ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកណៅ ធួក បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ធ្នូ ២០១០ ថា មូលហេតុនៃការថយចុះផលត្រីប្រហុកនៅខែមិគសិរនេះ គឺដោយសារតែកត្តាអាកាសធាតុមិនអំណោយផលល្អ និងទឹកទន្លេទាបជាងបណ្តាឆ្នាំមុនៗ ។ លោកណៅ ធួក ពន្យល់ថា ពីព្រោះនៅពេលថ្ងៃត្រីត្រូវ បែរជាមេឃមានភ្លៀងបង្កឱ្យមានការលំបាកសំរាប់អ្នកនេសាទ ក្នុងការរកត្រី ឬចាប់ត្រី ។
ទោះជាយ៉ាងណា លោកប្រធានរដ្ឋបាលជលផលបញ្ជាក់ថា រដ្ឋបាលជលផលនឹងធ្វើការវាយតំលៃផលត្រីនៅមួយខ្នើតខែបុស្សជាបន្តទៀត ទើបអាចសន្និដ្ឋានពិតប្រាកដពីផលត្រីនៅឆ្នាំនេះ ប៉ុន្តែថា ខ្នើតខែមិគសិរនេះគឺបើធៀបទៅនឹងឆ្នាំមុនមានការថយចុះប្រមាណពាក់កណ្តាល។
ឆ្នាំ២០០៩ កន្លងទៅនេះ ត្រីប្រហុកយើងប្រមូលបានប្រមាណ៤ពាន់តោន តែឆ្នាំនេះ បានប្រមាណ២ពាន់តោនប៉ុណ្ណោះ ។ កាលពីថ្ងៃទី១៤ ធ្នូ កន្លងមកនេះ រដ្ឋបាលជលផល បានប្រកាសជូនដំណឹងដោយប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក-ផ្អក មកទិញត្រីធ្វើប្រហុក-ផ្អកគឺចាប់ពីថ្ងៃទី៨កើត ខែមិគសិរ ដល់ថ្ងៃទី១៥ កើត ខែមិគសិរ និងចាប់ពីថ្ងៃទី៧ កើត ខែបុស្ស ដល់ថ្ងៃទី១៥ កើត ខែបុស្ស ខាងមុខនេះ ។ សេចក្តីជួនដំណឹងក៏បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋផងដែរ ៕
ចែករំលែកព័តមាននេះ