ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ជំងឺ​សិរមាន់​លើ​ប្រដាប់បន្តពូជ​របស់​ស្ត្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត​ថាវ សុ​ថា​វី គ្រូពេទ្យ​ឯកទេស​ជំងឺ​សើ​ស្បែក និង​កាមរោគ​នៃ​មន្ទីរពេទ្យ​កាល់​មែ​៉​ត បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ដើម​ទស​វត្ស​ទី​៨០ ជំងឺ​សិរមាន់​នៅ​លើ​ប្រដាប់បន្តពូជ

រាជធានី​ភ្នំពេញ ៖  លោកស្រី​វេជ្ជបណ្ឌិត​ថាវ សុ​ថា​វី គ្រូពេទ្យ​ឯកទេស​ជំងឺ​សើ​ស្បែក និង​កាមរោគ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ដើម​ទស​វត្ស​ទី​៨០ ជំងឺ​សិរមាន់​នៅ​លើ​ប្រដាប់បន្តពូជ ត្រូវ​បាន​គេ​ចាត់​ទុក​ថា មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មហារីក​ទេ តែ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​ជំងឺ​កាមរោគ​ដទៃ​ទៀត ។ នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​បាន​រក​ឃើញ​ថា ជំងឺ​សិរមាន់​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​មហារីក​បាន ដែល​នាំ​មក​នូវ​ភាព​ខ្វល់ខ្វាយ​មួយ​ចំនួន ។ ជំងឺ​នេះ​វា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មហារីក​ស្បូន និង​មហារីក​ប្រដាប់​ភេទ ។ ខាងក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​នៃ​រោគ​សិរមាន់ ៖

ក​-​រូបរាង​របស់​ជំងឺ​សិរមាន់​ដែល​មាននៅ​លើ​ប្រដាប់បន្តពូជ ៖ ជំងឺ​សិរមាន់​នៅ​តាម​ផ្លូវ​បន្ត​ពូជ អាច​មាន​រូប​រាងដូចជា​ជំងឺ​សិរមាន់​នៅ​លើ​កន្លែង​ផ្សេង​ទៀត​នៃ​ខ្លួនប្រាណ​មនុស្ស​ដែរ ។ វា​គឺជា​ដុំ​សាច់​មួយ​ដែល​មាន​ទំហំ​តូច​ប៉ុន​ម្រាមដៃ និង​មានការ​លយ​ចេញ​ជា​បន្លា​ៗ ។ វា​អាច​មាន​រាង​តូច​មូល ផ្ទៃ​ខាងលើ​សំប៉ែត ហើយ​គគ្រាត ។ នៅ​ពេល​ខ្លះ វា​អាច​រូ​ម​បញ្ចូល​ជា​ក្រុម​តូច​ៗ ដែល​មាន​ផ្ទៃ​រលីង ។ ជំងឺ​សិរមាន់ អាច​រីក​ដុះដាល និង​មើលទៅ​ហាក់ដូចជា​តូច ហើយ​មាន​ទម្រង់​ផ្កា​ស្ពៃ​តូច​ៗ ដែល​មាន​ពណ៌​ដូច​ជា​ពណ៌​ស្បែក​របស់​មនុស្ស​យើង ។ នៅ​ពេល​ដែល​គេ​រក​ឃើញ​នៅ​លើ ឬ​ក៏​ជិត​ភ្នា​សមុយ​គីស (Mucous membranes) ដូច​ជា​នៅ​ក្នុង​ទ្វារមាស វា​អាច​ទន់​ហើយ​ឡើង​ស ប៉ុន្តែ​វា​អាច​រីក​ធំធាត់​ដូច​ជា​សាច់​របស់​មនុស្ស​ដែរ ។ វា​អាច​លេចឡើង​នៅ​គ្រប់​ទីកន្លែង​នៃ​ផ្លូវ​បន្ត​ពូជ និង​តំបន់​ជុំវិញ​គូថ​រួម​មាន លិង្គ ពងស្វាស ទ្វារមាស ក​ស្បូន ក្រលៀន ។​ល​។

ខ​-​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នៅ​លើ​ប្រដាប់បន្តពូជ ៖ វីរុស​ពក​អ​ញ្ច្រា​ញ​របស់​មនុស្ស (The Human Papilloma Virus) ឬ​HPV​នេះ អាច​បង្ក​ឲ្យ​មាន​ជំងឺ​សិរមាន់​នៅ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​ខ្លួន​មនុស្ស​យើង​ដែរ រួម​មាននៅ​ប្រអប់ដៃ ម្រាមដៃ និង​បាតជើង ។ ការ​ចម្លង HPV តាម​ផ្លូវ​បន្ត​ពូជ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “Condyloma Acuminate” ដែល​ត្រូវ​បាន​គេ​ជឿ​ជា​ទូទៅ និង​ជា​រួម​ថា វា​នឹង​ឆ្លង​តាម​ការ​រួម​សង្វាស ។

