ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី ស៊ី ជី​ន​ភីង ផ្តើម​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ស៊ី ជី​ន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​រយៈពេល​២​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ លោក ស៊ី ជី​ន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​រយៈពេល​២​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៣​ដល់ទី​១៤ ខែតុលា ។ យន្តហោះ​ពិសេស បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ដោយ​មានការ​រង់ចាំ​ទទួល​ស្វាគមន៍​ដល់​ជណ្តើរ​យន្តហោះ​ពី​សំណាក់​សម្តេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត ។

ក្បួន​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​ត្រូវ​បាន​ស្វាគមន៍​អបអរសាទរ​តាម​ដងផ្លូវ​ទទួល​ដំណើរ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ពី​សំណាក់​ក្រុម​សិស្សានុសិស្ស​រាប់​ពាន់​នាក់ ជាមួយនឹង​ការ​គ្រវីទង់ជាតិ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន ។

នៅ​ពេល​មក​ដល់​ទឹកដី​កម្ពុជា លោក​ប្រធានាធិបតី ស៊ី ជី​ន​ភីង (Xi JINPING) បន្តដំណើរ​ទៅ​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា​នៅ​ឯ​ព្រះ​បរមរាជវាំង ជាទី​កន្លែង​នៃ​ការ​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​គណៈប្រតិភូ និង​លោក​ប្រធានាធិបតី​ចិន​ជា​ផ្លូវការ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ។

តាម​គម្រោង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ស៊ី ជី​ន​ភីង នឹង​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធ​ជន​កម្ពុជា​នៅ​វិមាន​ឯករាជ្យ ដែល​អមដំណើរ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ។ បន្ទាប់​មក នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច លោក ស៊ី ជី​ន​ភីង និង​គណៈប្រតិភូ នឹង​បន្ត​ទៅ​ជួប​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ត្រូវ​ស្វាគមន៍​នៅ​ឯ​វិមាន​សន្តិភាព ។

ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២៨ ដែល​បាន​ឯកភាព​គ្នា​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម កសិកម្ម និង​ទំនាក់ទំនង​ជាដើម​។ នេះ​បើ​យោង​តាម​ការ​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។

នៅ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​មមាញឹកនេះ លោក​ប្រធានាធិបតី​ចិន និង​គណៈប្រតិភូ នឹងត្រូវ​ទទួល​ស្វាគមន៍​ដោយ​ពិធី​លៀង​សាយភោជន៍ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ព្រះ​បរមរាជវាំង ដោយមានការ​យាង​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះមហាក្សត្រ និង​ព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហ​នុ ផង ។

លោក ស៊ី ជី​ន​ភីង បាន​ផ្ញើ​សារ​មួយ​មក​កាន់​ប្រជាជន​កម្ពុជា មុន​ពេល​លោក​អញ្ជើញ​មក​ដល់​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា ចាប់តាំងពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​មក ។ ដូច្នេះ លោក​ពោរពេញ​ទៅ​ដោយ​ការ​រំពឹង​ទុក ចំពោះ​ដំណើរ​ទស្សនកិច្ច​លើក​នេះ និង​ក៏​បាន​លើក​សរសើរ​កម្ពុជា​ថា ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​ផ្លូវ​សូត្រ​សមុទ្រ​នា​សម័យ​បុរាណ ហើយ​ក៏​ជា​ប្រទេស​ដែល​ប្រកបដោយ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ត្រចះត្រចង់ និង​យូរអង្វែង​ថែម​ទៀត ។

សូម​ជម្រាប​ជូន​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ភីង នៅ​កម្ពុជា​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា ។ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ប្រធានាធិបតី​ចិន នឹង​បន្ត​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដែ​ស និង​ឥណ្ឌា​ផង​ដែរ ៕