ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិ​ង​ហ្គិ​ស ខាន កំពូល​ស្តេច​ឈ្លានពាន ឬ​ចក្រពត្តិ​គ្រង​ពិភពលោក

7 ឆ្នាំ មុន

ជិ​ង​ហ្គិ​ស​ខាន ជា​ស្តេច​ដ៏​ខ្លាំងពូកែ​ខាង​យុទ្ធសាស្ត្រ​សង្គ្រាម​ដែល​ត្រូវ​គេ​ចារឹក​ឈ្មោះ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​លោក ព្រោះ​ការ​ដើរ​ពនេចរ​ប្រមែប្រមូល​ជនជាតិភាគតិច​នៅ​តាម​តំបន់​ជនបទ ផ្សេង​ៗ រហូត​ពង្រីក​ទឹកដី​ចាប់ពី​ប៉ែក​ខាងកើត

ជិ​ង​ហ្គិ​ស​ខាន ជា​ស្តេច​ដ៏​ខ្លាំងពូកែ​ខាង​យុទ្ធសាស្ត្រ​សង្គ្រាម​ដែល​ត្រូវ​គេ​ចារឹក​ឈ្មោះ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​លោក ព្រោះ​ការ​ដើរ​ពនេចរ​ប្រមែប្រមូល​ជនជាតិភាគតិច​នៅ​តាម​តំបន់​ជនបទ ផ្សេង​ៗ រហូត​ពង្រីក​ទឹកដី​ចាប់ពី​ប៉ែក​ខាងកើត​ទៅ​ដល់​ទិស​ខាងលិច​នោះ ចាត់ទុកជា​មហា​វីរ​កម្ម​ដ៏​មហាលំបាក​ដែល​កម្រ​នឹង​រក​កំពូល​អ្នកដឹកនាំ​ផ្នែក​យោធា​ក្នុង​ប្រវត្តិសាស្ត្រ​មក​ធ្វើ​ឱ្យ​បាន​ដូច​ជា​ស្តេច​អង្គ​នេះ​ណាស់ ។ គេ​នាំ​គ្នា​និយាយ​ថា ប្រសិនបើ​កុំ​តែ​ព្រះ​អង្គ​ឆាប់​ចូល​ទិវង្គត​មុន ចម្បាំង​ចុង​ក្រោយ​ក្នុង​ការ​ដណ្តើម​យក​ប្រទេស​ចិន​ទេ​នោះ ម្ល៉េះ​សម​ទ្រង់​ត្រូវ​គេ​ផ្តល់​រហស្សនាម​ថា​ជា «​ស្តេច​ចក្រពត្តិ​លើ​ពិភពលោក​» ទៅ​ហើយ ។

កំណើត​របស់​មហាចក្រពត្តិ
«​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​» សៀវភៅ​ដែល​រៀបរៀង​ដោយ​លោក​គឹ​ម ចាន់​ណា និទាន​ថា ជិ​ង​ហ្គិ​ង ខាន មានឈ្មោះ​ដើម​ថា «​តែ​មួ​ជិន​» មានកំណើត​នៅ​តំបន់​ក្បែរ​មាត់ទន្លេ​អូណ​ន ។ បិតា​របស់​តែ​មួ​ជិន ជា​មេ​កុលសម្ព័ន្ធ​ម៉ុង​ហ្គោ​ល បាត់បង់​ជីវិត​ដោយសារ​កុលសម្ព័ន្ធ​ជាស​ត្រូវ​លួច​ដាក់​ថ្នាំ​បំពុល កាល​តែ​មួ​ជិន ទើបតែ​មាន​អាយុ​បាន​៩​ឆ្នាំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​សមាជិក​កុលសម្ព័ន្ធ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រត់គេច​ខ្លួន​ចោល​អស់​។ តែ​មួ​ជិន ត្រូវ​ដើរ​ពនេចរ និង​បង្រួបបង្រួម​ជាតិ​កុលសម្ព័ន្ធ​របស់​ខ្លួន​សា​ជា​ថ្មី ហើយ​ក៏​បាន​ក្លាយទៅជា​មេដឹកនាំ​កុលសម្ព័ន្ធ​ម៉ុង​ហ្គោ​ល​នៅ​អាយុ​១២​ឆ្នាំ ។ ក្រោយមក​មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​ដើរ​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​កុលសម្ព័ន្ធ ផ្សេង​ៗ ដែល​នៅ ក្បែរ​ៗ​ទឹកដី​របស់​ខ្លួន​អស់​រយៈកាល​ជិត​៣០​ឆ្នាំ រហូត​បាន​ទទួល​ជ័យជម្នះ​លើ​គ្រប់​ស្រុក​តំបន់ ហើយ​ត្រូវ​បាន​គេ​លើក​ឱ្យ​ដឹកនាំ​ជនជាតិ​ម៉ុង​ហ្គោ​ល​ទាំងអស់​ក្រោម​ឈ្មោះ​ថា ជិ​ង​ហ្គិ​ស ខាន ដែល​មាន​ន័យ​ថា «​ស្តេច​ចក្រពត្តិ​ដ៏​អស្ចារ្យ​»  ។

