ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ស្ពឺ​សំរាម​ឡើង​ណែន​ក្នុង​លូ តាំងពី​មានការ​វិនិយោគ​១៦​ឆ្នាំ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្សារ​ស្ពឺ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ដែល​ត្រូវ​បាន​វិនិយោគ​ក្នុង​រយៈពេល​១៦​ឆ្នាំ​(​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១១ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០២៦)

ខេត្តកំពង់ចាម ៖ ផ្សារ​ស្ពឺ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ដែល​ត្រូវ​បាន​វិនិយោគ​ក្នុង​រយៈពេល​១៦​ឆ្នាំ​(​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១១ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០២៦) ដែល​មាន​ម្ចាស់​វិនិយោគ​ឈ្មោះ គង់ សុ​ផុ​ន ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​តែ​ការ​សាង់សង់​តូប​បន្ថែម​ជា​ច្រើន​តូប​ក្នុង​នោះ​តូប​មួយ​លក់​ក្នុង​តម្លៃ​ចាប់ពី​៩.០០០​ដុល្លារ​ទៅ​១៥.០០០​ដុល្លារ​។ ប៉ុន្តែ​លូ​នៅ​ក្នុង​ផ្សារ​វិញ​ពោរពេញ​ទៅ​ដោយ​សំរាម​ពេញ​ណែន មិន​ព្រម​ស្តារ​នោះ​ទេ ក្នុង​ពេល​ដែល​ភ្លៀង​ធ្លាក់​ម្តង​ៗ​ទឹក​ហូរ​ច្រាល​មក​លើ​ពិបាក​នឹង​ដើរ ថែម​ទាំង​ជះក្លិន​អសោច​ផង​ដែរ​។

អាជីវករ​ម្នាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា ២០១៦​នេះ​ថា នៅ​ពេល​ដែល​ផ្សារ​ស្ពឺ​បាន​កកើត​ដំបូង​ៗ​នៅ​ត្រង់​មុខ​ផ្សារ​មាន​ទីធ្លា​ស្រឡះ និង​ខ្យល់អាកាស​ចេញចូល​បាន​ល្អ ហើយ​ការ​លក់ដូរ​ដាច់​ថែម​ទៀត​។ ចាប់តាំងពី​ផ្សារ​នេះ​ត្រូវ​បាន​វិនិយោគ មានការ​សាងសង់​តូប​បន្ថែម​នៅ​ជួរ​ខាង​មុខ​លយ​មក​ថ្នល់​បាំង​តូប​អ្នក​នៅ​ខាងក្នុង ការ​លក់ដូរ​ត្រូវ​បាន​ថយ​ចុះ​មិនសូវ​ដាច់​។ ហើយ​រាល់ថ្ងៃ​នៅ​ពេល​ណា​ដែល​មេឃ​ភ្លៀង​ធ្លាក់​មក​នោះ ធ្វើ​ឲ្យ​ទឹក​ហូរ​ព្រៀប​តែ​ម្តង ដោយសារ​តែ​នៅ​ក្នុង​លូ​នោះ​ពោរពេញ​ទៅ​ដោយ​សំរាម​ឡើង​ណែន​មិន​ត្រូវ​បាន​គេ​ស្តារ​នោះ​ទេ ដែល​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ថែម​ទៀត​។

អាជីវករ​សូម​សំណូមពរ​ដល់​ម្ចាស់​វិនិយោគ​មេត្តា​ស្តារ​លូ យក​សំរាម​ចេញ​ដើម្បី​ឲ្យ​ចរន្តទឹក​ហូរ​បាន​ស្រួល​ផង កុំ​ខាង​តែ​មើលឃើញ​តែ​លុយ​ខ្លាំង​ពេក​។ អាជីវករ​លក់ដូរ​ម្នាក់​ឈ្មោះ ស៊ា​ង ឡេ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា កាលពីរ​ឆ្នាំ​មុន​ក្នុង​១​ព្រឹក​លក់​បាន​លុយ​យ៉ាងតិច​៥០​ម៉ឺន​រៀល ហើយ​ស្បែកជើង​១​គូ​លក់​បាន​៥០០០​រៀល  លុះ​មក​ដល់​ឥឡូវ​លក់​៣​គូ​១​ម៉ឺន​រៀល​លក់​មិន​ដាច់​ទៀត​។ មនុស្ស​ចេញចូល​ផ្សារ​ស្ពឺ​ធម្មតា តែ​មិនសូវ​មាន​អ្នកទិញ​មិនដឹង​ថា​កត្តា​នេះ​មក​ពី​អ្វី​នោះ​ទេ​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា ២០១៦​លក់​ពេញ​១​ព្រឹក​បាន​លុយ​តែ​ជាង​២០​ម៉ឺន​រៀល ចំណូល​ចេះ​តែ​ធ្លាក់​ចុះ ទោះបីជា​បែប​ណា​ក្តី​គាត់​នឹង​នូវ​តែ​បន្ត​អាជីព​នេះ​ទៀត ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ អាជីវករ​លក់​ចំណី​សត្វ​ម្នាក់​ប្រាប់​ឲ្យ​ដឹង​ថា តូប​លក់ដូរ​ត្រូវ​គាត់​បាន​ទិញ​ពី​ម្ចាស់​ផ្សារ​ក្នុង​តម្លៃ ១៤.៥០០​ដុល្លារ ដើម្បី​លក់​ចំណី​សត្វ​ជា​ច្រើន​ខែ​មក​ហើយ ការ​លក់ដូរ​មិន​ដាច់​ដូច​ឆ្នាំ​មុន​ៗ​ទេ​។ ព្រោះថា​នៅ​ឆ្នាំនេះ​កសិករ​ដែល​ទទួល​បាន​ផលដំណាំ​លក់​បាន​ថោក ទើប​ធ្វើ​ឲ្យ​ពួក​គាត់​មិនសូវ​សម្បូរ​លុយឡើង​មក​ផ្សារ​ទិញ​អ្វី​ៗ​នោះ​។

ក្នុង​ពេល​ដែល​ភ្នាក់ងារ​យើង​កំពុង​តែ​សម្ភាស​ជាមួយនឹង​អាជីវករ​លក់ដូរ​នោះ គេ​ឃើញ​អ្នក​ទារ​ភាស៊ី​ផ្សារ​ស្ពឺ បាន​ដើរមក​មើល​ឈរ​ស្តាប់ រួច​ក៏​បាន​ដើរទៅ​ប្រាប់​ថៅកែ​ស្រី ដែល​កំពុង​តែ​ឡើង​ជិះ​រថយន្ត​ទំនើប​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស​១​គ្រឿង ដោយ​មិន​បាន​ថ្លែងវាចា​ទេ ហើយ​រថយន្ត​នោះ​បាន​បើក​ចេញ​ទៅ​បាត់​ក្រោយ​ពី​បាន​មក​ឈប់​មួ​យស​ន្ធុះ​ធំ  ៕