ប៉ាប្លូ ពីកាស្សូ ជាបុគ្គលម្នាក់ដែលទស្សនាវដ្តីថែមស៍ (Times Magazine) បានចុះស្ងើចសរសើរថាជាមនុស្សម្នាក់មានទេពកោសល្យដ៏អស្ចារ្យអំពីគំនិតច្នៃប្រឌិតក្នុងសតវត្សទី២០។ គាត់បានផ្លាស់ប្តូរមុខមាត់ថ្មី និងធ្វើបដិវត្តន៍ផ្នែកសិល្បៈគូរដោយបោះបង់ចោល «របៀបគូររូបតាមបែបចាស់» មិនថាជាការរៀបចំ ផ្សេងៗ ។ យោងតាមឯកសារ «បុគ្គលខ្លាំងអ្នកធ្វើឱ្យរង្គើប្រវត្តិសាស្ត្រលោក» រៀបរៀងដោយលោកគឹម ចាន់ណា បានពណ៌នាថា ការប្រើពណ៌បែបរាបស្មើ ហើយអ្វីដែលសំខាន់បំផុត គឺការវិភាគរូបភាពតាមទស្សនៈថ្មី នោះគឺការកាត់បន្ថយភាពលម្អិតឱ្យអស់ ហើយបែរជាមកផាត់ជាន់ពីលើគ្នាទៅតាមទម្រង់បែប ងាយៗ រឹងៗ ចំណែកឯពណ៌ដែលត្រូវប្រើ ក៏មិនត្រូវចម្រុះគ្នាច្រើនពេក។ ប៉ុន្តែអ្វីទាំងនេះត្រូវដាក់នៅលើរូបភាពណាដែលចង់បង្ហាញពីអត្ថន័យ (ប្រភេទឃ្យូប៊ិសម៍-Cubism, ។ ស្នាដៃរបស់លោកអាចចាត់ទុកថា «លឿនហួសសម័យ» ហើយវាជាការចាប់ផ្តើមនៃសិល្បៈសម័យថ្មី (Modern Art) ដែលចម្រើនជឿនលឿនខ្លាំងបំផុតក្នុងសតវត្សទី២០ ។
មាគ៌ាឆ្ពោះទៅសភាពអច្ឆរិយ
ប៉ាប្លូ ពីកាស្សូ ចេះទាំងគូររូប សូនរូប និងជាអ្នកចម្លាក់ ។ គាត់ចូលចិត្តការងារផ្នែកផលិតគ្រឿងសេរ៉ាមិច និងគូរគំនូរ ។ ឪពុករបស់គាត់ជាវិចិត្រករជើងខ្លាំង និងជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈនៃទីក្រុងបាសេឡូណា ដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកសិក្សារបស់កូនប្រុសខ្លួន ។ ពីកាស្សូ ចូលចិត្តគូររូបលេងតាំងតែពីនៅកុមារមកម្ល៉េះ ។ សមត្ថភាពខាងវិចិត្រកម្មរបស់គាត់ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ភាពអច្ឆរិយនេះកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សរហូតដល់គាត់អាចរៀបចំពិធីតាំងពិព័រណ៍រូបគំនូររបស់ខ្លួនបានតាំងតែពីពេលគាត់មានអាយុត្រឹម១៣ឆ្នាំប៉ុណ្ណោះ ។
ឪពុករបស់ពីកាស្សូ បាននាំកូនទៅរៀនគូរគំនូរនៅទីក្រុងឡុងដ៍ តែពីកាស្សូ នៅមិនទាន់គ្រប់អាយុកំណត់របស់សាលា ទើបគ្រូនៅទីនោះកំណត់ឱ្យធ្វើតេស្តសាកល្បង ដោយឱ្យពីកាស្សូគូរគំនូរជាច្រើនប្រភេទ និងផ្តល់ពេលកន្លះខែ។ ថ្វីបើខ្លួននៅមានអាយុតិច តែសមត្ថភាពខ្ពស់ហួសពីការស្មាន ។ ពីកាស្សូ គូរគំនូរនោះរួចក្នុងរយៈពេលត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ ទើបគេព្រមអនុញ្ញាតឱ្យចូលរៀន ។ ក្រោយមកពីកាស្សូ ក៏បានចូលរៀននៅមហាវិទ្យាល័យសិល្បៈ២ទៅ៣កន្លែងទៀត ហើយលោកក៏សម្រេចចិត្តឈប់រៀននៅពេលមានអាយុ១៧ឆ្នាំ ។