គោលការណ៍​គ្រប់គ្រង​ទឹកដី
នៅ​ពេល​បង្រួបបង្រួម​ជនជាតិ​ម៉ុង​ហ្គោ​ល បាន​ហើយ ជិ​ង​ហ្គិ​ស ខាន បាន​បង្កើត​ច្បាប់​គ្រប់គ្រង​ក្រុម​កុលសម្ព័ន្ធ​របស់​ខ្លួន​មាន​ដូច​ជា​ហាម​ចាប់ជម្រិត​ស្ត្រីភេទ ហាម​លួច​សត្វពាហនៈ បើ​មាន​សត្វ​ពាហា​នៈ​របស់​នរណា​ម្នាក់​ត្រូវ​បាត់​ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​ជាមួយ​គ្នា​ត្រូវ​នាំ​គ្នា​ជួយ​រក​យក​មក​ឱ្យ​ម្ចាស់​វិញ​ឱ្យ​បាន ចោរលួច​ត្រូវ​ទទួលទោស​ប្រហារជីវិត ហាម​បរបាញ់​សត្វ​នៅ​ក្នុង​អំឡុង​ខែមីនា និង​ខែតុលា ព្រោះ​ស្ថិត​នៅ​ក្នុង​រដូវ​សត្វ​បន្ត​ពូជ ។ បុគ្គល​ទាំង​ង​ឡាយ​មាន​សិទ្ធិ​គោរព​សាសនា រៀង​ៗ​ខ្លួន​ដោយ​ពុំ​ចាំបាច់​ជឿ​លើ​សាសនា​ណា​តែ​មួយ​ឡើយ ។ គ្រប់​កុលសម្ព័ន្ធ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជិ​ង​ហ្គិ​ស ខាន ត្រូវ​មាន​មេដឹកនាំ​របស់​ខ្លួន​ដែល​មេដឹកនាំ នីមួយ​ៗ​ត្រូវ​តែងតាំង​ដោយ​ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​ជា​អ្នក​ជ្រើសរើស ។ អ្វី​ទាំងនេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រះ​អង្គ​មិន​បាន​ប្រើ​អំណាច​ផ្តាច់​ការ​ក្នុង​ការ​គ្រប់គ្រង​ឡើយ ផ្ទុយ​ទៅ​វិញ​ព្រះ​អង្គ​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជារាស្ត្រ​ក្រោម​ការ​គ្រប់គ្រង​របស់​ទ្រង់ ដោយ​ទទួលស្គាល់​អំពី​ធម្មជាតិ​របស់​មនុស្ស ផ្តល់​សិទ្ធិ​ដល់​ស្ត្រីភេទ​ដើរ​តាម​មាគ៌​៌ា​ប្រជាធិបតេយ្យ និង​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ ។

