ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​សម្ភាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើ​ទំនាក់ទំនង​កម្ពុជា​-​ចិន

7 ឆ្នាំ មុន

១-​ចាប់តាំងពី​ឆ្នាំ​១៩៩១ សម្តេច​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជា​ច្រើន​ដង ។ តើ​សម្តេច​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​អភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​និង​ចិន ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ ?

១-​ចាប់តាំងពី​ឆ្នាំ​១៩៩១ សម្តេច​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជា​ច្រើន​ដង ។ តើ​សម្តេច​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​អភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​និង​ចិន ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ ? តើ​សម្តេច​មាន​ទស្សនៈ​យ៉ាងដូចម្តេច​ដែរ​ចំពោះ​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​ប្រទេស​យើង​ទាំង​ពីរ ?

ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ចិន​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បន្ត​ព​ង្រឹ​ក និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ រហូត​ឈាន​ដល់​«​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១០ ។

កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ត្រូវ​បាន​បន្ត​ពង្រឹង​តាម​រយៈ​យន្តការ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​រៀបចំ​ប្រជុំ​ជា​រៀង​រាល់​ឆ្នាំ ។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​និង​ចិន​បាន​រៀបចំ​ប្រជុំ​ចំនួន​៣​ដង​រួច​មក​ហើយ ដោយ​ទទួល​បាន​ជោគជ័យ​និង​លទ្ធផល​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់ ។ កិច្ចប្រជុំ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៦ នៅ​ទីក្រុង​ប៉េង​កាំ​ង ។ ប្រទេស​ទាំង​ពីរ​កំពុង​ត្រៀម​រៀបចំ «​កិច្ចប្រជុំ​លើក​ទី​៤​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​» នៅ​កម្ពុជា ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ញឹកញាប់ និង​ផ្តា​ល់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បាន​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា និង​ចិន ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦​នេះ មានការ​ផ្តាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​ទៅ​វិញ​ទៅ​មក ក្នុង​នោះ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​ចិន​រួម​មាន ​៖
-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​កម្ពុជា បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ពី​ថ្ងៃ​ទី​០២​ដល់ទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ ។
-​ខ្ញុំ​បាន​ចូលរួម «​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១» នៅ​ក្រុង​សាន​យ៉ា និង «​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី​ប្រចាំឆ្នាំ​២០១៦» នៅ​ទីក្រុង​បូ​អាវ ខេត្ត​ហៃ​ណា​ន​(២២-២៤ មីនា ២០១៦) ព្រមទាំង​បាន​ជួប​ឯកឧត្តម លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន​ចំនួន​០៣​ដង​ក្នុងឆ្នាំនេះ ។
-​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​បំពេញ​ទស្សនកិច្ច​ពី​ថ្ងៃ​ទី​២៥​ដល់​២៩ ខែកក្កដា ឆ្នាំ​២០១៦ ។
-​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​បំពេញ​ទស្សនកិច្ច​ពី​ថ្ងៃ​ទី​០៤​ដល់ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ។
-​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចូលរួម​ប្រជុំ​នៅ​ចិន​ពី​ថ្ងៃ​ទី​០៦​ដល់ទី​០៨ មេ​សា ២០១៦ ។
-​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​បំពេញ​ទស្សនកិច្ច​ពី​ថ្ងៃ​ទី​១១​ដល់ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ។
ហើយ​មាន​ថ្នាក់ដឹកនាំ​ចិន​មក​កម្ពុជា​រួម​មាន​៖
-​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន ចំនួន​២​លើក​(​ថ្ងៃ​ទី​២១-២២ ខែមេសា ឆ្នាំ​២០១៦ និង​០៨ ខែកក្កដា ឆ្នាំ​២០១៦) ។
-​ឯកឧត្តម គឹ​ង ហួយ​ឆាង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិចិន (​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦) ។
-​ឯកឧត្តម កៅ ហ៊ូ​ឈឹង រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន​(​ថ្ងៃ​ទី​០១-០៣​សីហា ២០១៦)​។
-​ឯកឧត្តម ហូរ ហួ​វ៉ា អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​(​ថ្ងៃ​ទី​២៩-៣១ ឧសភា ២០១៦) ។

ក្នុង​ពេល​ឆាប់​ៗ​នេះ ឯកឧត្តម ស៊ី ជី​ន​ភីង ប្រធានាធិបតី​ចិន នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៣​ដល់​១៤ ខែតុលា ២០១៦ ។

បន្ថែម​ពីលើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី កម្ពុជា​និង​ចិន​ក៏​បាន​និង​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី និង​លើ​ឆាក​អន្តរជាតិ​ផង​ដែរ រួម​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ អាស៊ី​បូព៌ា អាស៊ាន​-​ចិន មេគង្គ​-​ឡាន​ឆាង កិច្ចប្រជុំ​អា​ស៊ី​-​អឺរ៉ុប និង​យន្តការ​តំបន់​ផ្សេង​ទៀត ។

