ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ព្យុះ AERE ស​ប្តា​ហ៍​នេះ ២១​ខេត្ត​-​ក្រុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្ពស់​ជាង​មុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​អាកាសធាតុ​សម្រាប់​ថ្ងៃ​ទី​១០ តុលា បាន​បង្ហាញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នៅ​តែ​បន្ត​លាតសន្ធឹង​លើ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​អាកាសធាតុ​សម្រាប់​ថ្ងៃ​ទី​១០ តុលា បាន​បង្ហាញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នៅ​តែ​បន្ត​លាតសន្ធឹង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លក្ខណៈ​បែប​នេះ​ធ្វើ​ឱ្យ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥oC និង​អតិបរមា​ពី ៣០-៣២oC ចំណែក​ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន និង​មាន​ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន​ពី​៣​ទៅ​៥m/s ហើយ​អាច​មាន​ភ្លៀង ផ្គរ នៅ​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង ស្វាយ​រៀង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយ​មាន​ជ័យ និង​ខេត្តឧត្តរមានជ័យ ។

ចំណែក​ខ្ពង់រាប សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥oC និង​អតិបរមា​ពី​៣១-៣៣oC ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន​ពី​៣-៥m/s នឹង​អាច​មាន​ភ្លៀង ផ្គរ នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ស្ទឹង​ត្រែង ក្រចេះ ព្រះ​វិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី ។

តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥oC និង​អតិបរមា​ពី​៣០-៣២oC ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន​ពី​៤-៥m/s នឹង​អាច​មាន​ភ្លៀង ផ្គរ រន្ទះ នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត​កែប កំពត ព្រះ​សីហ​នុ និង​ខេត្តកោះកុង រលក​សមុទ្រ​អាច​មាន​កម្ពស់​ពី​០,៥០-១,២៥m ។

យោង​តាម​សេចក្ដីជូនដំណឹង​បន្ថែម​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​ថ្ងៃ​ដដែល​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រកាស​ថា បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ឃើញ​ថា ៖

-​ព្យុះ​ទី​១៩ ឈ្មោះ AERE នឹង​ចុះ​ខ្សោយ​មក​ជា​សម្ពាធ​ទាប និង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ភាគ​ខាងកើត​កោះ​ហៃណាំ ។ សម្ពាធ​ទាប​នេះ​មាន​ឥទ្ធិពល​ខ្លាំង​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ព្រះរាជាណាចក្រ​កម្ពុជា (​ពេញ​មួ​យស​ប្ដា​ហ៍​ទី​២ នៃ​ខែតុលា នេះ​) ។

-​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​រំកិល​ចុះ​មក​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា និង​កំពុង​បង្កើន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា និង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ។

បាតុភូត​ធម្មជាតិ​ទាំង​២ ខាងលើ​នេះ​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​បន្ដ​ធា្ល​ក់រាយ​ប៉ាយ​កាន់តែ​ច្រើន​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ពិសេស​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្ដាល (​ចាប់ពី​ថ្ងៃ​ទី​១២-១៦ ខែតុលា ឆ្នាំ​២០១៦) ។

ប្រការ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ គឺ​ក្នុង​ស​ប្ដា​ហ៍​នេះ​រាជធានី និង​ខេត្ដ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់រាប ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ខ្ពស់​ជាង​ពេល​កន្លង​មក ៕