ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​ក្រុង​សែន​មនោ​រម្យ ត្រឹម​១៨​អង្សា​សេ ទៅ​២៣​អង្សា​សេ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ទៅ​ហើយ សីតុណ្ហភាព​នៅ​ក្រុង​សែន​មនោ​រម្យ បាន​ធ្លាក់​ចុះ​ចន្លោះ​ត្រឹម​១៨​អង្សា​សេ ទៅ​២៣​អង្សា​សេ ដោយ​មាន​លាយឡំ​ជាមួយ​ទឹកភ្លៀង

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ទៅ​ហើយ សីតុណ្ហភាព​នៅ​ក្រុង​សែន​មនោ​រម្យ បាន​ធ្លាក់​ចុះ​ចន្លោះ​ត្រឹម​១៨​អង្សា​សេ ទៅ​២៣​អង្សា​សេ ដោយ​មាន​លាយឡំ​ជាមួយ​ទឹកភ្លៀង និង​ផ្សែង​អ័ព្ទ​គួរ​ជាទី​មនោ​រម្យ​។ ការ​ធ្លាក់​ចុះ​នៅ​សីតុណ្ហភាព​ដ៏​ត្រជាក់​នេះ ក៏​បាន​ផ្តល់​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ សម្រាប់​អ្នក​ទេសចរណ៍​ក្នុងស្រុក ដែល​ចង់​ភ្លក្ស​រសជាតិ​នៃ​អាកាសធាតុ​ត្រជាក់ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះ​ទេ​។​

អាកាសធាតុ​នៅ​ទីរួមខេត្ត​មណ្ឌលគិរី ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពី​ក្តៅ​ទៅ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់ តាំងពី​ចុង​ស​ប្តា​ហ៍​ទី​១​នៃ​ខែកញ្ញា និង​អាច​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៨ កញ្ញា នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ កន្លង​ទៅ​នេះ​។ ចំណែក​នៅ​តាម​បណ្តា​ស្រុក​ទាំង​៤​របស់​ខេត្តមណ្ឌលគិរី ក៏​ទទួល​បាន​ទឹកភ្លៀង​ជា​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​ប្រជា​កសិករ​បាន​សប្បាយ​រីករាយ​ជា​ខ្លាំង​ផង​ដែរ  ព្រោះតែ​ដំណាំ​របស់​ពួក​គាត់​កំពុង​ត្រូវការ​ទឹក​ស្រោចស្រព ខណៈ​អាកាសធាតុ​រាំង​ស្ងួត​ក៏​បាន​អូស​បន្លាយពេល​ជា​យូរ​មក​ហើយ​ដែរ​។

ទន្ទឹម​នឹង​ភាព​សប្បាយ​រីករាយ​របស់​ភ្ញៀវ​ទេសចរណ៍ និង​ប្រជា​កសិករ​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ ក៏​បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​តាម​ភូមិ​តំបន់​ដាច់​ស្រយាល ត្បិត​ប្រព័ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​ខ្លះ​ត្រូវ​បាន​កាត់​ផ្តាច់ ផ្លូវ​ខ្លះ​មាន​សភាព​រអិល​ជា​ខ្លាំង​។​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បាន​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ និ​វិ​សម្ពាធ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​(​តំបន់​ខ្លះ​លើស​ពី​១០០mm/២៤h)​។

វិ​សម្ពាធ​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ឆ្នេរ​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃ​ទី​១៣ កញ្ញា រួច​បន្តដំណើរ​កាត់​តំបន់​ខ្ពង់រាប​(​ចន្លោះ​ព្រំប្រទល់​កម្ពុជា​ឡាវ​)​។ ស្ថានភាព​អាកាសធាតុ​បែប​នេះ និង​បង្ក​ឲ្យ ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី​១៨ កញ្ញា ពិសេស​តំបន់​ខ្ពង់រាប និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ៗ​គ្នា​។ លើ​ផ្ទៃសមុទ្រ និង​មាន​សភាព​អាប់អួ​ខ្លាំង​ជាមួយ​ទឹក​រលក​ខ្ពស់​ៗ ជា​ពិសេស​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ កញ្ញា​។

ទាក់ទិន​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​នេះ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ក្រើន​រំ​ឮ​ក​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​អញ្ជើញ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​សុខភាព ពិសេស​បំផុត​ម្តាយ​ឪពុក​ដែល​មានកូន​តូច​ៗ​ត្រូវ​ពិនិត្យ​មើលថែ​កូន​ឲ្យ​បាន​ដិត​ដល់​បំផុត ដើម្បី​កុំ​ឲ្យ​ប្រឈម​នឹង​ជំងឺ​តម្កាត់​នានា​៕