ទំនាក់ទំនង​កម្ពុជា​-​ចិន នា​ពេល​បច្ចុប្បន្ន គឺជា​ទំនាក់ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​ប្រពៃណី​ប្រវត្តិសាស្ត្រ និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ឈរ​លើ​គោលការណ៍​ជឿជាក់​គ្នា យោគយល់​គ្នា គោរព​គ្នា ហុច​ផលប្រយោជន៍​ឲ្យ​គ្នា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​កម្ពុជា​-​ចិន គឺ​ឈរ​លើ​មូលដ្ឋាន​ឈ្នះ​-​ឈ្នះ និង​សន្តិភាព​សហ​វិជ្ជមាន​ដែល​មិន​អាច​បំបែក និង​កាត់​ផ្តាច់​បាន ។

២-​កម្ពុជា​និង​ចិន បាន​និង​កំពុង​បន្ត​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សន្ទនា និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​នយោបាយ ព្រមទាំង​ព​ង្រឹ​ក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន​។ តើ​សម្តេច​យល់​ថា មូលហេតុ​អ្វីខ្លះ ដែល​នាំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន ត្រូវ​បាន​បន្ត​ពង្រីក និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ?

ទំនាក់ទំនង​កម្ពុជា​-​ចិន ជា​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី ដែល​ត្រូវ​បាន​បង្កើត​រួម​គ្នា និងថែរក្សា​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​ព្រះករុណា ព្រះវររាជ​បិតា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ និង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន រួម​មាន​លោក​ប្រធាន ម៉ៅ សេ​ទុង នាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ផ្សេង​ទៀត​។ ដូចនេះ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ យើង​ត្រូវ​តែ​បន្ត​ថែរក្សា​ទំនាក់ទំនង​នេះ ព្រមទាំង​ពង្រីក​និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ។ ម្យ៉ាងវិញទៀត ដោយសារ​តែ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន គឺ​ឈរ​លើ​គោលការណ៍​ជឿជាក់​គ្នា យោគយល់​គ្នា គោរព​គ្នា ហុច​ផលប្រយោជន៍​ឱ្យ​គ្នា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈរ​លើ​មូលដ្ឋាន​ឈ្នះ​-​ឈ្នះ និង​សនិ្ត​សហ​វិជ្ជមាន ដែល​មិន​អាច​បំបែក និង​កាត់​ផ្តាច់​បាន ជា​ហេតុ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ត្រូវ​បាន​ដំឡើង​រហូត​ក្លាយទៅជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

បន្ថែម​ពីលើ​នេះ ស្រប​ពេល​ដែល​ក្នុង​តំបន់ និង​សកលលោក​កំពុង​ប្រឈម​នូវ​បញ្ហា​ជា​ច្រើន​រួម​មាន បញ្ហា​សេដ្ឋកិច្ច សន្តិសុខ ភេរវកម្ម ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​មួយ​ចំនួន​ទៀត កម្ពុជា​និង​ចិន​ត្រូវ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​ដើម្បី​រួមចំណែក​ដល់​ការ​រក្សា​ស្ថិរភាព សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក ។

៣-​ប្រទេស​ចិន បាន​ស្នើ​ឡើង​នូវ​យុទ្ធសាស្ត្រ​ស្វែងរក​សន្តិភាព​ជា​ច្រើន រួម​មាន​គោលការណ៍​ណែនាំ​សម្រាប់​កិច្ច​ការទូត​ជាមួយ​ប្រទេស​ជិតខាង ដោយ​ឈរ​លើ​គោលការណ៍​មិត្តភាព ស្មោះស្ម័គ្រ ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​ការ​រួម​គ្នា ។ តាម​យោបល់​របស់​សម្តេច តើ​សំណើ​របស់​ចិន នឹង​ចូលរួម​ចំណែក​ដល់​ស្ថិរភាព​និង​វិបុលភាព​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ទ្វីបអាស៊ី​ទាំងមូល​ឬទេ ?

៤-​តើ​សម្តេច​យល់​យ៉ាងណា​ដែរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន ក្នុង​ការ​លើកកម្ពស់​សនិ្ត​សុខ ស្ថិរភាព​ក្នុង​តំបន់ និង​ការ​បង្កើត​ឱ្យ​មាន​បរិយាកាស​ដែល​មាន​ថាមពល និង​រឹង​មាំ ?

