ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱប​រូបថត​កូនស្រី​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ឲ្យ​ជួយ​ប្រកាស​ស្វែងរក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បាត់​កូនស្រី​សំណព្វចិត្ត ដែល​មាន​អាយុ​ទើបតែ​១៦​ឆ្នាំ​ប៉ុណ្ណោះ មិនដឹង​ថា​នាង​កំពុង ស្ថិត​នៅ​កន្លែង​ណា​នោះ​ឡើយ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បាត់​កូនស្រី​សំណព្វចិត្ត ដែល​មាន​អាយុ​ទើបតែ​១៦​ឆ្នាំ​ប៉ុណ្ណោះ មិនដឹង​ថា​នាង​កំពុង ស្ថិត​នៅ​កន្លែង​ណា​នោះ​ឡើយ ដោយ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​កូនស្រី​នោះ ទើប​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ គាត់​បាន​កាន់​ឱប​រូបថត​កូនស្រី​បណ្ដើរ​យំ​បណ្ដើរ ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ស្វែងរក​កូនស្រី​គាត់​មក វិញ​ផង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​នោះ​ឈ្មោះ ហៀ​ង ចាន់​ណា អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្ដី​ឈ្មោះ គុយ ណាត អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ពួក​គាត់​មានកូន​ប្រុស​ម្នាក់​និង​កូនស្រី​ម្នាក់​។ ដោយឡែក​កូនស្រី​ដែល​កំពុង​បាត់​ខ្លួន​នេះ​ឈ្មោះ ឈួ​ន ស្រី​នី​ត អាយុ​១៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​នាង​គឺជា​កូនច្បង​ផង​ដែរ​។ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​លឹ​ង្គ ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា កូនស្រី​របស់​គាត់​បាន​ចាក​ចេញពីផ្ទះ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ហើយ​បាន​ប្រាប់​គាត់​ថា ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​ផ្ទះ​មិត្តភក្ដិ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ថា ផ្ទះ​មិត្តភក្ដិ​នោះ​នៅ ភូមិ​ណា​កន្លែង​ណា​នោះ​ឡើយ ចំណែក​រូប​គាត់​ក៏​មិន​បាន​សួរនាំ​នាង ពី​ផ្ទះ​មិត្តភក្ដិ​នៅ​ទីណា​ដែរ​។ ព្រោះ​កន្លង មក​កូនស្រី​គាត់​មិន​ដែល​ដើរ​លេង​ទៅ​ណា​ឆ្ងាយ ហើយ​មិន​ដែល​ដើរ​បាត់​ពី​ផ្ទះ​ដូច​ជា​ពេល​នេះ​ទេ លុះដល់​វេលា​យប់​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សោះ ហើយ​គាត់ និង​ប្ដី​បាន​តាម​រក​គ្រប់​ទីកន្លែង ទាំង​យប់ ប៉ុន្តែ​មិន​បានឃើញ​ឡើយ​។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ ខែតុលា បាន​តាម​រក​ទៀត ហើយ​ក៏​នៅ​តែ​មិន​បានឃើញ​ដដែល ទើប​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល សម្រេចចិត្ត​ទៅ​ប្ដឹង​នគរ​បា​ឲ្យ​ជួយ​ស្វែង​រកតែ​ម្ដង​។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ការ​បាត់​កូនស្រី​នោះ នគរបាល​បាន​ប្រកាស​ឲ្យ​តាម​បណ្ដា​គោលដៅ​នានា ជួយ​ពិនិត្យ​មើល​ពី​ក្មេង​ស្រី​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​នោះ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​គោលដៅ​ណាមួយ បាន​ប្រទះ​ឃើញ​នៅឡើយ ហើយ​មិនដឹង​ថា​នាង​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​លង់ខ្លួន​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ វិញ​ខ្លាច​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ឬ​ក៏​មាន​គ្រោះថ្នាក់​អ្វី​ដោយ​ប្រការ​ណាមួយ​នោះ​ទេ​៕