ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ផឹក​ស្រវឹង​វាយ​បំផ្លាញ​ទ្រព្យ​អ្នក​ដទៃ វាយ​ទាំង​នគរបាល​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជើង​ខ្លាំង​ម្នាក់​ចិត្ត​ស្លុយ​ព្រហើន មិន​ខ្លាចញញើត​នរណា​ទាំងអស់ ដោយ​បាន​អង្គុយ​ផឹកស៊ី នៅ​មុខ​ផ្ទះ​អ្នក​ដទៃ​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ បុរស​ជើង​ខ្លាំង​ម្នាក់​ចិត្ត​ស្លុយ​ព្រហើន មិន​ខ្លាចញញើត​នរណា​ទាំងអស់ ដោយ​បាន​អង្គុយ​ផឹកស៊ី នៅ​មុខ​ផ្ទះ​អ្នក​ដទៃ​មួយ​កន្លែង រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក ក៏​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​កាមេរ៉ា​សុវត្ថិភាព និង​កញ្ចក់​ទ្វារផ្ទះ​មួយ​នោះ បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់ ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​ក្បែរ​នោះ មិន​មាន​នរណា​ម្នាក់​ហ៊ាន តតាំង​ជាមួយនឹង​បុរស​នោះ​ឡើយ​។

ម្នាក់​ៗ​បាន​ត្រឹមតែ​រក កន្លែង​ពួន និង​ទូរស័ព្ទ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​ទទួល​ដំណឹង​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ មិន​បាន​បង្អង់​យូរ​នោះ​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់ ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ លុះ​ពេល​ចុះ​ទៅ​ដល់​បានឃើញ​បុរស​នោះ​ពិតជា​ក្លាហាន​គ្មាន​ខ្លាចញញើត​នរណា​ម្នាក់​ឡើយ​។ សូ​ម្បី​តែ​នគរបាល​ក៏​បុរស​នេះ មិន​ខ្លាច​ផង ហើយ​នៅ​ពេល​ទៅ​ដល់ នគរបាល​បាន​ចូល​ទៅ​ចាប់ខ្លួន ជន​នោះ​មិន​ព្រម​នៅ​ស្ងៀម​ឲ្យ​ចាប់​ឡើយ ហើយ​បាន​ធ្វើ​សកម្មភាព​វាយ​នគរបាល​ថែម​ទៀត ដែល​ខណៈនោះ​នគរបាល ស្ទើរតែ​គេច​មិន​រួច​ពី​កណ្ដាប់ ដៃ​របស់​គេ​ទៀត​ផង​។

ហេតុការណ៍​នោះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​រោងចក្រ​កាត់ដេរ QMI ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​បង្ក​ឈ្មោះ ចិន រ៉ា អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​កណ្តាល ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឃើញ​នគរបាល​ទៅ​ដល់ ជន​នោះ​បាន​វាយ​នគរបាល​បែប​នេះ ប្រជាពលរដ្ឋ​បាន​ទុក​ការ​ខ្លាច​ម្ដុំ ហើយ​បាន​នាំ​គ្នា​ចូល​ទៅ​ជួយ​នគរបាល និង​ចាប់ខ្លួន​ជន​នោះ​បាន ពួក​គាត់​ក៏​បាន​នាំ​គ្នា​បញ្ចេញ​កំហឹង វាយ​ទាត់​ធាក់​ជន​ប្រមឹក​នោះ​យ៉ាង​ចាស់ដៃ ជា​ការ​ព្រមាន​កុំ​ឲ្យ​ពូកែ​អុកឡុក បំភិតបំភ័យ អ្នក​ដទៃ និង​វាយ​នគរបាល​បែប​នេះ​ទៀត​។ បន្ទាប់​មក​ទើប​ប្រគល់​ឲ្យ​នគរបាល នាំ​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។

នគរបាល​បាន​និយាយ​ថា ជន​នោះ​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង ហើយ​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​ជន​នោះ​ត្រូវ​ចាប់ខ្លួន ព្រោះ​កន្លង​មក​តែងតែបាន ធ្វើការ​អុកឡុក អ្នក​ជិតខាង​ជា​បន្តបន្ទាប់ ឲ្យ​តែ​គេ​ផឹកស្រា​ស្រវឹង​ម្ដង​ៗ​។ ដោយឡែក​ថ្ងៃ​កើតហេតុ​នេះ មិន​មាន​នរណា​ធ្វើ​ឲ្យ​គេ​ទាស់ចិត្ត​ឬ​មាន​ទំនាស់​ជាមួយ​គ្នា​នោះ​ទេ ស្រាប់តែ​ជន​ខាងលើ ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​កាមេរ៉ា​សុវត្ថិភាព និង​កញ្ចក់​ទ្វារផ្ទះ​អ្នក​ជិតខាង​បែប​នេះ​តែ​ម្ដង​៕