ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​ការ​នាំ​ចេញ​របស់​ថៃ​នឹង​អាច​សម្រេច​តាម​គោលដៅ​កំណត់

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថ្វីបើ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៧​ខែ​ដំបូង ក្រសួងពាណិជ្ជកម្ម​ថៃ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ការ​នាំ​ចេញ​ក្នុងអំឡុងពេល​នៅ​សេសសល់​ក្នុងឆ្នាំនេះ នឹង​ស្ទុះ​ងើបឡើង​វិញ

ប្រទេស​ថៃ ៖ ថ្វីបើ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៧​ខែ​ដំបូង ក្រសួងពាណិជ្ជកម្ម​ថៃ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ការ​នាំ​ចេញ​ក្នុងអំឡុងពេល​នៅ​សេសសល់​ក្នុងឆ្នាំនេះ នឹង​ស្ទុះ​ងើបឡើង​វិញ ហើយនឹង​មាន​កំណើន​ពេញ​មួយ​ឆ្នាំ ចំនួន​១,៣% ។

ក្រសួង​នេះ​រាយការណ៍​ថា ការ​នាំ​ចេញ​ក្នុង​ខែកក្កដា បាន​ធ្លាក់​ចុះបើ​ធៀប​នឹង​ឆ្នាំ​មុន សម្រាប់​រយៈពេល​៥​ខែ​ជាប់​គ្នា ដោយ​ធ្លាក់​ចុះ​ចំនួន​៤,៣៥% ក្នុង​តម្លៃ​១៧,៤១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (៦០២​ប៊ី​លាន​បាត​) ។ ជា​លទ្ធផល វា​ធ្លាក់​ចុះ​សរុប​ចំនួន​២% សម្រាប់​រយៈពេល​៧​ខែ​ដំបូង ពោល​គឺ​១២២,៥៥​ប៊ី​លាន​ដុល្លារ ។

លោកស្រី Malee Choklumlerd អគ្គ​នាយិកា​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ថ្លែង​ថា ៖ « យោង​តាម​ស្ថិតិ​រយៈពេល​៣​ឆ្នាំ​កន្លង​មក ការ​នាំ​ចេញ​នឹង​កើនឡើង​នៅ​ឆមាស​ទី​២​ឆ្នាំ​នេះ ជា​ពិសេស ក្នុង​ត្រីមាស​ចុង​ក្រោយ ហើយ​ជា​លទ្ធផល​នឹង​មាន​កំណើន​នាំ​ចេញ​ចំនួន​១,៣% [​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំ​] ពោល​គឺ​មាន​ចំនួន​២២៣,៤៦​ប៊ី​លាន​ដុល្លារ » ។

លោកស្រី​បន្ត​ថា ក្រសួង​នឹង​ពិចារណា​ក្នុង​ការ​កែសម្រួល​គោលដៅ​ការងារ​បច្ចុប្បន្ន​សម្រាប់​កំណើន​នៃ​ការ​នាំ​ចេញ​របស់​ខ្លួន ដែល​នឹង​ត្រូវ​កំណត់​ឲ្យ​នៅ​ត្រឹម​៥% ក្រោយ​ពី​ការ​ពិភាក្សា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​របស់​ថៃ​នៅ​បរទេស នៅ​ខែ​ក្រោយ​នេះ ។

ការ​នាំ​ចេញ​អាច​នឹង​ស្ទុះ​ងើប​ទៅ​រក​ភាព​វិជ្ជមាន​ឡើង​វិញ ខណៈ​តម្លៃ​ប្រេង​មាន​ភាព​ប្រសើរ​ឡើង និង​តម្រូវការ​រឹង​មាំ​ក្នុង​ទីផ្សារ​មួយ​ចំនួន ។ លោកស្រី​បន្ថែម​ថា ក្រសួង​បាន​គណនា​តម្លៃ​នៃ​ការ​នាំ​ចេញ​ប្រចាំខែ​ជា​មធ្យម​ស្មើនឹង​១៩​ប៊ី​លាន​ដុល្លារ​សម្រាប់​រយៈពេល​នៅ​សេសសល់​នៃ​ឆ្នាំ​នេះ ។

លោក Somkiat Triratpan នាយក​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម ថ្លែង​ថា តម្លៃ​ប្រេងអត្រា​ប្តូរ​ប្រាក់​បាត​/​ដុល្លារ​អា​មេ​រិ​ក និង​តម្រូវការ​ជាស​កល គឺជា​កត្តា​សំខាន់​ដែល​មាន​ឥទ្ធិពល​លើ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

ក្រសួង​នេះ​បាន​ព្យាករ​ថា តម្លៃ​ប្រេង​នឹង​បន្ត​កើន​ឡើងជា​មធ្យម​ពី​៤២,៥០​ដុល្លារ​កាលពី​ខែ​មុន ប៉ុន្តែ​នឹង​មិន​លើស​ពី​៦០​ដុល្លារ​ក្នុង​១​ធុង​ឡើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ប្រាក់​បាត​ជា​មធ្យម​ក្នុងអំឡុងពេល​៧​ខែ​ដំបូង​នេះ ស្មើនឹង​៣៤,៧៦​បាត​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​របាយការណ៍​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំខែ​កក្កដា បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា មានការ​ថយ​ចុះ​បន្តិចបន្តួច​នៅ​ឆ្នាំ​នេះ គឺ​ពី​៣,២% ទៅ​៣,១% ។

ក្រសួងពាណិជ្ជកម្ម​ថៃ​រាយការណ៍​ថា កាលពី​ខែ​មុន ការ​នាំ​ចូល​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​៧,១៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ពោល​ចំនួន​១៦,២​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​អតិរេក​ពាណិជ្ជកម្ម​សម្រាប់​ខែ​នេះ​មាន​ចំនួន​១,២១​ប៊ី​លាន​ដុល្លារ ។

ចំណែក​ការ​នាំ​ចូល​ក្នុង​រយៈពេល​៧​ខែ​ដំបូង​មាន​ចំនួន​សរុប​១០៨,៩២​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​៩,៧៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​លទ្ធផល​សម្រាប់​អតិរេក​ពាណិជ្ជកម្ម​មាន​ចំនួន​១៣,៦២​ប៊ី​លាន​ដុល្លារ ។

ដោយឡែក ការ​នាំ​ចេញ​ទៅ​ស្ទើរ​គ្រប់​ទីផ្សារ​សំខាន់​ៗ​បាន​ធ្លាក់​ចុះ​កាលពី​ខែ​មុន លើកលែងតែ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​គ្មាន​ការ​ប្រែប្រួល ខណៈ​ការ​នាំ​ចេញ​ទៅ​កាន់​អូស្ត្រាលី​កើនឡើង​បន្តិចបន្តួច ៕