ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​មហាកវី​ហ៊ីង​នៃ​រឿង «​ព្រះ​ជិនវង្ស​»

7 ឆ្នាំ មុន

«​ពូជ​ជិនវង្ស ទោះ​កម្សត់​យ៉ាងណា​ក៏​មិន​ស្លា.ប់​ដែរ !» នេះ​ជាស​ម្តី​របស់​ប្រជាជន​ខ្មែរ និយាយ​ចំពោះ​បុគ្គល​ទាំងឡាយ​ណា ដែល​កម្សត់​តោកយ៉ាក ប៉ុន្តែ​មានចិត្ត​មានះ​ក្លាហាន​តស៊ូ​ប្រឆាំង​នឹង​ក្តី​លំបាក​ទាំងនោះ ប្រដូច​ទៅ​នឹង​ព្រះ​ជិនវង្ស

«​ពូជ​ជិនវង្ស ទោះ​កម្សត់​យ៉ាងណា​ក៏​មិន​ស្លាប់​ដែរ !» នេះ​ជាស​ម្តី​របស់​ប្រជាជន​ខ្មែរ និយាយ​ចំពោះ​បុគ្គល​ទាំងឡាយ​ណា ដែល​កម្សត់​តោកយ៉ាក ប៉ុន្តែ​មានចិត្ត​មានះ​ក្លាហាន​តស៊ូ​ប្រឆាំង​នឹង​ក្តី​លំបាក​ទាំងនោះ ប្រដូច​ទៅ​នឹង​ព្រះ​ជិនវង្ស ក្នុង​រឿង​«​ព្រះ​ជិនវង្ស​» ។ រឿង​«​ព្រះ​ជិនវង្ស​» ជា​រឿង​ល្បែង​ដែល​មាន​ប្រវែង​វែង​ជាងគេ​បំផុត ជា​រឿង​ឈុត​ឆាក​ច្បាំង យុទ្ធ​សិល្ប៍​រវាង​មនុស្ស និង​យក្ស គ្រុឌ​និង​នាគ លាយឡំ​ទៅ​ដោយ​មនោសញ្ចេតនា ព្រាត់ប្រាស​គ្នា តែ​ទីបំផុត​ពួក​គេ​បាន​ជួបជុំ​គ្នា​វិញ ។

-«​ថ្លាថ្លែង​ជា​បទ​ភុជង្គ ថ្លែង​ពី​ឫទ្ធិរង្គ ជិនវង្ស​ថ្លៃ្ល​ថ្លា​» ។
-​និង​នាង​បទុម​សុរិយា គង់​ហង្ស​ហើយ​ណា​ព្រះមហាក្សត្រ​ថ្លៃ ។
-​ស្តេច​ភើច​យន្តហោះ​ច្រៀវច្រៃ ផ្លោះ​ផ្លេក​ខ្ពស់​ក្រៃ លើ​ព្ធ​អាកាស ។
-​ហង្ស​មាស​រស្មី​ឆ្លុះ​ឆ្លាស់ ភ្លឺ​អស់​អាកាស​ព្រោង​ព្រាយ​ល្អ​ក្រៃ ។
-​ស្តេច​ហោះ​តម្រង់​ទៅ​នគរ​ក្សត្រ​ថ្លៃ ឯ​ទិសឦសាន ។
-​ស្តេច​ហោះ​លឿន​លន់​ប្រមាណ ឆ្លង​សមុទ្ទ​បាន មួយ​ពាន់​យោជន៍​ប្លាយ ។
-​ទើបបាន​ដល់​កោះ​ទាំងឡាយ មហាក្សត្រ​ឆោមឆាយ ចត​ចាប់​អាស្រ័យ ។
-​សម្រាន្ត​ព្រះ​កាយ​ថ្លៃ ស្រេច​ហើយ​ចម​ត្រៃ​ច្រៀវច្រៃ​ហោះ​ផ្សង ។
-​ឆ្លង​សមុទ្ទ​ច្រើន​ជាន់​ហោង ឈប់​ដោយ​កោះ​ផង ច្រើន​ដង​ក្រៃ ។
-​យូរលង់​បាន​ប្រាំពីរ​ថ្ងៃ រៀបនឹងដល់​នៃ​បុរី​ក្សត្រា ។
-​ស្តេច​ហោះ​បន្ទាប​សុរិយា​ជា​កម្ម​ក្សត្រា​ឱ្យ​ព្រាត់​ប្អូនស្រី ។
-​បទុម​សុរិយា​ពិសី ពុំ​សុខ​ក្ស​ត្រី​ស្រៀវស្រាញ​រងា ។

