ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​វី​ល្លៀម សេក​ស្ពៀ​រ កំពូល​អ្នកនិពន្ធល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

អត្ថបទ​ប្រែ​សម្រួល​ដោយ​លោក​គឹ​ម ចាន់​ណា ក្នុង​សៀវភៅ «​បុគ្គល​ខ្លាំង​អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​» អត្ថាធិប្បាយ​ថា វី​ល្លៀម សេក​ស្ពៀ​រ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ស្នាដៃ​និពន្ធ​ប្រលោមលោក​ដូច​ជា​រឿង

អត្ថបទ​ប្រែ​សម្រួល​ដោយ​លោក​គឹ​ម ចាន់​ណា ក្នុង​សៀវភៅ «​បុគ្គល​ខ្លាំង​អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​» អត្ថាធិប្បាយ​ថា វី​ល្លៀម សេក​ស្ពៀ​រ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ស្នាដៃ​និពន្ធ​ប្រលោមលោក​ដូច​ជា​រឿង «​រ៉ូ​មេ​អូ និង​ជូ​លី​យ៉ែ​ត​» និង​រឿង «​ហេ​មើ​ឡែ​ត​» ជា​ប្រភេទ​រឿង​សោកនាដកម្ម​រំជួល​អារម្មណ៍​លេចធ្លោ​បំផុត​របស់​លោក ដែល​មនុស្ស​ស្ទើរតែ​គ្រប់​រូប​បាន​សិក្សា​ភាសា​អង់គ្លេស សុទ្ធតែ​ធ្លាប់​បាន​អាន​ស្នាដៃ​របស់​សេក​ស្ពៀ​រ ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​តែ​ធ្លាប់​បានឮ​ឈ្មោះ​របស់​លោក​មក ខ្លះ​ៗ​ជា​មិន​ខាន ។ បច្ចុប្បន្ន​វី​ល្លៀម សេក​ស្ពៀ​រ មិនមែន​ត្រឹមតែ​ជា​ឈ្មោះ​បុគ្គល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ក្លាយទៅជា​ស្ថាប័ន​សាកល​មួយ​ដែល​មាន​អត្តសញ្ញាណ​ពិសេស​របស់​ខ្លួន​មួយ​បែប ព្រោះ​សេក​ស្ពៀ​រ ពុំ​មែន​ត្រឹមតែ​និពន្ធ​នៅ​ក្នុង​យុគសម័យ​ណាមួយ​នោះ​ទេ ប៉ុន្តែ​គឺជា​កវីនិពន្ធ​ពេញ​និយម​នៅ​គ្រប់​សម័យកាល​ដូច​អ្វី​ដែល​លោក​បេន​ច​ន​សាន់ កវី​រួម​ជំនាន់​ជាមួយ​គ្នា​នោះ​បាន​ពោល​ថា «He was not of an age but for all time» ។

ប្រវត្តិ​មិន​ជាក់លាក់
វី​ល្លៀម សេក​ស្ពៀ​រ កើត​ក្នុង​ខែមេសា ឆ្នាំ​១៥៦៤ នៅ​ទីក្រុង​ស្ត្រេ​ត​ហ្វ​ដ ប្រទេស​អង់គ្លេស​។ កាលពី​ក្មេង​សេក​ស្ពៀ​រ ចូល​រៀន​នៅ​សាលា  Stratford Grammar School និង​រៀនសូត្រ​បាន​យ៉ាង​ល្អ ព្រោះ​គ្រូបង្រៀន​នៅ​ទីនោះ​ភាគច្រើន​សុទ្ធតែ​បាន​បញ្ចប់​ការ​សិក្សា​មក​ពីសា​លា​អក​ស្វ​ដ (Oxford) និង​មាន​ប្រាក់ខែ​ខ្ពស់​ជាង​បណ្តា គ្រូ​ៗ​នៅ​សាលារៀន ផ្សេង​ៗ ក្នុង​កម្រិត​ថ្នាក់​សិក្សា​ដូច​គ្នា​នេះ ដែល​ជា​ប្រការ​ម្យ៉ាង​អាច​ឱ្យ​គេ​សន្និដ្ឋាន​ថា សាលារៀន​នេះ​បាន​បណ្តុះ​មូលដ្ឋាន​គ្រឹះ​ផ្នែក​ចំណេះដឹង​យ៉ាង​ជ្រៅជ្រះ​ដល់​សេក​ស្ពៀ​រ ។ លុះដល់​អាយុ​១៨​ឆ្នាំ គេ​បាន​រៀប​ការ​ជាមួយនឹង​អេ​ន ហេ​ត​ថា​វេ​យ៍ មានកូន​ចំនួន​៤​នាក់ ។