ជីវិតហក់លោត
នៅពេលធំពេញវ័យពីកាស្សូ បានរៀបចំដំណើរជីវិតរបស់ខ្លួនយ៉ាងសេរី និងពោរពេញដោយសេចក្តីសុខ ដោយលោកមិនសូវគិតខ្វល់អំពីរបបសង្គមរបស់ក្រុងបាសេឡូណា អ្វីប៉ុន្មានទេ ។ លោកបានផ្សងព្រេងទៅរស់នៅឯទីក្រុងប៉ារីសវិញ ក្នុងសម័យផ្លាស់ប្តូរសតវត្សថ្មី ។ ប៉ារីសជាទីក្រុងដែលរីកដុះដាលយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ដែលជំរុញឱ្យពីកាស្សូ កាន់តែមានទឹកមាត់ និងមានជីវិតកាន់តែស្រស់បំព្រង ។ លោកបានកម្លាំងជំរុញពីឌូលូស ឡូត្រេក-វ៉ាន់ហ្កូក និងសេសានេ ដែលធ្វើឱ្យខ្លួនលោកក្លាយជាវិចិត្រករសាងស្នាដៃបានយ៉ាងច្រើនលើសលប់ ។
ពីកាស្សូ ស្នាក់នៅផ្ទះជួលរខេករខាកមួយនៅម្តុំម៉ង់ម៉ាត ដែលជាតំបន់ប្រមូលផ្តុំខាងផ្នែកសិល្បៈ ទើបស្ទូ្ឌីយោគូរគំនូររបស់លោកក្លាយទៅជាកន្លែងជួបជុំរបស់ក្រុមសិល្បករ ក្មេងៗ និងបណ្តាអ្នកនិពន្ធទាំងឡាយតែក្នុងរយៈពេលដ៏ខ្លី ។
រូបគំនូរតាមស្ទីលរបស់ពីកាស្សូ
មនុស្សទូទៅអាចស្គាល់ស្នាដៃរបស់ពីកាស្សូ តាមរយៈគំនូររូបភាពបែបឃ្យូប៊ិសម៍ (Cubism) និងអាប់ស្ត្រាត់ (Abstract) ។ ប៉ុន្តែទម្រាំតែខ្លួនអាចឈានមកដល់ចំណុចនេះ ពីកាស្សូ បានឆ្លងកាត់ការសាកល្បងជាច្រើនលើកច្រើនសា ជាពិសេសស្នាដៃក្នុងទម្រង់អិុមប្រិសស្សូនីសត៍ ឬទម្រង់រីអាលឺស្ទិច (ReaIistic) រហូតដល់គំនូរផ្សំបែបប្រជាប្រិយ (Folk Art) ។
ស្ទីលគូរគំនូររបស់ពីកាស្សូមានការផ្លាស់ប្តូរ ធំៗសំខាន់ៗជាច្រើនលើកច្រើនសា ។ មុនពេលលោកទៅរស់នៅប៉ារីស ហៅថាសម័យ «ប្លូ៊ពេរីយ៉ូដ»(Biue Period) (១៩០១-១៩០៤) ជាស្នាដៃដែលកើតឡើងដោយសារតែមិត្តសម្លាញ់របស់លោកធ្វើអត្តឃាត បណ្តាលឱ្យពីកាស្សូ រំជួលចិត្តជាខ្លាំងរហូតដល់បញ្ចេញមនោសញ្ចេតនារបស់ខ្លួនតាមរយៈរូបគំនូរ ដោយប្រើពណ៌ទឹកប៊ិកស្រទន់ និងស្រងូតស្រងាត់ដែលបង្ហាញឱ្យឃើញពីអារម្មណ៍ទុក្ខព្រួយ ចងគំនុំជាដើម ។ លុះពេលមកដល់ប៉ារីស លោកក៏ផ្ចិតផ្ចង់ទៅខាងគំនូរបែបមានសរសៃ ល្អិតៗ និងរំលេចដោយពណ៌ស៊ីជម្ពូស្រាល ជាអត្តសញ្ញាណនៃជីវិតស្រស់ស្រាយ ដែលគេហៅសម័យនេះថា រ៉ូសពេរីយ៉ូដ (Rose Period) គឺក្នុងអំឡុងឆ្នាំ(១៩០៤-១៩០៦) ។
វិចិត្រកម្មបែបឃ្យូប៊ិសម៍
បន្ទាប់ពីនោះមក កាពីស្សូ ក៏ឈានចូលមកដល់សម័យឃ្យូប៊ិសម៍ យ៉ាងឆាប់រហ័ស ។ លោកគួរគំនូរបែបបដិសេធគំនិតដែលផ្តល់តម្លៃទៅលើរូប «ស្អាតហួសពីការណ៍ពិត -Surrealist » ជាវិធីវាយតម្លៃរបស់លោកដែលទទួលឥទ្ធិពលពីវិចិត្រករផ្នែកអុីមប្រិសស្យូនីសម៍ ប៉ូលសេសានេ ដោយវិចិត្រករជាអ្នករៀបចំតុបតែងធម្មជាតិ ឬវត្ថុនៅជុំវិញខ្លួនទៅតាមទម្រង់ថ្មី ។ លោកបានយករូបទម្រង់រេខាគណិត ផ្សេងៗដូចជា រូបរង្វង់មូល រូបសាជី ឬរូបបំពង់មកបន្ស៊ីភ្ជាប់ជាមួយគ្នាដោយមិនបញ្ជាក់ឱ្យច្បាស់លាស់ថាជារូបអ្វីពិតប្រាកដឡើយ ។
ចំណែកផ្ទៃពីក្រោយរូបភាពក៏ពុំមែនស្មើគ្នាដែរ មើលទៅច្រពេចច្រពិល ខ្លះក៏ខូង ខ្លះក៏អណ្តែតមិនដូចគ្នា អាចសន្និដ្ឋានទៅតាមបែបផ្សេងៗ ក្នុងគំនូរតែមួយធ្វើឱ្យវិចិត្រកម្មគំនូរបែបឃ្យូប៊ិសម៍ បានបង្កើតលំនាំ ថ្មីៗដល់ផ្នែកគូរគំនូរក្នុងសតវត្សទី២០ជាខ្លាំង ។ តែក្នុងអំឡុងពេលនោះស្នាដៃរបស់ពីកាស្សូ ពុំបានទទួលការគាំទ្រពីសាធារណជនទូទៅប៉ុន្មានទេ មិនតែប៉ុណ្ណោះថែមទាំងត្រូវគេសើចចំអកឡកឡាយទៀតផង ។
ទេពអប្សរនិងកម្រាលជូតជើង
ពីកាស្សូ ទទួលបានរហស្សនាមថាជា «បុរសមិនប្រែប្រួល» គឺទោះបីជាគេមានអាយុច្រើនប៉ុនណាក៏ដោយ គេនៅតែស្រឡាញ់ស្រីក្មេងជាដដែល ។ គេជាវិចិត្រករដែលប្រើនារី ចុះជាទីបំផុត ។ នារី ក្មេងៗជាភរិយារបស់គេមានទាំងចេញមុខ និងមិនចេញមុខ សុទ្ធតែជា «នារីម៉ូដែល » សម្រាប់ឱ្យគេគូររូបទាំងអស់។ ដោយគេជាមនុស្សម្នាក់ដែលមាននិស្ស័យមិនចេះនៅមួយកន្លែង ពីកាស្សូ តែងតែផ្លាស់ប្តូរនារីម៉ូដែល និងប្រភពដែលផ្តល់គំនិត ថ្មីៗក្នុងការគូររូបជាបន្តបន្ទាប់ ។
គេមានសម្ព័ន្ធស្នេហានឹងនារីជាច្រើន ។ ពេលគេមានអាយុ៦០ឆ្នាំទៅហើយក៏ចំណង់ផ្លូវភេទរបស់គេមិនបានថយចុះឡើយ ។ ស្រីស្នេហ៍របស់ពីកាស្សូ ទាំងអស់សុទ្ធតែស្រស់ស្អាត ហើយគេបានផ្តល់ក្តីស្រឡាញ់ទៅឱ្យនារីទាំងអស់នោះ ផ្សេងៗពីគ្នាទៅតាមពេលវេលា ។ តាមទស្សនៈរបស់ពីកាស្សូ ក្តីស្នេហាតែងតែមានកំហឹង និងក្តីស្អប់នៅលាយឡំគ្នាជានិច្ច ដូចដែលគេបានពោលថា «សម្រាប់ខ្ញុំនារីមានតែពីរប្រភេទប៉ុណ្ណោះ គឺជាទេពអប្សរ ឬជាកម្រាលជូតជើង ! » ។
