ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ទារក​ម្នាក់​ដ៏​អ​ភ័​ព្វ ត្រូវ​ឪពុក​ម្ដាយ​យក​ទៅ​ប្លុង​ចោល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទារក​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ដោយនៅ​ក្នុង​ដី​ឡូត៍​រោងចក្រ​ទំនេរ​មួយ​កន្លែង​ដែល​សង្ស័យ​ត្រូវ​បាន ឪពុក​ម្ដាយ​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ

រាជធានី​ភ្នំពេញ ៖ ទារក​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ដោយនៅ​ក្នុង​ដី​ឡូត៍​រោងចក្រ​ទំនេរ​មួយ​កន្លែង​ដែល​សង្ស័យ​ត្រូវ​បាន ឪពុក​ម្ដាយ​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ ក្នុង​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ហើយ​ក៏​ត្រូវ​បាន​ស្ត្រី​ម្នាក់ សុំ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូនបង្កើត​របស់​ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​ដី​ឡូត៍​រោងចក្រ​ទំនេរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ទារក​នោះ ទើបនឹង​កើត​ចេញ​មក​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​មាន​អវៈយវៈ​គ្រប់គ្រាន់ ប៉ុន្តែ​មាន​សុខភាព​មិនសូវ​ល្អ​នោះ​ទេ​។ ប៉ុន្តែ​ត្រូវ​បាន​គេ​យក​ទៅ​ប្លុង​ចោល នៅ​ក្នុង​ដី​ឡូត៍​រោងចក្រ​ទំនេរ​ខាងលើ ដោយ​រុំ​កន្សែង​ដាក់​នៅ​ក្នុង​កាបូបយួរ​មួយ ដែល​សង្ស័យ​ថា អ្នក​យក​ទៅ​ប្លុង​ចោល​នោះ​គឺជា ឪពុក​ម្ដាយ​របស់​គេ​។ ម្យ៉ាងទៀត​ប្រសិនបើ​មិន​មាន​អ្នក​ប្រទះ​ឃើញ​ទាន់​ពេលវេលា​ទេ​នោះ ទារក​នោះ​អាច​នឹង​ស្លាប់​បាត់​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា រោងចក្រ​នោះ​ទំនេរ​គ្មាន​មនុស្ស​ធ្វើការ​នោះ​ទេ ហើយ​ការ​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ​គឺជា​ចេតនា​មួយ ធ្វើ​ឲ្យ​ទារក​នោះ​ស្លាប់​តែ​ម្ដង ប៉ុន្តែ​ចាត់ទុកជា​សំណាង​ដែរ ព្រោះ​នៅ​ក្នុង​ខណៈនោះ ត្រូវ​បាន​អ្នក​ចូល​ទៅ​បត់ជើង ឮ​សំឡេង​ស្រែកយំ​បាន​ចូល​ទៅ​មើល​ក៏ ប្រទះ​ឃើញ​ទាន់ ។ ក្រោយមក​គេ​បាន​ហៅ​រថយន្ត​ពេទ្យ​ដឹក​ទៅ​កាន់ មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​។ ខណៈនោះ​ក៏​មាន​ស្ត្រី​ម្នាក់​បាន​សុំ​យក​ទៅ​ចិញ្ចឹម និង​បាន​សុំ​ឲ្យ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ នៅ​ឯ​មន្ទីរពេទ្យ កុមារ​ជាតិ​វិញ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា ឪពុក​ម្ដាយ​ទារក​នោះ ជា​អ្នក​ណា​នោះ​ឡើយ ដែល​គ្មាន​ចិត្ត​គ្មាន​ថ្លើម​គ្មាន​បេះដូង ដាច់​ចិត្ត​យក​កូន​គួរ​ឲ្យ​ស្រលាញ់ និង​ជាទី​ស្រលាញ់​របស់​ខ្លួន​ទៅ​បោះចោល​បែប​នេះ​។ ពួក​គាត់​មានការ​សង្ស័យ​ថា ឪពុក​ម្ដាយ​ទារក​នោះ​មិនមែន​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា សង្ស័យ​ថា ពួក​គេ​ស្រលាញ់​គ្នា​ដោយ​លួចលាក់ ហើយ​នៅ​ពេល​ដែល ខាង​ស្រី​មាន​ផ្ទៃពោះ ត្រូវ​ខាង​ប្រុស​បោះបង់​ចោល ដោយ​ខ្លាច​ខ្មាស​គេ និង​ខ្លាច​ឪពុក​ម្ដាយ​ដឹង ទើប​នៅ​ពេល​កូន​កើតមក​ក៏​យក​ទៅ​បោះចោល​បែប​នេះ​តែ​ម្ដង​៕