ក្រោយ​ឆ្នាំ​១៥៨៥​មក ពុំ​មាន​ភស្តុ​តាង​អ្វី​បញ្ជាក់​ពី​ដំណើរ​ជីវិត​របស់​សេក​ស្ពៀ​រ​ឡើយ ។  រហូត​មក​ដល់​ឆ្នាំ​១៥៩២ ទើប​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម ផ្សេង​ៗ​មួយ​ចំនួន​ថា សេក​ស្ពៀ​រ មានចំណេះ​វិជ្ជា​សម​ល្មម​អាច​ធ្វើ​ជា​សាស្ត្រាចារ្យ​បាន ព្រោះ​តាម​រយៈ​ស្នាដៃ​និពន្ធ​ដំបូង​របស់​គេ​សុទ្ធតែ​បាន​បង្ហាញ​អំពី​ចំណេះដឹង​បែប​ក្លា​ស្ស៊ិ​ក​ជា​បន្តបន្ទាប់ ។ មាន​មតិ​ខ្លះ​យល់​ថា សេក​ស្ពៀ​រ ត្រូវ​មក​រៀន​ផ្នែក​ជំនួញ​ទេ ប៉ុន្តែ​ដោយ​គេ​មិន​ចូល​ចិត្ត​ទើប​បែរ​ទៅ​ចាប់​អាជីព​ជា​អ្នកនិពន្ធ​ប្រលោមលោក​ទៅ​វិញ ។

ការ​ឈាន​ចូល​ទៅ​ក្នុង​វិស័យ​ល្ខោន
រហូត​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​អ្នក​ណា​ដឹង​ទេ​ថា តើ​សេក​ស្ពៀ​រ​ចាប់ផ្តើម​ចូល​មក​ក្នុង​ឆាកល្ខោន​ដោយ​របៀប​ណា​នោះ​ឡើយ ។ គេ​អាច​នឹង​ចូលរួម​ក្នុង​ក្រុម​ល្ខោន​ចល័ត ហើយ​ឆៀង​ចូល​មក​សម្តែង​នៅ​ទីក្រុង​ស្ត្រេ​ហ្វ​ដ ឬ​មួយ​សេក​ស្ពៀ​រអា​ច​ជា​អ្នក​ជួយ​ប្រាប់​ឃ្លាប្រយោគ​របស់​តួល្ខោន​ជា​មុន ព្រោះ​ក្មេង​ជនបទ​ដូច​ជា​រូបគេ​នេះ ត្រូវ​តែ​ចាប់ផ្តើម​ពី​ឋានៈ​តូចតាច​ជា​មុន​។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សេក​ស្ពៀ​រ ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង និង​បាន​ក្លាយជា​តួ​សម្តែង​ក្នុង​រយៈពេល​ដ៏​ឆាប់រហ័ស​។ មាន​ភស្តុ​តាង​តែ​មួយ​គត់​អំពី​សេក​ស្ពៀ​រ និង​វិស័យ​ល្ខោន​ក្នុង​អំឡុង​ឆ្នាំ​១៥៩០ សរសេរ​ដោយ​រ៉ួ​បឺត ហ្គ្រី​ន ( Robert Green) ជា​អ្នកនិពន្ធ​រឿងល្ខោន​នៅ​ក្នុង​ក្រុម University Wits ដែល​សរសេរ​វាយប្រហារ​តួ​សម្តែង​ដទៃ ដែល​បោះបង់​ខ្លួនឯង​ចោល ហើយ​បែរ​ទៅ​លើក​សរសើរ​អ្នកនិពន្ធ​ជើង​ថ្មី​ដូច​ជា​សេក​ស្ពៀ​រ​ទៅ​វិញ និង​ថែម​ទាំង​រិះគន់​ថា​អ្នកនិពន្ធ​ម្នាក់​នេះ​ហាន​លក់ អ្វី​ៗ​គ្រប់​បែប​យ៉ាង ដើម្បី​បាន​ធ្វើ​ជា​អ្នក​សម្តែង​ខ្លួនឯង និពន្ធ​តែ​ខ្លួនឯង និង​ដឹកនាំ​រឿង​តែ​ខ្លួនឯង​ទៀត​ផង​។ តាម​ភស្តុ​តាង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គេ​ជឿ​ថា សេក​ស្ពៀ​រ ពិតជា​បាន​ទទួល​ជោគជ័យ​ក្នុង​វិស័យ​តែង​និពន្ធ​រឿងល្ខោន​នេះ សម​ល្មម​នឹង​ធ្វើ​ឱ្យ​ហ្គ្រី​ន មិនសូវ​សប្បាយចិត្ត​នោះ​ឯង ។ 

