ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ឥណ្ឌា​កុហក​ថា​ឡើង​ដល់​កំពូលភ្នំ​អេ​វើ​រ៉េ​សត្រូវ​នេ​ប៉ា​ល់​ហាម​ឡើង​ភ្នំ​នោះ​រយៈពេល​10​ឆ្នាំ

7 ឆ្នាំ មុន

គូស្នេហ៍​ជនជាតិ​ឥណ្ឌា​លោក​Dinesh និង​នាង​Tara Kesh Wari ជា​ប៉ូលិស​នៅ​ក្រុង Pune បាន​ប្រកាស​ថា​ពួក​គេ​ឡើង​ដល់​កំពូលភ្នំ​អេ​វើ​រ៉េ​ស​ដែល​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក កាលពី​ថ្ងៃ​ទី​២៣ ឧសភា ២០១៦ ។

គូស្នេហ៍​ជនជាតិ​ឥណ្ឌា​លោក​Dinesh និង​នាង​Tara Kesh Wari ជា​ប៉ូលិស​នៅ​ក្រុង Pune បាន​ប្រកាស​ថា​ពួក​គេ​ឡើង​ដល់​កំពូលភ្នំ​អេ​វើ​រ៉េ​ស​ដែល​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក កាលពី​ថ្ងៃ​ទី​២៣ ឧសភា ២០១៦ ។ គូស្នេហ៍​នោះ​បាន​ធ្វើ​សន្និសីទកាសែត​នៅ​ក្រុង​ក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ា​ល់ កាលពី​ថ្ងៃ​ទី​៥ មិថុនា ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ថា​ជា​គូស្នេហ៍​ដំបូង​គេ​ឡើង​ដល់​កំពូលភ្នំ​នោះ ។ ទោះជា​យ៉ាងណា​ក្តី អ្នក​ឡើង​ភ្នំ​ដូច​គ្នា​បាន​សង្ស័យ​ថា​រូបភាព​កំពូលភ្នំ​ដែល​ពួក​គេ​បង្ហាញ​នោះ​ទំនងជា​រូបភាព​កាត់ត ។

នាយកដ្ឋាន​ទេសចរណ៍​របស់​នេ​ប៉ា​ល់​បាន​ប្រគល់​លិខិត​ទទួលស្គាល់​ការ​ឡើង​ដល់​កំពូលភ្នំ​អេ​វើ​រ៉េ​ស​ដល់​គូស្នេហ៍​នោះ ។ ទោះជា​យ៉ាងណា​ក្តី ដោយ​មានការ​សង្ស័យ​បែប​នោះ​ទើប​ស៊ើបអង្កេត ហើយ​សន្និដ្ឋាន​កាលពី​ថ្ងៃ​ទី​២៩ សីហា​ថា គូស្នេហ៍​ឥណ្ឌា​នោះ​កុហក ដូច្នេះ​ដាក់ទោស​ពួក​គេ​ដោយ​ហាម​ឡើង​ភ្នំ​នៅ​នេ​ប៉ា​ល់ ក្នុង​រយៈពេល​១០​ឆ្នាំ ។

លោក Sudarshan Prasad ប្រធាន​នាយកដ្ឋាន​ទេសចរណ៍​នេ​ប៉ា​ល់​ថ្លែង​ថា តាម​ការ​វិភាគ​លើ​រូបថត​ឃើញ​ថា ពួក​គេ​យក​រូបថត​របស់​ខ្លួន​ទៅ​ដាក់​ពីលើ​រូបថត​របស់​អ្នក​ឡើង​ភ្នំ​ជនជាតិ​ឥណ្ឌា​ម្នាក់​ទៀត​នៅ​កំពូលភ្នំ​អេ​វើ​រ៉េ​ស ខណៈ​ពេល​នាយកដ្ឋាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ទាំង​២ ជា​ច្រើន​លើក ប៉ុន្តែ​មិន​ទទួល​កិច្ចសហការ​ក្នុង​ពេល​ស៊ើបអង្កេត​ទេ ។

អាជ្ញាធរ​នេ​ប៉ា​ល់​បញ្ជាក់​ថា មាន​អ្នក​ជោគជ័យ​ឡើង​ដល់​កំពូលភ្នំ​អេ​វើ​រ៉េ​ស​សរុប​ចំនួន​៤៥៦​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ជាង​២៥០​នាក់ និង​រដូវ​នៃ​ការ​ឡើង​ភ្នំ​ចុង​ក្រោយ​ទើប​បញ្ចប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ការ​ឡើង​ភ្នំ​អេ​វើ​រ៉េ​ស​ជា​ប្រភព​នៃ​ចំណូល​ដ៏​សំខាន់​របស់​ប្រទេស​ក្រីក្រ​នៅ​តំបន់​ហិមាល័យ និង​ក្នុង​រដូវ​នៃ​ការ​ឡើង​ភ្នំ​ដែល​ដំណើរការ​យ៉ាង​ល្អ​នៅ​ក្នុងឆ្នាំនេះ រំពឹង​ថា​នឹង​ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​យ៉ាងច្រើន ក្រោយ​ពី​រង​ការ​ប៉ះពាល់​ធ្ងន់​ពី​រញ្ជួយ​ដី​កាលពី​ឆ្នាំ​២០១៥ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ជិត​៩​ពាន់​នាក់​នៅ​ទូ​ទាំង​ប្រទេស ៕