ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម ឌី​ម៉ា ចាប់ដៃ មាស ច័ន្ទ​មាន ឡើង​សង្វៀន​វាយ​ជាមួយ​កីឡាករ​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​២៥ កញ្ញា ខានស្អែក​នេះ ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​២៥ កញ្ញា ខានស្អែក​នេះ ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ ឃី​ម ឌី​ម៉ា និង​មាស ច័ន្ទ​មាន ដែល​សុទ្ធតែ​ជើង​ខ្លាំង​ត្រូវ​បាន​គេ​បើកផ្លូវ​ឱ្យ​ជួប​កីឡាករ​ថៃ  ដោយ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​សង្វៀន​មួយ​នេះ​កក្រើក​មិន​ខាន ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុនស្រា​បៀរ Black Cat និង​ស្ថិត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​ គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​រាត្រី​ថ្ងៃអាទិត្យ​ដែល​មាន​អ្នក​ទស្សនា​យ៉ាង​កកកុញ​ស្រាប់ ។ កីឡាករ​កម្ពុជា​២​រូប គឺ ឃី​ម ឌី​ម៉ា និង​មាស ច័ន្ទ​មាន នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃខានស្អែក ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ។ ក្នុង​នោះ​ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​សាក​កណ្ដាប់ដៃ​ជាមួយ​កីឡាករ​ថៃ​តាំងពី​មុន​មានការ​ផ្គូផ្គង​នោះ​ផង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមី​គាប​ខេត្តបន្ទាយមានជ័យ ឡើង​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ ខ្វាន់ អេក ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​យប់​ថ្ងៃអាទិត្យ​នោះ​។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង ។ កីឡាករ ឃី​ម ឌី​ម៉ា អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ Black Cat ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​ដោយ​វត្តមាន​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថ​ភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ បើ​ទោះជា​កីឡាករ​ថៃ​វ័យក្មេង ហើយ​មាន​សមត្ថ​ភាព​មិន​អាច​មើល​ស្រាល​ក្ដី ។ លោក​និយាយ​ថា សម្រាប់​គូ​នេះ កីឡាករ​ថៃ​ខ្លាំង ប៉ុន្តែ​មក​ពី​លោក​ទុកចិត្ត​លើ ឃី​ម ឌី​ម៉ា បើ​ទោះជា​មួយ​រយៈ​ចុង​ក្រោយ​គេ​ធ្លាក់ដៃ​បន្តិច​មែន ។ លោក​ថា កីឡាករ​ថៃ ខ្វាន់​អេក ធ្លាប់​ប្រកួត​៨៥​លើក ឈ្នះ​៦៣​លើក  ចាញ់​២០​លើក និង​ស្មើ​២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៨២​លើក ឈ្នះ​៦៨​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក​។

សម្រាប់​កីឡាករ មាស ច័ន្ទ​មាន លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ យ៉​ត ឌី​ឆា ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ បើ​ទោះជា​មាស ច័ន្ទ​មាន ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ហើយ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ដាច់​ឆ្ងាយ​បើ​ធៀប​ជាមួយ​កីឡាករ​ថៃ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦១​លើក ឈ្នះ​៤៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​១១២​លើក ឈ្នះ​៨៥​លើក និង​ចាញ់​២៧​លើក​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ​។