ឆ្នាំ​នៃ​ជោគជ័យ
នៅ​ចុងឆ្នាំ​១៥៩៨ ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​សំខាន់​បំផុត​របស់​សេក​ស្ពៀ​រ ។ មានការ​ប៉ាន់​ស្មានថា គេ​បាន​និពន្ធ​រឿងល្ខោន​ចំនួន​១៦​រឿង និង​ក្លាយជា​អ្នកនិពន្ធ​រឿងល្ខោន​ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​នៅ​ប្រទេស​អង់គ្លេស ។ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​មាន​ជំនឿ​ថា​គេ​បាន​ចូលរួម​សម្តែង​ល្ខោន​ជា​ច្រើន​រឿង និង​បាន​ចូល​សម្តែង​ក្នុង​ក្រុម​ល្ខោន​ដ៏​ល្អ​បំផុត​នៃ​ទីក្រុង​ឡុ​ង​ដ៍ ។ ជា​ច្រើន​ឆ្នាំ​ក្រោយមក គេ​បាន​ផលិត​ស្នាដៃ​សម្រាប់​តែ​រោងល្ខោន​កណ្តាលវាល​ដែល​ទើបនឹង​សង់​រួច ថ្មី​ៗ​អាច​ដាក់​ទស្សនិកជន​ចូល​ទស្សនា​បាន​រហូត​ដល់​ទៅ​៣០០០​នាក់ ។ នៅ​ក្នុង​ឆ្នាំ​១៥៩៣ ជា​ឆ្នាំ​នៃ​ជោគជ័យ​របស់​សេក​ស្ពៀ​រ នៅ​ពេល​ក្រុម​ល្ខោន​ដែល​គេ​រួម​សម្តែង​នោះ​ដាក់​ឈ្មោះ​ថា​ក្រុម The King’s Men ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ពី​ព្រះ​ចៅ​ជេ​ម​ស៍ មហាក្សត្រ​នៃ​ប្រទេស​អង់គ្លេស ដែល​មាន​សេក​ស្ពៀ​រ ជា​អ្នកដឹកនាំ​តួ​សម្តែង និង​ជា​អ្នក​សរសេរ​រឿងល្ខោន​ផ្តល់​ឱ្យ​ក្រុម​ល្ខោន សំខាន់​ៗ​ទាំងឡាយ ។ ក្នុង​ឋានៈ​ជា​អ្នកនិពន្ធ​រឿងល្ខោន បាន​ធ្វើ​ឱ្យ​សេក​ស្ពៀ​រ ក្លាយជា​បុគ្គលិក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ទទួល​បាន​ជោគជ័យ​លើ​វេទិកា​ល្ខោន​នៅ​ទីក្រុង​ឡុ​ង​ដ៍​ខ្ពស់​ជាងគេ​បំផុត ។

ប៉ុន្តែ​ក្នុង​ឆាកជីវិត​ផ្ទាល់ខ្លួន​សេក​ស្ពៀ​រ​ត្រូវ​បាត់បង់​កូនប្រុស​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​១១​ឆ្នាំ ឯ​ឪពុក​របស់​គេ​បាន​ទទួលមរណភាព​នៅ​ឆ្នាំ​១៦០១ ។

ចំណុច​ពិសេស​ក្នុង​សាច់​រឿង​និពន្ធ​របស់​សេក​ស្ពៀ​រ គឺ​មាន​លក្ខណៈ​ពុះពោរ​ជ្រាលជ្រៅ តួអង្គ​នៃ​ល្ខោន​មាន​មនោសញ្ចេតនា​អណ្តែតអណ្តូង​ហួស​ពី​មនុស្ស​ធម្មតា ។ គេ​ព្យាយាម​ធ្វើ​ឱ្យ​សាច់​រឿង​ស្តែង​ចេញ​ឡើង​ប្រកបដោយ​ការ​ស្រមើស្រមៃ​ខ្ពស់ ដើម្បី​ឱ្យ​តួល្ខោន​របស់​ខ្លួន​បញ្ចេញ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ និង​មោះមុត​បំផុត ។ អ្នក​អាច​នឹង​ចង​ចាំ​តួអង្គ​ហេ​មើ​ឡែ​ត បាន​យ៉ាង​ច្បាស់​ក៏​ដោយសារ​តែ​គេ​សញ្ជឹង​គិតតែ​អំពី​ការ​សងសឹក ហើយ​ទម្ងន់​នៃ​ការ​គិត​មាន​កម្រិត​ខ្ពស់​ជាង​រឿង​សោកនាដកម្ម​ដទៃ​ផ្សេង​ទៀត ហេតុនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​តួអង្គ​ហេ​មើ​ឡែ​ត ក្លាយជា​តួអង្គ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​វណ្ណ​កម្ម​អក្សរសិល្ប៍​របស់​អង់គ្លេស ។

