ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កម្ពុជា​និង​គណៈប្រតិភូ​ត្រឡប់​ពី​ប្រកួត​អូ​ឡា​ពិ​ក​ថ្ងៃ​ទី​25 សីហា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​មិន​បាន​ទទួល​មេដាយ​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​២០១៦ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​ក្ដី ក៏​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​និង​ប្រតិភូ គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​មិន​បាន​ទទួល​មេដាយ​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​២០១៦ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​ក្ដី ក៏​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​និង​ប្រតិភូ គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ពេល​មក​ដល់​មាតុប្រទេស​វិញ ដើម្បី​បង្ហាញ​ពី​មូលហេតុ​ជា​ច្រើន​ដែល​កីឡាករ​កីឡាការិនី​កម្ពុជា​មិន​ទទួល​បាន​ជោគជ័យ ។ ទោះជា​យ៉ាងណា ពេលវេលា​នៃ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅឡើយ​ទេ ដោយ​ខាង​សហព័ន្ធ​បាន​ត្រឹមតែ​បញ្ជាក់​ថា អត្ត​ព​លិ​ក​និង​ក្រុម​ប្រតិភូ​កម្ពុជា​នឹង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ។

ចាត់ទុកជា​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​គ្រប់​វិញ្ញាសា​និង​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​កម្រិត​ពិភពលោក​ពី​ការ​ប្រកួត​អូ​ឡាំ​ពិ​ក ដែល​ទើបតែ​បញ្ចប់​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ ក្ដី​សង្ឃឹម​ដ៏​ធំ​របស់​កម្ពុជា​បាន​បញ្ចប់ បន្ទាប់​ពី​កីឡាការិនី ស៊ន សៀវ​ម៉ី ប្រកួត​ចាញ់​ក្នុង​វគ្គ​បើក​ឆាក ដែល​ធ្វើ​អ្នកគាំទ្រ​ស្ទើរ​ពេញ​មួយ​ប្រទេស​សោកស្ដាយ​។ បើ​ទោះបី​កីឡាការិនី​រូប​នេះ​បង្ហូរទឹកភ្នែក និង​បង្ហាញ​ភាព​ក្ដុកក្ដួល ក៏​ការ​បរាជ័យ​របស់​នាង​នៅ​តែ​មាន​អ្នកខ្លះ​យល់​ថា អាច​បណ្ដាល​មក​ពី​នាង​មើល​ស្រាល​គូប្រកួត និង​រាង​ញញើតញញើម​កីឡាការិនី​ហុ​ល្លង់​នៅ​ពេល​ប៉ះ​គ្នា ។ ម្នាក់​ៗ​និយាយ​ថា សំអាង​លើ​កម្ពស់​និង​ទម្ងន់​ជើង​របស់​សៀវ​ម៉ី បើ​នាង​ទាត់​ផ្នែក​ខាងលើ​នោះ ការ​បរាជ័យ​ក្រោម​ដៃ​កីឡាការិនី​ហុ​ល្លង់​នៅ​អូ​ឡាំ​ពិ​ក​អាច​មិនកើត​ឡើង​ទេ តែ​មក​ពី​នាង​មិន​ហ៊ាន​ប្រថុយ​និង​ហាក់​ចាញ់​ច្រាប​គូប្រកួត ទើប​ការ​ប្រកួត​របស់​នាង​មិនសូវ​ល្អ ។

យ៉ាងណា​ក៏​ដោយ គេ​ឃើញ​កីឡាការិនី​ហុ​ល្លង់ ថ្វី​ដ្បិតតែ​ទាប​ជាង​សៀវ​ម៉ី​មែន ប៉ុន្តែ​គេ​ក៏​រហ័ស​ដៃ និង​ពូកែ​គេច​ដែរ ទើប​ជើង​ខ្លាំង​កម្ពុជា​ទៅ​មិន​រួច ។ ងាក​ទៅ​វិញ្ញាសា​ផ្សេង​ៗ​របស់​កម្ពុជា ក៏​បាន​ត្រឹមតែ​បំបែក​ឯតទគ្គ​កម្ម​ចាស់​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា ធ្វើ​បាន​លឿន និង​ល្អ​ជាង​ការ​ប្រកួត​កាលពី​៤​ឆ្នាំ​មុន​នៅ​អូ​ឡាំ​ពិ​ក ប៉ុន្តែ​លទ្ធផល​គឺ​ដូច​មុន​។

មានការ​រិះគន់​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​កីឡាករ​កីឡាការិនី​ដដែល​ៗ​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក ។ បើ​ទោះជា​មន្ត្រី​សហព័ន្ធ​អះអាង​ថា ហេតុផល​ដែល​បញ្ជូន​កីឡាករ​កីឡាការិនី​ដដែល​ៗ​ឱ្យ​ចេញ​ទៅ​ប្រកួត គឺ​ដោយសារ​តែ​កីឡាករ​និង​កីឡាការិនី​ទាំងនោះ នៅ​ពេលធ្វើការ​ជម្រុះ​ក្នុងស្រុក​បាន​ពិន្ទុ​ល្អ​ជាងគេ ក៏​ក្រុម​អ្នកគាំទ្រ​យល់​ថា វា​ល្មម​ដល់​ពេល​ប្ដូរ​កីឡាករ​កីឡាការិនី​ដែល​ប្រកួត​យក​បាន​តែ​បទ​ពិសោធន៍​ទាំងនោះ ដើម្បី​ទុក​ឱកាស​ឱ្យ​អ្នក​ថ្មី​ហើយ ។ យ៉ាងណា​ក៏​ដោយ គេ​ឃើញ​សមាសភាព​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​លើក​នេះ មានការ​ផ្លាស់​ប្ដូរ​អ្នក​ចេញ​ទៅ​ប្រកួត​ចាញ់​មុន​ៗ​មួយ​ចំនួន បើ​ទោះជា​ភាព​ជាក់ស្ដែង​គឺ​អ្នក​ធ្លាប់​ទៅ​ប្រកួត ហើយ​ទទួល​បាន​តែ​បទ​ពិសោធន៍​ត្រឡប់​វិញ​ក៏​នៅ​តែ​ឃើញ​ក្តី ។

