«Reuters» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា បាតុភូត «រណ្តៅស្រុត» ដ៏ធំមួយនៅរោងចក្រផលិតជីក្បែរក្រុងថែមប៉ា រដ្ឋផ្លរីដាធ្វើឱ្យសារធាតុវិទ្យុសកម្មប្រហែល៩៨០លានលីត្រលេចធ្លាយទៅប្រភពទឹកក្នុងដីដែលពលរដ្ឋប្រើប្រាស់ ។ រណ្តៅស្រុតនោះមានអង្កត់ផ្ចិតប្រវែង១៣,៧ម៉ែត្រកើតឡើងនៅរោងចក្រផលិតជី Phosphate របស់ក្រុមហ៊ុន «Mosaic Co» បង្កឱ្យអាងស្តុកទឹកខូចខាត ។ ខាង «Mosaic» ឱ្យដឹងថា តាមទិន្នន័យពីប្រព័ន្ធត្រួតពិនិត្យរោងចក្រ «New Wales» ក្នុងទីក្រុងម៉ាល់ប៊ីរី រដ្ឋផ្លរីដាឃើញថា កម្រិតទឹកដែលខូចខាតនៅក្នុងអាងស្តុក «ហ្វូសហ្វូយីបសាំ» (Phosphogypsum) ដែលបញ្ចេញពីការផលិតជីមានការធ្លាក់ចុះចាប់តាំងពីកើតរណ្តៅស្រុតនៅថ្ងៃទី២៧ សីហា ២០១៦មក ។
លោកបេន ហ្វ្រែត អ្នកនាំពាក្យរបស់ក្រុមហ៊ុន «Mosaic» បញ្ជាក់កាលពីថ្ងៃទី១៦ កញ្ញា ថាក្រុមហ៊ុនបានរៀបរាប់ពីបញ្ហាដល់អង្គភាពដែលពាក់ព័ន្ធ ប៉ុន្តែមិនបានប្រកាសជាសាធារណៈឱ្យមហាជនដឹងទេ ។ ទោះជាយ៉ាងណាក្តីបានចុះផ្សាយតាមវេបសាយកាលពីថ្ងៃទី១៥ កញ្ញា ដោយបញ្ជាក់ថាមានទឹកឡូកឡំនឹងវិទ្យុសកម្មហូរនៅក្នុងដីក្នុងបរិមាណប្រហែលនឹងអាងទឹកអូឡាំពិកជាង៣០០អាង ។
លោកស្រី Jacqui Lopez នាយិកាមជ្ឈមណ្ឌលផ្នែកជីវសាស្ត្រនៅរដ្ឋផ្លរីដាបញ្ជាក់ថា សារធាតុពុលដូចជាអ៊ុយរ៉ានីញ៉ូម រ៉េឌ្យូម និងឧស្ម័នរ៉េដុន អាចរាតត្បាតទៅឆ្ងាយជាច្រើនគីឡូម៉ែត្រ ប្រសិនបើលេចធ្លាយចូលក្នុងស្រទាប់ថ្មវានឹងសុសសាយនៅរដ្ឋផ្លរីដារហូតដល់រដ្ឋជ័រជៀ ។
លោកស្រីដដែលបញ្ជាក់ថា «យើងមិនដឹងថាវានឹងផ្តល់ផលប៉ះពាល់បែបណាខ្លះក្នុងរយៈពេលយូរទេ! ប្រសិនបើខ្ញុំរស់នៅក្នុងតំបន់នោះ និងប្រើទឹកអណ្តូងខ្ញុំប្រហែលជាបារម្ភពីសុខភាពរបស់ខ្លួន» ។
ក្រុមហ៊ុន «Mosaic» បញ្ជាក់ថាតាមការត្រួតពិនិត្យពីគំរូទឹកអណ្តូងមិនប្រទះឃើញភាពប្រថុយប្រថាន ហើយខាងក្រុមហ៊ុនបានបូមទឹកចេញពីអណ្តូងដើម្បីកាត់បន្ថយបរិមាណការហូររបស់វា ៕
ចែករំលែកព័តមាននេះ