ការ​សរសេរ​រឿងល្ខោន​ក្នុង​ដំណាក់កាល​ដំបូង
អត្ថបទ​ល្ខោន​ក្នុង​សម័យ​ដំបូង​របស់​សេក​ស្ពៀ​រ​ច្រើន​ទទួល​ឥទ្ធិពល​ពី​អ្នកនិពន្ធ ដទៃ​ទៀត​ៗ ដូច​ជា​បទ​និពន្ធ​ល្ខោន​រឿង​សុខ​នាដកម្ម ទទួល​ឥទ្ធិពល​ពី​លោក​ប្លៅ​ទុ​ស និង​លី​លី (Plautus & Lily) ល្ខោន​មនោសញ្ចេតនា​បាន​ទទួល​ពី​ហ្គ្រី​ន​និង​ភី​លី ( Gieene & Peele) ចំណែក​បទ​និពន្ធ​ផ្នែក​សោកនាដកម្ម បាន​ទទួល​ឥទ្ធិពល​ពី​ល្ខោន​ប្រភេទ​គំនុំសងសឹក​របស់​លោក​ខៃ​ដ៍ (Kyd) និង​ផ្នែក​សោកនាដកម្ម​ផ្សេង​ទៀត​របស់​លោក​ម៉ា​រឡូ (Marlowe)​ជាដើម ។

ទោះជា​យ៉ាងណា​ក៏​ដោយ ស្នាដៃ​ដែល​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​បំផុត​របស់​សេក​ស្ពៀ​រ គឺ​សង្កត់ធ្ងន់​ទៅ​លើ​បុគ្គលិកលក្ខណៈ​របស់​តួអង្គ​ដែល​មិន​ធ្លាប់​មាន​កវីនិពន្ធ​ណាមួយ​ធ្លាប់​សរសេរ​ពី​មុន​មក​ឡើយ ហើយ​ថែម​ទាំង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស៊ីជម្រៅ​ទៅ​លើ​មនោសញ្ចេតនា​ស្នេហា និង​ការ​កក់ក្តៅ​មក​លើ​មនុស្សជាតិ​ផង​ដែរ ។

រឿង Titus Andronicus ចាត់​ទុក​ថា​ជា​រឿងល្ខោន​សោកនាដកម្ម​ចងគំនុំ​របស់​សេក​ស្ពៀ​រ ដែល​ត្រូវ​គេ​រិះគន់​ក្នុង​ផ្លូវ​ទុ​ទិ្ទ​ដ្ឋិ​និយម​ខ្លាំង​បំផុត​មួយ​រឿង ។ អ្នកវិភាគ​ជា​ច្រើន​បាន​ជំទាស់​ថា រឿង​មួយ​នេះ​ពុំ​មែន​ជា​ស្នាដៃ​របស់​សេក​ស្ពៀ​រ​ទេ ឯ​អ្នកខ្លះ​ទៀត​បាន​ផ្តល់​មតិ​ថា រឿង​មួយ​នេះ​គឺជា​រឿង​ចម្លង​រូប​យក​បែក​ចេញពី​ល្ខោន​ផ្នែក​សងសឹក ចងអាឃាត ដែល​កំពុង​ពេញ​និយម​ក្នុង​សម័យ​នោះ ។ Titus Andronicus ជា​រឿង​ដែល​ផ្តោត​ទៅ​លើ​ភាព​ឃោរឃៅ​ដ៏​គួរ​ឱ្យ​ព្រឺ​ខ្លាច​ជាទី​បំផុត ហើយ​វគ្គ នីមួយ​ៗ​នៃ​រឿង​សុទ្ធ​សឹង​ជា​សោកនាដកម្ម​ដែល​បាន​រៀបចំ​គ្រោង​រឿង​យ៉ាង​លម្អិត​ជាទី​បំផុត ។