ការ​ពង្រីក​ទឹកដី
នៅ​ពេល​ទឹកដី​ម៉ុង​ហ្គោ​ល បាន​ក្លាយទៅជា​អាណាចក្រ​មួយ​ដ៏​រឹង​មាំ​ហើយ ជិ​ង​ហ្គិ​ស ខាន ក៏​មាន​ព្រះ​តម្រិះ​ក្នុង​ការ​ពង្រីក​ទឹកដី ថ្មី​ៗ​បន្ថែម ដែល​គឺជា​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ការ​ទាក់ទង​ជំនួញ​រវាង​ដែនដី​លោក​ខាងកើត និង​លោក​ខាងលិច​ឱ្យ​ជាប់​គ្នា ។ ទឹកដី​ដំបូង​បង្អស់​ដែល​ស្តេច​ជិ​ង​ហ្គិ​ស ខាន ចង់​ដណ្តើម​យក គឺ​ប្រទេស​ចិន ឬ​ដែន​ដីកា​តៃ (Cathay-​ជា​ឈ្មោះ​ប្រទេស​ចិន​នៅ​ក្នុង​សម័យ​នោះ​) ដែល​ជា​ប្រទេស​ដ៏​រុងរឿង និង​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ ។

ការ​វាយលុក​ដណ្តើម​ទឹកដី​នេះ​ត្រូវ​ឆ្លងកាត់​តាម​សមុទ្រ​ខ្សាច់​កូ​ប៊ី ជា​សមុទ្រ​ខ្សាច់​មរណៈ និង​ត្រូវ​ប្រឈម​មុខជា​មួយ​កងកម្លាំង​ទ័ព​ដែល​មាន​ចំនួន​ច្រើន​ជាង​ខ្លួនឯង​ដល់​ទៅ​ពីរ​ដង ។ ទោះបីជា​អាកាសធាតុ​ក្តៅ​ហួតហែង ខ្វះខាត​ទឹក និង​មធ្យោបាយ​សឹក​ចាញ់​ប្រៀប​សត្រូវ​យ៉ាងណា​ក៏​ដោយ ក៏​ជិ​ង​ហ្គិ​ស ខាន នៅ​តែ​មិន​ព្រម​ចុះចាញ់ ឬ​រួញរា​អ្វី​ឡើយ ។ ការ​ប្រយុទ្ធ​ជាមួយ​ចិន​ក្នុង​គ្រានោះ​មិន​បាន​ធ្វើ​ឱ្យ​ចិន​ចុះ​ញ៉ម​ទេ ។ ជិ​ង​ហ្គិ​ស ខាន ត្រូវ​បង្ខំចិត្ត​ដក​កងទ័ព​ថយ​វិល​ត្រឡប់​ទៅ​វិញ ហើយ​ក៏​ងាក​ទៅ​វាយ​ដណ្តើម​ចក្រភព​ខ្វា​រិ​ស នៅ​អុ​ី​រ៉ា​ក់ និង​អុ​ី​រ៉​ង់​ជំនួស​វិញ ហើយ​វាយលុក​បន្ត​ទៅ​ដល់​អា​មេ​នី និង​រុ​ស្ស៊ី រហូត​ដណ្តើម​យក​បាន​ដែនដី​មជ្ឈិម​បូព៌​៌​៌ា​ស្ទើរតែ​ទាំងមូល​ទៀត​ផង ។

ជិ​ង​ហ្គិ​ស ខាន គឺជា​បុគ្គល​ដំបូង​ដែល​គិត​ពី​របៀប​រៀបចំ​ទ័ព​ជា​ក្រុម ជា​កង ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ទ័ព​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន ដែល​ក្នុង មួយ​ក្រុម​ៗ១០​នាក់ ហើយ​១០​ក្រុម​បាន​មួយ​កង​រយ​…១០​កង​រយ បាន​មួយ​កង​ពាន់ និង​១០​កង​ពាន់ ស្មើនឹង​មួយ​កងពល ដោយ​ឆ្លាស់​បញ្ចូល​ចម្រុះ​គ្នា​ច្រើន​កុលសម្ព័ន្ធ​ដើម្បី​កុំឱ្យ​មានការ​ប្រមូលផ្តុំ​គ្នា​បង្ក​អំពើ​ក្បត់ ។

