ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី ដាក់​កំហិត​ដើរ​ចេញពី​តេ​ក្វា​ន់់​ដូ​ក្រោយ​រៀប​ការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុន​ចាកចេញ​ទៅប្រកួត​នៅ​អូ​ឡាំ​ពិ​ក កីឡាការិនី​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​នឹង​ប្រឹង​ប្រកួត​យក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ដាច់ខាត ដើម្បី​នាំ​យក​មក​វិញ​នូវ​មុខមាត់​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ផង

រាជធានី​ភ្នំពេញ ៖ មុន​ចាកចេញ​ទៅប្រកួត​នៅ​អូ​ឡាំ​ពិ​ក កីឡាការិនី​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​នឹង​ប្រឹង​ប្រកួត​យក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ដាច់ខាត ដើម្បី​នាំ​យក​មក​វិញ​នូវ​មុខមាត់​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ផង និង​ដើម្បី​ឱ្យ​នាង​សប្បាយចិត្តក្នុង​ការ​រៀបចំ​គូជីវិត​ដោយ​អារម្មណ៍​ជ្រះស្រឡះ​នោះ​ផង ។ នៅ​ក្រោយ​ការ​ប្រកួត​ចាញ់ នាង​ក៏​នៅ​តែ​រក្សា​ជំហរ​ភ្ជាប់ពាក្យ​ដើម្បី​បំពេញចិត្ត​គូស្នេហ៍​ផង​ដែរ ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ​នាង​បាន​បញ្ជាក់​ថា សុខចិត្ត​ពន្យារពេល​ភ្ជាប់ពាក្យ​នោះ​ហើយ ដោយសារ​តែ​ជង្គង់​ដែល​មាន​របួស​របស់​នាង​មាន​សភាព​រើ​ឡើង​វិញ ។ ក្នុង​នោះ​នាង​ក៏​ប្រកាស​ជំហរ​លាឈប់​ពី​តេ​ក្វា​ន់​ដូ​ទាំងស្រុង​ផង​ដែរ​នៅ​អំឡុង​៤​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​នាង​សម្រេចចិត្ត​មានគូស្រករ ។

ស៊ន សៀវ​ម៉ី បាន​អះអាង​ថា ប្រហែលជា​៤​ឆ្នាំ​ក្រោយ គឺ​បន្ទាប់​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ជា​ថ្មី​ម្ដងទៀត នាង​នឹង​សម្រេចចិត្ត​មាន​ប្ដី​មានកូន​មិន​ខុស​ពី​នារី​ភាគច្រើន​ដើម្បី​កសាង​គ្រួសារ ។ នាង​ថា គូស្នេហ៍​របស់​ខ្លួន​នឹង​កំណត់​រង់ចាំ​ឱ្យ​នាង​បញ្ចប់​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​៤​ឆ្នាំ​បន្ទាប់ ហើយ​នៅ​ក្នុង​ពេល​នោះ​គឺ​នាង​នឹង​ឈប់​ឱ្យ​ដាច់​តែ​ម្ដង​ពី​អាជីព​ជា​កីឡាការិនី​ផ្នែក​តេ​ក្វា​ន់​ដូ​។ នាង​ថា ខ្លួន​មិន​ចូល​ចិត្ត​ធ្វើ​ជា​អ្នក​បង្វឹក ឬ​បង្ហាត់​សិស្ស​នោះ​ទេ ទើប​នាង​គិត​ថា បើ​នាង​ឈប់​ធ្វើ​ជម្រើសជាតិ គឺ​ឈប់​តែ​ម្ដង​ពី​អាជីព​កីឡា​មួយ​នេះ។ នាង​លើក​ហេតុផល​ជា​ច្រើន​មក​បញ្ជាក់ថា វ័យ​នាង​ទម្រាំ​ដល់​៤​ឆ្នាំ​ទៀត ក៏​សម​ល្មម​នឹង​ផ្អាក​ការ​តស៊ូ​ហើយ​ក្នុង​ពេល​ដែល​នាង​មាន​ស្វាមី​ទៅ​ហើយ​នាង​ក៏​មិន​ចង់​ប្រកួត ឬ​ប្រឹង​បង្ហាត់សិស្ស​អី​ដែរ ។ កីឡាការិនី​វ័យ​២៣​រូប​នេះ​បន្ត​ថា​៖«​សម្រាប់​ខ្ញុំ​បើ​មាន​ប្ដី​គឺ​ខ្ញុំ​អត់​ចង់​នៅពាក់ព័ន្ធ​អី​នឹង​តេ​ក្វា​ន់​ដូ​ព្រោះ​ខ្ញុំ​អត់​ចូល​ចិត្ត​បង្ហាត់​សិស្ស​ដូច​បង​ៗ​ខ្ញុំ ។

សម្រាប់​ខ្ញុំ គឺ​ឱ្យ​តែ​ការ​ហើយ គឺ​ចប់​ហ្មង ត្រង់​នឹង​ហើយ​ដែល​ខ្ញុំ​សុំ​ឱ្យ​ចាស់ទុំ​លើក​គម្រោង​ភ្ជាប់ពាក្យ និង​រៀប​ការ​នៅ​៤​ឆ្នាំ​ទៀត ព្រោះ​ខ្ញុំ​អត់​ចង់​មាន​ប្ដី​ហើយ​នៅ​ប្រកួត​អី​ទេ តែ​មាន​ប្ដី​គឺ​ឈប់​ហើយ​!» ។ នេះ​ជា​ការ​លើក​ឡើង​មួយ​ថ្មី​ដែល​ធ្វើ​ឱ្យ​គេ​ដឹង​ថា រវាង​សុភមង្គល​គ្រួសារ និង​តេ​ក្វា​ន់​ដូ គឺ​ស្ថិត​នៅ​ម្ខាង​ម្នាក់​សម្រាប់​កីឡាការិនី​រូប​នេះ ។ ងាក​មក​បញ្ហា​របួស​ជើង​វិញ នាង​បាន​ប្រកាស​ថា ក៏​ជា​ក្ដី​បារម្ភ​មួយ​ដែល​នាំ​ឱ្យ​នាង​ពិបាក​សង្ឃឹម​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​៤​ឆ្នាំ​ខាង​មុខ ដែល​នាង​ចង់បាន​មេដាយ​យក​មក​ប្រគល់​ជូន​ជាតិ​នោះ​ផង​ដែរ ។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា ដោយសារ​តែ​ការ​ប្រកួត និង​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ​ទើប​បណ្ដាល​ឱ្យ​ជង្គង់​របស់​នាង​មាន​របួស ហើយ​បើ​ទោះជា​បាន​ព្យាបាល​ដល់​ក្រៅប្រទេស ក៏​បាន​ត្រឹមតែ​ទប់​កុំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​មុន ។ នាង​ថា ជង្គង់​ដែល​បាន​ធ្វើទុក្ខ​ចាប់ផ្ដើម​រើ​ឡើង បន្ទាប់​ពី​នាង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ខណៈ​ដែល​ក្នុង​ពេល​នេះ ស្ថានភាព​ធ្វើទុក្ខ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ។ នាង​និយាយ​ថា