រាជធានីភ្នំពេញ ៖ យោងតាមព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានលើកឡើងថា ដោយសារមួយរយៈពេលកន្លងទៅនេះតម្លៃស្រូវនិងកសិផលរបស់ប្រជាពលរដ្ឋមិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសដទៃក៏មានការធ្លាក់ចុះផងដែរ ហើយជាពិសេសមួយរយៈពេលចុងក្រោយនេះ គឺតម្លៃស្រូវនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ។
សម្តេចបានលើកឡើងក្នុងបណ្តាញសង្គមថា៖ ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះកង្វល់របស់ប្រជាពលរដ្ឋ ។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំការប្រជុំរកដំណោះស្រាយលើបញ្ហានេះ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារ រួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ ។
សម្តេចតេជោបានបញ្ជាក់ថា នៅពេលបន្តិចទៀតនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើដំណោះស្រាយតម្លៃស្រូវដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ។ ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ ។ សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