ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ឆាកជីវិតខ្ញុំ-តចប់) បទពាក្យ៧ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ក្រោយ​ចិត​ប្រាំបួន​ជួន​និស្ស័យ នាំ​ជួប​ម្ដាយ​ថ្លៃ​ស្មើរ​សង្ខារ
ស្មានថា​អាច​រស់​ដោយ​សុខា ព្រោះ​មាន​មាតា​ជាទី​ពឹង ។

(​តាម​លំនាំ​ជីវិត​ពិត​របស់​បងស្រី​ម្នាក់​)
– ក្រោយ​ចិត​ប្រាំបួន​ជួន​និស្ស័យ                 នាំ​ជួប​ម្ដាយ​ថ្លៃ​ស្មើរ​សង្ខារ
   ស្មានថា​អាច​រស់​ដោយ​សុខា                   ព្រោះ​មាន​មាតា​ជាទី​ពឹង ។
– តែ​ជៀស​មិន​រួច​ពី​ទុ​ក្ខា                          ដួងចិត្ដ​សោកា​ខ្វះ​លំនឹង
   អ្នក​ម្ដាយ​គាត់​នៅ​គុំ​គួ​ន​ខឹង                    ព្រោះថា​ខ្ញុំ​ហ្នឹង​តាម​ឪពុក ។
– នៅ​ពេល​អ្នក​ម្ដាយ​មាន​ប្ដី​ចុង                  ខ្ញុំ​ត្រូវ​ធ្លាក់​ក្នុង​អន្លង់​ទុក្ខ
   គាត់​ផឹក​ស្រវឹង​ឡើង​ស្ពឹក​មុខ                  បញ្ចោរ​អុកឡុក​គ្មាន​លោះ​ថ្ងៃ​។
– ខ្ញុំ​រក​ចិញ្ចឹម​គ្រប់​អាត្មា                           តែ​គ្មាន​ខ្លឹមសា​គ្មាន​តម្លៃ
   ម្ដាយ​មិន​ទុក​ខ្ញុំ​ក្នុង​ហរ​ទ័យ                     ខ្វល់​តែ​កូនស្រី​សំណព្វចិត្ដ ។
– ខ្ញុំ​មិន​ច្រណែន​និង​ប្អូន​ក្រោយ                   គ្រាន់តែ​ចង់ឱ្យ​ម្ដាយ​អាណិត
   ចង់ឱ្យ​ម្ដាយ​យល់​នូវ​ការ​ពិត                     ក្នុង​ឆាកជីវិត​កូន​អភ័ព្វ   ។
– បងប្អូន​ការ​អស់​បែកចេញ​ទៅ                   ខ្ញុំ​ម្នាក់​សល់​នៅ​រស់​មិន​គាប់
   មាន​តែ​ទឹកភ្នែក​ដែល​ហូរ​ជាប់                   ទៅ​តាម​ទម្លាប់​ក្នុង​ជីវិត ។
– លុះ​ពេល​រៀប​ការ​ស្មានថា​ផុត                   លែង​ហែល​សមុទ្រ​ទុក្ខ​វិបរិត
   តែ​អកុសលកម្ម​ក្រាស់​ពិត                        ជួប​ភព​ង​ងិ​ត​ឥត​រស្មី  ។
– ប្រុស​ដែល​ខ្ញុំ​ស្នេហ៍​បែរ​ធ្វើបាប                    ឈឺចាប់​ដុនដាប​ស្គមរីងរៃ
   លោក​ប្ដី​ក្បត់ចិត្ដ​ទៅ​មាន​ថ្មី                       រករឿង​បំភ្លៃ​ដាក់​កំហុស ។
– ខ្ញុំ​យំ​ស្ទើរ​ខ្សោះ​ស្រណោះ​ខ្លួន                      ជួប​ទុក្ខ​ផ្ទួន​ៗ​មិន​ចេះ​អស់
   កាត់ចិត្ដ​ដើរ​ចេញ​លែង​ស្រណោះ                 ប្ដី​អសប្បុរស​លែង​ប្រាថ្នា ។
– ក្រោយ​ពេល​បាក់មែក​រហែក​ធាង​(១)            ខ្ញុំ​លក់​សំនៀង​ដូច​សារិកា
   អស់​មាន​ជំនឿ​លើ​ស្នេហា                          ប្រុស​លើ​លោកា​ដូច​តែ​គ្នា ។
– ខ្ញុំ​អោប​បុត្រ​ជាប់​ក្នុង​ហត្ថា                         អប់រំ​រក្សា​កូនកំព្រា
   រស់នៅ​ជាតិ​នេះ​ជួប​វេទនា                         ធ្វើបុណ្យ​ស្មា​លា​កម្ម​អប្រិ៍យ​។

១-​បាក់មែក​រហែក​ធាង  គឺ​សំដៅ​ទៅ​លើ​ការ​ព្រាត់ប្រាស់ បាក់បែក ឪពុក ម្ដាយ ឬ ប្ដីសី​។
ដោយ   ព្រុំ   គឹ​ម  ជឿន prumkimchoeun@gmail.com