ប្រទេសមីយ៉ាន់ម៉ា ៖ ខណៈដែលរដ្ឋាភិបាលតំបន់យ៉ាំងហ្គោន និងគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា (MIC) ពិចារណាលើការបង្កើតឡើងវិញនៃមូលដ្ឋានឧស្សាហកម្ម ម្ចាស់រោងចក្រដែលមានស្រាប់បាននិយាយថា មានរឿងជាច្រើនដែលអាចបង្កើតការប្រកួតប្រជែងដល់ពួកគេ ។
លោក Ko Gyi ប្រធានតំបន់ឧស្សាហកម្ម Dagon ភាគខាងជើង ថ្លែងថា ៖ « រដ្ឋាភិបាលចង់អភិវឌ្ឍន៍តំបន់ឧស្សាហកម្មថ្មីដើម្បីពង្រឹងការនាំចេញ ។ ប៉ុន្តែពួកគេគ្មានបំណងអភិវឌ្ឍន៍ផលិតកម្មក្នុងតំបន់ឧស្សាហកម្មចាស់នោះទេ ។ ពួកយើងត្រូវការឱ្យតំបន់ទាំងនេះប្រសើរឡើង ប៉ុន្តែយើងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើវាដោយខ្លួនឯងឡើយ ។ ប្រសិនបើមានការផ្តល់ជំនួយថវិកាឬឧបករណ៍ថ្មី យើងនឹងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មដែលមានស្រាប់នេះជាមុន » ។
លោកបន្តថា តំបន់ឧស្សាហកម្មចាស់ភាគច្រើន រួមទាំងតំបន់ឧស្សាហកម្មនៅភាគខាងជើង និងខាងត្បូងនៃតំបន់ Dagon គឺជាតំបន់នៃសហគ្រាសធុនតូច ដែលបានកាន់កាប់លើផ្ទៃដីទំហំ២.៤០០ហ្វីតការ៉េ ។ តំបន់ឧស្សាហកម្មចាស់នេះមានអាយុជិត២០ឆ្នាំ ហើយកំពុងទទួលរងការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់មានសភាពទ្រុឌទ្រោម ការផ្គត់ផ្គង់ទឹកនិងអគ្គិសនីមិនគ្រប់គ្រាន់ ការប្រមូលសំរាមមិនគ្រប់គ្រាន់ ខណៈប្រតិបត្តិករត្អូញត្អែរពីការចំណាយច្រើនលើការបង់ប្រាក់នៅតាមផ្លូវ និងស្ពាន ។
លោក Ko Lay អ្នកនាំពាក្យតំបន់ឧស្សាហកម្មភាគខាងត្បូងនៃតំបន់ Dagon បានឲ្យដឹងថា ៖ « រដ្ឋាភិបាលតំបន់យ៉ាំងហ្គោនចង់គាំទ្រដល់វិស័យឧស្សាហកម្ម ប៉ុន្តែពួកគេហាក់ដូចជាផ្តោតទៅលើតែតំបន់ធំៗប៉ុណ្ណោះ ដែលមានការវិនិយោគច្រើនរួចទៅហើយ » ។
កាលពីសប្តាហ៍មុន គណៈកម្មការវិនិយោគមីយ៉ាន់ម៉ាបានយល់ព្រមអភិវឌ្ឍន៍តំបន់ឧស្សាហកម្មថ្មី និងពង្រីកវិស័យឧស្សាហកម្មដើម្បីបង្កើនការនាំចេញ ។
លេខាធិការ លោក Aung Naing Oo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គណៈកម្មការនេះ នឹងផ្តល់អាទិភាពដល់ការបង្កើតឱកាសការងារក្នុងរោងចក្រ ។ លោកថ្លែងថា ៖ «MIC នឹងសម្ពោធតំបន់ឧស្សាហកម្មថ្មីជាមួយនឹងឱកាសការងារកាន់តែច្រើន ហើយនឹងបណ្តុះបណ្តាលកម្មករលើជំនាញឧស្សាហកម្ម ។ ហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ នឹងត្រូវផ្តល់ជូនដល់តំបន់ថ្មីនេះ » ។
លោកបន្តថា ៖ « តំបន់ថ្មីនេះនឹងតម្រូវឱ្យមានផលិតភាពខ្ពស់ ។ ដូច្នេះ យើងនឹងបង្កើតតំបន់ឧស្សាហកម្មតូចថ្មីៗជាច្រើននៅជុំវិញប្រទេស ។ យើងនឹងធ្វើការជាមួយរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីអញ្ជើញក្រុមហ៊ុនកាន់តែច្រើនថែមទៀតមកវិនិយោគនៅក្នុងតំបន់ទាំងនោះ ។ តម្រូវការសំខាន់បំផុត គឺកម្លាំងពលកម្មដែលមានជំនាញ ។ ការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺអាស្រ័យលើការផ្តល់វគ្គបណ្តុះបណ្តាល ដែលវានឹងទាក់ទាញទាំងវិនិយោគិន និងផ្តល់ប្រាក់ឈ្នួលកាន់តែខ្ពស់ដល់អ្នកស្រុកក្នុងតំបន់ » ។
