ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាំង​មួយ​ភ្លែត ! គេ​បន្លំ​យក​លុយ​អស់​ច្រើន​សន្ធឹកសន្ធាប់​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ខណៈ​២​នាក់​ប្តី​ប្រពន្ធ​ជា​កូន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ទុក​ម្តាយ​ឲ្យ​មើល​កន្លែង​លក់ដូរ​តែ​ម្នាក់ឯង មាន​ជន​មិន​ស្គាល់​មុខ​៥-៦​នាក់​បាន​ចូល​មក …

ខេត្តបាត់ដំបង ៖ ខណៈ​២​នាក់​ប្តី​ប្រពន្ធ​ជា​កូន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ទុក​ម្តាយ​ឲ្យ​មើល​កន្លែង​លក់ដូរ​តែ​ម្នាក់ឯង មាន​ជន​មិន​ស្គាល់​មុខ​៥-៦​នាក់​បាន​ចូល​មក ខ្លះ​ចាក់​សាំង ឯ​ខ្លះ​ទៀត​ផ្ញើ​លុយ​តាម​វី​ង ធ្វើ​ឲ្យ​គាត់​មានការ​ភាំង​មួយ​ភ្លែត ស្រាប់តែ​ជន​ទាំងនោះ​បន្លំ​លួច​យក​កាបូប​លុយ​ទៅ​បាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ស្ថានីយប្រេងឥន្ធនៈ និង​បើក​វី​ង​វេរ​លុយ​មួយ​កន្លែង​នៅ​ក្នុងភូមិ​គគី ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ។

មន្ត្រី​អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ ពេជ្រ វណ្ណៈ អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សូ ស្រី​ទាវ អាយុ​២៥​ឆ្នាំ ជា​អ្នក​រកស៊ី​បើក​លក់​សាំង​ផង និង​បើក​វេរ​លុយ​វី​ង​ផង ។ ចំណែក​ស្ត្រី​ជា​ម្តាយ​ដែល​នៅ​មើល​កន្លែង​លក់ដូរ​ឈ្មោះ អ៊ូ ធី អាយុ​៦១​ឆ្នាំ ។

ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​មន្ត្រី​អាវុធហត្ថ​បានដឹង​ថា មុន​ពេល​កើតហេតុ​គឺ​កូន​គាត់​ទាំង​២​នាក់​បាន​ចេញ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​ជំងឺ​របស់​ពួក​គេ ដោយ​ទុក​គាត់​ឲ្យ​មើល និង​ជួយ​លក់​មួយ​ភ្លែត​សិន ។ ខណៈ​ពេល​គាត់​នៅ​ម្នាក់ឯង​មាន​ជន​៥-៦​នាក់​បាន​ចូល​មក ខ្លះ​ចាក់​សាំង ខ្លះ​វេរ​លុយ​វី​ង ដែល​ហាក់​ធ្វើ​ឲ្យ​គាត់​ភាំង​មួយ​ភ្លែ​ត ស្រាប់តែ​ជន​ទាំងនោះ​បន្លំ​ចូល​លួច​យក​កាបូប​លុយ​ទៅ​បាត់​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​មន្ត្រី​អាវុធហត្ថ​បានដឹង​ទៀត​ថា នៅ​ពេល​ជន​ទាំងនោះ​ចេញ​ទៅ​អស់ ​ទើប​គាត់​មានការ​ភ្ញាក់ផ្អើល ព្រោះតែ​បាត់​កាបូប​ដែល​មាន​លុយ​​​ច្រើន​សន្ធឹកសន្ធាប់​ គឺ​រហូត​ដល់​​​១៤​ម៉ឺន​បាត​(ប្រាក់ថៃ) ហើយ​គាត់​ក៏​បាន​រាយការណ៍ និង​ប្តឹង​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​ពិតជា​បញ្ហា​ពិបាក​សម្រាប់​សមត្ថកិច្ច​ណាស់​ព្រោះ​ស្ត្រី​រូប​នោះ​សឹងតែ​មិន​ចាំ​ពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ផង ៕