ប្រវត្តិសត្វគ្រុឌ
យោងតាមផេក «មន្តអាគមខ្មែរ» អត្ថាធិប្បាយថា សត្វគ្រុឌមានប្រវត្តិតាំងពីយូរលង់មកហើយ ដែលសត្វនេះមានពាក់ព័ន្ធនៅក្នុងទេវកថានៃព្រហ្មញ្ញសាសនា ។ សត្វគ្រុឌនេះដែរក៏ត្រូវបានគេចាត់ទុកដូចជាសត្វអច្ឆរិយ ផ្សេងៗទៀត ដែលខ្មែរបុរាណបានឲ្យតម្លៃតាំងពីប្រមាណជាង ២០០០ឆ្នាំមកហើយ ។ នៅក្នុងទេវកថាឥណ្ឌា មានសត្វជាច្រើនត្រូវបានចាត់ទុកថាជាទេព ឬក៏ជាពាក់កណ្តាលទេព ឧទាហរណ៍ដូចជា ពស់ ឬនាគ អណ្តើក ខ្លាឃ្មុំ ស្វា គោ ដំរី ក្ងោក ខ្លាជាដើម ។
ដូចគ្នានេះដែរ សត្វគ្រុឌ ក៏មានតួនាទីសំខាន់ក្នុងទេវកថាឥណ្ឌា ហើយត្រូវបានគេចាត់ទុកថាបក្សីរាជា។ សត្វគ្រុឌ គឺជាយានជំនិះរបស់ព្រះវិស្ណុ ហើយសត្រូវសួពូជរបស់គ្រុឌ គឺសត្វនាគ។ នៅឥណ្ឌាមានពិធីបុណ្យគោរពបូជាដល់គ្រុឌដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៥កើត ខែស្រាពណ៍ជារៀងរាល់ឆ្នាំ ។
រឿងនិទានទាក់ទងនឹងគ្រុឌ
មហាឥស្សីកស្សបៈ មានភរិយាពីររូបគឺនាងកាឌ្រុ និងនាងវីនីតា ។ នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ ។ ចំណែកឯនាងវីនីតាបានផ្តល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាច ឫទ្ធានុភាព ។ ថ្ងៃមួយនាងកាឌ្រុ និងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយពណ៌កន្ទុយសេះក្បាល៧ អាចហោះបានដែលកើតចេញពីការកូរសមុទ្រទឹកដោះ ។ នាងកាឌ្រុបានទាយថា កន្ទុយសេះមានពណ៌ខ្មៅ រីឯនាងវីនីតា ថាពណ៌ស។ ពួកគេបានភ្នាល់គ្នាថា នរណាក៏ដោយឲ្យតែចាញ់ គឺត្រូវតែបម្រើអ្នកឈ្នះ ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ ។ ដូច្នេះហើយ នាងវីនីតាត្រូវបម្រើនាងកាឌ្រុ និងកូន ។ នាងកាឌ្រុ បានធ្វើបាបនាង វីនីតាយ៉ាងខ្លាំងក្លា ។ ប៉ុន្តែក្រោយមកពពួកនាគថា នឹងយល់ព្រមដោះលែងគ្រុឌ និងម្តាយ ប្រសិនជាគ្រុឌ អាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន ។ គ្រុឌបានប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹត ហើយបានរំដោះខ្លួន និងម្តាយពីទាសភាពរបស់នាគ និងនាងកាឌ្រុ ។ ក្រោយមកគ្រុឌ និងម្តាយបានដឹងពីល្បិចនេះ ហើយបានដាក់បណ្តាសាដល់នាងកាឌ្រុ ថារាល់កូនរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួន ។
និយាយកាលដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទ
គ្រុឌបានសម្តែងឫទ្ធីចេស្តារយ៉ាងអស្ចារ្យ និងមានភាពស្មោះត្រង់ រហូតបានដឹងដល់ព្រះវិស្ណុ ហើយព្រះវិស្ណុបានផ្តល់ពរជ័យ ព្រមទាំងយកគ្រុឌធ្វើជាយានជំនិះរបស់ព្រះអង្គ ។ អនុភាពហោះហើររបស់គ្រុឌគឺលឿនជាងរន្ទះ ហើយកម្លាំងខ្យល់ពីស្លាបរបស់គ្រុឌ គឺខ្លាំងលើព្យុះសង្ឃរានានា ។ ព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌ ប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេ ដោយគ្រុឌ សន្យាថា នឹងប្រគល់ទឹកអម្រឹតដល់ព្រះឥន្ទវិញ ក្រោយពេលប្រគល់ឲ្យនាគហើយនោះ ហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្តាសារបស់គ្រុឌ និងម្តាយក្លាយជាការណ៍ពិត ។ នៅពេលយកទឹកអម្រឹតមកដល់មុខនាគហើយនោះ គ្រុឌបានប្រើល្បិចប្រាប់ដល់នាគថាចាំបាច់ត្រូវធ្វើពិធីសិនមុនពេលផឹកទឹកអម្រឹតនេះ ហើយនៅពេលដែលពួកនាគកំពុងធ្វើពិធីនោះ ព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញ តែកំពប់ទឹកខ្លះនៅលើស្មៅ ។
នៅពេលដែលឃើញទឹកកំពប់នៅលើស្មៅហើយ ពួកនាគទាំងឡាយខំប្រឹងលិទ្ធទឹកអម្រិតទាំងនោះរហូតដល់អណ្តាតប្រេះជាពីរដោយសារស្មៅរហូតដល់សព្វថ្ងៃនេះ ព្រះវិស្ណុបានផ្តល់វេហារទាំងមូលជាទីលំនៅរបស់គ្រុឌ ហើយរៀបការគ្រុឌ ជាមួយនាងឧណាតី។ គ្រុឌ និងនាងឧណាតី មានកូនពីរនាក់គឺសម្ប៉ាទិ និងជតាយុ ដែលកូនទាំងពីរនេះមានតួនាទីផងដែរនៅក្នុងរឿងរាមាយាណៈ ។
ដកស្រង់ពីខ្សែររឿង មហាភារតៈយុទ្ធ
ក្នុងរឿងទេវកថាមួយតំណាលថា គ្រុឌ គឺជាមនុស្សដែលមានក្បាលជាបក្សី ក្រុមគ្រឌ មួយចំនួនមានអំណាចវេទមន្តនៃការកាឡាខ្លួនទៅជាមនុស្ស នៅពេលដែលពួកគេមានបំណង ចង់មានការទាក់ទងជាមួយមនុស្ស។លំនៅដ្ឋានរបស់ពួកគ្រុឌ គឺមាននៅក្នុងព្រៃនៃ simbalī ឬដើមឈើសូត្រ-កប្បាស ។ នៅថ្ងៃមួយ ស្ដេចគ្រុឌ មានស្នេហាជាមួយនឹងស្ត្រីមនុស្សលោក តំណាលគ្នាទៅនឹងស្ដេចនាគ ដែលមានអំណាចវេទមន្តនៃការកាឡាខ្លួនទៅជាមនុស្សដូចគ្នា។ គួបផ្សំនឹងការប្រណាំងប្រជែងក្នុងរឿងនេះ ស្ដេចគ្រុឌ បានប្រកាសសង្គ្រាមប្រយុទ្ធនឹងស្ដេចនាគ យ៉ាងខ្លាំងក្លា តែភាពឆ្លាតវៃរបស់ស្ដេចនាគបានធ្វើឲ្យសង្គ្រាមមួយនេះមិនអាចដឹងចាញ់ឈ្នះ។ ក្រោយមកមានក្រុមតាបសការ៉ាប៊ី ដែលគាំទ្រពួកគ្រុឌ បានបង្ហើបឱ្យដឹងចំណុចខ្សោយរបស់ពួកនាគ ទៅពួកគ្រុឌ ដែលបានបង្រៀនពួកគ្រុឌ អំពីបៀប ដើម្បីចាប់យកស្ដេចភុជង្គនាគ ដោយកន្ទុយ ហើយបង្ខំឱ្យក្អួតចេញនូវដុំថ្មភ្លើងនោះ ធ្វើឲ្យពួកនាគហត់នឿយ និងអស់អំណាចដុំភ្លើងនោះ ពួកគ្រុឌ បានចាប់ក្បាលពួកនាគ និងសម្លាប់ចោល ។
ក្រោយពីពួកនាគដឹងខ្លួនថាមិនអាចប្រយុទ្ធឈ្នះ ពួកគ្រុឌ ពួកនាគ ក៏ទៅសុំឲ្យមានការជួយពីព្រះវិស្ណុ ហើយព្រះវិស្ណុ ក៏ស្នើឲ្យមានការផ្អាកប្រយុទ្ធ និងព្រមព្រៀងរវាងស្ដេចគ្រុឌ និងស្ដេចភុជង្គនាគ ។ ក្រោយមកព្រះវិស្ណុ សន្យាថានឹងឲ្យមនុស្សលោក ដាក់ស្ដេចគ្រុឌ នៅក្នុងស្ថានភាពល្អគ្មានគូប្រៀបមួយ គឺនៅតាមផ្នែកខាងលើសសរស្តម្ភ នៃដំណាក់ ឬព្រះវិហារ ឬនៅពីលើលំនៅដ្ឋាន ដោយសារតែព្រះវិស្ណុ ចង់ឲ្យស្ដេចគ្រុឌ ធ្វើជាយានជំនិះក្នុងការព្រមព្រៀងនេះ។ ចុងក្រោយ ពួកគ្រុឌស្ថិតក្នុងចំណោមដែលត្រូវបានតែងតាំងដោយ Śakra ដើម្បីការពារភ្នំព្រះសុមេរុ និងលំហពីការវាយប្រហាររបស់ពួកអសុរា ។ ចំណែកស្ដេចនាគ ត្រូវបានព្រមព្រៀង ដើម្បីបង្អុរទឹកភ្លៀងដល់មនុស្សលោក ៕
ចែករំលែកព័តមាននេះ