រូបគំនូររបស់ពីកាស្សូនៅក្នុងប្រទេសថៃ
មានព័ត៌មានថាមានរូបគំនូរអាយុប្រមាណជាង១០០ឆ្នាំ របស់ពីកាស្សូ បានលាក់ទុកនៅក្នុងប្រទេសថៃ ជាផ្ទាំងគំនូរដែលពីកាស្សូបានគូរកាលពីអាយុ១៦ឆ្នាំ ។ មានរឿងតំណាល តៗគ្នាថាកាលពីនៅរស់ កាពីស្សូ ពេញចិត្តនឹងរូបភាពនេះជាខ្លាំងព្យាយាមតាមរកទិញវាយកទៅវិញ ប៉ុន្តែគេត្រូវខកបំណង ។ រូបភាពនេះមានឈ្មោះថា Original Carmen ជារូបភាពរបស់ស្ត្រីក្រមុំម្នាក់កំពុងញញឹម ។ សព្វថ្ងៃរូបភាពនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជំនួញជាតិថៃម្នាក់ដែលចូលចិត្តសន្សំទុករូបគំនូរបុរាណ។ គាត់បានយករូបគំនូរមួយផ្ទាំងនេះទៅរក្សាទុកយ៉ាងល្អនៅនឹងទូដែកនៃធនាគារមួយអស់រយៈពេលជិត២០ឆ្នាំ មកហើយ ។ កាលពីមុននេះបន្តិចគាត់យករូបភាពនេះទៅប្រទេសបារាំង និងអាល្លឺម៉ង់ ដើម្បីឱ្យអ្នកជំនួញវត្ថុបុរាណវាយតម្លៃ ។ ទាំងនៅបារាំង និងអាល្លឺម៉ង់ គេបានអះអាងថា នេះគឺជារូបគំនូររបស់ពីកាស្សូ ពិតប្រាកដ និងមានអ្នកជំនួញបារាំងបានសុំធ្វើជាឈ្មួញកណ្តាលដើម្បីរៀបចំការដេញថ្លៃរូបគំនូរមួយផ្ទាំងនេះដោយចាប់ផ្តើមដាក់តម្លៃដេញថ្លៃត្រឹមតែពី៥០លានដុល្លារអាមេរិកប៉ុណ្ណោះ ។
ព្រឹត្តិការណ៍សំខាន់ៗ
កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៨៨១ នៅទីក្រុងម៉ាឡាកា ប្រទេសអេស្ប៉ាញ ។
ឆ្នាំ១៨៩១ គ្រួសារផ្លាស់ទៅនៅក្រុងឡាគូរូញ៉ា ពេលពីកាស្សូ មានអាយុ១០ឆ្នាំ ។
ឆ្នាំ១៨៩៦ ចូលរៀននៅសាលាសិល្បៈ បាសេឡូណា ដែលឪពុករបស់គេជាគ្រូបង្រៀននៅទីនោះ។
ឆ្នាំ១៩០០ ទៅទស្សនាទីក្រុងប៉ារីស លើកដំបូង ហើយសម្រេចចិត្តរស់នៅទីនោះ ។
ឆ្នាំ១៩០១-១៩០៤ វិចិត្រកម្មបែបប្លូ៊ ពេរីយ៉ូដ (Blue Period) ចាប់កំណើតឡើង ។
ឆ្នាំ១៩០៤-១៩០៦ យុគសម័យវិចិត្រកម្មបែបរ៉ូស ពេរីយូដ (Rose Period) ។
ឆ្នាំ១៩០៦-១៩៧៣ យុគសម័យវិចិត្រកម្មបែបឃ្យូប៊ីស (Cubism) ។
ឆ្នាំ១៩៣៦ កើតសង្គ្រាមស៊ីវិលក្នុងប្រទេសអេស្ប៉ាញ ពីកាស្សូ ក៏មានគំនិតគូររូបគំនូរលើក្រណាត់ឈ្មោះហ្គែរមីកា (Guermica) ។ ក្រោយមករូប គំនូរនេះគឺជាស្នាដៃឯករបស់គេ ។
ទទួលមរណភាពនៅថ្ងៃទី៥ មេសា ឆ្នាំ១៩៧២ នៅប៉ារីស ក្នុងអាយុ៩១ឆ្នាំ ៕
ចែករំលែកព័តមាននេះ