រាជធានីភ្នំពេញ ៖ បេក្ខជន រស់ ព្រួយ ដែលមកពីទឹកដីចម្ការខេត្តប៉ៃលិន មានជីវិតកម្សត់មិនដឹងឪពុកម្តាយរស់រាន ឬបានចែកឋានទេ កំពុងក្លាយជាទីចាប់អារម្មណ៍ខ្លាំងមួយក្នុងកម្មវិធីប្រឡងចម្រៀង ខេមបូឌាន អាយដល រដូលកាលទី២ របស់ទូរទស្សន៍ហង្សមាស ។
ក្នុងវគ្គផ្សាយផ្ទាល់អាទិត្យទីមួយ កាលពីរាត្រីថ្ងៃទី២៣ តុលា មានបេក្ខជនសរុប១២រូប បានប្រជែងគ្នាយកបានភាពខ្លាំង សម្ញែងជូនទស្សនិកជន ដើម្បីបានសំឡេងផ្ញើសារខ្ពស់ជាងគេ ។ ក្នុងការប្រកួតជុំទីមួយផ្សាយផ្ទាល់នេះ គេឃើញបេក្ខជនប៉ុន្មានរូប បានលេចធ្លោយ៉ាងអស្ចារ្យ ក្នុងនោះមានកញ្ញាហ៊ិន លីដា, កញ្ញាម៉ង់ ចាន់កញ្ញា, លោករស់ ព្រួយ និងលោកនួន សុធារ័ក្ស បានសាងភាពភ្ញាក់ផ្អើលពេញវេទិកាចម្រៀង ។
ចំពោះបេក្ខជន រស់ ព្រួយ វិញ គេគ្មានបទពិសោធន៍ច្រៀងពីមុនមកទេ តែហេតុនិស្ស័យធម្មជាតិផ្តល់ឱ្យគេធ្វើបានល្អ ពីមួយវគ្គទៅមួយវគ្គ គ្មានអ្នកណាស្មានដល់ ។ ទឹកមុខមឹសៗ សម្តីមួយៗ តែពេលច្រៀងសំឡេងពីរោះខុសរូបរាង ដែលម្តងណាកសាងបានពិន្ទុល្អ ត្រូវគណ:កម្មាការសរសើភាពវិវត្តន៍ខ្លួនលឿន ។
អាទិត្យទីមួយ រស់ ព្រួយ ច្រៀងចុងក្រោយគេកូនពៅនៅបទ «បងពីមុនឆ្កួតបាត់ហើយ» សំឡេងច្បាស់ៗស្រែកបានដង្ហើមវែងធ្វើ
ឱ្យគណ:កម្មាការទាំងបួនហួសចិត្តស្រឡាំងកាំង ពិសេសលោកព្រាប សុវត្ថិ ហើបពីកៅអីទះដៃភ្លឹក ហើយបង្ហាញការយល់ឃើញថា គ្មានអ្វីឱ្យលោកទើសរកចំណុចខ្សោយបាន ។
បេក្ខជនរស់ ព្រួយ ជាបេក្ខជនម្នាក់តស៊ូដូចបណ្តាបេក្ខជនដទៃទៀតដែរ តែគេរស់នៅជាមួយម្តាយមីង អត់ដែលដឹងថា ប៉ាម៉ាក់បាត់ទៅណាមុខមាត់បែបណានោះទេ ។ គ្រប់ពេលដែលលោកជាប់ លោកតែងតែចង់ជួបមុខអ្នកមានគុណ ហើយបើនៅរស់អាចទាក់ទងលោក ឬទូរទស្សន៍ហង្សមាស គេជាកូនពិតជាពិបាកចិត្ត និងចង់នៅក្បែរអ្នកមានគុណដូចកូនគេឯទៀត ។
ចាំមើល ចុងសប្តាហ៍ខាងមុខនេះថាតើ រស់ ព្រួយ ធ្វើបានល្អដូចតង់ទីមួយ ឬយ៉ាងណា ស្របពេលបេក្ខជនដទៃទៀត ក៏មិនបណ្តោយពេលឱ្យរំលងផុតពីដៃដែរនោះ ។
ចែករំលែកព័តមាននេះ