ការ​វាយលុក​មជ្ឈិម​បូព៌ា
ការ​វាយលុក​ចូល​តំបន់​ប្រទេស​មជ្ឈិម​បូព៌ា​ពុំ​មែន​ជា​រឿង​ងាយ​នោះ​ទេ ព្រោះ​ជិ​ង​ហ្គិ​ស ខាន ត្រូវ​ប្រយុទ្ធ​នឹង​អរិយធម៌​មួយ​ផ្សេង​ទៀត​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់​ពី​មុន ។ ទឹកដី​នោះ​ពោរពេញ​ទៅ​ដោយ​ជនជាតិ​អា​រ៉ាប់​ពែ​ក្ស និង​តួ​ក​គី ដែល​មាន​ជំនាញ​ខាង​ចំណេះវិជ្ជា ផ្សេង​ៗ​រហូត​ដល់​មានការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ដូច​ជា តារាសាស្ត្រ គណិតសាស្ត្រ និង​ផ្នែក​កសិកម្ម ដែល​ប្រសិនបើ​អាច​យកជ័យ​ជម្នះ​លើក​នេះ​បាន កងទ័ព​ម៉ុង​ហ្គោ​ល ក៏​នឹង​បាន​ជនជាតិ​ទាំង​អស់នោះ​មក​ធ្វើ​ជា​កម្លាំង​យ៉ាង​សំខាន់​ក្នុង​ការ​ស្ថាបនា​ប្រទេស​ជាតិ​និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​តទៅ​មុខ​ទៀត ។

នៅ​ពេល​វាយ​យក​បាន​សម្រេច​ហើយ កងទ័ព​ម៉ុង​ហ្គោ​ល​តែងតែ​សម្លាប់​កងទ័ព​បច្ចាមិត្ត​ចោល​ទាំងអស់ បន្ទាប់​មក​ក៏​បែងចែក​ប្រជាជន​ក្នុង​ដែនដី​នោះ​ទៅ​តាម​មុខ​ជំនាញ​របស់​គេ ហើយ​បញ្ជូន​យក​ទៅ​ឱ្យ​ជួយ​អភិវឌ្ឍ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ចំណែក​អ្នក​ដែល​គ្មាន​សមត្ថភាព​អ្វី គេ​ក៏​យក​មក​ឱ្យធ្វើ​ជា​ទាហាន​ថ្នាក់ទាប​របស់​ម៉ុង​ហ្គោ​ល​ដែល​មាន​តួនាទី​ជា​អ្នក​លី​សែង លើក​ទំនប់ ជីក​ប្រឡាយ ធ្វើ​ផ្លូវ រក​ស្បៀង និង​ធ្វើ​ជា​ទ័ព​ជួរ​មុខ​ឱ្យ​ស្លាប់​ជំនួស​ទ័ព​ម៉ុង​ហ្គោ​ល​ក្នុង​សង្គ្រាម​ដណ្តើម​ទឹកដី​ថ្មី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ព្រះ​អង្គ​បញ្ជា​ឱ្យ​ប្រហារ​ជីវិត​អ្នកមាន​ឥទ្ធិពល  និង​ឋានៈ​ខ្ពស់​នៅ​ក្នុង​ប្រទេស​នោះ​ចោល​ឱ្យ​អស់ ព្រោះ​អ្នក​ទាំងនោះ​អាច​នឹង​លប​លួច​ប្រមូលផ្តុំ​កងទ័ព​បះបោរ​ប្រឆាំង​នឹង​ព្រះ​អង្គ​នៅ​ពេល​ក្រោយ។

ចាប់ពី​ពេល​នោះ​មក ជិ​ង​ហ្គិ​ស ខាន ក៏​បង្វែរ​ទិស​ដៅ​ទៅ​វាយ​ទន្ទ្រាន​យក​ទឹកដី​ឡា​ហរ៍ និង​ប៉េ​ស​ប៉ា​វា ក្នុង គ្រ​ស្ត​សករាជ ១២២២ រហូត​ដណ្តើម​គ្រប់គ្រង​អាណាចក្រ​ចិន និង​ប្រទេស​មជ្ឈិម​បូព៌​៌ា​បាន​សម្រេច រួម​ទាំង​អាស់​តា​ខាន និង​ទន្លេ​ដ​ន​ដែល​ជា​ទឹកដី​របស់​រុ​ស្ស៊ី​ផង​ដែរ ហើយ​ក៏​បន្ត​វាយលុក​ឆ្លងកាត់​ប្រទេស​ប៊ុល​ហ្គា​រី ទៅ​ដល់​ភាគ​ខាងជើង​នៃ​ប្រទេស​រុ​ស្ស៊ី​នា​ក្រុង​ណុ​ហ្វ​ក្រូ​ដ ក្នុង​បំណង​ប្លន់​យក​ទ្រព្យសម្បត្តិ​ត្រឡប់​ទៅ​ប្រទេស​ម៉ុង​ហ្គោ​ល​វិញ ។

