សារព័ត៌មានបរទេសពីក្រុងប៉េកាំងកាលពីថ្ងៃទី១៨ កញ្ញា ២០១៦ផ្សាយថា លោកវ៉ាង សុងភីង នាយករងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ទីបេឱ្យដឹងថា សណ្ឋាគារថ្មី «Artel» បានបើកនៅក្រុង Lulang ខេត្តលីនជឺ ភាគខាងកើតឆៀងខាងត្បូងតំបន់ទីបេ ។ សណ្ឋាគារនោះគ្រប់គ្រងដោយក្រុមហ៊ុន «Poly» ចំណាយទុនវិនិយោគចំនួន២៨០លានយន់ ឬប្រហែល៣០លានដុល្លារ ។
សណ្ឋាគារដែលមានបុគ្គលិកចំនួន៤០នាក់ ក្នុងនោះ១៥នាក់ ជាជនជាតិទីបេនោះ មានចំនួន១០៣បន្ទប់ ហើយក្នុងមួយយប់មានតម្លៃខ្ពស់ដល់ទៅ១០០០ដុល្លារឯណោះ ។
លោកវ៉ាង សុងភីង បញ្ជាក់ថា ផ្នែកមួយក្នុងចំណោមគោលបំណងនៃការសាងសង់សណ្ឋាគារនៅលើកំពូលភ្នំទីបេ គឺជាការទ្រទ្រង់ផ្នែកទេសចរណ៍នៅទូទាំងភូមិភាគនោះឱ្យមានការពេញនិយមកាន់តែខ្លាំងឡើង ខណៈក្នុងឆ្នាំនេះរដ្ឋាភិបាលក្រុងប៉េកាំងមានគោលដៅចង់ឱ្យមានភ្ញៀវទេសចរធ្វើទស្សនកិច្ចនៅទីបេ ចំនួន២៤លាននាក់ និង៣៥លាននាក់នៅឆ្នាំ២០២០ ។
ទីបេជាតំបន់គ្រប់គ្រងពិសេស ស្ថិតនៅភាគខាងលិចឆៀងខាងត្បូងប្រទេសចិន មានរហស្សនាមថាជា «ដំបូលផែនដី » ព្រោះស្ថិតនៅទីទួលខ្ពស់បំផុតនៃភ្នំហិមាល័យ ។ បច្ចុប្បន្នទីបេមានពលរដ្ឋប្រហែល៣លាននាក់ ឬប្រហែល៩០%ជាជនទីបេ និងមានជនជាតិហាន់ចូលទៅស្នាក់នៅ ។
រដ្ឋាភិបាលក្រុងប៉េកាំងអនុញ្ញាតឱ្យទីបេក្លាយជាតំបន់គ្រប់គ្រងដោយខ្លួនឯងតាំងពីឆ្នាំ១៩៥១មក ៕
ចែករំលែកព័តមាននេះ