ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ចម្ងាយ​ជិត​1000​គីឡូម៉ែត្រ​រៃ​អង្គាសប្រាក់​ជីក​អណ្ដូង​ឱ្យ​កុមារ​កំព្រា

7 ឆ្នាំ មុន

​ខេ​ត្ត​មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ជនបរទេស​ម្នាក់ ដែល​បាន​ចំណាយពេល​វេលា​រត់​តាម​ដងផ្លូវ​ជិត​១០០០​គីឡូម៉ែត្រ និង​បាន​ទៅ​ដល់​ខេត្តមណ្ឌលគិរី

​ខេ​ត្ត​មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ជនបរទេស​ម្នាក់ ដែល​បាន​ចំណាយពេល​វេលា​រត់​តាម​ដងផ្លូវ​ជិត​១០០០​គីឡូម៉ែត្រ និង​បាន​ទៅ​ដល់​ខេត្តមណ្ឌលគិរី ក្រោយ​ពេល​ធ្វើ​ដំណើរ​ចេញពី​ខេត្តរតនគិរី​ឆ្ពោះទៅ​ខេត្តកោះកុង ។

សមាគម​ទឹក​ស្អាត​សម្រាប់​កម្ពុជា ដែល​បង្កើត​កម្មវិធី​រត់​ចម្ងាយ​៨៦៨​គីឡូម៉ែត្រ នៅ​ប្រទេស​កម្ពុជា​រយៈពេល​១៨​ថ្ងៃ គឺ​ដើម្បី​ប្រមូល​ថវិកា​ជួយ​អណ្ដូងទឹក​ស្អាត​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា ។ លោក កៅ សា​វុ​ធ ប្រធាន​សមាគម ទឹក​ស្អាត​សម្រាប់​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អូ​ទ្រី​ស បានឱ្យ​ដឹង​ថា កម្មវិធី​រត់​ចម្ងាយ​នៅ​ប្រទេស​កម្ពុជា​នេះ ចាប់​រត់​ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា​-​វៀតណាម ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ឆ្ពោះទៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ ក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ដែល​មាន​ចម្ងាយ​៨៦៨​គីឡូម៉ែត្រ និង​រត់​រយៈពេល​១៨​ថ្ងៃ ចាប់​ចេញដំណើរ​ពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្លងកាត់​៨​ខេត្ត គឺ​ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្ត កំពង់ស្ពឺ និង​ខេត្តកោះកុង ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក កៅ សា​វុ​ធ ប្រធាន​សមាគម​ទឹក​ស្អាត​សម្រាប់​កម្ពុជា ប្រចាំការ​នៅ​ប្រទេស​អូ​ទ្រី​សបាន​ប្រាប់​ឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​រត់​ចម្ងាយ​នេះ គឺ​ដើម្បី​ប្រមូល​ថវិកា​ពី​ប្រទេស​អូ​ទ្រី​ស មក​ជីក​អណ្ដូងទឹក​ស្អាត​ជួយ​ដល់​កុមារ​នៅ​កម្ពុជា ក្នុង​តម្លៃ​អណ្ដូង​មួយ​១៥០០​ដុល្លារ ហើយ​ការ​រត់​រយៈពេល​១៨​ថ្ងៃនេះ យើង​នឹង​បាន​អណ្ដូង​ចំនួន​១៨ ។

លោក​បាន​បញ្ជាក់​ថា អ្នក​រត់​ប្រមូល​ថវិកា​គឺ​លោក ឃី​ង នី​ញើ​រ អាយុ​៥៥​ឆ្នាំ មក​ពី​ប្រទេស​អូ​ទ្រី​ស គឺ​គាត់​មក​ពី​សមាគម​កា​គី​ហេ ផ្ដើម​ចេញពី​គ្រួសារ​គំរូ​ពីរ គឺ​គ្រួសារ​ត្រកូល KA. និង គ្រួសារ​ត្រកូល KI ដែល​គេ​ហៅ​ថា សមាគម KA .KI .HE បាន​ន័យ​ថា ត្រកូល​KA និង​ត្រកូល KI ជួយ​កុមារ​កម្ពុជា ។

លោក ឃី​ង នី​ញើ​រ អ្នក​រត់​ចម្ងាយ​នោះ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​បាន​រត់​ដើម្បី​សុំ​ជំនួយ​មក​ពី​ប្រទេស​អូ​ទ្រី​ស មក​ជីក​អណ្ដូង​នៅ​កម្ពុជា ។ លើក​មុន​លោក​រត់​ក្នុង​ចម្ងាយ​៧០០​គីឡូម៉ែត្រ បាន​សម្រេច​ម្ដង​មក​ហើយ លើក​នេះ​លោក​នឹង​ព្យាយាម​ឱ្យ​បាន​សម្រេច​ជា​លើក​ទី​ពីរ ។ លោក​បន្ត​ថា លោក​សប្បាយចិត្ត​ណាស់ រាល់ពេល​ដែល​លោក​បាន​បំពេញការងារ​មនុស្សធម៌​ប្រមូល​ថវិកា​មក​ជួយ​ជន​ក្រីក្រ​នៅ​កម្ពុជា ៕