៥-​ឆ្នាំ​នេះ​ជា​ខួប​៣​ឆ្នាំ​នៃ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​» ដែល​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ភីង ។ ក្នុង​នាម​ជា​ប្រទេស​សំខាន់​មួយ ក្នុង​ចំណោម​ប្រទេស​នៅ​តាម​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ តើ​សម្តេច​យល់​ថា គំនិត​ផ្តួចផ្តើម​នេះ​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឬទេ ? តើ​ប្រទេស​យើង​ទាំង​ពីរ​អាច​ទទួល​បាន​ផលប្រយោជន៍​រួម​ពី​គំនិត​ផ្តួចផ្តើម​នេះ​ឬទេ ?

កម្ពុជា បាន​ប្រកាស​ជា​ច្រើន​លើក​អំពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សតវត្សរ៍​ទី​២១(​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​)» ស្នើ​ឡើង​ដោយ​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ភីង ដែល​មាន​គោលដៅ​ជំរុញ​កា​រត​ភ្ជាប់​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្វ្រិក ក៏​ដូច​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក និង​ជំរុញ​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ កា​រត​ភ្ជាប់​ប្រជាជន និង​ប្រជាជន និង​កា​រត​ភ្ជាប់​វប្បធម៌ សម្រាប់​កិច្ច​សហប្រតិបត្តិកា​ឈ្នះ​-​ឈ្នះ ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ​រួម ដើម្បី​មិត្តភាព សន្តិភាព ។ ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​នេះ ប្រទេស​ចិន​បាន​បង្កើត​មូលនិធិ​ផ្លូវ​សូត្រ​មាន​ទឹកប្រាក់​៤០​ពាន់លាន​ដុល្លារ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​មាន​ទឹកប្រាក់ ១០០​ពាន់​លាន​ដុ​លា្ល​ា​រ ។ តាម​រយៈ​មូលនិធិ​ផ្លូវ​សូត្រ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​នេះ កម្ពុជា​ជឿជាក់​ថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​ជួយ​ដល់​កា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និង​ធនធានមនុស្ស​កម្ពុជា ។

ក្នុង​ឱកាស​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ភីង នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​កម្ពុជា​និង​ចិន នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​គម្រោង​នៃ​ផែនការ​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​រួម​គ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សតវត្សរ៍​ទី​២១ ដែល​មាន​គោលបំណង​ពង្រីក និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម ការ​កសាង​សមត្ថភាព ឧ​ស្សហកម្ម វប្បធម៌ និង​ហរិ​ញ្ញ​វត្ថុ ។ ខ្ញុំ​សង្ឃឹមថា អនុស្សរណៈ​នេះ​នឹង​ជា​យន្តការ​ថ្មី​បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​ថែម​ទៀត ដើម្បី​ផ្តល់​ផលប្រយោជន៍​បន្ថែម​ដល់​ប្រទេស​ទាំង​ពីរ ។

៦-​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ភីង នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ឆាប់​ៗ​នេះ ។ ចំពោះ​ទស្សនៈ​ផ្ទាល់ និង​បទ​ពិសោធន៍​កន្លង​មក​របស់​សម្តេច តើ​ប្រធានាធិបតី ស៊ី ជី​ន​ភីង ជា​បុគ្គល​ដែល​មាន​លក្ខណសម្បត្តិ​ដូច​ម្តេច ? តើ​សម្តេច​មានការ​រំពឹង​ទុក​យ៉ាងដូចម្តេច​ពី​ទស្សនកិច្ច​របស់​គាត់? តើ​ទស្សនកិច្ច​នេះ​នឹង​ជំរុញ​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​យ៉ាងណា​ដែរ ?

ឯកឧត្តម ស៊ី ជី​ន​ភីង ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ចិន​មុន​ៗ​ដែរ គឺ​មាន​គោលដៅ​ដឹកនាំ​ប្រទេស និង​ប្រជាជន​ចិន ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​រុងរឿង វិបុលភាព និង​សុខដុមរមនា ហើយ​ក៏​មាន​គោលដៅ​ចែករំលែក​ការ​អភិវឌ្ឍ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ព្រមទាំង​ចូលរួម​ចំណែក​ដល់​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក ។ ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ខែមីនា ឆ្នាំ​២០១៣ ឯកឧត្តម ស៊ី ជី​ន​ភីង បាន​ធ្វើការ​កែទម្រង់​យ៉ាង​ស៊ីជម្រៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ចិន ហើយ​តាម​រយៈ​កំណែទម្រង់​នេះ នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦ ប្រទេស​ចិន​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ផែនការ​៥​ឆ្នាំ​លើក​ទី​១៣(២០១៦-២០២០) ដែល​កំណត់​ពី​ក្របខ័ណ្ឌ​គោលនយោបាយ​អាទិភាព និង​គោលដៅ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្នុង​នោះ​រួម​មាន ការ​រក្សា​កំណើនសេដ្ឋកិច្ច​ចន្លោះ​ពី​៦,៥% ទៅ​៧% និង​ការ​បង្កើត​ការងារ​ឱ្យ​បាន​យ៉ាងតិច​១០​លាន​នាក់ ។ ចំណែក​ក្នុង​ក្របខ័ណ្ឌ​តំបន់​វិញ ឯកឧត្តម ស៊ី ជី​ន​ភីង បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ បង្កើត​មូលនិធិ​ផ្លូវ​សូត្រ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ព្រមទាំង​ចាប់ផ្តើម​ដំណើរការ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ។