នេះ​ជា​សម្រង់​រឿង​ព្រះ​ជិនវង្ស កាល​ព្រះ​អង្គ​យាង​ដំណើរ​នាំ​ព្រះ​នាង​បទុម​សុរិយា ត្រឡប់​ទៅ​នគរ​សោ​ភ​ណ​រី​ទ្ធិ​វិញ ដោយ​ជិះ​ហង្ស​យន្តហោះ​តាម​អាកាស ហើយ​ជួបនឹង​គ្រោះថ្នាក់​ជា​ហេតុ​នាំ​ឱ្យ​ក្សត្រ​ពីរ​ពង្ស​ព្រាត់ប្រាស​គ្នា​…​។

យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» លើក​ឡើង​ថា រឿង​«​ព្រះ​ជិនវង្ស​» ត្រូវ​បាន​រចនា​តាក់តែង​ជា​កំណាព្យ​បទ​កាកគតិ ព្រហ្មគីតិ ពំនោល និង​ភុជង្គលីលា​ជាដើម ដោយ​កវី​ហ៊ីង ។ គេ​ពុំ​ស្គាល់​សាវតារ​នៃ​កវី​ហ៊ីង ឱ្យ​បាន​ច្បាស់លាស់​ឡើយ ប៉ុន្តែ​តាម​រយៈ​សេចក្តី​ផ្តើម​រឿង​ព្រះ​ជិនវង្ស គេ​អាច​ដឹង​បាន ខ្លះ​ៗ​ថា អ្នកនិពន្ធ​រូប​នេះ​មានកំណើត​នៅ​អំឡុង​ដើម​សតវត្ស​ទី​១៩ ហើយ​លោក​បាន​បួស​រៀន​រហូត​ដល់​មាន​គោរមងារ «​ព្រះ​អរិយ​គា​ម​មណី​» ។ កវី​ហ៊ីង បាន​បន្សល់​ទុក​ស្នាដៃ​តែ​មួយ​គត់ គឺ​រឿង​ព្រះ​ជិនវង្ស​នេះឯង ។ រឿង​នេះ​មាន​ប្រជាប្រិយ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា រហូត​ដល់​សិល្បករ​បាន​យក​ទៅ​ធ្វើ​គំនូរ ស្តែង​ក្នុង​ល្ខោន​ស្រមោល និង​ល្ខោនបាសាក់​ជាដើម ហើយ​ក្រសួងអប់រំជាតិ បាន​យក​ទៅ​បញ្ចូល​ក្នុង​កម្មវិធី​មធ្យមសិក្សា​នៅ​ឆ្នាំ​១៩៥៨ រហូត​ដល់​ឆ្នាំ​១៩៧៥ ។

ពុទ្ធ​សាសន​បណ្ឌិត្យ បាន​យក​រឿង​ព្រះ​ជិនវង្ស​មក​បោះពុម្ព​លើក​ទី​១ នៅ​ឆ្នាំ​១៩៦៤ ដោយ​បាន​ចម្លង​ចេញពី​ច្បាប់​សាស្ត្រា​ស្លឹករឹត មាន​១៦​ខ្សែ ហើយ​យក​មក​ចង​ជា​សៀវភៅ​ជា​៤​ភាគ​វិញ​។ នៅ​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ​មាន​២​ច្បាប់​ផ្សេង​គ្នា ដូច​មាន​ចែង​ក្នុង​អារម្ភបទ​របស់​គណៈកម្មការ​បោះពុម្ពផ្សាយ​ស្រាប់​ថា ៖