ឆ្នាំ​ដំណាក់កាល​ពង្រីក​ស្នាដៃ​៖ រឿងល្ខោន​ប្រវត្តិសាស្ត្រ
បន្ទាប់​ពី​ឆ្នាំ​១៥៩៥​មក សេក​ស្ពៀ​រ មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​យ៉ាង​ពេញលេញ ហើយ​ឈប់​យក​ស្នាដៃ​អ្នក​ដទៃ​មក​ធ្វើ​ត្រាប់​តាម​ទៀត​។ គេ​គឺជា​បុគ្គល​ម្នាក់​ក្នុង​ក្រុម​អ្នកមាន​វណ្ណៈ​ថ្នាក់​កណ្តាល​ដែល​ព្យាយាម​គាំទ្រ​អំពី​ច្បាប់ទម្លាប់​ផ្សេង​ៗ  ព្រោះ​គេ​ខ្លាច​មាន​បញ្ហា​ចលាចល ផ្សេង​ៗ ។ ក្នុង​ដំណាក់កាល​នេះ​សេក​ស្ពៀ​រ​មាន​សមត្ថភាព​ពេល​លេញ​ក្នុង​ការ​និពន្ធ​អត្ថបទ​កំណាព្យ ល្អ​ៗ​គួរ​ឱ្យ​ស្ងើច ។ អត្ថបទ​គ្រប់​រឿង​ដែល​សេក​ស្ពៀ​រ និពន្ធ​ក្នុង​សម័យ​នោះ​បង្ហាញ​ឱ្យ​ឃើញ​ពី​បុគ្គលិកលក្ខណៈ​របស់​តួអង្គ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ជា​ខ្លាំង ជា​ពិសេស​ការ​ស៊ីជម្រៅ​ទៅ​លើ​ចរិត​តួអង្គ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ទៅ​លើ​រឿងល្ខោន​ប្រវត្តិសាស្ត្រ ដូច​ជា​រឿង The Life and Death of Kingjohn ដែល​ជា​ស្នាដៃ​និពន្ធ​រឿង​ប្រវត្តិសាស្ត្រ​ដំបូង​បង្អស់​របស់​សេក​ស្ពៀ​រ បាន​ផ្តល់​ការ​វិភាគ​ពី​គំនិត​នយោបាយ​ក្នុង​សម័យ​នោះ ពោល​គឺ​និយាយ​ពី​អំណាច​ក្នុង​មុខ​តំណែង និង​សិទ្ធិ​របស់​ព្រះរាជា​ការ​ទាក់ទង​រវាង​អ្នកគ្រប់គ្រង​លើ​ផ្លូវលោក និង​អ្នកគ្រប់គ្រង​ផ្លូវធម៌ ហើយ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​សេក​ស្ពៀ​រ​គាំទ្រ​ឱ្យ​មានការ​គោរព​ច្បាប់​និង​ការ​រក្សា​ឯកភាព​នៃ​ប្រទេស​អង់គ្លេស​។ ក្រៅពី​នេះ​ទៀត​សេក​ស្ពៀ​រ បាន​ធ្វើ​ឱ្យ​រឿង​ប្រវត្តិសាស្ត្រ​មាន​ល្ខ​ណៈ​ស្រប​តាម​រឿង​ពិត​របស់​មនុស្ស​ដោយ​មាន​ឈុត​ឆាក​តួ​រំជួល​ចិត្តជា​ច្រើន​ផង​ដែរ ។

ឆ្នាំ​រឿង​ហេ​មើ​ឡែ​ត​៖ ស្នាដៃ​សោកនាដកម្ម​ដ៏​ឆ្នើម​បំផុត
 The Tragedy of Hamlet, Prince of Denmark គឺជា​ស្នាដៃ​និពន្ធ​មួយ​ក្នុង​ចំណោម​រឿង​៤ ដែល​គេ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ថា​ជា​ល្ខោន​សោកនាដកម្ម​ល្អ​ដាច់​គេ​របស់​សេកស្ពៀ​រ ទាំង​ខាង​ផ្នែក​កវីនិពន្ធ និង​ទាំង​ផ្នែក​រឿងល្ខោន​បែប​សោកនាដកម្ម​ចងអាឃាត​ព្យាបាទ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ដែល​ធ្វើ​ឱ្យ​អ្នក​អាច​វាយតម្លៃ និង​បកស្រាយ​អត្ថន័យ​បាន​ច្រើន​បែប​ច្រើន​យ៉ាង ។

អ្នកនិពន្ធ​ដទៃ​ទៀត​ច្រើន​តែ​លើក​បង្ហាញ​ពី​តួឯក​មាន​អត្ត​ចរិត​ពុំ​សូវ​ស្មុគស្មាញ​ប៉ុន្មាន​ទេ តែ​មាន​បញ្ហា​ច្រើន ឬ​បង្ហាញ​ពី​តួអង្គ​ដែល​មាន​បុគ្គលិកលក្ខណៈ​ស៊ីជម្រៅ ហើយ​មាន​បញ្ហា​ចម្បង​ច​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ក្នុង​រឿង​ហេ​មើ​ឡែ​ត សេក​ស្ពៀ​រ បាន​តម្រូវ​តួឯក​ជា​បុរស​ម្នាក់ មាន​បុគ្គលិកលក្ខណៈ​ស្មុគស្មាញ​ជា​ខ្លាំង និង​ពោរពេញ​ទៅ​ដោយ​បញ្ហា ធ្ងន់​ៗ​ជា​ច្រើន​ជំពូក ។

អាច​ប្រហែលជា​មក​ពី​ការ​មាន​បុគ្គលិកលក្ខណៈ​ដ៏​ច្រើន​ប្រភេទ​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​អាន ឬ​អ្នក​ទស្សនា​រឿងល្ខោន​មួយ​នេះ​ស្ទើរ​គ្រប់​គ្នា​តែង​គិតគូរ​ថា​ខ្លួន​គឺជា​តួអង្គ​ហេ​មើ​ឡែ​ត ។

