ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហជីព​ម្នាក់​ជាប់​ពន្ធនាគារ ជា​បណ្តោះអាសន្ន​ពី​បទ​កំហែង​យក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ប្រធាន​សហជីព​ការងារ​កម្មករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ដាក់​ពន្ធនាគារ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ប្រធាន​សហជីព​ការងារ​កម្មករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​កំហែង​យក  តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។ ជនជាប់សង្ស័យ​ខាងលើ​នេះ​ឈ្មោះ មុំ សុខ​មាន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សំរោង​ចាស់ ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​ជា​ប្រធាន​សហជីព​ការងារ​កម្មករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ នៃ​រោងចក្រ ដុ​ង​ឌូ ថេ​កថា​យ (​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី​។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ប្រធាន​សហជីព​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ជីវ វិបុល អនុប្រធាន​ការិយាល័យ បាន​យក​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​នាំ​ខ្លួន​លោក មុំ សុខ​មាន នៅ​ចំណុច​ស្ពាន​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ដែល​លោក មុំ សុខ​មាន កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ក្នុង​គោលបំណង​ចូល​មក​រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក ជីវ វិបុល ឃាត់ខ្លួន​ហើយ ប្រធាន​សហជីព​ការងារ​កម្មករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ ហៅ​កាត់​ថា​(CCNU)​ត្រូវ​បាន​នាំ​ទៅ​ជូន​តំណាង​អយ្យការ​នៅ​ព្រឹក​ថ្ងៃ​នោះ​ដែរ​។ សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ​លោក ងិ​ន ពេជ្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ធ្វើការ​សាកសួរ និង​ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់​ហើយ​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ឈ្មោះ មុំ សុខ​មាន ជា​ផ្លូវការ​ពី​បទ​កំហែង​យក និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​។

លុះ​រសៀល​ថ្ងៃ​ដដែល​នោះ​សំណុំរឿង បាន​ធ្លាក់​ដល់​ដៃ​លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង ដែល​ការ​សាកសួរ​បាន​បន្ត​រហូត​ដល់​ពេល​ល្ងាច លោក​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​ប្រធាន​សហជីព​រូប​នោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ ដើមចម​បទល្មើស​កំហែង​យក ត្រូវ​បាន​លោក ថា​ន ថាវរៈ មេធាវី​ដើមបណ្តឹង​បង្ហើប​ឲ្យ​ដឹង​ថា ជា​គោលការណ៍​របស់​រោងចក្រ ដុ​ង​ឌូ ថេ​កថា​យ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី មាន​រថយន្ត​ដឹក​កម្មករ​ជាង​១.៥០០​នាក់ ទៅ​មក​ដើម្បី​បម្រើ​ការងារ​រោងចក្រ​ដោយ​មិន​គិត​កម្រៃ (​ម្នាក់​៧​ដុល្លារ​)​។

រោងចក្រ​បាន​ដំណើរការ​ទៅ​តាម​ច្បាប់​ការងារ​របស់​ក្រសួង​ការងារ ប៉ុន្តែ​មាន​ពេល​ខ្លះ​រថយន្ត​ដឹក​កម្មករ​មិន​គ្រប់គ្រាន់ បាន​ធ្វើ​ឲ្យ​ឈ្មោះ មុំ សុខ​មាន ដើរ​ញុះញង់​កម្មករ​ឲ្យ​ចូលរួម​ធ្វើ​កូដកម្ម​។ លោក​មេធាវី​បន្ត​ថា ក្រោយ​កើត​មាន​កូដកម្ម​ខាង​រោងចក្រ​ក៏​បាន​ដោះស្រាយ​ជូន​កម្មករ​រួចរាល់​ដែរ ឆ្លៀតពេល​នោះ​ឈ្មោះ មុំ សុខ​មាន បាន​សុំ​ប្រាក់​ពី​ថៅកែ​រោងចក្រ​យក​ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​ម្តង​២.០០០ ម្តង​៣.០០០​ដុល្លារ​អា​មេ​រិ​ក ដោយ​សំអាង​ហេតុ​ថា ប្រពន្ធ​ឈឺ កូន​ឈឺ ថៅកែ​រោងចក្រ​មាន​មនោសញ្ចេតនា​ជួយ​ក៏​ចេះ​តែ​ឲ្យ​តាម​ការ​ខ្វះខាត​។

លុះ​ពេល​ច្រើន​លើក​ពេល​ខាង​រោងចក្រ​ក៏​មានការ​ធុញថប់​ដែរ​ពេល​ខ្លះ​ឲ្យ​ពេល​ខ្លះ​មិន​ឲ្យ បានជា​ឈ្មោះ មុំ សុខ​មាន ចាប់ផ្តើម​គំរាមកំហែង​ញុះញង់​កម្មករ​បន្ត​ធ្វើ​កូដកម្ម​ទៀត​។ រឿង​រាវ​កើតឡើង​យ៉ាង​ដូច្នេះ ខាង​រោងចក្រ​ទ្រាំទ្រ​នឹង​ការ​គំរាមកំហែង​លែង​បាន ក៏​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​ការងារ និង​ចូល​ទៅ​ស្ថាប័ន​អយ្យការ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​។ បណ្តឹង​ត្រូវ​បាន​ក្រសួង​ការងារ​ធ្វើ​លិខិត​អញ្ជើញលោក មុំ សុខ​មាន ចូល​ទៅ​បំភ្លឺ​ជា​ច្រើន​លើក​ដែរ តែ​ប្រធាន​សហជីព​មួយ​នេះ​មិន​បាន​ចូល សូ​ម្បី​ដីកាកោះ​របស់​សាលាដំបូង​ក៏​ជនជាប់សង្ស័យ​មិន​ចូលខ្លួន​ដែរ បានជា​សមត្ថកិច្ច​ទៅ​នាំ​ខ្លួន​នោះ​។

លោក​មេធាវី​បន្ត​ថា ក្នុង​ដំណាក់​ការ​ចម្រូង​ច​ម្រះ​គ្នា រវាង​លោក មុំ សុខ​មាន និង​ខាង​រោងចក្រ សហព័ន្ធ សហជីព​ការងារ​កម្មករ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដល់​កម្មករ កម្ម​ការ​នី​ឲ្យ​ឈប់​ធ្វើ​កូដកម្ម ហើយ​បាន​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជួយ​ចាត់ការ​រឿង​នេះ​។ ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច ចេញ​ដីកាឃុំខ្លួន​ប្រធាន​សហជីព​ការងារ​កម្មករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ ក៏​មាន​លិខិត​មួយ​ច្បាប់ ដែល​ចុះហត្ថលេខា​ដោយ​លោក ងួ​ន ហេ គោរព​ចូល​ទៅ​លោកស្រី ទេព គឹ​ម​វ​ណ្ណា​រី ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា សំណើសុំ​អន្តរាគមន៍​មាន​មានការ​ដោះ​លែង​លោក មុំ  សុខ​មាន ដែល​ជា​ប្រធាន​សហជីព​ការងារ​កម្មករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ នៃ​រោងចក្រ ដុ​ង​ឌូ ថេ​កថា​យ (​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី ឲ្យ​មាន​សេរីភាព​វិញ ៕