន​ចតុកោណ ធាន​អាន់​មិនជា​វិមាន​ប្រវត្ដិសាស្ដ្រ ដែល​លោក​ប្រធាន​ម៉ៅ សេ​ទុង​ប្រកាស​បង្កើត​ជា «​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​១៩៤៩   ។

ព្រឹត្តិការណ៍​សំខាន់​ៗ
-​កើត​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​១៨៩៣ ។
-​ឆ្នាំ​១៩២១​បង្កើត​កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន​។
-​ប្រកាស​ខ្លួន​ជា​ក្រុម​ទ័ពព្រៃ​កុម្មុយនីស្ត​ហើយ​ចាត់តាំង​កងទ័ព​បដិវត្តន៍​របស់​ប្រជា​កសិករ​ឡើង​នៅ​ខែកញ្ញា ឆ្នាំ​១៩២៧ ។
-​ខែតុលា ឆ្នាំ​១៩៣៣ ចាង ខៃ​ជៀក ប្រើ​វិធី​ឡោម​ព័ទ្ធ​កងទ័ព​ចិន​កុម្មុយនីស្ត​ធ្វើ​ឱ្យ​កងទ័ព​របស់​ម៉ៅ សេ​ទុង ទទួល​បរាជ័យ ហើយ​ត្រូវ​ភៀសខ្លួន​ទៅ​ភាគ​ខាងជើង ។
-​ឆ្នាំ​១៩៤៨ ទទួល​ជ័យជម្នះ​លើ​កងទ័ព​ចិន​គណៈ​ជាតិ​របស់​ចាង ខៃ​ជៀក ។
-​ប្រកាស​បង្កើត​រដ្ឋ​ប្រជាមានិត​ចិន​នា​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​១៩៤៩ នៅ​វិមាន​ចតុកោណ ធាន​អាន់​មិន ។
 -​ធ្វើ​បដិវត្តន៍វប្បធម៌​នៅ​ឆ្នាំ ១៩៦៦ ។
-​ឡើង​កាន់​តំណែង​ជា​ប្រធាន​ធិ​បតី រហូត​ដល់​ឆ្នាំ ១៩៦៩ ។
-​ទទួលមរណភាព​នៅ ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ ១៩៧៦ ៕