ចំណុច​មួយទៀត​ដែល​លេចធ្លោ​នៅ​ក្នុង​ហេ​មើ​ឡែ​ត គឺ​ការ​បង្ហាញ​ពី​រូបភាព ឬ​លក្ខណៈ​ខាងក្រៅ​របស់​មនុស្ស​ដែល​សម្តែង​ឱ្យ​ឃើញ​ថា​ជា​មនុស្ស​ល្អ ប៉ុន្តែ​ជម្រៅ​ចិត្ត​ខាងក្នុង បែរជា​បង្កប់​ដោយ​ពិសពុល​ដ៏​សាហាវឃោរឃៅ​បំផុត​ទៅ​វិញ ។

នៅ​វគ្គ​បញ្ចប់​នៃ​រឿង​នេះ​គឺជា​ការ​ជម្រះចិត្ត​គំនិត​ឱ្យ​បរិសុទ្ធ ព្រោះ​ហេ​មើ​ឡែ​ត ពុំ​មែន​ត្រូវ​ស្លាប់​ក្នុង​នាម​ជា​អ្នក​សងសឹក​ទាំង​ស្រេកឃ្លាន​នោះ​ទេ តែ​គឺជា​ការ​ស្លាប់​ប្រកបដោយ​កិត្តិយស​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ និង​ដោយ​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ក្នុង​ជីវិត​យ៉ាង​ក្តី​ក្លាហាន​ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​យ៉ាងណា​ក៏​ដោយ ។

ព្រឹត្តិការណ៍​សំខាន់​ៗ
សេក​ស្ពៀ​រ កើត​នៅ​ខែមេសា ឆ្នាំ​១៥៦៤ នៅ​ទីក្រុង​ស្ត្រេ​ត​ហ្វ​ដ ប្រទេស​អង់គ្លេស ។
ឆ្នាំ​១៥៧២ ចូល​សម្តែង​ល្ខោន និង​និពន្ធ​បទ​ល្ខោន​ឱ្យ​ក្រុម​ល្ខោន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។
បង្ហាញខ្លួន​ចំពោះ​សាធារណជន ក្នុង​ឋានៈ​ជា​កវីនិពន្ធ​គ្រា​ដំបូង​ក្នុង​ឆ្នាំ​១៥៩៣ ជា​អ្នកនិពន្ធ​រឿង  Venus and Adonis ។
ឆ្នាំ​១៥៩៥ ចាប់ផ្តើម​និពន្ធ​រឿង​យ៉ាង​ពិតប្រាកដ ហើយ​ក៏​ចាប់ផ្តើម​ល្បីល្បាញ ។
ក្នុង​ឆ្នាំ​១៦១១ ឈប់​និ​ព​ណ្ធ​រឿង ហើយ​ត្រឡប់​ទៅ​រស់នៅ​ទីក្រុង​ស្ត្រេ​ត​ហ្វ​ដ ។

ទទួលអនិច្ចកម្ម​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​១៦១៦ ក្នុង​អាយុ​៥២​ឆ្នាំ ។ សព​របស់​គាត់​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​វត្ត Holy Trinity ក្នុង​ឋានៈ​ជា​បុគ្គល​សំខាន់​របស់​ទីក្រុង​ស្ត្រេ​ត​ហ្វដ ។

ដោយឡែក​ហោង​តាម​អត្ថបទ​ប្រែ​សម្រួល​ដោយ​ផ្កាយ NoVeLs ថា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៧ ខែមេសា គឺ​ជាស​ប្តា​ហ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​អង់គ្លេស ជា​ពិសេស​អ្នក​ដែល​លង់​ស្នេហ៍​នឹង​កវីនិពន្ធ​វី​ល្លៀម សេក​ស្ពៀ​រ​(William Shakespeare) ដែល​ប្រជាជន​អង់គ្លេស​លើកតម្កើង ជា​អ្នកនិពន្ធ​ឆ្នើម​ប្រចាំ​ប្រទេស ព្រោះ​ថ្ងៃ​ទី​២៣ និង​២៦ គឺជា​ថ្ងៃកំណើត និង​ថ្ងៃ​អនិច្ចកម្ម​របស់​អ្នកនិពន្ធ​រូប​នេះ ។

មានរឿង​រ៉ាវ​៥​យ៉ាង​របស់​សេក​ស្ពៀ​រ ដែល​ប្រិ​យ​មិត្ត​ខ្លះ​អាច​មិន​ទាន់​ដឹង​នៅឡើយ ។

