ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀ.ន​នៅ​ហ្វ៊ី​លី​ពី​ន​សម្លា.ប់​មនុស្ស​ជិត​1.800​នាក់​ហើយ

7 ឆ្នាំ មុន

ប៉ូលិស​ហ្វ៊ី​លី​ពី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ សីហា ថា មនុស្ស​ជិត​១.៨០០​នាក់ ហើយ​ត្រូវ​សម្លា.ប់​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធ​ការ​ប្រឆាំង​គ្រឿងញៀ.ន​នៅ​ហ្វ៊ី​លី​ពី​ន​ចាប់តាំងពី​ការ​ជាប់​ឆ្នោត​ពី​ខែឧសភា​មក

ប៉ូលិស​ហ្វ៊ី​លី​ពី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ សីហា ថា មនុស្ស​ជិត​១.៨០០​នាក់ ហើយ​ត្រូវ​សម្លាប់​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធ​ការ​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វ៊ី​លី​ពី​ន​ចាប់តាំងពី​ការ​ជាប់​ឆ្នោត​ពី​ខែឧសភា​មក របស់​ប្រធានាធិបតី​លោក RODRIGO DUTERTE ។

ប្រមុខ​ប៉ូលិស​ជាតិ​ហ្វ៊ី​លី​ពី​ន​លោក RONALD DELAROSA ថ្លែង​កាលពី​ថ្ងៃ​ទី​២២ សីហា ចំពោះ​គណៈកម្មការ​មួយ​របស់​ព្រឹទ្ធសភា​ថា អ្នករត់ពន្ធ​គ្រឿងញៀន និង​អ្នក​សេព​គ្រឿងញៀន​៧១២​នាក់ បាន​ត្រូវ​សម្លាប់​ក្នុង​ប្រតិបត្តិការ​នានា​របស់​ប៉ូលិស ។ ម្យ៉ាងវិញទៀត ប៉ូលិស​កំពុង​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​មនុស្ស​១.០៦៧​នាក់​ទៀត ដែល​ទាក់ទិន​នឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដែរ ។ ទោះបី​យ៉ាងណា លោក​ពុំ​បាន​ផ្តល់​ភាព​លម្អិត​ឡើយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ សីហា ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​ចំពោះ​ព័ត៌មាន​នានា​រៀបរាប់​ពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ស្នើ​យ៉ាង​ម៉ឺងម៉ាត់​ដល់​រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​ឱ្យ​គោរព​បណ្តា​កាតព្វកិច្ច​ខាង​ការ​គោរព​សិទ្ធិ​មនុស្ស ។

ចំណែក​អ្នក​ជំនាញការ​២​នាក់​ខាង​សិទ្ធិ​មនុស្ស​របស់ អ​.​ស​.​ប កាលពី​ស​ប្តា​ហ៍​មុន​បាន​ស្នើ​ដល់​ក្រុង​ម៉ានីល​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទិន​នឹង​ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿង​ញៀន​​ដែល​ប្រធានាធិបតី​លោក RODRIGO DUTERTE សន្យា​លុប​បំបាត់​ចោល​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។

លោក RODRIGO DUTERTE បាន​បដិសេធ​រាល់​ការ​ទទួលខុសត្រូវ​របស់​ប៉ូលិស ឬ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នេះ​ហើយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង DAVAO ជា​ក្រុង​កំណើត​របស់​លោក​ប្រធានាធិបតី​រូប​នេះ​បាន​វាយប្រហារ​យ៉ាង​ចាស់ដៃ​ចំពោះ​ពួក​អ្នក​ជំនាញការ​សិទ្ធិ​មនុស្ស អ​.​ស​.​ប ដែល​លោក​ថា ជា​មនុស្ស​សំ​ពិ​ក ហើយ​លោក​រហូត​ដល់​គំរាម​ដក​ហ្វ៊ី​លី​ពី​ន​ចេញពី អ​.​ស​.​ប ទៀត​ផង ។

ទោះបី​យ៉ាងណា អ្នក​ទទួលខុសត្រូវ​ហ្វ៊ី​លី​ពី​ន​ជា​ច្រើន​រូប​នា​ថ្ងៃ​ទី​២២ សីហា បាន​និយាយ​សម្រាល​ពាក្យពេចន៍​របស់​ប្រធានាធិបតី​ដែល​គំរាម​កាលពី​ថ្ងៃ​ទី​២១ សីហា ពី​ការ​ដកខ្លួន​ថយ​របស់​ហ្វ៊ី​លី​ពី​ន​ចេញពី អ​.​ស​.​ប ។ អ្នកនាំពាក្យ​ប្រធានាធិបតី​លោក ERNESTO ABELLA អះអាង​ថា នេះ​ជា​របៀប​និយាយ​របស់​ប្រជាជាតិ​មាន​អធិបតេយ្យ ។ មែនហើយ​នេះ​ពុំ​មែន​ជា​សេចក្តីថ្លែងការណ៍​ដើម្បី​ប្រកាស​ថា យើង​ចាកចេញ​ដោយ​ពិតប្រាកដ​ពី អ​.​ស​.​ប ឡើយ ។

ចំណែក​លោក PERFECTO YASAY រដ្ឋមន្ត្រី​ការ​បរទេស​ហ្វ៊ី​លី​ពី​ន​នៅ​មុខ​សារព័ត៌មាន​វាយតម្លៃ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​ថា​គ្រាន់តែ​បង្ហាញ​ពី​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ប៉ុណ្ណោះ ហើយ​ពុំ​មែន​ជា​សេចក្តីថ្លែងការណ៍​មួយ​ដែល​អាច​ជា​ការ​គំរាម​ដកខ្លួន​ថយ​ចេញពី អ​.​ស​.​ប ឡើយ​៕