ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​ឈ្លាន​ពាន​កំពុង​រង​ការ​ស្តី​បន្ទោស​ជា​អន្តរ​ជាតិ ជុំ​វិញ​ការ​បា.ញ់​ផ្លោង​គ្រាប់​បែក​ចង្កោម​​ចូល​កម្ពុជា

12 ឆ្នាំ មុន

បើ​ទោះ​ជា​ក្រុម​យោធា​កំពូលៗ​ និង​មន្ត្រី​ការ​បរទេស​ថៃ​បាន​ខំ​ចេញ​មុខ​មក​បដិ​សេធ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ប្រឆាំង​នឹង​កម្ពុជា​ក្នុង​អំឡុង​ពេល​ផ្ទុះ​សង្គ្រាម​កាល​ពី​ដើម​ខែ​កុម្ភៈ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ក៏​ដោយ​ តែ​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​រួច​ទៅ​ហើយ​។ លោក Sihasak Phuangketkeow អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​បាន​សារភាព​នៅ​ក្នុង​សន្និសីទ​អង្គ​ការ

បើ​ទោះ​ជា​ក្រុម​យោធា​កំពូលៗ​ និង​មន្ត្រី​ការ​បរទេស​ថៃ​បាន​ខំ​ចេញ​មុខ​មក​បដិ​សេធ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ប្រឆាំង​នឹង​កម្ពុជា​ក្នុង​អំឡុង​ពេល​ផ្ទុះ​សង្គ្រាម​កាល​ពី​ដើម​ខែ​កុម្ភៈ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ក៏​ដោយ​ តែ​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​រួច​ទៅ​ហើយ​។ លោក Sihasak Phuangketkeow អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​បាន​សារភាព​នៅ​ក្នុង​សន្និសីទ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្រុង​ហ្សឺ​ណែវ​ស្តី​ពី​ការ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម កាល​ពី​សប្តាហ៍​មុន​ថា ប្រទេស​ថៃ​ពិត​ជា​បាន​បាញ់​គ្រាប់​បែក​ចង្កោម​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ប្រាកដ​មែន​។ លោក​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា របាយ​ការណ៍​ដែល​បញ្ជាក់​អះ​អាង​ដោយ​អាជ្ញា​ធរ​កម្ពុជា​ស្តី​ពី​បញ្ហា​នេះ​គឺ​ជា​ការ​ពិត​។ នេះ​​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ Cambodia Campaign to Ban Landmines and  Cluster Munitions កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១១ កន្លង​ទៅ​។

ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ មជ្ឈ​មណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​រក​ឃើញ​ថា ក្រុម​ទាហាន​​ឈ្លាន​ពាន​ថៃ​បាន​បាញ់​ផ្លោង​គ្រាប់​១៥៥​មិល្លី​ម៉ែត្រ​ដែល​ផ្ទុក​ទៅ​ដោយ​គ្រាប់​បែក​ចង្កោម​ប្រភេទ​ M42/M46 និង M85ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា​ពី​៥​ទៅ​១០​គីឡូ​ម៉េត្រ​ត្រង់​ចំណុច​ស្វា​យ​ជ្រំ​ និង​ជាំ​សាងាំ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​។

ដើម្បី​បញ្ជាក់​ការ​ពិត​ក្នុង​រឿង​នេះ​ឱ្យ​កាន់​តែ​ច្បាស់​នោះ​អង្គការ​សម្ព័ន្ធ​អន្តរ​ជាតិ​ប្រឆាំង​គ្រាប់​បែក​ចង្កោម​ (Cluster Munitions Coalition)​ឬ CMC ដែល​ជា​អង្គ​ការ​សង្គម​ស៊ីវិល​បញ្ឈប់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ប្រឆាំង​មនុស្ស​ជាតិ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី ​សប្តាហ៍​មុន​របស់​ខ្លួន​ថា គេ​បាន​បើក​ការ​អង្កេត​ចំនួន​ពិរ​លើក​ គឺ​ម្តង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ និង​ម្តង​ទៀត​ចន្លោះ​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​២ ខែ​មេសា​។ អង្គការ​នេះ​បាន​រក​ឃើញ​ថា ថៃ​ពិត​ជា​បាន​បាញ់​អាវុធ​នេះ​(គ្រាប់​បែក​ចង្កោម​) ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ក្នុង​អំឡុង​ពេល​វាយប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី​៤​ដល់​ទី​៧ ខែ​កុម្ភៈ​យ៉ាង​ជាក់​ច្បាស់​។

សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​រក​ឃើញ​ថា មាន​គ្រាប់​បែក​តូចៗ​ និង​សំណល់​បំណែក​តូចៗ​នៃ​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ និង​ភូមិ​សែន​ជ័យ​ក្នុង​ប្រទេស​កម្ពុជា​។ ដូន​ជី Denise Coghlan អ្នក​ដឹក​នាំ​អង្គការ​ប្រឆាំង​នឹង​គ្រាប់​បែក​ចង្កោម​​នៅ​កម្ពុជា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គ្រាប់​បែក​ចង្កោម​នេះ​បាន​ឆក់​យក​ជីវិត​នគរ​បាល​កម្ពុជា​ពីរ​រូប និង​មនុស្ស​៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ខណៈ​ពេល​ដែល​នគរ​បាល​ម្នាក់​បាន​រើស​យក​មក​កាន់​ក្នុង​ដៃ​។ ជាង​នេះ​ទៅ​ទៀត​​លោក​ស្រី Laura Chesseman នាយិកា​អង្គ​ការ​សម្ព័ន្ធ​អន្តរ​ជាតិ​ប្រឆាំង​គ្រាប់​បែក​ចង្កោម​ដែល​មាន​មូល​ដ្ឋាន​នៅ ប្រទេស​អង់​គ្លេស​បាន​ឆ្លើយ​តប​តាម​សារ​អេឡិច​ត្រូនិក​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ថា «យើង​មាន​ភស្តុ​តាង​ច្បាស់​លាស់​ពី​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​របស់​ថៃ និង​បញ្ជាក់​ដោយ​ស្ថាន​បេសកកម្ម​របស់​ថៃ​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​ពី​ប្រភេទ​អាវុធ​ដែល​ថៃ​បាន​ប្រើ​ប្រាស់​។ ដូច្នេះ​យើង​ចែក​រំលែក​ព័ត៌​មាន​នេះ​ជា​សាធារណៈ​»។

ជាមួយ​នឹង​សក្ខី​កម្ម​ ដែល​អាជ្ញា​ធរ​កម្ពុជា​បាន​ជូន​ដំណឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​របស់​ថៃ​ដែល​បាន​វាយ​ប្រហារ​មក​លើ​ប្រទេសកម្ពុជា​នោះ​ ពិត​ជា​ធ្វើ​ឱ្យ​សាធារណ​មតិ​​អន្តរ​ជាតិ​ទទួល​ស្គាល់​ថា អ្វី​ដែល​កម្ពុជា​លើក​ឡើង​ គឺជា​រឿង​ត្រឹម​ត្រូវ​ព្រោះ​ថា គ្រាប់​បែក​ចង្កោម​គឺ​ជា​អាវុធ​មួយ​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជីវិត​មនុស្ស​ទូ​ទៅ​ក្នុង​លោក​។ ម្យ៉ាង​វិញ​ទៀត​ ការ​បាញ់​ផ្លោង​គ្រាប់​បែក​ចង្កោម​របស់​​យោធា​ថៃ​មក​លើ​ជន​ស៊ី​វិល​កម្ពុជា​ក្នុង​ពេល​វាយ​ប្រយុទ្ធ​គ្នា​នេះ គឺ​ជា​ការ​រំលោភ​ទាំង​ស្រុង​ទៅ​លើ​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​​ការ​ប្រើ​ប្រាស់​​គ្រាប់​បែក​ចង្កោម​ដែល​បច្ចុប្បន្ន​ប្រទេស​ចំនួន​១០៨ ហើយ​បាន​ព្រម​ព្រៀង​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ ដែល​ក្នុង​នោះ​ប្រទេស​​ចំនួន​៥៦​បាន​ផ្តល់​សច្ចា​ប័ន​រួច​ហើយ​។ ចំណែក​ឯ​ប្រទេស​ចំនួន​៥២​​​ផ្សេង​ទៀត​មិន​ទាន់​បាន​ផ្តល់​សច្ចា​ប័ន​នៅ​ឡើយ​។

ជាមួយ​នឹង​ទម្ងន់​នៃ​ភស្តុ​តាង​ដែល​មាន​លក្ខណៈ​លើស​លប់​ពិបាក​នឹង​ធ្វើ​ឱ្យ​ថៃ​រក​លេស​ដោះ​សាបាន​នោះ​ទើប​ធ្វើ​ឱ្យ​លោក Sihasak Phuangketkeow អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឆឹ្លើយ​សារភាព​យ៉ាង​អាម៉ាស់​ក្នុង​សន្និ​សីទ​​​ក្រុង​ហ្សឺ​ណែវ​។​ ពេល​នោះ​​ហើយ​ដែល​ថៃ​បាន​រង​នូវ​ការរិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​អន្តរ​ជាតិ​ ពី​ព្រោះ​ថៃ​គឺ​ជា​ប្រទេស​ទី​១​ហើយ​ដែល​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នៅ​លើ​ពិភព​លោក​ចាប់​តាំង​ពី​អនុ​សញ្ញា​ស្តី​ពី​ការ​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ បាន​ចូល​ជា​ធរមាន​ និង​បាន​ក្លាយ​ជា​ច្បាប់​អន្តរ​ជាតិ​មក​នោះ​។