ក្នុង​ពេល​ដែល​ឯកឧត្តម ស៊ី ជី​ន​ភីង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ពេល​ឆាប់​ៗ​នេះ ខ្ញុំ​និង​ឯកឧត្តម ស៊ី ជី​ន​ភីង នឹង​ពិភាក្សា​គ្នា ព្រមទាំង​ផ្លាស់​ប្តូរ​ទស្សនៈ​យ៉ាង​លម្អិត​លើ​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​លើ​បញ្ហា​ដែល​ជា​កង្វល់ និង​ផលប្រយោជន៍​រួម ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដើម្បី​ចូលរួម​ដល់​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​សកលលោក ។ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ កម្ពុជា​និង​ចិន ក៏​គ្រោង​ចុះហត្ថលេខា​លើ​ឯកសារ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ កសិកម្ម សុខាភិបាល ព័ត៌មាន ថាមពល សន្តិសុខ​សមុទ្រ និង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ។

ទស្សនកិច្ច​របស់​ឯកឧត្តម ស៊ី ជី​ន​ភីង នា​ពេល​នេះ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ចិន កាន់់តែ​ជិត​ស្និទ្ធ និង​រឹង​មាំ​បន្ថែម​ទៀត ព្រមទាំង​នឹង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​កម្រិត​ខ្ពស់​ថ្មី​មួយទៀត ។ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ ប្រទេស​យើង​ទាំង​ពីរ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម ​៖
-​ការ​ឯកភាព​គ្នា​បង្កើន​ការ​ផ្តាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការបរទេស ការពារ​ជាតិ ព្រមទាំង​ការ​អនុវត្ត​ច្បាប់ និង​ការ​ពង្រឹង​សន្តិសុខ ។
-​ការ​ពង្រឹង​ផែនការ​ទាំងមូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ពេញលេញ ។
-​ការ​ឯកភាព​គ្នា​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ផ្តាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម សមុទ្រ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា អប់រំ វប្បធម៌ សុខាភិបាល និង​ទេសចរណ៍ ។
-​ការ​បង្កើន​ទំនាក់ទំនង​មិត្តភាព​រវាង​យុវជន ដើម្បី​រៀបចំ​អ្នក​បន្តវេន​សម្រាប់​មិត្តភាព​កម្ពុជា​-​ចិន ព្រមទាំង​ពង្រឹង​មូលដ្ឋាន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី ដើម្បី​ឱ្យ​ប្រទេស​ទាំង​ពីរ​ក្លាយជា​អ្នក​ជិតខាង​ល្អ មិត្ត​ល្អ បងប្អូន​ល្អ និង​ដៃគូ​ល្អ ជា​រៀង​រហូត ។ ភាគី​ចិន​នឹង​លើកទឹកចិត្ត​ប្រជាជន​ចិន​ឱ្យមក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន ។
-​ភាគី​ចិន​នឹង​លើកទឹកចិត្ត​សហគ្រាស​ចិន​ដែល​មាន​សមត្ថភាព​និង​ល្បីល្បាញ ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា លើ​វិស័យ​សំខាន់​ៗ​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល គមនាគមន៍ ឧ​ស្សហកម្ម និង​ទេសចរណ៍ ព្រមទាំង​បន្ត​អនុវត្ត​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ និង​គម្រោង​ផ្សេង​ៗ​ទៀត ។
-​ភាគី​ចិន​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ម៉ឺង​ម៉ា​ត់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​រក្សា​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា ។ ភាគី​កម្ពុជា បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​របស់​ខ្លួន​ចំពោះ​គោលនយោបាយ​ចិន​តែ​មួយ ទទួលស្គាល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​រដ្ឋាភិបាល​ចិន​ស្របច្បាប់​តែ​មួយ​គត់ ហើយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​របស់​ចិន ប្រ​ឆាំ​​ង​ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ ព្រមទាំង​ការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព និង​បុព្វហេតុ​ដ៏​ធំធេង​ក្នុង​ការ​បង្រួបបង្រួម​ប្រទេស​ចិន​ដោយ​សន្តិវិធី ៕