ក្រោយ​ពី​ទទួល​ជ័យជម្នះ​លើ​ដែនដី​លោក​ប៉ែក​ខាងលិច​ដោយ​ជិ​ង​ហ្គិ​ស ខាន​ក៏​វិល​ត្រឡប់​ទៅ​វាយលុក​លើ​ទឹកដី​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​ដែល​ធ្លាប់​រួច​ផុត​ពី​ក្រញាំ​ដៃ​កងទ័ព​របស់​ខ្លួន​កាលពី​គ្រា​មុន​សា​ជា​ថ្មី​ម្តងទៀត ។

យុទ្ធសាស្ដ្រ​ក្នុង​ការ​ធ្វើសង្គ្រាម
ចំណុច​ពិសេស​របស់​កងទ័ព ម៉ុង​ហ្គោ​ល គឺ​គេ​មិន​ខ្លាច​នឹង​វាយលុក​ទៅ​លើស​ត្រូវ​ណា ឡើយ ។ ពួក​គេ​ជា​កងទ័ព​ដែល​មាន​វិន័យ​យ៉ាង​ល្អ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​បំផុត ។ មាន​ខ្លះ​រហូត​និយាយ​ថា កង​ព័​ទ​ម៉ុង​ហ្គោ​លអាច​ធ្វើ​ដំណើរ​បាន​២​ទៅ​៣​ថ្ងៃ ដោយ​មិនបាច់​ឈប់​ទទួលទាន​អាហារ​អ្វី​ឡើយ និង​ប្រសិនបើ​ហេវ​ហត់​ខ្លាំង​ពេក គេ​គ្រាន់តែ​វះ​សរសៃ​ក​សេះម​កបឺត​ជញ្ជក់​ឈាម​ឱ្យ​ល្មម​អាច​នឹងរ​ស់បាន​សិន ហើយ​ក៏​បិទ​ភ្ជិត​មុខរបួស​ឱ្យ​សេះ​វិញ​ក៏​ជា​ការ​ស្រេច ។

ស្ដេច​ជិ​ង​ហ្គិ​ស ខាន គឺជា​ក្សត្រ​ដែល​ច្រើន​ប្រើ​នយោបាយ​ចិត្តសាស្ត្រ​ក្នុង​ការ​ធ្វើសង្គ្រាម ដូច​ជា​បង្កើត​ព័ត៌មាន​ចចាមអារ៉ាម បំភិតបំភ័យ​ធ្វើ​ឱ្យ​សត្រូវ​ភ័យ​ខ្លាច ជ្រួលច្របល់​ជា​មុន ទើប​វាយលុក​ពី​កងទ័ព​របស់​ខ្លួន ។ ម្យ៉ាងទៀត​ព្រះ​អង្គ​មិន​ដែល​ខ្វល់​ទៅ​លើ​រឿង​អ្វី​ទេ ទោះបីជា​ប្រើ​វិធី​ណា​ក៏​ដោយ គឺ​ធ្វើ​ម៉េច​ឱ្យ​តែ​ឈ្នះ ដូច​ជា​ប្រើ​អ្នកស្រុក​ឱ្យ​រត់​ពីមុខ​ទ័ព​ដើម្បី​ធ្វើ​ឱ្យ​សត្រូវ​ច្របូកច្របល់ ប្រើ​វិធី​វាយ​សម្រុក​យ៉ាង​លឿន​កុំឱ្យ​សត្រូវ​រៀបចំ​ខ្លួន​ទាន់ បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង និង​ឃោសនា​បញ្ចុះបញ្ចូល​ថា ខ្លួន​គឺ​មនុស្ស​ដ៏​កាច​សាហាវ និង​ជា​អាទិទេព​សង្គ្រាម​ដែល​ទទួលបញ្ជា​ពី​ព្រះ​ជា​ម្ចាស់​…​ធ្វើ​ឱ្យ​កងទ័ព​សត្រូវ​ភ័យ​ខ្លាច​លស់​ព្រលឹង រហូត​សុខចិត្ត​ចុះ​ញ៉ម​អស់​ជា​ច្រើន​អាណាចក្រ ។