លោកស្រី​ Laura Chesseman នាយិកា​អង្គ​ការ​សម្ព័ន្ធ​អន្តរ​ជាតិ​ប្រឆាំង​គ្រាប់​បែក​ចង្កោម​​ក៏​បាន​រិះ​គន់​ខ្លាំង​ៗ​ដល់​ប្រទេស​ថៃ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខាង​លើ​ថា វា​ជា​រឿង​ដ៏​រន្ធត់​ ដែល​ប្រទេស​មួយ​បាន​ងាក​ទៅ​រក​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ បន្ទាប់​ពី​សហ​គមន៍​អន្តរ​ជាតិ​បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​បែប​នេះ​។ ប្រទេស​ថៃ​ក៏​ជា​ប្រទេស​ដែល​ដាក់​បម្រាម​លើ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ប្រឆាំង​មនុស្ស​ដែ​រ​ ​តែ​ប្រទេស​ថៃ​គ្មាន​សម្បជញ្ញៈ​ទាល់​តែ​សោះ​ ដែល​ខ្លួន​បាន​ប្រើ​ប្រាស់​អាវុធ​ដែល​គេ​ហាម​ឃាត់​នេះ​ដើម្បី​សម្លាប់​ និង​ធ្វើ​ឱ្យ​ជន​ស៊ីវិល​រង​របួស​ដោយ​មិន​រើស​មុខ​។​

ទាំង​នេះ​គឺ​ជា​ការ​សំពង​ចំៗ​ចំពោះ​មេ​ដឹក​នាំ​ល្មោភ​សង្គ្រាម​​ថៃ​បច្ចុប្បន្ន​ដែល​មិន​បាន​គោរព​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​ក្នុង​នាម​ខ្លួន​ក៏​ជា​ប្រទេស​ធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ដែរ​នោះ​។ អំពើ​​​ដែល​ធ្វើ​នឹង​ដៃ​រួច​លុប​នឹង​ជើង​ដែល​ក្រុម​មេ​ដឹក​នាំ​កំពូលៗ​ថៃ​មួយ​ក្រុម​តូច​បាន​និង​កំពុង​បន្ត​ធ្វើ​បច្ចុប្បន្ន​នេះ​ពិត​ជា​ធ្វើ​ឱ្យ​អន្តរ​ជាតិ​ទូ​ទៅ​ស្គាល់​យ៉ាង​ច្បាស់​នូវ​ពុត​ត្បុត​អាក្រក់​របស់​ថ្នាក់​ដឹក​នាំ​ល្មោភ​សង្គ្រាម​ក្នុង​សតវ​ត្ស​ទី​២១​អាប់​ភី​ស៊ីត វេ​ចា​ជីវ៉ា កាស៊ីត​ ភីរម្យ​ និង​ប្រាវិត​ វង្ស​សុវណ្ណ ដែល​យោល​យោគ​តាម​ខ្សែ​ញាក់​របស់​រដ្ឋា​ភិ​បាល​​ក្រុង​បាង​កក​សព្វ​ថ្ងៃ​។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ក្រសួង​ការ​ប្រទេស​ថៃ​ក៏​បាន​ព្យាយាម​បំភ្លៃ​ការ​ពិត​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួន​ថា គ្រាប់​បែក​ប្រភេទ​DPICM ដែល​កង​ទ័ព​ថៃ​បាន​បាញ់​ប្រហារ​មក​លើ​កង​ទ័ព​កម្ពុជា​នោះ​មិន​មែន​ជា​គ្រាប់​បែក​ចង្កោម​ទេ​។ ប៉ុន្តែ​ការ​ភូត​កុហក​បែប​ស្ទើរ​ភ្លើង​នេះ​ត្រូវ​បាន​លោក​ស្រី Laura Chessemen នាយិកា​អង្គការ​សម្ព័ន្ធ​អន្តរ​ជាតិ​ប្រឆាំង​គ្រាប់​បែក​ចង្កោម​បាន​វាយ​សំពង​ជា​ថ្មី​ទៀត​ថា ថៃ​កំពុង​តែ​កកូ​រ​ទឹក​ឱ្យ​ល្អក់​ជុំ​វិញ​អត្ថ​ន័យ​នៃ​គ្រាប់​បែក​ចង្កោម​ ហើយ​លោក​ស្រី​ក៏​បាន​ព្រមាន​ទៅ​ប្រទេស​ថៃ​ជា​ថ្មី​ឱ្យ​បាន​ច្បាស់​ថា គ្រាប់​បែក​ដែលថៃ​បាន​ប្រើ​ប្រាស់​មក​លើ​កង​ទ័ព​កម្ពុជា​នោះ គឺ​ជា​គំរូ​ដើម​នៃ​គ្រាប់​បែក​ចង្កោម​យ៉ាង​ពិត​ប្រាកដ ៕

        (ខេមរា ខេមរៈ)