ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប៉ិច បូ​ឡែ​ន លើកទឹកចិត្ត​សិស្ស​ជ្រើស​រើសមុខ​វិជ្ជា​សិក្សា​អោយ​សម​នឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ ក្រុមហ៊ុន Westline Education Group ដែល​ជា​ក្រុមហ៊ុន​ផ្តោត​លើ​ការ​សិក្សា ថ្លែង​នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​បញ្ចប់​ការ​សិក្សា​ថ្នាក់មធ្យមសិក្សា​បឋម​ភូមិ

រាជធានី​ភ្នំពេញ ៖ លោក​ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ ក្រុមហ៊ុន Westline Education Group ដែល​ជា​ក្រុមហ៊ុន​ផ្តោត​លើ​ការ​សិក្សា ថ្លែង​នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​បញ្ចប់​ការ​សិក្សា​ថ្នាក់មធ្យមសិក្សា​បឋម​ភូមិ និង​ទុតិយភូមិ​កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ថា ក្នុង​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍ ដូច​ជា​កម្ពុជា​យើង​នេះ សិស្ស​និស្សិត​ដែល​ទើប​ប្រលង​ជាប់​បាក់​ឌុ​ប និង​ត្រៀម​ចូល​សាកលវិទ្យាល័យ​គួរ​គិត និង​ស្វែង​រកមុខ​វិជ្ជា​ណា​ដែល​អាច​មាន​ទីផ្សារ​ទូលាយ ។

លោក​បានអោយ​ដឹង​ថា ជា​ទូទៅ​មាតាបិតា និង​សិស្សានុសិស្ស​ហាក់ដូចជា​មិនសូវ​អើពើ និង​យកចិត្តទុកដាក់​ជ្រើស​រើសមុខ​វិជ្ជា ឬ​សាលា​សម្រាប់​បន្ត​ការ​សិក្សា​បន្ទាប់​ពី​ប្រលង​ចប់​បាក់​ឌុ​ប ។ តាម​ពិត​ទៅ​ការ​ជ្រើសរើស មុខ​វិជ្ជា​សម្រាប់​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា មិនមែន​ទាល់តែ​ដល់​ថ្នាក់​ទី​១២​ហើយ​ទើប​ជ្រើសរើស​នោះ​ទេ ឬ​ក៏​ចាំ​ចប់​បាក់​ឌុ​ប​ចាំ​ជ្រើសរើស​ដែរ សិស្សានុសិស្ស ក៏​ដូច​ជា​មាតាបិតា គួរ​ស្ទង់ចិត្ត​កូន ឬ​កូន​ៗ​ត្រូវ​សម្រេច​ដោយ​ខ្លួនឯង​ថា តើ​ត្រូវ​រៀន​នៅ​ថ្នាក់ឧត្តម​សិក្សា​តាំងពី​ថ្នាក់​ទី​១០ ឬ​១១​មក​ម្ល៉េះ ។ បើ​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏​បាន​កំណត់​មុខ​វិជ្ជា​សម្រាប់​សិស្ស​ជ្រើសរើស​ផង​ដែរ នៅ​ពេល​ដែល​ពួក​គាត់​ចូល​ថ្នាក់​ទុតិយភូមិ ឬ​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២ ។

លោក​បន្ត​ថា មាតាបិតា​អាច​សាកសួរ​កូន​ថា គាត់​ចង់​រៀន​អី​បន្ទាប់​ពី​ចប់​បាក់​ឌុ​ប ហើយ​ឧទាហរណ៍​ថា បើ​គាត់​ចង់​រៀន​វិស្វករ ដូចនេះ​កូន​ត្រូវ​រៀន​អី​អោយ​ត្រូវ​នឹង​មុខ​ជំនាញ​ហ្នឹង ហើយ​មិនមែន​ចាំ​ទាល់តែ​ដល់​ថ្នាក់​ទី​១២ ទើប​ខំរៀន​នោះ សិស្ស​អាច​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួនឯង​តាំងពី​ថ្នាក់​ទី​១០ ថ្នាក់​ទី​១១ មក​អោយ​ហើយ ដើម្បី​អោយ​មាន​មូលដ្ឋាន​គ្រឹះ​កាន់តែ​ខ្លាំង ។

លោក​បន្ថែម​ថា សិស្សានុសិស្ស​ទាំងអស់​គួរតែ​សំលឹង​មើល​ជំនាញ​ណា​ដែល​កំពុង​ត្រូវការ​ជាមួយនឹង​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​យើង ដែល​ជា​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍ តែបើ​តាម​យោបល់​របស់​លោក​ក្នុង​ស្ថានភាព​នេះ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិតជា​មាន​សារសំខាន់ និង​ជា​មុខ​វិជ្ជា​មួយ​ដែល​ខ្លាំង​សម្រាប់​សិស្សានុសិស្ស​ដែល​ត្រូវ​ចាប់​យក និង​ខិតខំ​ប្រឹងប្រែង​អោយ​បាន​ខ្លាំង​ឡើង ។ លោក​ថា​៖ «​កាលពីមុន​សាលា​វេ​ស្ទ​ន៍​ឡាញ​បាន​បែងចែក​មុខ​វិជ្ជា​ជា​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម តែ​ក្រោយមក​យើង​ក៏​បាន​បិទ​ចោល​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​អោយ​សិស្ស​ប្រឹងប្រែង​ទាំងអស់​វិញ និង​ត្រូវ​ផ្ដោត​ទៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ ហើយ​សិស្ស​ត្រូវ​រៀន​គណិត រូប គីមី ជីវៈ និង​មុខ​វិទ្យា​ផ្សេង​ទៀត​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​របស់​សាលា​អន្តរជាតិ​វេ​ស្ទ​ន៍​ឡាញ មាន​សិស្ស​សរុប​ទាំងអស់​ទាំង ថ្នាក់មធ្យមសិក្សា​បឋម​ភូមិ ( ឌី​ប្លូ​ម ) និង​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប ) មាន​ចំនួន​ប្រមាណ​៤០០​នាក់​ទូ​ទាំង​សាខា​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ៕