«​រឿង​ព្រះ​ជិនវង្ស​នេះ យើង​ស្រាវជ្រាវ​រក​សាស្ត្រា​ស្លឹករឹត​ឃើញ​មាន​២​ច្បាប់​ប្លែក​គ្នា ៖

ក​) ១​ច្បាប់​មាន​១៩​ខ្សែ ដែល​ក្នុង​នោះ​ខ្សែ​១ និង​ខ្សែ​២​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​អរិយ​គា​ម​មណី​ហ៊ីង​។ ខ្សែ​៣​ដល់​ខ្សែ​១៩​ជា​ស្នា​ព្រះ​ហស្ត​លោកគ្រូ​ញាណ​ត្ថេ​រ​សឹង​មាន​សេចក្តី​ក្នុង​ខ្សែ​៣​បញ្ជាក់​ស្រាប់ ។

ខ​) ១​ច្បាប់​ទៀត​មាន​១៦​ខ្សែ ។ ច្បាប់​នេះ​សុទ្ធតែ​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អរិយ​គា​ម​មណី ហ៊ីង ទាំងអស់ លោក​និពន្ធ​ក្នុង​ព​.​ស​២៣៩៩ ម​.​ស​១៧៧៨ ច​.​ស​.១២១៨ ត្រូវ​នឹង​គ​.​ស​.១៨៥៦ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ដួង​។

ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ចាត់​ឱ្យ​ចម្លង​រឿង​ព្រះ​ជិនវង្ស​នេះ​ចេញពី​ច្បាប់​មាន​១៦​ខ្សែ ជា​ស្នា​ព្រ​ហស្ត​សុទ្ធ​របស់​ព្រះ​អរិយ​គា​ម​មណី ហ៊ីង ដែល​មាន​តម្កល់​ក្នុង​បណ្ណាល័យ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ហ្មត់ចត់​ចាត់ការ​បោះពុម្ព ។

អារម្ភកថា​នៃ​រឿង​ព្រះ​ជិនវង្ស ដែល​ពុទ្ធ​សាសន​បណ្ឌិត្យ​បោះ​ពុទ្ធ បាន​អះអាង​ថា «​ការ​ចម្លង និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​នេះ​យើង​បាន​ទុក​រឿង និង​ពាក្យ​ក្នុង​ផ្ទៃរឿង​ឱ្យ​នៅ​តាម​ច្បាប់​ដើម​ទាំងស្រុង​ឥត​មាន​កែប្រែ​ទេ គ្រាន់តែ​សម្រួល​ពាក្យ​ខ្លះ ដែល​យល់​ច្បាស់​ថា ជា​ការ​ចម្លង ត​ៗ​គ្នា​ជា​ច្រើន​តំណ​មក​ហើយ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ដំណើរ​កាព្យ​របស់​អ្នកនិពន្ធ និង​គ្រាន់តែ​ប្រើ​អក្ខរាវិរុទ្ធ​នា​សម័យ​បច្ចុប្បន្ន​ប៉ុណ្ណោះ​» ។

សៀវភៅ «​មាលី​បទ​អក្សរសិល្ប​ខ្មែរ​សតវត្ស​ទី​១៩» របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី បាន​អះអាង​ថា «​ច្បាប់​ដែល​ពុទ្ធ​សាសន​បណ្ឌិត្យ​យក​មក​បោះពុម្ព​នេះ​មាន​តម្កល់​នៅ​បណ្ណាល័យ​សាលា​បារាំង​ចុង​បូព៌ ា​ប្រទេស​១​ច្បាប់ ដាក់​ចំណងជើង​ថា «​ជិនវង្ស​» មាន​១៦​ខ្សែ​ដូច​គ្នា និពន្ធ​ដោយ​ព្រះ​អរិយ​គា​ម​មណី​ហ៊ីង នៅ​ពុទ្ធសករាជ​២៣៩៩ (​គ​.​ស ១៨៥៦) ចុះ​លេខ​បញ្ជី​៤៥» ៕