បន្ទាយមានជ័យ ៖ មន្ត្រីកាំកុងត្រូលដឹកនាំមន្ត្រីជំនាញចុះពិនិត្យរកទំនិញខូចគុណភាពនៅផ្សារកូនដំរីក្រុងប៉ោយប៉ែតបន្តទៅពិនិត្យណែមលក់តាមដងផ្លូវក្នុងក្រុងសិរីសោភ័ណ និងរឹបអូសយកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្នុងខេត្តបន្ទាយមានជ័យ។ លោក សៀន ស៊ីណាត ប្រធានសាខាកាំងកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា ដើម្បីពង្រឹងគុណភាពចំណីអាហារការពារសុខមាលភាពបងប្អូនប្រជាពលរដ្ឋ គឺដោយមានការណែនាំពីនាយកដ្ឋានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ត្រីជំនាញមានមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងប្រចាំ ខេត្ត បន្ទាយមានជ័យ។
បានចុះពិនិត្យរកទំនិញខូចគុណភាព និងប៉ះពាល់សុខភាព និងផុតកាលបរិច្ឆេទ និងណែនាំឲ្យការលក់ដូរមានការអនាម័យ និងសោភ័ណភាព គឺមន្ត្រីចម្រុះបានចុះពិនិត្យរកទំនិញដំបូងនៅតូប និងផ្សាកូនដំរីក្នុងក្រុងប៉ោយប៉ែត រឹបអូសមានទំនិញ មានទឹកផ្លែឈើដបជ័រ(ថៃ) ផុតការបរិច្ឆេទចំនួន៩យួរ និងទឹកដោះគោក្រហម៨យួរ នំចាខ្វៃ៣កញ្ចប់ ទឹកខ្មេះរូបទន្សាយ៤៤ដប ផ្សិតកំប៉ុង៤កំប៉ុង មីសួរ៤កញ្ចប់ ទឹកក្រូចដបជ័រ៧ដប ទឹកត្រី៦ដប ត្រីខ១កំប៉ុង។
បន្តចុះពិនិត្យអ្នកលក់ណែមចំនួន៥តូប តាមដងផ្លូវចំណុចខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ហើយត្រូវបានរឹបអូសមានណែម ដែលមានសារធាតុបូរ៉ាក់មានចំនួន ២,០០៥ណែម និងខូចគុណភាពចំនួន១,៩០០ណែម។ ចំពោះអ្នកលក់ណែមទាំង៥តូបនេះបានធ្វើការណែនាំអប់រំកិច្ចសន្យាឲ្យបញ្ឈប់ការលក់ណែមដែលមានសារធាតុ (បូរ៉ាក់ និងខូចគុណភាព)។ ម្ចាស់អ្នកលក់បានប្រាប់ថាណែមនេះគឺគាត់ទិញពីឈ្មួញធំនៅខេត្តបាត់ដំបង ដែលបានដឹកយកមកលក់ជាប្រចាំ ហើយម្ចាស់ដែលធ្វើណែមប្រាប់ថា គ្មានសារធាតុអ្វីទេទើបពួកគាត់ហ៊ានទិញដាក់លក់បន្ត បើគាត់បានដឹងហើយនឹងឈប់ការទិញមកលក់ទៀតដែលធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋ។
លោក សៀន ស៊ីណាត បានណែនាំឲ្យបងប្អូនអាជីវករត្រូវបញ្ឈប់ការលក់ទំនិញដែលខូចគុណភាព និងផុតកាលបរិច្ឆេទ និងទំនិញហាមឃាត់ ពេលនេះបានណែនាំអប់រំបើឃើញដាក់លក់បន្តទៀតគឺត្រូវមានវិធានការតាមច្បាប់៕
ចែករំលែកព័តមាននេះ