ប្រធានរដ្ឋមន្ត្រីយ៉ាំងហ្គោន លោក Phyo Min Thein បានថ្លែងថា លោកចង់ធ្វើឱ្យប្រសើរឡើងនូវតំបន់ឧស្សាហកម្មទាំងអស់នៅក្នុងទីក្រុងយ៉ាំងហ្គោន ដោយប្រើប្រាស់តំបន់ធំបំផុតរបស់ទីក្រុងនេះ គឺតំបន់ Hlaing Tharyar ធ្វើជាគម្រោងសាកល្បង ។
លោក Ko Lay និយាយថា ៖ « តំបន់ Hlaing Tharyar បានវិនិយោគច្រើនជាងតំបន់ឧស្សាហកម្មភាគខាងជើង និងខាងត្បូងតំបន់ Dagon ។ ពួកយើងព្រួយបារម្ភអំពីតំបន់ដែលមានទំហំតូចជាងនេះ » ។
ភាគខាងត្បូងនៃតំបន់ Dagon ត្រូវបានបែងចែកជា៣ផ្នែក ដែលផ្នែកនីមួយៗមានទំហំប្រហែល៣០០ហិកតា ។ រោងចក្រជាច្រើននៅទីនោះប្រើប្រាស់កម្លាំងពលកម្មច្រើន ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់ថាមពល ។
លោក Min Thu Myint ម្ចាស់រោងចក្រមួយនៅតំបន់ឧស្សាហកម្ម Shwe Pyi Thar និយាយថា ៖ « ទោះបីជាតំបន់របស់យើងមានទំហំធំជាង៥២០ហិកតា ប៉ុន្តែមានតែពាក់កណ្តាលនៃទំហំដីត្រូវបានគេកាន់កាប់ ដោយសារតែដីនៅទីនេះមានតម្លៃថ្លៃខ្លាំង ។ ខ្ញុំចង់ឃើញការអភិវឌ្ឍតំបន់ថ្មី ប៉ុន្តែរដ្ឋាភិបាលគួរតែគាំទ្រតំបន់ដែលមានស្រាប់នេះផង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគថ្មី » ។
លោក Myint Zaw ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Myanmar Japan Thilawa Development ដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសតែមួយគត់របស់ប្រទេសនេះ បញ្ជាក់ថា ការវិនិយោគបរទេសទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ។
ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម យើងត្រូវបណ្តាក់ទុនក្នុងឧស្សាហកម្មនាំចេញ និងក្រុមហ៊ុនដែលប្រើប្រាស់របស់ក្នុងស្រុក ជំនួសការនាំចូល។ លោកនិយាយថា ៖ « ប៉ុន្តែយើងមិនអាចទាក់ទាញការវិនិយោគប្រភេទនេះឡើយ បើការផ្គត់ផ្គង់អគ្គិសនីមិនអាចទុកចិត្តបានទេនោះ ។ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Thilawa យើងកំពុងអញ្ជើញការវិនិយោគប្រភេទនេះសម្រាប់ថ្ងៃអនាគត។ ប៉ុន្តែនៅទីនេះ ការផ្គត់ផ្គង់អគ្គិសនីនៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសជិតខាង » ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាមានតំបន់ឧស្សាហកម្មចំនួន១៩ និងមានតំបន់ឧស្សាហកម្មចំនួន៦ទៀតស្ថិតក្រោមការអភិវឌ្ឍនៅឡើយ។ ចំណែកតំបន់សេដ្ឋកិច្ចពិសេសចំនួន២ គឺស្ថិតក្នុងដំណាក់កាលធ្វើផែនការ រួមមាន ទីក្រុង Dawei ក្នុងតំបន់ Tanintharyi និងទីក្រុង Kyaukphyu ក្នុងរដ្ឋ Rakhine ៕
ចែករំលែកព័តមាននេះ