ក្រុមអ្នកគាំទ្រហ្គេមស្មាតហ្វូន Pokemon Go នៅអាស៊ីអាគ្នេយ៍កំពុងតែមមាញឹកក្នុងការតាមចាប់តួអង្គតុក្កតាសិប្បនិម្មិតរបស់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបណ្តាញឧបករណ៍ល្អបំផុតមួយនេះ ។
នៅទូទាំងអាស៊ី ប្រជាប្រិយភាពកម្មវិធីហ្គេមដែលមានប្រភពមកពីក្រុមហ៊ុន Nintendo មួយនេះ បានកើនឡើងយ៉ាងខ្លាំង ហើយវាថែមទាំងធ្វើឲ្យមានការផ្លាស់ប្តូររបៀបរស់នៅសម្រាប់អ្នកលេងហ្គេមនេះជាច្រើន ដែលពួកគេត្រូវដើររកគោលដៅរបស់ខ្លួនតាមរយៈទីតាំងពិតប្រាកដ ។
ហ្គេមនេះបានចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើននៅថ្ងៃទី៥ សីហា ១ខែបន្ទាប់ពីសហរដ្ឋអាមេរិក នូវែលសេឡង់ និងអូស្ត្រាលី ។ ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំលេងហ្គេមនេះយ៉ាងអន្ទះអន្ទែង កំពុងរកមធ្យោបាយដោះស្រាយបញ្ហាការបញ្ជូនសញ្ញាអុីនធើរណេតដែលមានភាពមិននឹងនរ ។
នៅប្រទេសឥណ្ឌូណេស៊ី លោក Muchamad Syaifudin បុគ្គលិកធនាគារ មានអាយុ២៩ឆ្នាំ បាននិយាយថា លោកបានប្តូរទៅប្រើក្រុមហ៊ុនទូរស័ព្ទមួយផ្សេងទៀតដែលផ្តល់ជូននូវកញ្ចប់ទិន្នន័យល្អប្រសើរជាងមុន ខណៈមិត្តភក្តិរបស់លោកបានទិញម៉ូដឹមមានតម្លៃ២០ដុល្លារអាមេរិកដើម្បីគ្រប់គ្រងការបញ្ជូនសញ្ញាអុីនធើរណេតនេះ ។ លោក Syaifudin បាននិយាយតាមទូរស័ព្ទថា ៖ « យើងអាចប្រើប្រាស់ម៉ូដឹមក្នុងការលេងហ្គេមនេះ ជាពិសេស នៅកន្លែងដែលសញ្ញាអុីនធើរណេតលំបាកក្នុងការស្វែងរក » ។
លោក និងមិត្តភក្តិរស់នៅក្នុងខេត្ត Central Java ដែលជាខេត្តមួយល្បីឈ្មោះដោយសារវាលស្រូវ និងភ្នំជាច្រើន ដោយបានចំណាយពេលទំនេរក្នុងការលេងហ្គេមបែបយុទ្ធសាស្ត្រជាច្រើននៅផ្ទះ។ ប៉ុន្តែឥឡូវនេះ ដោយសារតែហ្គេមPokemon Go លោកត្រូវផ្សងព្រេងចេញទៅក្រៅផ្ទះដើម្បីចាប់ Pokemon ដែលលេចឡើងនៅតាមប្រាសាទ និងកន្លែងផ្សេងៗទៀតដែលមានមនុស្សប្រមូលផ្តុំច្រើន ។
នៅក្នុងទីក្រុងហុងកុងវិញ អ្នកធ្វើដំណើរផ្លូវឆ្ងាយពីផ្ទះទៅកន្លែងធ្វើការត្រូវហក់ឡើងរថយន្ត រត់លើផ្លូវដែកមានឈ្មោះថា “ding dings” នៅពេលដែលពួកគេកំពុងមមាញឹកក្នុងការលេងហ្គេមនេះ ។ ខណៈនៅប្រទេសជាច្រើនទៀតដូចជា កម្ពុជា ឡាវ និងវៀតណាម ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានដល់អ្នកលេងហ្គេមនេះ ឲ្យប្រយ័ត្នគ្រាប់មីនមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាម ។