គ​-​ការ​ព្យាបាល​ជំងឺ​សិរមាន់​លើ​ប្រដាប់បន្តពូជ ៖ នៅ​លើ​ស្បែក និង​លើ​កន្លែង​ដែល​យើង​អាច​ប៉ះពាល់​បាន យើង​មាន​មធ្យោបាយ​សាមញ្ញ​ពីរ​យ៉ាង​ដើម្បី​ព្យាបាល​ជំងឺ​នេះ​ដោយ៖

– លាបថ្នាំ​តាម​វេជ្ជបញ្ជា
– ការ​ព្យាបាល​ដោយ​ចរន្តអគ្គិសនី (Electro-cautery) ឬ​កាំរស្មីឡាស៊ែរ
– ធ្វើការ​វះកាត់​ដើម្បី​យក​ដុំ​សាច់​នេះ​ចេញ គឺ​គេ​កម្រ​ធ្វើ​ណាស់
– ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​មក​ជួប​គ្រូពេទ្យ​ឯកទេស​។

ឃ​-​មូលហេតុ​ដែល​គេ​ចាំបាច់​ត្រូវ​ព្យាបាល​ជំងឺ​សិរមាន់​ឲ្យ​បាន​ឆាប់រហ័ស​ ៖ សារៈសំខាន់ គឺ​ផ្អែក​ទៅ​លើ​វត្តមាន​ជំងឺមហារីក​នៅ​លើ​អ្នកជំងឺ​ដែល​មាន​ជំងឺ​សិរមាន់​ពី​មុន​មក ជា​ពិសេស​មហារីក​មាត់ស្បូន ។

លោកស្រី​វេជ្ជបណ្ឌិត ថាវ សុ​ថា​វី បាន​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​សិរមាន់​នេះ​ត្រូវ​ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់​ពេល ហើយ​ការ​ពន្យារពេល​ក្នុង​ការ​ព្យាបាល អាច​បង្ក​ឲ្យ​មានការ​រាលដាល និង​ការ​រីក​ដុះដាល​ថែម​ទៀត​នៃ​ដុំ​សាច់ ដែល​ធ្វើ​ឲ្យ​ការ​ព្យាបាល​មាន​លក្ខណៈ​ខ្លាំងក្លា និង​ស្មុគស្មាញ​ថែម​ទៀត ។ ការ​ចម្លង​ដោយ​ការ​រួម​សង្វាស គឺជា​សញ្ញា​បារម្ភ​មួយ ដែល​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើការ​ព្យាបាល​ជំងឺ​សិរមាន់​ឲ្យ​បាន​ឆាប់រហ័ស ។

ង​-​វិធី​បង្ការ និង​តាមដាន​ជំងឺ​សិរមាន់ ៖ ការ​បង្ការ និង​តាមដាន​ជំងឺ​សិរមាន់​នៅ​ផ្លូវ​បន្ត​ពូជ​រួម​មាន​៖

-​វិធានការ​អនាម័យ​ ៖ លាង​នឹង​សាប៊ូ ហើយ​និង​ទឹក ។ ការ​ពិនិត្យ​ដោយ​ផ្ចិតផ្ចង់​នូវ​តំបន់​ដំបៅ​លើ​ប្រដាប់បន្តពូជ ដោយ​ធានា​ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ។

-​ចំពោះ​ដៃគូ​រួម​ភេទ​របស់​អ្នកជំងឺ ក៏​ត្រូវ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ផង​ដែរ ។ ស្រោមអនាម័យ​ដែល​ផ្តល់​ឲ្យ គឺ​វា​កំណត់​ក្នុង​ការ​ការពារ​ដូច​ជា HPV អាច​ប៉ះពាល់​ដល់​ស្បែក ឬ​ផ្ទៃ​នៃ​ភ្នា​សមុយ​គីស​ក៏​ដោយ ក៏​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ការពារ​ជំងឺ​នេះ​ដែរ ។

-​ចំពោះ​នារី​ពេញវ័យ ឬ​ស្ត្រី​ដែល​ធ្លាប់​ឆ្លងកាត់​ការ​រួម​ភេទ ត្រូវ​ចាក់​ថ្នាំ​បង្ការ ៕