ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជាប់​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​កៅស៊ូ​វត្ត​ស្លែង បែក​ចានរង​ការ​ខូចខាត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​កៅស៊ូ​វត្ត​ស្លែង ឆ្ពោះទៅ​ផ្សារ​បែក​ចាន មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ បាន​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ក្នុង​ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់ មិន​ឈប់​ជា​បន្តបន្ទាប់

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​កៅស៊ូ​វត្ត​ស្លែង ឆ្ពោះទៅ​ផ្សារ​បែក​ចាន មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ បាន​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ក្នុង​ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់ មិន​ឈប់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ផ្លូវ​ដែល​មាន​ជង្ហុក​តូច ធំ​ស្រាប់​ផង ត្រូវ​ទឹក​ដក់​ហើយ​ពេល​មាន​រថយន្ត​ធុន​ធំ ដឹក​ដី ដឹក​ខ្សាច់ និង​ដឹក​ទំនិញ​ផ្សេង​ៗ បើកបរ​ឆ្លងកាត់​រាល់ថ្ងៃ​ផង​នោះ​បាន​បណ្ដាល​ឲ្យ​ផ្លូវ​ទទួល​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ពោរពេញ​ទៅ​ដោយ​រណ្ដៅ​ធំ ក្លាយទៅជា​ថ្លុក​មានទឹក​ដក់​ទៅ​ហើយ ដែល​បាន​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​លំបាក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា កំណាត់​ផ្លូវ​ខាងលើ​នោះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​វត្ត​ស្លែង ស្ថិត​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្សារ​បែក​ចាន ស្ថិត​ក្នុងភូមិ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដោយ​ឆ្លងកាត់​សង្កាត់​បឹង​ធំ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជា​ផ្លូវ​កៅស៊ូ​ដែល​មុន​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​ណាស់ ប៉ុន្តែ​ដោយសារ​តែ​មាន​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ វាង​គេច​ពី​បញ្ជរ​បង់ប្រាក់ តាំងពី​មុន​ពេល​ដែល​រាជរដ្ឋាភិបាល​មិន​ទាន់​បិទ និង​ដក​បញ្ជរ​បង់ប្រាក់​នោះ​ចេញ បាន​ធ្វើ​ឲ្យ​ផ្លូវ​ចាប់ផ្ដើម​មាន​ជង្ហុក​តូច​ៗ​ល្មម​ដែរ​ទេ ហើយ​ក្រោយ​ពេល​ដក​បញ្ជរ​បង់ប្រាក់​ចេញ មក​ក៏​មិនសូវ​ខូច​ខ្លាំង​ដែរ​។

លុះដល់​ពេល​ដែល​មាន​ភ្លៀង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​ទឹក​ដក់​ក្នុង​ជង្ហុក​នោះ ហើយ​មាន​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​រាល់ថ្ងៃ​នោះ ទើប​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ខ្លាំង​ឡើង​ៗ ក្លាយទៅជា​រណ្ដៅ និង​ថ្លុក​មានទឹក​ដក់​ថែម​ទៀត​ផង​។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​មក មិនតែប៉ុណ្ណោះ​ផ្លូវ​ខូច​ប៉ុណ្ណឹង​ហើយ នៅ​មិន​ទាន់​មានការ​ជួសជុល​នៅឡើយ រីឯ​រថយន្ត​ធុន​ធំ​ៗ​នៅ​តែ​បន្ត​បើក​ឆ្លងកាត់ ធ្វើ​ឲ្យ​ផ្លូវ​រឹតតែ​ខូច​ទៅ​ៗ​ហើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​មិន​បានដឹង​ច្បាស់​ថា កំណាត់​ផ្លូវ​មួយ​នោះ​មាន​ប្រវែង​ពិតប្រាកដ​ប៉ុន្មាន​នោះ​ទេ​។

ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ឆ្លងកាត់​ភូមិសាស្ត្រ​៣​ខណ្ឌ និង​ស្រុក ក្នុង​នោះ​មាន​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ មិនតែប៉ុណ្ណោះ​ជា​ផ្លូវ​ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​បញ្ចៀស​ពេល​មានការ​កកស្ទះ​ចរាចរ​តាម​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ហើយ​ក៏​កៀក​ជាមួយ​ផ្លូវ​បេតុង​ព្រៃ​ស​ផង​ដែរ​។ ពួក​គាត់​ចង់​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ព​ន្លឿ​ន​ការ​ជួល​ជុល​ឲ្យ​បាន​ឆាប់រហ័ស​ផង ដើម្បី​ឆាប់​បាន​ងាយស្រួល​ធ្វើ​ដំណើរ​៕