ខេត្តត្បូងឃ្មុំ ៖ ផ្លូវលំក្រាលក្រួសក្រហមប្រវែងជាង៥០ម៉ែត្រ និងសំណង់ស្ពានបេតុងមួយផ្នែកត្រូវបានបាក់ខ្ទេចដោយសារតែទឹកជំនន់ទន្លេមេគង្គហូរកាត់នាពេលកន្លងមកនោះ។ ដែលមានទីតាំងស្ថិតនៅត្រង់ព្រំប្រទល់ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាមួយនឹងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយពលរដ្ឋមិនអាចធ្វើដំណើរ ឆ្លងកាត់ទៅវិញទៅមកបាននោះទេ។ អ្នកចម្លងទូកដរម្នាក់ឈ្មោះ អាន សូត ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិទួលគរ មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១៩ តុលា ២០១៦ថា ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្រុកក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ បានជួយចាក់ផ្លូវបេតុងតាមភូមិទន្លេបិទ បន្តរហូតមកដល់ភូមិទួលខ្សាច់ មានស្ពានបេតុងកោងវែងដូចឥន្ធនូស្អាត និងមានស្ពានបេតុង២ទៀតនៅព្រែកតាខ្វាន់ ក្នុងភូមិរបស់គាត់ដែលធ្វើឲ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។
អ្នកចម្លងទូកដរឈ្មោះ អាន សូត មានប្រសាសន៍បន្តថា ផ្លូវស្រួលជិះបានប្រហែល១ឆ្នាំ លុះមកដល់វេនដាក់បិណ្ឌទី២កន្លងទៅ ពេលដែលទឹកទន្លេមេគង្គបានឡើងមក ហូរកួចត្របាញ់ដោយបណ្តាលឲ្យផ្លូវលំក្រាលក្រួសក្រហមអមដោយស្ពានបេតុង២សងខាង ត្រូវបានទឹកហូរច្រោះដាច់ខ្ទេចខ្ទីអស់។ ជាមួយនោះថែមទាំងបានបាក់សំណង់បេតុងក្បាលស្ពាន ដាច់ជ្រុះបេតុងធ្លាក់ចូលទៅក្នុងទឹកទន្លេ។ ដោយសារតែពលរដ្ឋធ្វើដំណើរមិនកើត ទើបគាត់បានចម្លងតាមទូកម៉ាស៊ីនតូចមួយ គ្រាន់នឹងបានប្រាក់ដោះស្រាយជីវភាពគ្រួសារ ចំពោះសំណង់ខាងលើនោះ គាត់សំណូមពរដល់ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធថាប្រសិនបើជួសជុលចាក់ផ្លូវលំដីដដែល នៅឆ្នាំ២០១៧ ពេលដែលទឹកទន្លេឡើងមកប្រាកដជាហូរបាក់ទៀតហើយ សូមឲ្យចាក់ផ្លូវបេតុងរឹងមាំ និងលើកឲ្យខ្ពស់ជាងទឹក។
លោក ផាន់ ស៊ីមឿន អាយុ៣៧ឆ្នាំ អ្នកចម្លងទូកដរ ប្រាប់ឲ្យដឹងថា ជាមួយនោះគាត់ចង់ឲ្យថ្នាក់លើជួយសាងសង់ស្ពានបេតុងតែម្តងនៅព្រែកតាខ្វាន់នេះ សម្រាប់ជូនដល់អ្នកភូមិរបស់គាត់ក៏ដូចជាពលរដ្ឋជិតឆ្ងាយងាយស្រួលធ្វើដំណើរ។ បើសិនជាមានស្ពានពលរដ្ឋដែលមានក្របី អាចដឹកយកទៅឲ្យស៊ីស្មៅនៅខាងឃុំពាមប្រធ្នោះ ស្រុកកោះសូទិនបាន។ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងដែរថា ត្រង់ចំណុចដែលខូចខាតខាងលើនោះមានប្រវែងប្រហែលជាង៥០ម៉ែត្រ នៅព្រែកតាខ្វាន់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នៅខែមករាដើមឆ្នាំ២០១៧ នៅពេលដែលទឹកទន្លេស្រកក្រុមបច្ចេកទេស និងចុះទៅសិក្សាមើលពីមូលហេតុព្រោះថាកន្លងមកទីនេះមិនដែលទឹកហូរដាច់ទេ ដើម្បីជួសជុលឡើងវិញ ៕
ចែករំលែកព័តមាននេះ