ជំងឺ​របស់​នាង​ភាគី​ខាង​ពេទ្យ​កូរ៉េ​បាន​តម្រូវ​ឱ្យ​នាង​វះកាត់ ប៉ុន្តែ​ខាង​ពេទ្យ​បញ្ជាក់​ថា បើ​នាង​ឆ្លងកាត់​ការ​វះ​គឺ​មិន​អាច​ដូច​ដើម​នោះ​ទេ ក្នុង​ពេល​អ្នក​ណា​ក៏​ដឹង​ថា ជង្គង់​របស់​នាង​មាន​សារសំខាន់​បំផុត​សម្រាប់ ការ​ប្រកួត​មួយ​លើក​ៗ ។ រំលឹក​កិច្ច​សម្ភាសន៍​នាគ្រា​មុន​នាង​និយាយ​ថា​៖«​ជង្គង់​ហ្នឹង​មាន​របួស​យូរហើយ ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​លេបថ្នាំ និង​លាបថ្នាំ​ព្យាបាល ឥឡូវ​នឹង​វា​ធ្វើទុក្ខ​មែនទែន ហើយ​បើ​ចង់​ជា​ទាល់តែ​វះកាត់ ហើយ​ខ្ញុំ​អត់​ចង់​វះ​ព្រោះ​វា​ប៉ះពាល់​ការ​ប្រកួត​ក្រោយ​ៗ​ទើប​ចេះ​តែ​ទ្រាំ​!» ។ នាង​ថា គ្រូបង្វឹក​ជា​ជនជាតិ​កូរ៉េ កំពុង​រក​មធ្យោបាយ​ពង្វៀង​នាង​ពី​ការ​វះកាត់ និង​កំពុង​ឱ្យ​នាង​ធ្វើ​ចលនា និង​ប្រើ​ថ្នាំ​ជាមួយ​គ្រូ​ជំនាញ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កុំឱ្យ​ការ​វះកាត់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្នែក​ជង្គង់​របស់​នាង​។ សៀវ​ម៉ី បញ្ជាក់​ថា រហូត​ដល់​ខែឧសភា ឆ្នាំ​២០១៧ ទើប​នាង​មានការ​ប្រកួត​ជា​ថ្មី​ម្ដងទៀត អ៊ីចឹង​ហើយ​ទើប​នាង​មានឱកាស​សម្រាក​ព្យាបាល​ជង្គង់​នៅ​ក្នុង​រយៈពេល​នេះ ។ ជាមួយនឹង​ការ​ធ្វើទុក្ខ​ជំងឺ​ចាស់​នេះ​ហើយ ទើប​នាង​សម្រេចចិត្ត​ពន្យារពេល​ភ្ជាប់ពាក្យ​ដោយ​មិន​ទាន់​កំណត់​នៅឡើយ ។

មក​ទល់​ពេល​នេះ ការ​ទម្លាយ​របស់​នាង​នៅ​តែ​ធ្វើ​ឱ្យ​មាន​ក្ដី​បារម្ភ​ពី​ស្រទាប់​មហាជន ជា​ពិសេស​ក្នុង​ពេល​ដែល​នាង​ស្រាប់តែ​ទម្លាយ​ឱ្យ​ដឹង​ពី​បញ្ហា​មុខរបួស និង​ឈាន​ដល់​ការ
ពន្យារពេល​ភ្ជាប់ពាក្យ ។ មានការ​លើក​ឡើង​ថា​សមត្ថភាព​ប្រកួត​របស់ ស៊ន សៀវ​ម៉ី នឹង​ធ្លាក់​ចុះ​ដោយសារ​តែ​នាង​មិន​ព្រម​វះកាត់​ឱ្យ​ជា​សះ​១០០​ភាគរយ ហើយ​បើ​នាង​សុខ​ចិត្ត​ទទួលយក​ការ​វះកាត់ តើ​នាង​មានការ​ប៉ះពាល់​ដល់​ការ​ប្រកួត​ឬ​យ៉ាងណា? ដោយឡែក​ចំពោះ​ស្នេហា បើ​ទោះជា​នាង​ប្រកាស​លើក​ពេល​រហូត​ដល់​៤​ឆ្នាំ​បន្ទាប់ ក៏​ទំនងជា​មិន​មាន​បញ្ហា​ប៉ះទង្គិច​រវាង​គ្នា​នោះ​ដែរ ដោយសារ​តែ​នាង​ប្រកាស​ថា​បុរស​នោះ ក៏​សម្រប​តាម​នាង​សម្រាប់​រឿង​មួយ​នេះ​ដែរ​៕