១-​ឪពុក​របស់​សេក​ស្ពៀ​រ​ប្រកបរ​បរជា​ច្រើន​ប្រភេទ ក្នុង​គោលបំណង​តែ​មួយ​គឺ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ស្រា​ផឹក ។ ឪពុក​របស់​អ្នកនិពន្ធ​ល្បី​សេក​ស្ពៀ​រ ដើម​ឡើយ​គ្រាន់តែ​ជា​កសិករ​ក្រីក្រ​ដែល​ដើរ​ជួល​ស្រែ​គេ​ធ្វើ​ប៉ុណ្ណោះ ។ ច​ន សេក​ស្ពៀ​រ (John Shakespeare) អ្នកស្រែ​ដែល​គ្មាន​អ្វី​សោះ បាន​មក​ដល់​ក្រុង Stratford-upon-Avon នៅ​ក្នុង​ឆ្នាំ​១៥៥១ ហើយ​ប្រកប​របរ​ចិញ្ចឹមជីវិត​ច្រើន​យ៉ាង រហូត​ក្លាយជា​អ្នក​មើល​ការ​ខុស​ត្រូវ​រោងចក្រ​ស្រា​បៀរ រួច​បាន​រៀប​ការ​ជាមួយ​ម៉ា​រី អា​ដេ​ន (Mary Arden)  កូនស្រី​របស់​អ្នកចម្ការ​ស្តុកស្តម្ភ​ម្នាក់ ដែល​បាន​ផ្លាស់​ប្តូរ​ឋានៈ​ក្នុង​សង្គម​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ តែ​ក្រោយមក​ច​ន​ជំពាក់​បំណុល​គេ​យ៉ាងច្រើន រហូត​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​។

២-​ក្នុង​ឆ្នាំ​១៥៨២ សេក​ស្ពៀ​រ​ក្នុង​វ័យ​១៨​ឆ្នាំ បាន​រៀប​ការ​ជាមួយ​អ៊ែន ហា​ថា​វេ​យ៍​(Anne Hathaway) ដែល​មានកូន​ក្នុង​ផ្ទៃ​បី​ខែ ហើយ​មាន​អាយុ​ចាស់​ជាង​សេក​ស្ពៀ​រ​ដល់​ទៅ​៨​ឆ្នាំ ។

ក្រោយ​រៀប​ការ​បាន​៦​ខែ គ្រួសារ​សេក​ស្ពៀ​រ​ក៏​ទទួល​បាន​បុត្រី​ស៊ូ​សាន​ណា (Susanna)  និង​កូនភ្លោះ​ប្រុស​ស្រី ហ៊ែ​ម​នេ​ត (Hamnet)  និង​ជូ​ដិ​ដ្ឋ (Judith) ក្នុង​ពេល​បន្ទាប់​មក ។

គេ​មិនសូវ​ដឹង​រឿង​ច្រើន​ទាក់ទង​នឹង​ចំណងស្នេហា​នេះ​ទេ ដឹង​ត្រឹម​ថា​បន្ទាប់​ពី​នោះ សេក​ស្ពៀ​រ​ចូល​ចិត្ត​នៅ​បែក​គ្នា​ជាមួយ​ភរិយា​ជា​ញឹកញាប់ រហូត​ទីបំផុត​ក៏​បាន​លែងលះ​គ្នា ។

៣-​ឪពុក​ម្តាយ​របស់​សេក​ស្ពៀ​រ​ជា​អន​ក្ខ​រ​ជន ពោល​គឺ​មិន​ចេះអក្សរ​ទាល់តែ​សោះ ចំណែក កូន​ៗ​របស់​សេក​ស្ពៀ​រ​ក៏​ដូច​គ្នា​ដែរ​។ គ្មាន​នរណា​ដឹង​ច្បាស់​ទេ​អំពី​រឿង​នេះ តែ​មាន​សេចក្តីសន្និដ្ឋាន​ថា ច​ន និង​ម៉ា​រី គ្មាន​ឱកាស​បាន​រៀន​អាន និង​សរសេរ​អក្សរ​ឡើយ ដែល​ជា​រឿង​ធម្មតា​ក្នុង​រជ្ជកាល​ម្ចាស់​ក្សត្រិយ៍​អេ​លី​ហ្សា​ប៊ែ​ត ។ អ្នកខ្លះ​បដិសេធ​ថា ឪពុក​របស់​សេក​ស្ពៀ​រ​គួរតែ​ចេះអក្សរ​ខ្លះ​តាម​មុខ​តំណែង​របស់​គាត់ តែ​នរណា​ទៅ​ដឹង​ថា ភាគច្រើន​គាត់​តែងតែ​ចុះហត្ថលេខា​ដោយ​ការ​គូសសញ្ញា​សម្គាល់ ។ ផ្ទុយ​ទៅ​វិញ សេក​ស្ពៀរ ដែល​បាន​ចូល​រៀន​នៅ​សាលា Stratford’s local grammar school ធ្វើ​ឲ្យ​គេ​មាន​សមត្ថភាព​អាច​សរសេរ អាន និង​និយាយ​ភាសាឡាតាំង​បាន​យ៉ាង​ល្អ​។ ចំណែក​ប្រពន្ធ និង​កូន​ៗ​របស់​ស្ហេ​ក​ស្ពៀ​រ គឺ​មាន​ភាគរយ​ដែល​មិន​ចេះអក្សរ​ដែរ តែ​ស៊ូ​សាន​ណា​កូនស្រី​ច្បង អាច​ចុះហត្ថលេខា​បាន ខ្លះ​ៗ ។