ហ្គេមនេះទើបតែដំណើរការជាផ្លូវការ២សប្តាហ៍មុននៅក្នុងប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែមនុស្សរាប់ម៉ឺននាក់ដែលអន្ទះសាចង់លេងហ្គេមនេះ ក្នុងចំណោមប្រជាជនចំនួន២៥០លាននាក់ បានចាប់ផ្តើមលេងហ្គេមនេះមុន ដោយប្រើវែបសាយប្រូកស៊ីដើម្បីចូលទៅកម្មវិធី app stores នៅកន្លែងផ្សេង ។
អ្នកលេងហ្គេមនេះកំពុងជួយជំរុញការរីកចម្រើនសម្រាប់ក្រុមហ៊ុនផលិតម៉ូដឹម ដូចជាក្រុមហ៊ុន PT Smartfren Telecom Tbk ដែលបានលក់ម៉ូឌឹម 4G នៅទូទាំងប្រទេស មានតម្លៃប្រហែល៣០ម៉ឺនរ៉ូពី (២៣ដុល្លារអាមេរិក) ក្នុង១គ្រឿង ។ ការលក់របស់ក្រុមហ៊ុននេះបានកើនឡើង៥ដងក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ ។
លោក Derrick Surya អនុប្រធានផ្នែកម៉ាកយីហោ និងទំនាក់ទំនងទីផ្សារនៃក្រុមហ៊ុន Smartfren បានឱ្យដឹងថា ក្រុមហ៊ុននេះបានដាក់លក់ឧបករណ៍ថ្មីមួយទៀតដែលមានសមត្ថភាពថ្មវែងជាងមុន ។
អ្នកលក់រាយក៏ទទួលបានផលប្រយោជន៍ផងដែរ ដោយសារអ្នកលេងហ្គេមនេះជាច្រើននាក់ស្វែងរកឧបករណ៍ ដែលអាចបង្កើនអានុភាពការភ្ជាប់អីុនធើរណេតក្នុងទូរស័ព្ទចល័ត និងកាត់បន្ថយការចំណាយលើកញ្ចប់ទិន្នន័យ ។
លោក Billy Cahya អ្នកលក់ក្នុងហាងគ្រឿងអេឡិចត្រូនិកមួយកន្លែងនៅក្រុងហ្សាកាតា បាននិយាយថា ៖ « អតិថិជនកាន់តែច្រើនកំពុងតែស្វែងរកជម្រើសនៃសមត្ថភាពបណ្តាញទូរស័ព្ទចល័តបន្ថែមទៀត » ។
លោក Syaifudin បន្តថា ទោះជាយ៉ាងណា តម្រូវការនៃការបង្កើតថ្មីរបស់ហ្គេមនេះ ក៏បានកើនឡើងផងដែរ ចាប់ពីរូបតុក្កតាថ្មីរហូតដល់កម្រិតអតិបរមាខ្ពស់ជាងហ្គេមបច្ចុប្បន្ន ដែលអ្នកលេងហ្គេមអាចលេងដល់ ។ លោកបន្តថា ៖ « ការរកមើល Pokemon វត្ថុផ្សេងៗ និងការប្រយុទ្ធនៅកន្លែងហាត់ប្រាណ យើងបានធ្វើវាម្តងហើយម្តងទៀត» ។
លោកបាននិយាយសំដៅដល់កន្លែងលេងហ្គេម ដែលអ្នកលេងប្រជែងគ្នារកតួតុក្កតាសិប្បនិម្មិត ។ វាប្រហែលជាត្រូវការគំនិតថ្មីមួយដើម្បីរក្សាការចាប់អារម្មណ៍របស់យើង ។
រីឯអ្នកលេងផ្សេងទៀតបានត្អូញត្អែរពីតំបន់ជនបទមាន Pokestops តិច ឬកន្លែងស្តុកឧបករណ៍តិចដើម្បីចាប់ Pokemon ។
លោក Rey Anthony Ostria អ្នកលេងហ្គេម Pokemon Go ម្នាក់នៅក្នុងទីក្រុងមួយក្នុងប្រទេសហ្វ៊ីលីពីន មានចម្ងាយប្រហែល៣៤០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល បាននិយាយថា ៖ « យើងមាន Pokestops តិចជាងមុននៅក្នុងទីក្រុងឡេហ្គាស្ពី បើធៀបនឹងតំបន់ទីក្រុង។ នៅក្នុងក្រុងនានាដែលខ្ញុំបានទៅ ស្ទើរតែគ្មាន Pokestops ទាល់តែសោះ » ៕
ចែករំលែកព័តមាននេះ