ការ​សោយ​ទិវង្គត
នៅ​រយៈពេល​ចុង​ក្រោយ​របស់​ខ្លួន ជិន​ហ្គិ​ស ខាន ព្យាយាម​វាយលុក​ទៅ​កាន់​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន ។ ប៉ុន្ដែ​ដោយនៅ​ភូមិភាគ​ខាងត្បូង​អាកាសធាតុ​កាន់តែ​ក្តៅ​ទៅ​ៗ ធ្វើ​ឱ្យ​កងទ័ព​ម៉ុង​ហ្គោ​ល​ដែល​ធ្លាប់តែ សាំ​ុ​ជាមួយ​អាកាស​ត្រជាក់​ប្រែ​ក្លាយទៅជា​ល្ហិតល្ហៃ​អស់កម្លាំង​ជា​ខ្លាំង​។ ចំណែក​ជិន​ហ្គិ​ស ខាន ក៏​ធ្លាក់ខ្លួន​ឈឺ​អស់ព្រះជន្ម​ក្រោយ​ពេល​ទទួល​ជ័យជម្នះ​លើ​ដែនដី​ភាគ​ខាងត្បូង​រួច​ហើយ ។ ប៉ុន្ដែ​គេ​បាន​លាក់​ព័ត៌មាន​នេះ​យ៉ាង​ជិត ដើម្បី​កុំឱ្យ​កងទ័ព​បាក់ទឹកចិត្ត ឬ​បង្ក​ជា​ចលនា​ក្បត់​អ្វី​ឡើង រហូត​ទាល់តែ​បាន​តែងតាំង​រាជទាយាទ​ឱ្យ​ដឹកនាំ​បន្ត​តាម​សម្រួល​សិន និង​បន្ទាប់​ពី​ចាត់ចែង​ក្បួន​ដង្ហែ​បញ្ចុះសព ជិន​ហ្គិ​ស ខាន រួច​ស្រេចបាច់​អស់ហើយ គេ​ក៏​សម្លាប់​អ្នកចូលរួម​បញ្ចុះសព​នោះ​ចោល​ទាំងអស់​រហូត​គា្ម​ន​អ្នក​ណា​ម្នាក់​ដឹង​ថា សព​របស់​ស្ដេច​ចក្រពត្ដិ​អង្គ​នេះ​បញ្ចុះ​នៅ​ទីណា​ទេ ។ ប៉ុន្តែ​គេ​មាន​ជំនឿ​ថា ព្រះ​សព​មិន​បាន​បញ្ចុះ​នៅ​ទីណា​ឆ្ងាយ​ពី​ទឹកដី​ម៉ុង​ហ្គោ​លី ជាទី​កំណើត​របស់​ព្រះ​អង្គ​ឡើយ ។

ក្រោយ​ពី​អាណាចក្រ ជិ​ង​ហ្គិ​ស ខាន ត្រូវ​រលំរលាយ​មក​ជនជាតិ​អឺរ៉ុប​ក៏​ប្រញាប់ប្រញាល់​ស្តារ​កងកម្លាំងប្រដាប់អាវុធ​ស្តារ​ផ្នែក​មុខ​វិជ្ជា​ចំណេះដឹង និង​បណ្តុះ​មនសិការ​ជាតិ​ឡើង​វិញ​រហូត​កើត​មាន​ជា​សម័យ​រ៉ឺ​ណេ​ស្សង់ (Renaissance) ដ៏​រុងរឿង​ដោយ​ប្រកាន់​យក​ជំហរ​ប្រជាធិបតេយ្យ និង​ចំណេះវិជ្ជា​ពី​ជនជាតិ​អា​រ៉ាប់​ដែល​ឆ្លងកាត់​សម័យ ជិ​ង​ហ្គិ​ស ខាន ចូល​ទៅ​គ្រប់គ្រង​យក​មក​ធ្វើ​ជា​មូលដ្ឋាន ៕