៤-​គ្មាន​នរណា​ដឹង​ថា សេក​ស្ពៀ​រ​ធ្វើ​អ្វី​ក្នុង​ចន្លោះ​ឆ្នាំ​១៥៨៥-១៥៩២ ទេ ដែល​នេះ​ជា​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សរសេរ​រឿងរ៉ាវ​ជីវិត​របស់​ស្ហេ​ក​ស្ពៀ​រ ។ ការ​បាត់​មុខ​របស់​សេក​ស្ពៀ​រ ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​នៅ​ចន្លោះ​ឆ្នាំ​នេះ ត្រូវ​បាន​អ្នកប្រវត្តិសាស្ត្រ​សន្និដ្ឋាន​ថា ក្នុង​រយៈពេល​៧​ឆ្នាំ​ដែល​លោក​បាត់​ខ្លួន គឺ​លោក​បាន​ទៅ​ធ្វើ​ជា​គ្រូបង្រៀន​ផ្នែក​ច្បាប់ ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទ្វីបអឺរ៉ុប ឬ​ចូលរួម​ជាមួយ​ក្រុម​អ្នក​សម្តែង​សិល្បៈ ដែល​បាន​ឆ្លងកាត់​ទីក្រុង Stratford ។   តាម​បញ្ជី​ដែល​បាន​កត់​ត្រាទុក​ក្នុង​សតវត្សរ៍​ទី​១៧ សេក​ស្ពៀ​របា​ន​បាត់​ខ្លួន​បន្ទាប់​ពី​បាន​លួច​ក្តាន់​ពី​ក្នុង​កសិដ្ឋាន​មួយ​របស់​អ្នកមាន​ឋានៈ​ក្នុង​សម័យ​នោះ ។

៥-​អ្នកខ្លះ​គិត​ថា សេក​ស្ពៀ​រ​ជា​មនុស្ស​បោកប្រាស់ ។ តើ​អាច​ទៅ​រួច​ទេ​ដែល​មនុស្ស​ធម្មតា​មក​ពី​ខេត្ត​ដាច់​ស្រយាល មិន​ធ្លាប់​រៀន​មហាវិទ្យាល័យ និង​មិន​ធ្លាប់​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង Sratford សោះ បែរជា​ក្លាយជា​អ្នកនិពន្ធ​ដ៏​ល្បី​ម្នាក់​ក្នុង​ពិភពលោក ។ រយៈពេល​ដំបូង​នៃ​អាជីព​របស់​លោក គឺ​សរសេរ​រឿង​ទាក់ទង​នឹង​ចំណេះដឹង​ដ៏​ជ្រៅជ្រះ អំពី​ការងារ​រវាង​ប្រទេស ប្រវត្តិសាស្ត្រ រឿងរ៉ាវ​រាជវង្ស និង​វណ្ណៈ​អភិជន ។ ដោយ​ហេតុផល​នេះ អ្នក​ទ្រឹស្តី​និយម​សន្និដ្ឋាន​ថា​អាច​មាន​អ្នកនិពន្ធ​មួយ​ចំនួន ឬ​ច្រើន​នាក់​ចង់​លាក់បាំង​ឈ្មោះ​ខ្លួនឯង ដោយ​ប្រើ​ឈ្មោះ​របស់​ស្ហេ​ក​ស្ពៀ​រ​ដើម្បី​បាំង​មុខ ដោយ​សន្និដ្ឋាន​ថា អាច​ជា Edward De Vere, Francis Bacon, Christopher Marlowe  ឬ Mary Sidney Herbert តែ​អ្នកជំនាញ និង​អ្នកប្រវត្តិសាស្ត្រ​ភាគច្រើន ក៏​នៅ​តែ​សង្ស័យ​ចំពោះ​សេចក្តីសន្និដ្ឋាន​នេះ​ដូច​គ្នា ហើយ​ជួនកាល​ក៏​គិត​ថា សេក​ស្ពៀ​រអា​ច​មានការ​សហការ​ជាមួយ​អ្នកនិពន្ធ​ដទៃ​ទៀត​ក៏​ថា​បាន ។

ទោះបីជា​មានរឿង​រ៉ាវ​អាថ៌​កំបាំង គួរ​ឲ្យ​ងឿងឆ្ងល់ និង​ចាប់អារម្មណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង វី​ល្លៀម សេក​ស្ពៀ​រ តែ​នៅ​ប្រទេស​អង់គ្លេស សេក​ស្ពៀ​រ​គឺជា​កវី និង​អ្នកនិពន្ធ​ដ៏​សំខាន់ របស់​ប្រទេស​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ៕