ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ផ្លូវចិត្ត​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​របស់​កុមារ

7 ឆ្នាំ មុន

នៅ​ពេល​កូន​របស់​អ្នកធំ​ធាត់ និង​លូតលាស់ ជំនាញ​ភាសា​របស់​គេ​ក៏​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ដែរ ។ ក្មេង​ខ្លះ​រៀន​និយាយ និង​យល់​ភាសា​បាន​យ៉ាង​លឿន​ខណៈ​ដែល​ក្មេង​មួយ​ចំនួន​ទៀត​គ្មាន​សមត្ថភាព​នេះ​ឡើយ ។

នៅ​ពេល​កូន​របស់​អ្នកធំ​ធាត់ និង​លូតលាស់ ជំនាញ​ភាសា​របស់​គេ​ក៏​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ដែរ ។ ក្មេង​ខ្លះ​រៀន​និយាយ និង​យល់​ភាសា​បាន​យ៉ាង​លឿន​ខណៈ​ដែល​ក្មេង​មួយ​ចំនួន​ទៀត​គ្មាន​សមត្ថភាព​នេះ​ឡើយ ។ ស្ថានភាព​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​កូន​របស់​អ្នក​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​និយាយ និង​យល់​ភាសា​។ ឥទ្ធិពល​ពី​ខាងក្រៅ រាប់​ចាប់ពី​ស្តង់ដា​នៃ​ការ​ថែទាំ​រហូត​ដល់​ជំហរ​សេដ្ឋកិច្ច​សង្គម​របស់​អ្នក​អាច​រួមចំណែក​ដល់​កត្តា​ផ្លូវចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​នៃ​កូន​របស់​អ្នក។

*​ស្តង់ដា​នៃ​ការ​ថែទាំ
នៅ​ពេល​ដែល​កុមារ​ម្នាក់​ត្រូវ​បាន​គេ​ទុក​ចោល វា​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សមត្ថភាព​ក្នុង​ការ​និយាយ និង​ការ​យល់​ដឹង​ភាសា​របស់​ពួក​គេ នេះ​បើ​យោង​តាម​នាយកដ្ឋាន​សុខា​ភិបាល​និង​សេវាកម្ម​រដ្ឋបាល​របស់​កុមារ និង​គ្រួសារ​នៃ​សហរដ្ឋអាមេរិក ។ កុមារ​ដែល​ត្រូវ​បាន​គេ​មិន​អើពើ​នៅផ្ទះ ឬ​ដាក់​ទុក​ចោល​នៅ​ឯ​កន្លែង​ថែទាំ ជា​ធម្មតា​មាន​សមត្ថភាព​យល់​ដឹង​ផ្នែក​ភាសា​ទាប​នៅ​ពេល​ពួក​គេ​ធំ​ឡើង ។ នៅ​ពេល​ដែល​អ្នក​មិន​អើពើ​នឹង​កូន​របស់​អ្នក ឬ​មិន​ផ្តល់​ការ​ថែទាំ​និង​ការ​យកចិត្តទុកដាក់​ដល់​ពួក​គេ នោះ​ពួក​គេ​មិន​មាន​ឱកាស​ក្នុង​ការ​ស្ដាប់​អ្នក​និយាយ និង​មិន​ទទួល​បាន​ឱកាស ដើម្បី​យល់​ពី​សំឡេង និង​អត្ថន័យ​នៃ​សម្តី​របស់​អ្នក​ទេ ។ វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​សង្គម​នៅ​ពេល​អនាគត ។

*​ជំហរ​សេដ្ឋកិច្ច
ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ UC Berkley UCLA សាកលវិទ្យាល័យ British Columbia និង Stanford និង​បាន​ចេញ​ផ្សាយ​នៅ​ក្នុង «​ទស្សនាវដ្តី​នៃ​ការ​យល់​ដឹង​វិទ្យាសាស្ត្រ​ណឺរ៉ូន​» បាន​ធ្វើតេស្ត​លើ​កុមារ​ដែល​មាន​មជ្ឈដ្ឋាន​សង្គម ផ្សេង​ៗ​គ្នា​លើ​ភាព​ឆ្លាត​វៃ និង​សមិទ្ធផល​នៃ​ការ​សិក្សា ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា កុមារ​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ទាប​មាន​លទ្ធផល​មិនល្អ​ដូច​កុមារ​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ខ្ពស់ ។ ប្រាក់​ចំណូល​របស់​គ្រួសារ របៀប​រស់នៅ និង​ជំហរ​សេដ្ឋកិច្ច​សង្គម​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុងផ្ទះ ការ​សិក្សា​នេះ​បាន​អះអាង ។ ភាព​តានតឹង​អាច​បញ្ឈប់​ការ​អភិវឌ្ឍ​របស់​កូន​អ្នក​លើ​ផ្នែក​ភាសា និង​សមិទ្ធផល​នៃ​ការ​សិក្សា ។

*​ជំងឺផ្លូវចិត្ត
បញ្ហា​ផ្លូវចិត្ត និង​អាកប្បកិរិយា​អាច​កំណត់​លទ្ធភាព​កូន​របស់​អ្នក​ក្នុង​ការ​និយាយ និង​ការ​យល់​ដឹង​ផ្នែក​ភាសា ។ កុមារ​ដែល​មាន​បញ្ហា​លើ​ការ​អភិវឌ្ឍ ឬ​បញ្ហា​អាកប្បកិរិយា​ដូច​ជា​ជំងឺ​ប្រឆាំង​សង្គម ឬ​ជំងឺ​អូ​ទី​ស អាច​នឹង​មាន​បញ្ហា​នៅ​ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ និង​ការ​យល់​ដឹង​ពី​ការ​បញ្ចេញ​ទឹកមុខ នេះ​បើ​យោង​តាម​លោក Vicky R. Bowden និង Cindy S Greenberg ដែល​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​ពួក​គេ​មាន​ចំណងជើង​ថា «Children and Their Families: The Continuum of Care.» ។

ប្រសិនបើ​កូន​របស់​អ្នកមាន​ជំងឺផ្លូវចិត្ត អ្នក​ត្រូវ​ធ្វើការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​ចំពោះ​សមត្ថភាព​ក្នុង​ការ​រៀន​និង​យល់​ពី​ភាសា​របស់​កូន​អ្នក៕