ប៉ុន្តែ​ចំពោះ​វិញ្ញាសា​ហែល​ទឹក កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី ក៏​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​សរសើរ ហើយ​បើ​ងាក​ទៅ​ម្ចាស់​មេដាយមាស​រាប់​មិន​អស់​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​កញ្ញា ចូ​វ សុធា​រ៉ា ក៏​កាន់តែ​ល្អ​ផង​ដែរ បើ​ទោះជា​នាង​នៅ​តែ​មិន​អាច​ទៅ​រួច​ក្នុង​ការ​ប្រកួតប្រជែង ។ ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​កម្ពុជា គឺ​កីឡាករ​Neko បាន​ទទួល​ត្រឹមតែ​ចំណាត់ថ្នាក់​ទី​១៣៩ ក្នុង​ការ​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ល្អ​ជាង​គូប្រកួត​ផ្សេង​ដែល​បាន​បោះបង់​ទីលាន​កណ្ដាល​ទី​ចំនួន​១៥​នាក់​ផ្សេង​ទៀត ។ កីឡាករ​កីឡាការិនី និង​ក្រុម​ប្រតិភូ​ត្រូវ​បាន​ប្រកាស​ថា នឹង​ត្រឡប់​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ សីហា វេលា​ម៉ោង​៤​និង​៥០​នាទី តែ​មិន​ទាន់​ច្បាស់​ថា​នឹង​មាន​ពិធី​ទទួល​ស្វាគមន៍​កម្រិត​ណា​នៅឡើយ​ទេ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

យោង​តាម​ក្រុម​មន្ត្រី​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា ក្រុម​ប្រតិភូ​របស់​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​អាច​ចូលរួម ប៉ុន្តែ​មិន​ច្បាស់​ថា​ជា​មន្ត្រី​កម្រិត​ណា​នោះ​ទេ បើ​ទោះជា​ការ​ប្រកួត​របស់​កីឡាករ​កីឡាការិនី​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​មិន​ទទួល​បាន​ផ្លែផ្កា​ទាំងអស់​គ្នា ។ ការ​ទទួល​នៅ​ល្ងាច​ថ្ងៃ​នោះ នឹង​មាន​ភាគច្រើន​ជា​បងប្អូន​កីឡាករ​កីឡាការិនី ជា​អ្នកគាំទ្រ និង​ជា​មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​នីមួយ​ៗ​តែ​ម្ដង ដែល​មាន​ន័យ​ថា ក៏​នឹង​មាន​ភាព​អុ​ឹ​ក​ធឹ​ក​ផង​ដែរ​។ ក្រោយ​ការ​មក​ដល់​នៅ​ល្ងាច​ថ្ងៃ​នោះ វេទិកា​សន្និសីទ​សារព័ត៌មាន​នឹង​ត្រូវ​ប្រកាស​ឡើង បើ​ទោះជា​នៅ​មិន​ទាន់​ច្បាស់​ពី​ពេលវេលា​ក្ដី ។ ក្នុង​នោះ​ការ​បើក​វេទិកា​បង្ហាញ​ពី​ឧបសគ្គ​របស់​អត្ត​ព​លិ​ក​កម្ពុជា​ដែល​មិន​បាន​ជោគជ័យ ក៏​ត្រូវធ្វើ​ឡើង​ដែរ បន្ទាប់​ពី​ការ​មក​ដល់​របស់​អត្ត​ព​លិ​ក និង​ក្រុម​ប្រតិភូ​ទាំងអស់ ។

មន្ត្រីជាន់ខ្ពស់​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​តែ​អះអាង​ថា ការ​ទទួល​ស្វាគមន៍​អត្ត​ព​លិ​ក​និង​ប្រតិភូ​ពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​តែ​ត្រូវ​បាន​ធ្វើ ដើម្បី​ជា​ការ​លើកទឹកចិត្ត ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​កីឡាករ​កីឡាការិនី​ទាំងនោះ ថ្វី​ដ្បិតតែ​ចាញ់​នៅ​លើ​សង្វៀន​អូ​ឡាំ​ពិ​ក ប៉ុន្តែ​ក៏​បាន​ប្រឹង​អស់ពី​សមត្ថភាព​ដែល​មាន​ន័យ​ថា ត្រូវ​តែ​ស្វាគមន៍​ដើម្បី​លើកទឹកចិត្ត ។ វត្តមាន​អ្នក​សារព័ត៌មាន ក៏​នឹង​បង្ហាញខ្លួន​ស្វាគមន៍​ផង​ដែរ សម្រាប់​ដំណើរ​មក​ដល់​របស់​អត្ត​ព​លិ​ក​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា នោះ ។

គួរ​រំឭក​ថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៦​រូប​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៦​នេះ ដែល​មាន​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទី​នី និង​កីឡាករ ពូ សុ​វិច្ចា កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា កីឡាករ​អត្តពលកម្ម Neko និង កីឡាការិនី លី ណា​រី ៕